មន្ត្រីសង្គមស៊ីវិលធ្វើការងារផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យអប់រំ ទទូចឲ្យរដ្ឋាភិបាលជាពិសេសក្រសួងពាក់ព័ន្ធ គិតគូរបន្ថែមទៀត ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាតរបស់ពលរដ្ឋ ក្នុងជីវភាពប្រចាំថ្ងៃ និងផ្តល់អាទិភាពដល់កុមារក្រីក្រ ដើម្បីទទួលបានការរៀនសូត្រ។
សំណូមពររបស់សង្គមស៊ីវិលនេះ ធ្វើឡើងក្រោយដែល របាយការណ៍របស់អង្គការយូនីសេហ្វ (UNICEF) ថ្មីៗនេះ បានរកឃើញថា ២ភាគ៣នៃគ្រួសារដែលមានកូន នៅជុំវិញពិភពលោក ក្នុងនោះរួមទាំងកម្ពុជាផង បានបាត់បង់ប្រាក់ចំណូល ក្នុងអំឡុងការរាតត្បាតជំងឺកូវីដ១៩ រយៈពេលពីរឆ្នាំកន្លងមកនេះ។ ចំណែកកុមារក្នុងគ្រួសារក្រីក្រវិញ ក៏មិនបានរៀនសូត្រត្រឹមត្រូវនោះឡើយ។ របាយការណ៍នេះ មិនបានបញ្ជាក់ប្រាប់ពីចំនួនក្រុមគ្រួសារសរុប ដែលបានស្រាវជ្រាវនោះទេ។
អង្គការ យូនីសេហ្វ (UNICEF) និងធនាគារពិភពលោកអះអាងថា ការបាត់បង់ប្រាក់ចំណូលនេះ បានធ្វើឲ្យមនុស្សពេញវ័យនៅក្នុងគ្រួសារមួយ ក្នុងចំណោម៤គ្រួសារដែលមានកូនក្នុងបន្ទុក ត្រូវអត់អាហារមួយថ្ងៃឬច្រើនថ្ងៃដោយសារខ្វះខាតប្រាក់ទិញម្ហូបអាហារ។
ក្នុងរបាយការណ៍ថ្មីមួយស្ដីពី «ផលប៉ះពាល់ នៃជំងឺកូវីដ ១៩ ទៅលើសុខុមាលភាព របស់គ្រួសារមានកូន »ចេញផ្សាយកាលពីថ្ងៃទី១១ ខែមីនា កន្លងទៅនេះអង្គការយូនីសេហ្វ(UNICEF)និងធនាគារពិភពលោកបានប្រមូលទិន្នន័យនៅក្នុងប្រទេសចំនួន ៣៥ ក្នុងនោះរួមទាំងកម្ពុជាផងដោយបង្ហាញថាក្រុមគ្រួសារដែលមានកូនចាប់ពី៣នាក់ឡើងទៅបាត់បង់ប្រាក់ចំណូលច្រើនជាងគេបំផុតហើយជាងបីភាគបួននៃក្រុមនេះ កំពុងជួបប្រទះការធ្លាក់ចុះប្រាក់ចំណូលស្ទើរតែទាំងស្រុងបើប្រៀបធៀបនឹងក្រុមគ្រួសារដែលមានកូនម្នាក់ឬ២នាក់។
ចំណែកនៅប្រទេសកម្ពុជាវិញរបាយការណ៍បង្ហាញដែរថាក្រុមគ្រួសារដែលមានកូនក្នុងបន្ទុក ចំនួន ៧៧% បានបាត់បង់ប្រាក់ចំណូល និងប្រមាណ ៦៩% បានកាត់បន្ថយរបបអាហារប្រចាំថ្ងៃនិងជ្រើសរើសការទទួលទានអាហារមិនសូវមានជីវជាតិតែមិនបានបង្ហាញពីតួលេខសរុបនោះឡើយ។ ចំណែកចំនួនប្រាក់ចំណូលដែលបាត់បង់នោះក៏មិនបានបញ្ជាក់ពីចំនួនប៉ុន្មាននោះដែរ។ក៏ប៉ុន្តែការកំណត់ខ្សែបន្ទាត់ភាពក្រីក្ររបស់ក្រសួងផែនការគឺរកបានប្រាក់ចំណូល ក្រោម២ដុល្លារ (១.៩០) ក្នុងមួយថ្ងៃ។
ទាក់ទងនឹងការលើកឡើងនេះប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ ឲ្យដឹងថាក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ ជាង ២ឆ្នាំមកនេះអ្នកប្រកបមុខរបរក្រៅប្រព័ន្ធទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេដោយគ្រួសារខ្លះត្រូវបាត់បង់ប្រាក់ចំណូលទាំងស្រុងដែលគ្មានលទ្ធភាពទិញម្ហូបអាហារមានជីវជាតិទ្រទ្រង់សុខភាពសំរាប់ការទទួលទានប្រចាំថ្ងៃបានឡើយ៖ «ប្រទេសកម្ពុជា អ្នកមួយចំនួនកាត់បន្ថយការហូបអាហារអ៊ីចឹងមែន ខ្លះធ្លាប់ហូបអាហារឆ្ងាញ់ៗ នាំគ្នាហូបពងទាមួយគ្រាប់ ២គ្រាប់ ក្នុងគ្រួសារ៥នាក់ ។ រហូតដល់អ្នកខ្លះ នៅតាមព្រំដែនទៅជីករកយកខ្យងក្តាម និងបន្លែក្នុងព្រៃ ដើម្បីហូបចុក។ ប៉ុន្តែគ្មានការស្រាវជ្រាវណាមួយទាក់ទងចំនួនពលរដ្ឋអត់អាហារ ឬខ្វះខាតនោះឡើយ ។ យើងឃើញជាក់ស្តែងបែបនេះមែន ហើយមួយទៀត យើងឃើញអត្រាភាពក្រីក្រនៅកម្ពុជា កើនឡើងផងដែរ » ។
ក្រសួងសង្គមកិច្ច កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានផ្សព្វផ្សាយថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ ១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ បានចំណាយថវិការដ្ឋប្រមាណ ៤៧០ លានដុល្លារអាមេរិក (៤៧០,៩៤) ជូនដល់ក្រុមគ្រួសារក្រីក្រ ជិត៣លាននាក់ (២.៧)។
លោក វន់ ពៅ បន្តថា ទោះបីរដ្ឋាភិបាលកម្ពុជា មានគោលការណ៍ជួយឧបត្ថម្ភប្រាក់ដល់គ្រួសារក្រីក្រក៏ដោយក៏គ្រួសារក្រីក្រជាច្រើនមិនទទួលបានប្រាក់ឧបត្ថម្ភដើម្បីជួយសម្រាលជីវភាពរស់នៅក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩នោះឡើយ។ជាក់ស្តែងសមាជិកសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណជា១០% នៃចំនួនសរុបជាង១ម៉ឺន៥ពាន់នាក់បានទទួលប្រាក់១០ម៉ឺនរៀលក្នុងមួយខែចំពោះសមាជិកគ្រួសារម្នាក់ៗ។
លោកសំណូមពរសុំឲ្យរដ្ឋាភិបាលជាពិសេសក្រសួងពាក់ព័ន្ធខិតខំដោះស្រាយបន្ថែមទៀតជួយស្តារស្ថានភាពរស់នៅរបស់ពួកគាត់ឲ្យបានប្រសើរជាងមុន៖ « រដ្ឋាភិបាលត្រូវគិតគូរឡើងវិញ អំពីការអន្តរាគមន៍ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យផ្អាកអ្នកជំពាក់លុយមួយរយៈពេលសិន ទី២ រដ្ឋត្រូវរៀបចំពិនិត្យមើលអ្នកលក់ដូរតូចតាច គឺមិនយកពន្ធនិងបញ្ចុះភាស៊ី ឬផ្អាកយកពន្ធ ។ ទី៣ រៀបចំឥណទានមិនយកការប្រាក់ ទី៤ រដ្ឋមានមូលនិធិគ្រប់គ្រាន់ផ្តល់ពលរដ្ឋដោយមិនរើសអើង ជូនដល់ពលរដ្ឋក្រីក្រពិតប្រាកដ »។
ដោយឡែកពាក់ព័ន្ធនឹងវិស័យអប់រំវិញរបាយការណ៍អង្គការយូនីសេហ្វដដែល ក៏បានរកឃើញថា នៅកម្ពុជាកុមារចំនួន៥០% គ្មានលទ្ធភាពទទួលបានការរៀនសូត្រតាមប្រព័ន្ធអនឡាញនៅក្នុងអំឡុងការបិទសាលារៀន។ បន្ថែមពីនេះគ្រួសារក្រីក្រខ្លះគ្មានលទ្ធភាពទិញសម្ភារៈឧបករណ៍ដូចជាកុំព្យូទ័រ (Computer) ឬ ឡាបថប់ (Laptop) ជាដើម ដើម្បីការសិក្សារបស់កូនៗនោះឡើយ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) អ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថាគ្រួសារក្រីក្រជាច្រើនត្រូវបង្ខំចិត្តឲ្យកូនឈប់រៀនដោយសារឳពុកម្តាយត្រូវយកកូនៗទៅជាមួយដើម្បីធ្វើចំណាកស្រុកទៅស៊ីឈ្នួលគេរកប្រាក់ចំណូលសំរាប់ចិញ្ចឹមក្នុងគ្រួសារដែលបញ្ហានេះហើយដែលជាហេតុនាំឲ្យក្មេងៗមិនបានទៅសាលារៀន៖ « ខ្ញុំមើលឃើញថា ការអប់រំនៅប្រទសកម្ពុជាសព្វថ្ងៃធ្លាក់ចុះយ៉ាងគំហុក ដោយសារ ទី១ បញ្ហាកូវីដ១៩ ទី២ បញ្ហាប្រជាពលរដ្ឋក្រីក្រចំណាកស្រុក អញ្ចឹងកូនគាត់ត្រូវទៅតាមគាត់តត្រុកនៅកន្លែងណាដែលគាត់រកការងារធ្វើ។ បើវិធានការរបស់ក្រសួងល្អឥតខ្ចោះ ប៉ុន្តែទង្វើនិងការធ្វើ ឬការសរសេរ ក្នុងសារាចរណ៍ គឺផ្ទុយដាច់ស្រឡះពីគ្នា ធ្វើអត់បានទេ »។
ការកំណត់ខ្សែបន្ទាត់ភាពក្រីក្រថ្មី និងអត្រាភាពក្រីក្រនៅកម្ពុជា ឆ្នាំ ២០១៩-២០២០ របស់ក្រសួងផែនការបង្ហាញថា ប្រជាពលរដ្ឋខ្មែរជិត ១៨% ឬជិត ៣ លាននាក់ នៃប្រជាជនសរុបប្រមាណ១៧លាននាក់នៅទូទាំងប្រទេស កំពុងរស់ក្រោមបន្ទាត់ភាពក្រីក្រ ដែលរកបានប្រាក់ចំណូល ក្រោម២ដុល្លារ (១.៩០) ក្នុងមួយថ្ងៃ។
អង្គការយូនីសេហ្វប្រចាំកម្ពុជាសង្កត់ធ្ងន់ថាទោះបីជារដ្ឋាភិបាលកម្ពុជាខិតខំប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននេះក៏ដោយ ក៏ប៉ុន្តែផលប៉ះពាល់ដល់កុមារមិនបានលុបបំបាត់ទាំងស្រុងនោះឡើយ។ រដ្ឋាភិបាលកម្ពុជា ត្រូវពង្រឹងពង្រីកសេវាកិច្ចគាំពារសង្គម ដើម្បីផ្ដល់ឱកាសដល់កុមារ អាចទទួលបានការអប់រំ ការថែទាំសុខភាព អាហារូបត្ថម្ភ និងសេវាសង្គមដទៃទៀតដែលត្រូវការចាំបាច់សម្រាប់ការធំលូតលាស់របស់កុមារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។