អ្នកឃ្លាំមើលបញ្ហាសង្គមជំរុញដល់រដ្ឋាភិបាលឯកបក្សគួរយកចិត្តទុកដាក់សិក្សាលើក្រុមហ៊ុន ឬវិនិយោគិនចិនមួយចំនួន ដើម្បីធានាថា ពួកគេ ចូលមករកស៊ីនៅកម្ពុជាពុំមែនជាប្រភេទអាជីវកម្មបែបឧក្រិដ្ឋ។ ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗនេះស្នើដល់ក្រុមហ៊ុនចិន និងអ្នកវិនិយោគិនចិនបន្តចូលទៅវិនិយោគនៅកម្ពុជា។
មន្ត្រីសង្គមស៊ីវិល និងអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា លើកឡើងស្របគ្នាថា ការកៀរគរវិនិយោគិនបរទេសឱ្យចូលមករកស៊ីនៅកម្ពុជា គឺជាកាតព្វកិច្ចរដ្ឋាភិបាលដើម្បីជំរុញឱ្យសេដ្ឋកិច្ចជាតិល្អប្រសើរ។
ទោះបីយ៉ាងនោះក្ដី ពួកគេចង់ឃើញរដ្ឋាភិបាលពិនិត្យ និងសិក្សាអំពីក្រុមហ៊ុន ឬអ្នកវិនិយោគិនបរទេសឱ្យបានស៊ីជម្រៅអំពីតម្លាភាព និងត្រូវធានាថា ក្រុមហ៊ុនបរទេសដែលចូលមករកស៊ីនៅកម្ពុជាត្រូវគោរពសិទ្ធិពលរដ្ឋម្ចាស់ស្រុក និងគិតគូរអំពីអភិបាលកិច្ចល្អរបស់កម្ពុជា។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង ស្វាគមន៍ចំពោះរដ្ឋាភិបាលដែលបានកៀរគរវិនិយោគិនចិនចូលមកកម្ពុជា។ ប៉ុន្តែ លោកយល់ថា រដ្ឋាភិបាលត្រូវតែធានាថា ពួកគេចូលកម្ពុជារកស៊ីស្របច្បាប់។ លោកមើលឃើញថា កន្លងមកក្រុមហ៊ុនចិនខ្លះ ចូលមករកស៊ីនៅកម្ពុជាបានបង្កើតរឿងគួរឱ្យព្រួយបារម្ភសម្រាប់សង្គមជាតិ ដោយសារតែពួកគេរកស៊ីខុសច្បាប់ និងប្រព្រឹត្តបទឧក្រិដ្ឋ តាមរយៈដឹកជញ្ជូនសារធាតុគីមី ដើម្បីយកមកផលិតជាគ្រឿងញៀននៅលើទឹកដីខ្មែរ។
លោក យង់ គិមអេង៖«រដ្ឋាភិបាលក៏គួរតែរិះរកមធ្យោបាយ ដើម្បីបង្ការកុំឱ្យករណីធ្លាប់កើតមានកន្លងមក វាវិលមកកើតឡើងទៀត វាធ្វើឱ្យប៉ះពាល់ដល់អ្នកវិនិយោគិនល្អៗដែលគេមកពីបណ្ដាប្រទេសផ្សេងៗ ក៏ដូចជាមកពីប្រទេសចិនដែរ គេមានការព្រួយបារម្ភ គេខ្លាចរអាក៏គេមិនហ៊ានមករកស៊ី។ រឿងដែលសំខាន់រដ្ឋាភិបាលគួរតែកាត់បន្ថយឱ្យបាននូវអំពើពុករលួយដែលអាចកើតមានឡើងដោយឆ្លៀតឈ្លបមន្ត្រីខិលខូចមួយចំនួន»។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលទៅបំពេញទស្សនកិច្ចនៅប្រទេសចិនថ្មីៗនេះ លោកបានជួបជជែកពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគចិនចំនួន៣ ក្នុងនោះរួមមានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុន (Beijing Urban Construction Group) និងក្រុមហ៊ុន (China Metro Group) ដើម្បី សិក្សាពីគម្រោងវិនិយោគផ្នែកប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ និងស្ពាននៅកម្ពុជា។ ទន្ទឹមគ្នានេះ ក្រោយប្រទេសចិនបើកប្រទេសឡើងវិញកាលពីអំឡុងខែមករា លោក ហ៊ុន សែន បានប្រកាសសម្រួលលក្ខខណ្ឌងាយស្រួលដល់វិនិយោគិនចិន និងទេសចរចិនដើម្បីឱ្យពួកគេចូលមកកម្ពុជាឱ្យកាន់តែច្រើន។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីសាកសួរអំពីរឿងនេះបានទេកាលពីថ្ងៃទី១៥ ខែកុម្ភៈ។
កម្ពុជារងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិថា លម្អៀងទៅរកប្រទេសចិនកុម្មុយនីស្ត និងដឹកនាំប្រទេសរងសម្ពាធនយោបាយពីប្រទេសចិន។ ក្រសួងរតនាគារអាមេរិកកាលពីឆ្នាំ២០២០ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចចិន ឈ្មោះ (Union Development Group)ឬ (UDG) ដែលអភិវឌ្ឍន៍នៅតំបន់តារាសាគរ ខេត្តកោះកុង ដោយសារក្រុមហ៊ុននេះ មានជាប់ពាក់ព័ន្ធនឹងអំពើច្បាមយកដីធ្លី និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែររាប់ពាន់គ្រួសារ។
របាយការណ៍រដ្ឋបាលខេត្តព្រះសីហនុបង្ហាញថា សំណង់អគារខ្ពស់នៅខេត្តព្រះសីហនុមានសរុបជាង ១ពាន់អគារ (១០០៦)។ ក្នុងនោះអគារដែលកំពុងដំណើរមានជាង ៣រយអគារ (៣០៣)។ របាយការណ៍ស៊ើបអង្កេតរបស់ទូរទស្សន៍ Aljazeera ដែលមានចំណងជើងថា Cyber Slavery ឬទាសករអនឡាញសម័យទំនើប ពេលកន្លងទៅ ដែលបានលាតត្រដាងពីអគារធំៗខ្ពស់ៗមួយចំនួន ជាពិសេសស្ថិតតំបន់ទីក្រុងឆៃណាថោន (China Town) ក្នុងក្រុងព្រះសីហនុ ថាមានការបង្ខាំង និងធ្វើទារុណកម្មមនុស្ស ដែលមានជនរងគ្រោះជាជនជាតិខ្មែរផង និងជនបរទេសផង ដោយជនល្មើសជាជនជាតិចិន ដើម្បីបង្ខំឱ្យជនរងគ្រោះប្រព្រឹត្តអំពើឆបោកអនឡាញ។
អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមបណ្ឌិត សេង សារី ពិនិត្យឃើញថា វិនិយោគិនចិនមួយចំនួនបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរខ្លាចរអាដោយសារតែពួកគេនាំមកនូវការរកស៊ីមិនស្របច្បាប់។ លោកអះអាងទៀតថា អ្នកដែលទទួលបានផលប្រយោជន៍ពីសំណាក់អ្នកវិនិយោគិនចិនមានតែមនុស្សមួយក្រុមតូចតែប៉ុណ្ណោះ នោះគឺក្រុមមនុស្សដែលស្និទ្ធនឹងរដ្ឋាភិបាល។
លោក សេង សារី៖«ដូច្នេះហើយបញ្ហារបស់វិនិយោគិនចិននៅកម្ពុជា បញ្ហាតម្លាភាព និងវិសមភាពការកើនឡើងនៅក្នុងការវិនិយោគនេះ កំពុងតែរីករាលដាលយ៉ាងធំធ្វើឱ្យពលរដ្ឋមួយចំនួនធំហ្នឹងមិនត្រឹមតែមិនទទួលបានផលទេ ក្លាយទៅជាជនរងគ្រោះនៃការវិនិយោគហ្នឹងទៅទៀត។ រដ្ឋាភិបាលក្រៅពីកៀរគរដើម្បីឱ្យអ្នកវិនិយោគិនមកវិនិយោគនៅកម្ពុជា រដ្ឋាភិបាលក៏ត្រូវតែធានាតម្លាភាព វិសមភាព ផលប៉ះពាល់ដែលកើតចេញពីការវិនិយោគដែរ»។
ចាប់តាំងពីឆ្នាំ២០១៧ រហូតមកទល់សព្វថ្ងៃនេះ កម្ពុជាជាប់ឈ្មោះក្នុងបញ្ជី «ប្រផេះ» នៃក្រុមប្រទេសមានហានិភ័យខ្ពស់ផ្នែកអំពើលាងលុយកខ្វក់នៅលើពិភពលោក របស់អង្គការអន្តរជាតិឃ្លាំមើលអំពើលាងលុយកខ្វក់ឈ្មោះ ក្រុមការងារហិរញ្ញវត្ថុ (FATF)។
កាលពីចុងឆ្នាំ២០២១ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានណែនាំដល់ក្រុមហ៊ុន និងវិនិយោគិនជនជាតិអាមេរិកាំងឱ្យប្រុងប្រយ័ត្នមុននឹងបណ្ដាក់ទុនវិនិយោគលើវិស័យមានហានិភ័យខ្ពស់មួយចំនួនជាពិសេសវិស័យកាស៊ីណូនៅកម្ពុជាដែលអាចជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗ។ សហរដ្ឋអាមេរិក បានហាមប្រាមមិនឱ្យជនជាតិ ឬក្រុមហ៊ុនអាមេរិកាំងទាំងអស់ រកស៊ី ឬធ្វើប្រតិបត្តិការសាច់ប្រាក់ ពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយក្រុមហ៊ុនចិនណាដែលអាចជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស សត្វព្រៃ និងគ្រឿងញៀន ជាដើម។ សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មលើបុគ្គលមានតួនាទីធំៗក្នុងជួររដ្ឋាភិបាលកម្ពុជាមួយចំនួន ដូចជា លោក ហ៊ីង ប៊ុនហៀង លោក គន់ គីម លោក ទ្រី ភាព លោក ទៀ វិញ និងលោក ចៅ ភិរុណ។ អាមេរិកបានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិដល់មន្ត្រីទាំងនោះ និងហាមមិនឱ្យពួកគេចូលសហរដ្ឋអាមេរិកទៀតផង ដោយសារពួកគេជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។