កសិករ និងជនជាតិដើមភាគតិចរស់នៅខេត្តភាគឦសាន ព្រួយចិត្តពីវិបត្តិនយោបាយ ដែលនៅតែអូសបន្លាយ ធ្វើឱ្យប៉ះពាល់ជីវភាពពួកគេកាន់តែធ្ងន់ធ្ងរ ជាពិសេសការស្វែងរកប្រាក់ចំណូលកាន់តែធ្លាក់ចុះខ្លាំង។ ក្រុមកសិករបានចាត់ទុកការសម្រេចយកពន្ធគយរបស់សហភាពអឺរ៉ុបចំពោះការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ គឺជាបន្ទុកបន្ថែមទៀត បានរុញច្រានឱ្យជីវភាពពួកគាត់ធ្លាក់ចុះខ្លាំង ដែលជាមូលហេតុនាំឱ្យតម្លៃស្រូវធ្លាក់ថ្លៃ ក៏ជាបន្ទុកបន្ថែមទៀត នាំឱ្យពួកគេកាន់តែផុងខ្លួន នឹងបំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ។
កសិករ និងជនជាតិដើមភាគតិច នៅខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី ត្អូញថា ផលវិបាកនៃឥទ្ធិពលវិបត្តិនយោបាយ គឺជាឃាតកបំផ្លាញប្រាក់ចំណូលពួកគេ ស្របពេលដែលរបបក្រុងភ្នំពេញ នៅតែមានៈមិនបន្ទន់ឥរិយាបថ ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញនោះទេ។ ពួកគេបារម្ភថា បំណុលធនាគារ និងការស្វែងរកប្រាក់ចំណូលធ្លាក់ចុះខ្លាំង បង្កឱ្យកសិករខ្លះបាក់ទឹកចិត្ត បោះបង់របបកសិកម្ម និងលក់ទ្រព្យសម្បត្តិសងម្ចាស់បំណុល។ រីឯកសិករខ្លះទៀតរត់ចោលស្រុក ព្រោះគ្មានប្រាក់បង្វិលសងម្ចាស់បំណុល នៅគ្រាដែលមុខរបបកសិកម្ម និងការស្វែងរកប្រាក់ចំណូលរបស់ពួកគេត្រូវបរាជ័យ និងគ្មានទីផ្សារកសិផលជាដើម។
កសិករជាជនជាតិដើមភាគតិចកួយ រស់នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោក ថាន់ វ៉ន ឱ្យដឹងនៅថ្ងៃទី១៩ មករាថា គ្រួសាររបស់លោកបានខ្ចីប្រាក់ពី ធនាគារ ៥ពាន់ដុល្លារ ដោយពឹងផ្អែកទាំងស្រុងលើផលកសិកម្ម តែបើតម្លៃកសិកម្មមានបញ្ហាហើយនោះគ្រួសារលោក នឹងខ្វះប្រាក់បង្វិលសងម្ចាស់បំណុលវិញ។ លោកកត់សម្គាល់ថា មុនឆ្នាំ ២០០៨ ជនជាតិដើមភាគតិចមានជីវភាពពឹងផ្អែកការស្វែងរកអនុផលព្រៃឈើ ដូចជា ដងជ័រទឹក រកថ្នាំបុរាណ និងរកឃ្មុំជាដើម តែនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះព្រៃសហគមន៍ដែលជាកន្លែងពួកគេប្រមូលផល ត្រូវគេកាប់បំផ្លាញអស់ទាំងស្រុង ហើយបច្ចុប្បន្ននេះ ពួកគេបានចាប់យកមុខរបបធ្វើស្រែចម្ការ ចិញ្ចឹមជីវិតតែមួយមុខ ក៏ប៉ុន្តែបើតម្លៃស្រូវជួបបញ្ហាហើយនោះ សេដ្ឋកិច្ចរបស់កសិករចៀសមិនផុតនឹងជួបការលំបាកនោះទេ៖ «ប្រសិនបើប្រទេសសេរីគេទទួលស្គាល់ បានលុយពីប្រទេសគេចូលមកច្រើន មានន័យថា វាអាចនឹងរកលុយធូរ។ ចុះបើលុយវិលតែប្រទេសឯង វាបានស្អីហ្នឹងចំណេញទៀត។ ប្រសិនបើរកលុយអង្គការ ដោយហេតុទៅតាមសង្គម។ មិនគួរខ្ញុំទៅយកទេ លុយអង្គការនោះ មានន័យថា សង្គមជឿនលឿន បើសង្គមជឿនលឿន មានលទ្ធិប្រជាធិបតេយ្យចូលមកហើយ ខ្ញុំទៅខ្ចីលុយអង្គការ ដើម្បីស្ថាបនា ក្នុងក្រុមគ្រួសារ និងជួយប្រទេស។ កាលណាប្រទេសមានបានដឹកនាំប្រទេសរីកចម្រើន » ។
បុរសដដែលបន្ថែមថា កាលពីដើមឡើយ ជនជាតិដើមភាគតិចមានជីវភាពក្រីក្រ អាចស្វែងរកអនុផលព្រៃឈើ ដូចជា បោចវល្លិ រកបន្លែផ្លែឈើ និងដងជ័រទឹកក្នុងព្រៃ ព្រោះត្បិតតំបន់ពួកគេរស់នៅ ហ៊ុមព័ទ្ធដោយព្រៃឈើ រីឯទឹកអូរធម្មជាតិ និងទន្លេក៏សំបូរត្រីសាច់ ផ្ទុយពីបច្ចុប្បន្នព្រៃឈើត្រូវគេកាប់អស់ ទឹកអូរធម្មជាតិរីងរាក់ គ្មានត្រី ដោយសារអស់ព្រៃ រីឯទឹកទន្លេក៏ពុំសូវមានត្រីដែរ ដែលជាមូលហេតុ នាំឱ្យសេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិចជួបការលំបាក។ លោកថា ប្រសិនបើអ្នកនយោបាយនៅតែមានៈមិនចាប់ដៃគ្នាអភិវឌ្ឍន៍ប្រទេសជាតិស្មោះត្រង់ទេ ពលរដ្ឋក្រីក្រនឹងជួបការលំបាកផ្នែកសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរថែមទៀត៖ «កាលមុនវាមានគណបក្ស ប្រជាជន និងគណបក្សប្រឆាំង មិននឹកស្មានថា គេគ្រាន់តែប្រកួតប្រជែង ដើម្បីកសាងប្រទេស តែបើខ្ញុំក្រឡេកមើលទៅយូរៗ ពុំមានគណបក្សណាមួយ ដើម្បីកសាងប្រទេសជាតិអីណា ប្រែទៅជាប្រកួតប្រឡងគ្នា ដើម្បីអំណាចបុគ្គលម្នាក់ តែបើរឿងរាស្ត្រមានបញ្ហាអីមិនខ្ចីខ្វល់ » ។
ជនជាតិដើមភាគតិចម្នាក់ទៀត រស់នៅខេត្តមណ្ឌលគិរី លោក ក្រើង តុលា ឱ្យដឹងថា បច្ចុប្បន្នតម្លៃស្រូវបានធ្លាក់ចុះត្រឹម ៥០០រៀល ទៅ ៦០០រយរៀល ក្នុងមួយគីឡូក្រាម ដែលជាហេតុធ្វើឱ្យកសិករខ្លះបាក់ទឹកចិត្ត ព្រោះពួកគេបានចំណាយធនធានច្រើន ទិញជីគីមីដើម្បីបង្កើនទិន្នផលស្រូវ។ លើសពីនេះ កសិករភាគច្រើនបានខ្ចីបុលពីធនាគារមកធ្វើកសិកម្ម ដែលរំពឹងថា ផលកសិកម្មនឹងបង្វិលសងម្ចាស់បំណុលវិញ ក៏ប៉ុន្តែបើស្រូវធ្លាក់ថ្លៃខ្លាំងហើយនោះ នឹងធ្វើឱ្យពួកគេខាត់បង់ច្រើន។ លោកគិតថា នៅគ្រាដែលសហភាពអឺរ៉ុបសម្រេចយកពន្ធគយ នាំចូលអង្កររបស់កម្ពុជាទៅទីផ្សារអន្តរជាតិ មិនត្រឹមតែធ្វើឱ្យជីវភាពកសិករធ្លាក់ចុះទេ បទល្មើសព្រៃឈើនឹងកើតមានច្រើនឡើង ដោយសារតែកសិករខ្លះបោះបង់របបធ្វើស្រែចម្ការ ចូលព្រៃកាប់ឈើចិញ្ចឹមជីវិត៖ «បើគិតទៅ ៩៩ % សូម្បីតែមួយផ្ទះចូលទៅ ២ ទៅ ៣ ស្ថាប័នហិរញ្ញវត្ថុហើយហ្នឹង តិចបំផុតក៏មួយស្ថាប័នដែរ។ យ៉ាងហោចបំផុតចាប់ពីមួយលានរៀលឡើងទៅតាមខ្ញុំដឹងទិន្នន័យ។ ធ្វើស្រែបើមិនប្រើជីទេ ស្រូវទៅមិនរួចទេ ដោយសារដីហ្នឹងវាយូរហើយ។ ឥឡូវជី វាថ្លៃដើម្បីឲ្យមានលុយទិញគាត់ខ្ចីធនាគារហិរញ្ញវត្ថុ » ។
លោក ក្រើង តុលា អំពាវនាវឱ្យរបបលោក ហ៊ុន សែន ពិចារណាឡើងវិញក្នុងការពូនជ្រំលទ្ធិប្រជាធិបតេយ្យ និងដោះស្រាយវិបត្តិនយោបាយ តម្កល់ប្រយោជន៍ជាតិជាធំ ចៀសវាងមានៈយកឈ្នះតែខ្មែរគ្នាឯង ដោយមិនគិតពីទុក្ខវេទនាពលរដ្ឋ។ លោកយល់ថា ដំណោះស្រាយបញ្ហានេះ គ្មានអ្វីពិបាកទេ ប្រសិនបើអ្នកនយោបាយខ្មែរមានឆន្ទៈដោះស្រាយ ព្រោះទណ្ឌកម្មអន្តរជាតិ គឺឋិតក្នុងកណ្ដាប់ដៃថ្នាក់ដឹកនាំរដ្ឋ។ លោកថា តម្លៃកសិផលត្រូវឈ្មួញទម្លាក់តាមអំពើចិត្ត ចុះទម្រាំសហគមន៍អឺរ៉ុបសម្រេចយកពន្ធអង្ករថែមទៀត នឹងធ្វើឱ្យកសិករកាន់តែលំបាកមួយកម្រិតទៀត៖ «ខ្ញុំគ្រាន់តែស្នើសុំឲ្យរដ្ឋាភិបាលពិចារណាឡើងវិញពាក់ព័ន្ធស្ថានភាពនយោបាយ សូមគិតជាតិជាធំ សូមកុំគិតតែបុគ្គល។ កុំឲ្យគិតថា ខ្លួនបានឋានៈប៉ុណ្ណឹងហើយ ពីណាចង់ធ្វើអីធ្វើទៅ។ មូលហេតុដែលប៉ះពាល់វិស័យព្រៃឈើដោយសារកាលមុន គាត់សង្ឃឹមថា បានស្រូវទៅលក់ ដល់ពេលឥឡូវស្រូវលែងមានពីណាទិញហើយ ថៅកែល្មមៗ គាត់លែងទិញ មានតែថៅកែធំៗ ហ៊ានទិញខ្លះៗ នេះជាចំណុចមួយ គឺគាត់បានអីធ្វើហ្នឹង បទល្មើសក៏គាត់ធ្វើ ចោរកម្មក៏គាត់ធ្វើដែរ » ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីថា កម្ពុជានឹងតវ៉ា ចំពោះសេចក្ដីសម្រេចដំឡើងថ្លៃពន្ធគយនាំអង្ករចេញនេះ តាមរយៈអង្គការពាណិជ្ជកម្មពិភពលោក ក្នុងបំណងតម្កល់ប្រយោជន៍ជាតិ។ តែទោះយ៉ាងណា លោកមិនបានបញ្ជាក់លម្អិតថា កម្ពុជានឹងតវ៉ារបៀបណានោះទេ៖ «ពិភពលោកនេះ អន្តរជាតិបានបង្កើតអង្គការពាណិជ្ជកម្មពិភពលោក យើងនឹងប្រើប្រាស់សិទ្ធិជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកតវ៉ាក្នុងការដំឡើងថ្លៃពន្ធគយ គំហុក ដែលយើងមិនអាចទទួលយកបាន » ។
កាលពីថ្ងៃទី១៧ មករា ក្រសួងពាណិជ្ជកម្ម បានចាត់ទុកការយកពន្ធអង្កររបស់អឺរ៉ុបថាមិនបានឆ្លុះបញ្ចាំងទាំងស្រុងលើទិដ្ឋភាពច្បាប់ពាណិជ្ជកម្មអន្តរជាតិ បទដ្ឋានបច្ចេកទេស និងសច្ចភាពនោះទេ។ លើសពីនេះ វិធានការនេះមានឥទ្ធិពលដកហូតចំណូលកសិករក្រីក្រកម្ពុជា និងជាអាវុធធ្វើឃាតជីវភាពកសិករ ដែលកំពុងជាប់បំណុលជាមួយស្ថាប័នឥណទាន ផ្ដល់ប្រាក់កម្ចី។ ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មអះអាងថា ក្រសួងកំពុងផ្ទៀងផ្ទាត់សេចក្តីសម្រេចនេះ ដោយផ្អែកទៅលើទិដ្ឋភាពច្បាប់ និងវិធានពាណិជ្ជកម្មអន្តរជាតិ ដើម្បីបន្តការតវ៉ា ចំពោះសេចក្តីសម្រេចនេះ ដែលក្រសួងចាត់ទុកថា គ្មានសុក្រិតភាព។
ទោះជាយ៉ាងនេះក្តី មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថា របបក្រុងភ្នំពេញ នឹងត្រៀមទប់ទល់បាតុភាពនេះ ដែលអាចឱ្យកម្ពុជាខាតបង់ប្រាក់ ៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ ការឆ្លើយតបរបស់មន្ត្រីរបបលោក ហ៊ុន សែន មិនទាន់ធ្វើឱ្យសង្គមស៊ីវិលអស់ក្តីបារម្ភនោះទេ។
ប្រធានអង្គការសម្ពន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ចាត់ទុកសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបនឹងប៉ះពាល់ដល់ក្រុមកសិករជាច្រើន ខណៈផលិតផលកសិកម្មចាំបាច់ត្រូវនាំចូលទៅកាន់ទីផ្សារអន្តរជាតិ ព្រោះទីផ្សារអង្ករអន្តរជាតិគឺជាមុខសញ្ញាដ៏សំខាន់ ក្នុងការនាំអង្ករចេញ ផ្ដល់ប្រយោជន៍ដល់កសិករ និងសេដ្ឋកិច្ចកម្ពុជា។ លោកគិតថា ការយកពន្ធអង្កររបស់សហភាពអឺរ៉ុប គឺស្របពេលដែលកម្ពុជា មានវិបត្តិនយោបាយ ដែលអាចជាប់ទាក់ទិន និងទម្រង់ដែលសហគមន៍អឺរ៉ុប គ្រោងដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ចំពោះការនាំចេញផលិតផលសំលៀកបំពាក់ និងស្បែកជើងជាដើមពីកម្ពុជា ដែលលោកចាត់ទុកថា នឹងបង្កផលប៉ះពាល់ធំធេងដល់ប្រព័ន្ធសេដ្ឋកិច្ចប្រជាជនកម្ពុជាទាំងមូល៖ «យកពន្ធនាំអង្ករចេញទៅសហភាពអឺរ៉ុប នឹងមានការយកពន្ធ ផលប៉ះពាល់រយៈពេលខ្លីមានន័យថា ជាការខាតបង់មួយរបស់កសិករសម្រាប់ឆ្នាំនេះ តែយើងសួរថា តើការធ្វើកសិកម្មហ្នឹង ពួកគាត់បានខ្ចីលុយពីធនាគារ និងមីក្រូហិរញ្ញវត្ថុសម្រាប់ការផលិតដែរឬទេ ? ប្រសិនបើមានការខាតបង់ឆ្នាំនេះ បំណុលរបស់គាត់អាច នឹងមានការខាតបង់នៅឆ្នាំបន្ទាប់ទៀត ព្រោះលុយខ្ចីគេគាត់យកមកប្រើប្រាស់ មានអត្រាការប្រាក់មួយ ដែលបានកំណត់ដោយស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ » ។
ចំណែកប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី យល់ថា ការសម្រេចរបស់សហភាពអឺរ៉ុបបែបនេះ នឹងនាំក្ដីលំបាកដល់ប្រទេសជាតិកម្ពុជាទាំងមូល ជាពិសេសកសិករកម្ពុជា ដែលអាចប្រឈមនឹងវិបត្តិសង្គមផ្សេងៗ ទៀត នៅថ្ងៃខាងមុខ។ លោកថា បើប្រមុខដឹកនាំរដ្ឋនៅតែមានៈរឹងរួស មិនព្រមបន្ទន់ឥរិយាបថ រុញច្រានកម្ពុជាឱ្យមានប្រជាធិបតេយ្យឡើងវិញនោះទេ ប្រជាជនកម្ពុជានឹងមិនទទួលបានការរីកចម្រើនសេដ្ឋកិច្ចពិតប្រាកដនោះទេ៖ «វិបត្តិនយោបាយ គឺជាគន្លឹះសំខាន់។ យើងមើលស្ថានភាពបច្ចុប្បន្ននឹងនាំឲ្យមានវិបត្តិសេដ្ឋកិច្ច និងវិបត្តិសង្គម ព្រោះពលរដ្ឋខ្មែរជំពាក់លុយធនាគារជាង ៦០ភាគរយ នៃប្រជាជនសរុប ហើយភាគច្រើនទូទៅ គឺកសិករ និងកម្មករហ្នឹងហើយដែលជំពាក់។ ប្រសិនបើគាត់មិនអាចលក់អង្ករបានទេ និងមិនអាចមានការងារធ្វើរោងចក្រទេ តើគាត់មានលុយណា ? បង់សងធនាគារ ហើយធនាគារនឹងរឹបអូសទ្រព្យក្ស័យធន ហើយវានឹងអាចកើតវិបត្តិចោរកម្មផ្សេងៗ ទៀត។ ខ្ញុំគិតថា រឿងហ្នឹងរដ្ឋាភិបាលគាត់ដឹងហើយ បញ្ហាទាំងអស់ហ្នឹង តែវាអាចជាកត្តាធំមួយ ដែលគាត់ ( របបក្រុងភ្នំពេញ ) មិនហានបើកឲ្យគណបក្ស សង្គ្រោះជាតិ ដំណើរការវិញ និងទទួលយកសំណើរបស់សហគមន៍អឺរ៉ុប » ។
លោក មួង សូនី យល់ថា ការចាប់ដៃចិន មកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង មិនមែនជាដំណោះស្រាយនយោបាយត្រឹមត្រូវពេញលេញស្របតាមបន្ទាត់ច្បាប់នោះទេ ផ្ទុយទៅវិញនឹងធ្វើឱ្យកម្ពុជាកាន់តែផុងខ្លួននឹងអន្ទាក់បំណុលបរទេស ដែលលោកបារម្ភថា គឺជាដើមហេតុនាំឱ្យកើនឡើងអយុត្តិធម៌សង្គម វិបត្តិដីធ្លី និងការរំលោភសិទ្ធិមនុស្សជាដើម។ លោកថា សហភាពអឺរ៉ុបបានកំណត់ពន្ធប្រមាណ ២០០ដុល្លារ សម្រាប់អង្ករមួយតោនក្នុងឆ្នាំទី១ និងបានទម្លាក់ពន្ធមកនៅត្រឹមតែ ១៣២ដុល្លារ នៅឆ្នាំទី២ និងនៅត្រឹម ១០៩ដុល្លារ នៅឆ្នាំទី៣ ធ្វើឱ្យកម្ពុជាខាតបាត់ចំណូលសេដ្ឋកិច្ចរាប់សិបលានដុល្លារក្នុងមួយឆ្នាំៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។