មន្ត្រីគណបក្សប្រឆាំង និងអ្នកវិភាគរិះគន់មេដឹកនាំរដ្ឋាភិបាលឯកបក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ព្យាយាមអួតសរសើរពីគោលនយោបាយចិនទាំងផ្ទុយពីការពិត និងបោកប្រាស់ប្រជាពលរដ្ឋថា ចិនជាទីផ្សារធំសម្រាប់កម្ពុជានាំផលិតផលទៅលក់។ ប្រតិកម្មរបស់អ្នកឃ្លាំមើលបែបនេះ ធ្វើឡើងក្រោយពីលោក ហ៊ុន សែន ថ្មីៗនេះបានឃោសនាថា ចិនជាប្រទេសមិនងាយចុះខ្សោយផ្នែកសេដ្ឋកិច្ច ហើយចិនគឺជាទីផ្សារដ៏ធំសម្រាប់សមាគមអាស៊ាន និងប្រទេសកម្ពុជា។
មន្ត្រីគណបក្សប្រឆាំង និងអ្នកវិភាគនយោបាយ មើលឃើញថា កម្ពុជាទំនងនឹងពិបាករក្សាជំហរអព្យាក្រឹត្យរបស់ខ្លួន ដោយសារតែលោក ហ៊ុន សែន អនុវត្តគោលនយោបាយលម្អៀងទៅរកប្រទេសចិនខ្លាំង។ ពួកគេចាត់ទុកការលើកឡើងរបស់លោក ហ៊ុន សែន នារយៈពេលចុងក្រោយនេះ ពាក់ព័ន្ធការអួតសរសើរអំពីគោលនយោបាយចិនថា បានជួយជំរុញសេដ្ឋកិច្ចកម្ពុជាតាមរយៈការធ្វើពាណិជ្ជកម្មនោះ គឺផ្ទុយពីការពិត និងអាចជាសារនយោបាយរបស់លោក ហ៊ុន សែន ដើម្បីការពារមុខមាត់ប្រទេសចិនកុម្មុយនីស្តដែលជាមិត្តដែកថែបរបស់ខ្លួនតែប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន លើកឡើងថា ស្របពេលរបត់នយោបាយកម្ពុជាកំពុងជាប់គាំង ហើយរដ្ឋាភិបាលលោក ហ៊ុន សែន ក៏ប្រឈមនឹងទទួលរងទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមពីសហភាពអឺរ៉ុបផងនោះ លោក ហ៊ុន សែន ក៏ហាក់ប្រឹងប្រែងស្រវាឱបក្រសោបចិន និងបង្ហាញជំហរទៅរកប្រទេសចិនដោយចំហ។ លោកបន្តថា ចិនមិនមែនជាទីផ្សារធំសម្រាប់កម្ពុជានោះទេ ខណៈកម្ពុជាធ្វើពាណិជ្ជកម្មជាមួយចិន កាលពីឆ្នាំកន្លងទៅកម្ពុជាខាតបង់ច្រើន។ លោកបន្ថែមថា ក្រុមគ្រួសារត្រកូល ហ៊ុន សែន និងក្រុមមន្ត្រីក្នុងជួររដ្ឋាភិបាលមួយចំនួនមានលុយរាប់រយលានដុល្លារ ទើបពួកគេមិនខ្វល់រឿងការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបហៅកាត់ថា (EBA) ដែលនៅសល់ ៨០ភាគរយ។
ប៉ុន្តែ លោក អ៊ុំ សំអាន បារម្ភថា ប្រសិនបើសហភាពអឺរ៉ុបកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ទាំងស្រុងនោះ អ្នកដែលទទួលរងទុក្ខវេទនាគឺក្រុមប្រជាកសិករ និងកម្មកររោងចក្រប្រឈមអត់ការងារធ្វើ ដ្បិតលោកយល់ថា ប្រទេសចិនមិនអាចជំនួសទីផ្សារសហភាពអឺរ៉ុបនោះទេ។
លោក អ៊ុំ សំអាន៖ «លោក ហ៊ុន សែន និយាយហ្នឹងដើម្បីការពារមិត្តដែកថែបរបស់គាត់ ការពារចៅហ្វាយរបស់គាត់គឺចិន ពេលសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មមកលើកម្ពុជាបន្ថែមទៀត ដាក់សម្ពាធកម្ពុជាបន្ថែមទៀត ហើយអាមេរិកនឹងមិនផ្ដល់ឱ្យកម្ពុជាវិញនូវប្រព័ន្ធការអនុគ្រោះពន្ធទូទៅGSPក៏កម្ពុជាមិនស្លាប់ដែរកម្ពុជាពឹងផ្អែកលើទីផ្សាររបស់ចិន។ លោក ហ៊ុន សែន និយាយថា ប្រទេសចិនជាទីផ្សារដ៏ធំរបស់កម្ពុជា តាមពិតផ្ទុយទៅវិញទេ កម្ពុជាជាទីផ្សារដ៏ធំរបស់ប្រទេសចិនទៅវិញទេ»។
ប្រតិកម្មរបស់មន្ត្រីគណបក្សប្រឆាំងបែបនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នារយៈពេលចុងក្រោយនេះ បានឃោសនាអំពីគោលនយោបាយមិត្តដែកថែបរបស់ខ្លួន គឺប្រទេសចិនជាបន្តបន្ទាប់ ហើយលោកចាត់ទុកថា ប្រទេសចិននេះឯងជាទីផ្សារដ៏ធំសម្រាប់កម្ពុជា និងប្រទេសក្នុងតំបន់អាស៊ាន។ លោក ហ៊ុន សែន កាលពីថ្ងៃទី២២ ខែមីនា លើកឡើងថា កម្ពុជាមិនចូលរួមក្នុងយុទ្ធនាការណាមួយដែលធ្វើឱ្យប្រទេសណាមួយមានវិបត្តិសេដ្ឋកិច្ចឡើយ។ ក្រៅពីនេះ លោក ហ៊ុន សែន ថា ប្រទេសចិននឹងមិនងាយចុះខ្សោយផ្នែកសេដ្ឋកិច្ចឡើយ ដ្បិតលោកថា ប្រទេសចិនមានប្រជាជនច្រើន ហើយមេដឹកនាំចិនមានយុទ្ធសាស្ត្រដើម្បីធ្វើឱ្យប្រទេសចិនរីកច្រើន។
លោក ហ៊ុន សែន៖ «ចិនក្លាយជាទីផ្សារដំបូងបំផុត ចិនជាទីផ្សាររបស់យើងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជាចិន។ កិច្ចព្រមព្រៀងសេរីរវាង អាស៊ានចិន និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ដែល(ហៅកាត់ថាRCEP)។ ចិនជាទីផ្សារធំណាស់ ផលចំណេញមែនទែន គឺបានមកពួកអាស៊ាន។ អាស៊ាននាំទៅចិនច្រើន ជាងចិននាំមកពួកអាស៊ាន។ ចិនជាប្រទេសដែលផ្គត់ផ្គង់វត្ថុធាតុដើម ឱ្យប្រទេសដូចជាយើងប្រទេសកាត់ដេរ។ គ្រាន់តែកូវីដ ដើមឆ្នាំ[២០២០]ពេលនោះខ្ញុំសុំសំណូមពរឱ្យចិនអាទិភាពផ្គត់ផ្គង់វត្ថុធាតុដើម គឺសាច់ក្រណាត់មកកាន់កម្ពុជា ចិនបានខិតខំធ្វើដើម្បីជួយយើង»។
នេះមិនមែនជាលើកទីមួយទេ ដែលលោក ហ៊ុន សែន យកវេទិកាជាតិ ឬវេទិកាអន្តរជាតិ ដើម្បីរំលេចនូវការសរសើរនៃគោលនយោបាយប្រទេសចិន។ មន្ត្រីគណបក្សប្រឆាំងរិះគន់ថា នេះដោយសារតែលោក ហ៊ុន សែន កំពុងដឹកនាំកម្ពុជាឈានដល់របបផ្ដាច់ការបន្តិចម្ដងៗ តាមលំនាំបែបកុម្មុយនីស្ត ដោយសារតែកម្ពុជាក្រោមការដឹកនាំដោយលោក ហ៊ុន សែន កំពុងលម្អៀងផ្នែកនយោបាយ និងទទួលរងឥទ្ធិពលពីចិនស្ទើរគ្រប់វិស័យ។ កាលពីឆ្នាំ២០២១ កន្លងទៅ លោក ហ៊ុន សែន ប្រកាសថា បើមិនឱ្យលោកពឹងពាក់ប្រទេសចិនតើឱ្យលោកទៅពឹងអ្នកណា។
ទោះបីជាយ៉ាងណា អ្នកឃ្លាំមើលថា ការប្រកាសរបស់លោក ហ៊ុន សែន ថា ចិនជាទីផ្សារធំសម្រាប់កម្ពុជាគ្រាន់ជាការបោកប្រាស់ប្រជាពលរដ្ឋ និងដើម្បីផ្គើនដល់សហភាពអឺរ៉ុបដែលថ្មីៗនេះ គ្រោងដកប្រព័ន្ធអនុគ្រោះ EBA ដែលនៅសល់ ៨០ភាគរយ ប្រសិនកម្ពុជាគ្មានការបោះឆ្នោតដែលត្រឹមត្រូវ និងយុត្តិធម៌ ហើយប្រសិនបើនៅតែបន្តរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនោះ។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា ចង់ឃើញអ្នកនយោបាយតម្កល់ប្រយោជន៍ជាតិ ឱ្យធំជាប្រយោជន៍បក្ស ដោយស្ដារទំនាក់ទំនងល្អជាមួយអាមេរិក និងសហភាពអឺរ៉ុប ដើម្បីទទួលបានប្រយោជន៍សេដ្ឋកិច្ច។
លោក ឯម សុវណ្ណារ៉ា៖ «ការរកស៊ីពាណិជ្ជកម្មគឺវាពាក់ព័ន្ធនឹងនយោបាយ អ៊ីចឹងការដោះស្រាយបញ្ហាសំខាន់ហ្នឹងគឺ នយោបាយឱ្យមានភាពល្អប្រសើរ ដើម្បីកសាងទំនាក់ទំនងគ្នាល្អជាមួយលោកខាងលិចទៅដូចជាជាមួយសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ផលចំណេញអាចនៅរក្សាបានផលប្រយោជន៍អត្រាអនុគ្រោះពន្ធ ៨០ភាគរយនៃ(EBA)ឬ(GSP)ហ្នឹងយើងសង្ឃឹមថា បានហើយកាលណាបានលុះត្រាតែភាគីកម្ពុជា ឆ្លើយតបទៅនឹងកង្វល់ដែលលោកខាងលិចមានសហគមន៍អឺរ៉ុប មានសហរដ្ឋអាមេរិកលើកឡើងនោះ គឺលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសិទ្ធលំហសេរីភាពនៃការបញ្ចេញមតិ»។
ទិន្នន័យចុងក្រោយដែលកម្ពុជារកស៊ីជាមួយចិនបង្ហាញថា ចិនមិនមែនជាទីផ្សារសម្រាប់កម្ពុជានាំចេញផលិតផលនោះទេ។ មិនតែប៉ុណ្ណោះកម្ពុជាបានខាតបង់ច្រើន និងមានជញ្ជីងពាណិជ្ជកម្មឱនភាពខ្លាំងដោយសារតែចិននាំចូលផលិតផលរបស់ខ្លួនចូលកម្ពុជាច្រើនលើសលប់ ហើយកម្ពុជានាំចេញទៅចិនវិញតិចតួចស្ដួចស្ដើង។
របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ត្រឹមដំណាច់ឆ្នាំ២០២២ ចិនគឺជាប្រទេសឈានមុខគេដែលកម្ពុជាទិញទំនិញ ឬនាំចូល ក្នុងឆ្នាំ២០២២ គឺស្មើនឹងជិត ៣៥% (៣៤,៩%) ឬមានតម្លៃសរុបជាង ១០ពាន់លានដុល្លារ។ ចំណែក កម្ពុជានាំចេញទំនិញទៅដាក់លក់នៅចិនវិញបានតិចតួចបំផុត គឺត្រឹមតែជាង ៥% (៥,៥%) ប៉ុណ្ណោះ ក្នុងឆ្នាំដដែលនេះ ពោលគឺស្មើនឹងតម្លៃសរុបជាង ១ពាន់លានដុល្លារប៉ុណ្ណោះ។ ស្ថិតិដដែលបង្ហាញ ថា សហរដ្ឋអាមេរិក គឺជាប្រទេសតែមួយគត់ ដែលកម្ពុជានាំចេញទំនិញពាណិជ្ជកម្មទៅដាក់លក់បានច្រើនជាងប្រទេសណាៗទាំងអស់ ពោលគឺស្មើនឹងជិតពាក់កណ្តាល ឬ៤០% (៣៩,៩%) ដែលមានតម្លៃសរុបរហូតដល់ជាង ៨ពាន់លានដុល្លារ ខណៈកម្ពុជាបានទិញទំនិញ ឬនាំចូលទំនិញពីអាមេរិកមកវិញបានត្រឹមតែ ១% ប៉ុណ្ណោះ ឬស្មើនឹងតម្លៃសរុបជាង ៣រយលានដុល្លារ។
ក្រៅពីកម្ពុជាបានធ្វើពាណិជ្ជកម្មជាមួយកម្ពុជាខាតបង់ច្រើនលើសលប់កាលពីឆ្នាំ២០២២ កន្លងទៅ គិតត្រឹមដំណាច់ត្រីមាសទីពីរឆ្នាំ២០២២ កម្ពុជាជំពាក់បំណុលបរទេសប្រមាណជិត ១ម៉ឺនលានដុល្លារ (៩.៧៤០,៥៨លានដុល្លារ)។ ក្នុងនោះ បំណុលរដ្ឋស្ទើរតែពាក់កណ្តាល គឺកម្ពុជាជំពាក់ «មិត្តដែកថែប» ចិន គឺជាង ៤ពាន់លានដុល្លារ (៤.០៤៣,៥៧ លានដុល្លារ)។ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងក្រុមអ្នកឃ្លាំមើលកម្ពុជា ព្រួយបារម្ភថា បើកម្ពុជាបន្តខាតបង់ក្នុងការធ្វើពាណិជ្ជកម្មជាមួយចិន កម្ពុជានឹងត្រូវបន្តខ្ចីបុលពីប្រទេសចិនបន្ថែមទៀត ដែលធ្វើឱ្យកម្ពុជាប្រឈមជាប់បំណុលចិនវ័ណ្ឌកដកខ្លួនមិនរួច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។