ក្រុមអ្នកឃ្លាំមើលចង់ឃើញរដ្ឋាភិបាលពន្លឿនការនាំយកប្រេងឆៅដែលជាទ្រព្យរបស់ជាតិមកកម្ពុជាវិញឲ្យលឿន។ ការលើកឡើងនេះ ខណៈប្រេងឆៅរបស់កម្ពុជាតម្លៃជិត ២០លានដុល្លារ ដែលត្រូវបានគេលួចចេញពីកម្ពុជា កំពុងស្ថិតក្នុងប្រទេសឥណ្ឌូនេស៊ី។
ក្រុមអ្នកឃ្លាំមើលជំរុញទៅរដ្ឋាភិបាលបង្ហាញការវិវឌ្ឍថ្មីនៃការចរចាយកប្រេងឆៅមកកម្ពុជាវិញ។ ពួកគេលើកឡើងថា រឿងនេះ ប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជា ដែលបណ្ដែតបណ្ដោយឲ្យមានការលួចប្រេងចេញពីដែនទឹកកម្ពុជា រហូតដល់ប្រទេសឥណ្ឌូនេស៊ីបែបនេះ។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ប្រាប់វិទ្យុអាស៊ីសេរីថា តាមព័ត៌មានដែលលោកទទួលបានពេលនេះ ភាគីកម្ពុជាកំពុងធ្វើនីតិវិធីជាមួយភាគីឥណ្ឌូនេស៊ី ដើម្បីយកប្រេងឆៅមកកម្ពុជាវិញ។ មន្ត្រីសង្គមស៊ីវិលរូបនេះ នៅតែបន្តជំរុញទៅរដ្ឋាភិបាលពន្លឿនការនាំយកប្រេងមកកម្ពុជាឲ្យឆាប់រហ័ស។ លោកយល់ថា បើករណីនៅអូសបន្លាយពេលកាន់តែយូរថែមទៀត នឹងធ្វើឲ្យប៉ះពាល់កិត្តិនាម និងអធិបតេយ្យរបស់កម្ពុជា។ លោកបន្តទៀត បើភាគីកម្ពុជាប្រឹងប្រែង ទាមទារប្រេងមកវិញ ក៏ជាសញ្ញាប្រាប់ទៅក្រុមហ៊ុនបរទេសផ្សេងទៀត ពេលមករកស៊ីនៅកម្ពុជាត្រូវគោរពច្បាប់៖«អញ្ចឹងយើងត្រូវតែយកប្រេងហ្នឹងមកវិញកាន់តែឆាប់កាន់តែធ្វើទៅបានព្រោះយើងដឹងហើយត្រូវឆ្លងនីតិច្បាប់ជាមួយប្រទេសដែលពាក់ព័ន្ធនិងជាមួយភាគីពាក់ព័ន្ធផ្សេងទៀត។ អញ្ចឹងនីតិច្បាប់មិនជាស្រួលមិនជាឆាប់ប៉ុន្មានទេ ក៏ប៉ុន្តែសំខាន់យើងបានប្រើប្រាស់យន្តការហើយមានកិច្ចសហការផ្សេងទៀតក្នុងការជំរុញលើកទឹកចិត្តឲ្យឥណ្ឌូនេស៊ីហ្នឹងធ្វើការពង្រួមនីតិវិធីរបស់ខ្លួនដើម្បីធ្វើយ៉ាងមិចយករបស់ខ្លួនមកវិញសិន » ។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក យស មុនីរ៉ាត់ និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេនៅថ្ងៃទី១៨ ខែកញ្ញាដោយទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួល។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់ថា លោកមិនបានដឹងរឿងនេះ ទេ ព្រោះជាសមត្ថកិច្ចរបស់ក្រសួងរ៉ែ និងថាមពល។ ទោះយ៉ាងណាក្ដី លោក សុខ ឥសាន ប្រាប់ថា ប្រេងឆៅជាទ្រព្យសម្បត្តិកម្ពុជា ដូច្នេះអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា កំពុងប្រឹងប្រែងធ្វើតាមច្បាប់អន្តរជាតិ ដើម្បីបញ្ជូនប្រេងនោះមកកម្ពុជាវិញ៖ «ខ្ញុំយល់ថា ដំណើរការនេះកំពុងប្រព្រឹត្តិទៅហើយវាអត់មានស្មុគស្មាញទេ យើងធ្វើតែតាមបែបបទច្បាប់អន្តរជាតិបាទ ព្រោះអ្នកណាក៏ដឹងប្រេងនោះរបស់ខ្មែររបស់កម្ពុជា » ។
កាលពីចុងខែកក្កដាកន្លង ទៅអាជ្ញាធរឥណ្ឌូនេស៊ី បានឃាត់ចាប់កប៉ាល់ដឹកប្រេង ក្រុមហ៊ុន អឹម ធី ស្ត្រូវ៉ូឡូស ( M.T. Strovolos) មួយគ្រឿង និងឃាត់ខ្លួនសមាជិកនាវិក ១៨នាក់ ករណីលួចយកប្រេងឆៅជិត ៣០ម៉ឺនធុងគិតជាលុយជិត ២០លានដុល្លារចេញពីប្រទេសកម្ពុជា។
ដំបូងឡើយអាជ្ញាធរកម្ពុជា អះអាងថា គឺភាគីកម្ពុជា បានស្នើទៅប៉ូលិសអាំងទែប៉ូលឲ្យចាប់កប៉ាល់ដឹកប្រេងនោះ ប៉ុន្តែ ផ្ទុយពីការអះអាងនេះ មន្រ្តីនាំពាក្យយោធាជើងទឹកឥណ្ឌូនេស៊ី លោក (Julius Widjojono) ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៧ ខែសីហាថា ការឃាត់កប៉ាល់ដឹកប្រេងឆៅពីកម្ពុជា មិនមែនតាមសំណើរបស់កម្ពុជានោះទេ ប៉ុន្តែដោយសារតែកប៉ាល់នោះ បានរំលោភដែនសមុទ្រ ឥណ្ឌូនេស៊ី។ មន្ត្រីដដែលបានបញ្ជាក់ថា ការសងភស្តុតាងទៅឲ្យកម្ពុជានឹងត្រូវសម្រេចដោយក្រុមចៅក្រមឥណ្ឌូនេស៊ី។ អ្នកជំនាញថា ករណីសងប្រេងនេះ នឹងប្រើប្រាស់រយៈពេលយូរទើបមានលទ្ធផល។ ពួកគេក៏ស្នើឲ្យកម្ពុជា ស៊ើបអង្កេតមន្រ្តីកម្ពុជា ដែលពាក់ព័ន្ធរឿងនេះដែរ ក្រោយពីមន្ត្រីខ្មែរសារភាពថា មន្ត្រីពិតជាមានចំណែកទើបគេអាចលួចប្រេងពីកម្ពុជាបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។