អង្គការសង្គមស៊ីវិលក្នុងស្រុកយល់ស្របជាមួយអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ(FAO) ដែលរកឃើញថា គ្រួសារក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ (Covid19)។ ពួកគេជំរុញឲ្យរដ្ឋាភិបាល យកចិត្តទុកដាក់បន្ថែមទៀត និងដោះស្រាយបញ្ហាប្រឈមជាច្រើនរបស់ពលរដ្ឋក្រីក្រឲ្យមានប្រសិទ្ធភាព។ ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសទិវាស្បៀងអាហារពិភពលោកលើកទី៤១ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។
មន្ត្រីសង្គមស៊ីវិលលើកឡើងថា ក្រុមប្រជាកសិករ សហគមន៍រងគ្រោះដីធ្លី កម្មករ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម កំពុងមានកង្វល់ជាខ្លាំងចំពោះភាពអត់ឃ្លាននិងផលប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃ ប៉ុន្តែរដ្ឋាភិបាល មិនទាន់មានវិធានការដោះស្រាយឲ្យមានប្រសិទ្ធភាពនោះទេ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ថ្លែងថា ការលើកឡើងរបស់អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ ហៅកាត់ថា ហ្វាវ (FAO) ស្ដីពីស្ថានភាពរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ គឺជារឿងត្រឹមត្រូវ និងឆ្លុះបញ្ចាំងពីការពិត។ លោក សង្កេតឃើញថា វិធានការរបស់រដ្ឋាភិបាលកន្លងមក បានជួយសម្រួលដល់ប្រជាពលរដ្ឋតិចតូច និងយឺតយ៉ាវ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀត៖ «ការខ្វះស្បៀងអាហារ ការធ្លាក់ចុះនៅប្រាក់ចំណូល បញ្ហាប្រជាពលរដ្ឋក្រីក្រ កាន់តែក្រទៅៗ ជាពិសេសគឺទាក់ទងនឹងស្បៀងអាហារ គឺធ្ងន់ធ្ងរតែម្តងក្នុងស្ថានភាពនេះ។ ទាក់ទងនឹងចំណុចនេះយើងឃើញថា មិនទាន់មានការឆ្លើយតបប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាលនៅឡើយ ទាក់ទងការផ្តល់ស្បៀង អាហារ និងការផ្តល់សាច់ប្រាក់ដល់ប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់ក្នុងស្ថានភាពកូវីដនេះ»។
អង្គការហ្វាវ (FAO) បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានក្នុងឱកាសទិវាស្បៀងអាហារពិភពលោកនៅឆ្នាំនេះថា ជំងឺរាតត្បាតកូវីដ ១៩ បានបង្កឱ្យមានការរាំងស្ទះដល់ការរីកចម្រើនដែលបានរៀបចំជាយូរមកហើយ ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពត្រឹមឆ្នាំ ២០៣០។
អង្គការដដែល បន្តថា នៅកម្ពុជាគ្រួសារក្រីក្រ និងងាយរងគ្រោះកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយសារពួកគេភាគច្រើនពឹងផ្អែកលើប្រភពចំណូលផ្សេងៗ រួមមាន ការធ្វើស្រែចំការ ការស៊ីឈ្នួល ដោយលក់កម្លាំងពលកម្ម សកម្មភាពមិនមែនកសិកម្ម និងប្រាក់បញ្ញើពីពលករចំណាកសុក្រ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ បានធ្វើឱ្យពលរដ្ឋជាច្រើនបាត់បង់ការងារ។ លើសពីនេះ យោងតាមការវាយតម្លៃផលប៉ះពាល់សង្គមសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិនៅកម្ពុជា ជាងពាក់កណ្តាលនៃគ្រួសារនៅកម្ពុជាត្រូវកាត់បន្ថយ បរិមាណ និងគុណភាពអាហាររបស់ពួកគេក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ នេះ។
តំណាងសហគមន៍មានទំនាស់ដីធ្លីនៅឃុំជីខលើ ខេត្តកោះកុង លោកស្រី ផាវ ញ៉ើង រៀបរាប់ថា ចាប់តាំងពីមានវិបត្តិជំងឺកូវីដ-១៩ មក ជីវភាពរស់នៅរបស់ពួកគាត់កាន់តែធ្លាក់ចុះដុនដាបខ្លាំង ដោយសារវិវាទដីធ្លីបន្តរ៉ាំរ៉ៃ គ្មានដីបង្កបង្កើនផល មិនអាចចេញក្រៅរកប្រាក់ចំណូល និងជំពាក់បំណុលធនាគារ។ លោកស្រីបន្តថា ពលរដ្ឋមានទំនាស់ដីធ្លីភាគច្រើនមិនទទួលបានកិច្ចគាំពារសង្គមនោះទេ ប៉ុន្តែបែរជាទទួលរងការរើសអើង ការគំរាមកំហែងនិងការបំភិតបំភ័យពីអាជ្ញាធរថែមទៀត នៅពេលពួកគាត់ បញ្ចេញមតិទាមទារដីធ្លីសម្រាប់ចិញ្ចឹមជីវិត៖ «យើងអត់មានមុខរបរអត់មានប្រាក់ចំណូលទេ ត្រូវតែហូបកាត់បន្ថយ។ បើពីមុនមក ហូបមួយពេលអស់មួយម៉ឺន ឥឡូវហូបមួយពេលអស់តែ៣ពាន់ទេ ហើយប្រហុកញឹកញាប់មែនទែន ធ្វើឲ្យសុខភាពពួកយើង ទ្រុឌទ្រោម។ កាលណាសុខភាពយើងទ្រុឌទ្រោម ធ្វើឲ្យមានជំងឺ កាលណាមានជំងឺ ត្រូវជញ្ជូនលុយទៅឲ្យពេទ្យ ហើយពេទ្យឥឡូវនេះ ក៏ណាស់ទៀត។ ខ្ញុំបានឃើញសម្តេចបានប្រកាស ហើយសូមឲ្យពន្យារពេលនៃការបង់រំលោះបង់អី តែជាក់ស្តែងធានាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមករឹបអូសយកដី ឬឧបមាថា ជំពាក់លុយ៨ពាន់ដុល្លារអ៊ីចឹង គ្នាខកខាន បង់តែពីរឬបីថ្ងៃ ហៅគ្នាទៅសាលាឃុំ គំរាមកំហែងទៀត»។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន មានប្រសាសន៍ក្នុងទិវាស្បៀងអាហារពិភពលោកនៅថ្ងៃទី ១៦ តុលា ថា វិបត្តិជំងឺកូវីដ-១៩ ពិតជាបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ។ លោកបន្តថា បញ្ហានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការសំខាន់ៗ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ និងគាំទ្រលើកស្ទួយនូវកំណើនសេដ្ឋកិច្ចជាតិ ដែលក្នុងនោះវិស័យកសិកម្មក៏បានចូលរួមផងដែរ។ លោក បញ្ជាក់ថា យុទ្ធសាស្ត្រចម្បងរបស់រាជរដ្ឋាភិបាល គឺយកចិត្តទុកដាក់លើការបង្កើនផលិតភាពផលិតកម្ម ធានាសន្តិសុខស្បៀង រក្សាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម។ លោក វេង សាខុន អះអាងថា ចក្ខុវិស័យសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ គឺពលរដ្ឋកម្ពុជា នឹងទទួលបានរបបអាហារប្រកបដោយសុខុមាលភាព និងសុវត្ថិភាពដោយមានការយកចិត្តទុកដាក់ជាចម្បងលើស្ត្រី និងកុមារ និងការផ្លាស់ប្ដូរស្ថានភាពនៃអាហារូបត្ថម្ភ។
ទាក់ទងនឹងបញ្ហានេះដែរ ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ទទួលស្គាល់ថា ក្នុងវិបត្តិកូវីដនេះ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រជាកសិករខ្នាតតូច និងប្រជាកសិករក្រីក្រដែលរងគ្រោះដោយសារការរំលោភបំពានយកដីធ្លីពីសំណាក់ក្រុមហ៊ុនរបស់បុគ្គលមានលុយមានអំណាច កំពុងប្រឈមវិបត្តិស្បៀងអាហារធ្ងន់ធ្ងរជាងគេ។ លោកជំរុញឲ្យរដ្ឋាភិបាល ពន្លឿនការដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ និងផ្តល់ដីសង្គមកិច្ចជូនពលរដ្ឋដែលពុំមានដីធ្វើកសិកម្ម ព្រមទាំង ជួយផ្តល់ដើមទុន និងលើកកម្ពស់ជំនាញកសិកម្មដូចជាដាំដុះ និងចិញ្ចឹមសត្វជាដើម៖ «មួយទៀត ត្រូវគិតគូរទៅលើបញ្ហាទីផ្សារ ការផ្តល់នូវពូជ ការផ្តល់សេវាគាំពារសង្គមដល់ពួកគាត់នៅចំពោះមុខ ហើយការគិតគូរទៅលើនេះ វានឹងជួយស្តារសេដ្ឋកិច្ច ដែលពួកគាត់កំពុងប្រឈមបញ្ហា។ ក្នុងនោះដែរ ក៏គិតគូរអន្តរាគមន៍ទៅលើមីក្រូហិរញ្ញវត្ថុ ជួយសម្រួលពេលវេលានៃការបង់ការប្រាក់ ឬបន្ថយអត្រាការប្រាក់ណាមួយដែលអាចធ្វើទៅបានពីសំណាក់រដ្ឋផងដែរ»។
ជុំវិញបញ្ហានេះ នាយកអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) លោក អ៊ែនតូនីអូ ស្កៀវូណេ (Antonio Schiavone ) ថ្លែងថា អង្គការ FAO បានត្រៀមខ្លួនរួចរាល់ដើម្បីគាំទ្រកម្ពុជានូវរាល់សកម្មភាព ដើម្បីធានាបាននូវផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អ និងជីវិតកាន់តែប្រសើរ ដោយមិនទុកឱ្យនរណាម្នាក់ស្ថិតក្នុងភាពអត់ឃ្លានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។