សង្គម​ស៊ីវិល​ថា កម្ពុជា​ទំនង​មិន​អាច​រើខ្លួន​រួច​ពី​បញ្ជី​ប្រផេះ​នៃ​ប្រទេស​លាង​លុយ​កង្វក់​ទេ

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា កម្ពុជា​ទំនង​មិន​អាច​រើខ្លួន​រួចផុត​ពី​បញ្ជី​ប្រផេះ​នៃ​ប្រទេស​មាន​ហានិភ័យ​ខ្ពស់​ខាង​លាង​លុយ​កង្វក់ ឬ​ការ​សម្អាត​លុយ​របស់​អង្គការ​អន្តរជាតិ​សម្រាប់​ឆ្នាំ​២០២៣​នោះ​ទេ​។ ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់​ពី​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ដោះស្រាយ និង​ឆ្លើយតប​នឹង​ក្រុម​ការងារ​សកម្មភាព​ហិរញ្ញវត្ថុ​(FATF)​រួច​ហើយ ដើម្បី​ឱ្យ​កម្ពុជា​រួច​ផុត​ពី​បញ្ជី​ប្រផេះ ឬ​ប្រទេស​ដែល​មាន​ហានិភ័យ​ខាង​លាង​លុយ​កង្វក់។

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​បារម្ភ​ថាបើ​ស្ថានភាព​នេះ​បន្ត​អូស​បន្លាយ​តទៅ​ទៀត នឹង​ជះឥទ្ធិពល​ដល់​ពាណិជ្ជកម្ម ការផ្ទេរ​ចរន្ត​សាច់ប្រាក់​ជាពិសេស​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​អន្តរជាតិ​ស្អាតស្អំ​មិន​ហ៊ាន​មក​បណ្ដាក់ទុន​នៅ​កម្ពុជា។ ក្រុមការងារ​សកម្មភាព​ហិរញ្ញវត្ថុ (FATF) នឹង​សម្រេច​វាសនា​កម្ពុជា​នៅ ខែមីនា ឬ មេសា រឿង​ប្រទេស ដែល​មាន​ហានិភ័យ​ខ្ពស់​ខាង​លាង​លុយ​កង្វក់។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍ថា ពលរដ្ឋ​ទូទៅ​មិន​ចង់​ឃើញ​កម្ពុជា​ជាប់​ឈ្មោះ​នៅក្នុង​បញ្ជី​ប្រផេះ ឬ​បញ្ជីខ្មៅ​របស់​អន្តរជាតិ​នោះ​ទេ​។ លោក​ថា កម្ពុជា​អាច​ពិបាក​ទទួល​បាន​ពិន្ទុ​ល្អ​សម្រាប់​ឆ្នាំ​បន្ទាប់​ទៀត ព្រោះ​រដ្ឋាភិបាល​ហាក់​ពុំ​ទាន់​ដោះស្រាយ​មន្ទិលសង្ស័យ​ធ្វើ​ឱ្យ​ក្រុមការងារ​សកម្មភាព​ហិរញ្ញវត្ថុ​ជឿទុក​ចិត្ត​បាន​នៅឡើយ។

លោក ស៊ឹង សែនករុណា៖ «កម្ពុជា​ត្រូវ​អនុវត្ត​ធ្វើ​យ៉ាងណា​ឱ្យ​គេ​មាន​ការ​ជឿជាក់​បាន​អំពី​ការ​ទប់ស្កាត់ អំពី​ការ​ត្រួតពិនិត្យ​ទៅលើ​ប្រព័ន្ធ​លំហូរ​សាច់ប្រាក់​ដែល​លំហូរ​ចុះឡើង​ដោយ​សុចរិត​ភាព ប្រាក់​ដែល​ទទួល​បាន​ពី​ជំនួញ​ជួញដូរ​បាន​មក​ពី​ភាព​ត្រឹមត្រូវ​ដោយ​មិនមែន​ទទួល​បាន​ពី​បទ​ឧក្រិដ្ឋ​ហ្នឹង គឺ​សំខាន់​ណាស់ អ៊ីចឹង​ផ្ទុយទៅវិញ​ខ្ញុំ​មិនទាន់​មាន​សង្ឃឹម​ទេ​ដោយសារតែ​បញ្ហា​នៅ​កម្ពុជា​នៅតែ​មាន​មន្ទិលសង្ស័យ ហើយ​អន្តរជាតិ​មិន​មាន​ភាព​ទុកចិត្ត​បាន​ទេ ទាក់ទង​នឹង​ប្រព័ន្ធ​ត្រួតពិនិត្យ​រឿង​តម្លាភាព​ទាំងអស់​នេះ»។

ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់​ពី​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​លោក វង្សី វិស្សុត ថ្លែង​ក្នុង​វេទិកា​សាធារណៈ​ស្ដីពី ការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និង​ច្បាប់​ថវិកា​ឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​២៥ ខែ​មករា ដោយ​លោក​អះអាង​ថា រដ្ឋាភិបាល​បាន​ខិតខំ​ប្រឆាំង​នឹង​ការ​លាង​លុយ​កង្វក់​។ លោក​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ឆ្លើយ​តប និង​បំពេញ​កាតព្វកិច្ច​តាម​ផែនការ​សកម្មភាព​រួច​ហើយ ហើយ​ក្រុមការងារ​សកម្មភាព​ហិរញ្ញវត្ថុ (FATF)​ក៏បាន​ចុះ​មក​ធ្វើ​អធិការកិច្ច​នៅ​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ​រួចហើយ​ដែរ​។ លោក​សង្ឃឹម​ថា កម្ពុជា​អាច​រួច​ផុត​ពី​បញ្ជី​ប្រផេះ​នៅ​ខែ​មីនា ឬ​ខែមិថុនា​ខាងមុខ​នេះ។

កាលពី​ខែ​មីនា​ឆ្នាំ​២០២២​កន្លង​ទៅ អង្គការ​ឃ្លាំមើល​អំពើ​លាងលុយកខ្វក់​លើ​ពិភពលោក ឈ្មោះ​ក្រុមការងារ​សកម្មភាព​ហិរញ្ញវត្ថុ​ (FATF) ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​ (Paris) ​ប្រទេស​បារាំង​ (France) បាន​បន្ត​ដាក់​កម្ពុជា​ក្នុង​ «​បញ្ជី​ប្រផេះ​» ​នៃ​ក្រុម​ប្រទេស​មាន​ហានិភ័យ​ខាង​អំពើ​លាងលុយកខ្វក់ ដែល​ពិភពលោក​ត្រូវ​បង្កើន​ការ​តាមដាន។

កម្ពុជា​បាន​បរាជ័យ​ជិត ៤​ឆ្នាំ​មកនេះ ដោយ​មិនអាច​ចេញ​ពី «​បញ្ជី​ប្រផេះ​» ​នៃ​ក្រុម​ប្រទេស​មាន​ហានិភ័យ​ខាង​អំពើ​លាងលុយកខ្វក់។ នៅ​រយៈពេល​ចុងក្រោយ​នេះ កម្ពុជា​ត្រូវ​បាន​ក្រុមការងារ​សកម្មភាព​ហិរញ្ញវត្ថុ​(FATF)​ចោទប្រកាន់​ថា ខកខាន​មិន​អាច​បំពេញ​បាន​តាម​ផែនការ​សកម្មភាព​ដែល​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​បាន​ដាក់ចេញ​ឱ្យ​អនុវត្ត​សម្រាប់​សម្អាត​សាច់ប្រាក់​នោះ​ទេ។

ជុំវិញ​រឿង​នេះ អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា សង្កេត​ឃើញ​ថា បញ្ហា​ដែល​កម្ពុជា​ជាប់​ជា​ប្រទេស​លាង​លុយ​កង្វក់​ជា​រឿង​ធ្ងន់ធ្ងរ​ជាង​បញ្ហា​បាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ៊ីប៊ីអេ (EBA) និង​ជីអេសភី (GSP)​ទៅទៀត។ លោក​ថា​បញ្ហា​ទាំងនេះ គឺ​អាស្រ័យ​លើ​ចំណាត់ការ និង​កិច្ច​សហ​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ជាមួយ​ក្រុម​ការងារ​សកម្មភាព​ហិរញ្ញវត្ថុ ដើម្បី​ឆ្លើយតប​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​លាង​លុយ​នៅ​កម្ពុជា​។ ទោះ​យ៉ាងណា លោក​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ធ្វើ​ការងារ​លើ​រឿង​នេះ​ដែរ ប៉ុន្តែ​លោក​ថា សកម្មភាព​នោះ​មិនទាន់​ឆ្លើយតប​ឱ្យ​បាន​ពេញលេញ​នៅ​ឡើយ​ទេ ដែល​ធ្វើ​ឱ្យ​កម្ពុជា​អាច​ពិបាក​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ពី FATF​ខាងមុខ​នេះ។

លោក ឯម សុវណ្ណារ៉ា៖ «កិច្ចការ​ហ្នឹង​រដ្ឋាភិបាល​គួរ​មានការ​វិធានការ​លឿន​ហើយ​តឹងរ៉ឹង​ជាង​ហ្នឹង​តិច​ទៀត ដើម្បី​កសាង​ភាព​ជឿជាក់​ទៅលើ​អង្គ​ហិរញ្ញវត្ថុ​អន្តរជាតិ​ឱ្យ​គេ​មើលឃើញ​អំពី​ការ​ប្ដេជ្ញាចិត្ត​របស់​យើង​ហ្នឹង ការ​ខិតខំ​របស់​យើង​បើសិន​យើង​ធ្វើការ​ក្នុង​កិច្ច​សហប្រតិបត្តិការ​នៅ​កម្រិត​មួយ​នៅឡើយ ខ្ញុំ​គិតថា​យើង​(​កម្ពុជា​)ពិបាក​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ពី​អង្គការ​ហិរញ្ញវត្ថុ​អន្តរជាតិ​ហ្នឹង​ណាស់​បាទ»។

ប្រទេស​កម្ពុជា បាន​រួច​ផុត​ពី​បញ្ជី​ប្រផេះ​នៃ​ប្រទេស​លាង​លុយ​កខ្វក់​នេះ​ម្ដង​រួច​មក​ហើយ ប៉ុន្តែ កាលពី​ឆ្នាំ​២០១៩ អង្គការ​ឃ្លាំមើល​អំពើ​លាងលុយកខ្វក់​នៅ​លើ​ពិភពលោក​ឈ្មោះ​ក្រុម​ការងារ​សកម្មភាព​ហិរញ្ញវត្ថុ (The Financial Action Task Force)​បាន​ដាក់​កម្ពុជា​ចូលក្នុង​បញ្ជី​ប្រផេះ​ជាថ្មី​ម្ដងទៀត​។ ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​របប​ឯក​បក្ស បាន​ជាប់​ឈ្មោះ​ជា​«​ឋានសួគ៌​»​នៃ​កន្លែង​លាងលុយកខ្វក់​នៅ​លើ​ពិភពលោក ហើយ​ដែល​ក្រុម​អ្នកមាន​លុយ​មានអំណាច​ខ្មែរ​ឃុបឃិត​គ្នា​ប្រមូល​លុយ​ដែល​បាន​មក​ពី​អំពើពុករលួយ និង​អំពើ​ឧក្រិដ្ឋ​នានា​បង្វិល​យក​ទៅ​លាក់​ទុក​នៅ​ក្រៅ​ប្រទេស។ វិស័យ​ដែល​រង​ហានិភ័យ​ខ្ពស់​ខាង​អំពើ​លាងលុយកខ្វក់​នៅ​កម្ពុជា រួមមាន វិស័យ​ធនាគារ ហិរញ្ញវត្ថុ វិស័យ​សំណង់ អចលនទ្រព្យ និង​វិស័យ​កាស៊ីណូ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។