អ្នកជំនាញផ្នែកនយោបាយ និងអ្នកវិភាគព្រមានថា ចិនមិនអាចប៉ះប៉ូវ ឬជំនួសទីផ្សារសហគមន៍អឺរ៉ុប និងអាមេរិក ដែលជាដៃគូពាណិជ្ជកម្មកម្ពុជានាំចេញទំនិញគ្រប់ប្រភេទទៅលក់បានទេ ប្រសិនបើកម្ពុជាបាត់បង់ប្រយោជន៍សេដ្ឋកិច្ចតាមរយៈសហគមន៍អឺរ៉ុបផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដែលនៅសល់ ៨០% នោះ។ ទន្ទឹមនឹងនេះ របាយការណ៍របស់អគ្គនាយកដ្ឋានគយកម្ពុជាឆ្នាំ២០២២ ក៏បានបង្ហាញដែរថា ចិនគឺពុំមែនជាទីផ្សារដ៏ធំសម្រាប់កម្ពុជានាំចេញទំនិញទៅលក់នោះទេ ប៉ុន្តែកម្ពុជាទៅវិញទេដែលខាតបង់ក្នុងការធ្វើពាណិជ្ជកម្មជាមួយចិន ដោយសារតែចិននាំចូលទំនិញមកលក់នៅកម្ពុជាកាន់តែកើនឡើងតែកម្ពុជានាំទៅចិនតិច។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាចិន ប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៣។
អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាមិនរំពឹងថា កម្ពុជានឹងទទួលបានប្រយោជន៍សេដ្ឋកិច្ចពីប្រទេសចិនកុម្មុយនីស្តដើម្បីជំរុញឱ្យសេដ្ឋកិច្ចជាតិល្អប្រសើរនោះទេ ដោយសារតែជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាពខ្លាំងក្នុងការធ្វើពាណិជ្ជកម្មជាមួយចិន កាលពីឆ្នាំ២០២២ កន្លងទៅ។
អ្នកឃ្លាំមើលជំរុញអ្នកនយោបាយតម្កល់ប្រយោជន៍ជាតិឱ្យធំ ជាប្រយោជន៍បក្ស តាមរយៈការគិតគូរស្ដារប្រជាធិបតេយ្យ ដើម្បីកសាងទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសលោកសេរីជាពិសេសជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលជាប្រទេសអនុគ្រោះពន្ធសម្រាប់ប្រទេសអ្នកក្រដូចជាកម្ពុជា ក្នុងការនាំចេញទំនិញទៅលក់ដោយមិនចាំបាច់ចំណាយលើការបង់ពន្ធ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ ខែមីនា ថា កម្ពុជាគួរចរចារកដំណោះស្រាយជាមួយភាគីចិនដោយសន្តិវិធី ជជែកក្របខ័ណ្ឌស្មើភាព ក្នុងការធ្វើពាណិជ្ជកម្មជាមួយគ្នា ដោយសារតែជញ្ជីងពាណិជ្ជកម្មកម្ពុជាឱនភាពខ្លាំងក្នុងការធ្វើពាណិជ្ជកម្មជាមួយចិន កាលពីឆ្នាំ២០២២ កន្លងទៅ។ លោកបន្ថែមថា មូលហេតុដែលចិននាំចូលទំនិញចូលកម្ពុជាបានច្រើន សម្រាប់ឆ្នាំ២០២២ ដោយសារតែចិនជាប្រទេសផលិត ខណៈកម្ពុជាបានទិញវត្ថុធាតុដើមសម្រាប់ផលិតទំនិញពីប្រទេសចិន ទើបជាហេតុធ្វើឱ្យកម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារតិចតួចស្ដួចស្ដើង។
លោក ឯម សុវណ្ណារ៉ា៖«យើងលក់ចេញបានតិច តែយើងទិញច្រើនចាយច្រើន។ ក៏ប៉ុន្តែយើងសព្វថ្ងៃកម្ពុជាបានផលប្រយោជន៍ការផ្លាស់ប្ដូរធ្វើឱ្យមានតុល្យភាពសេដ្ឋកិច្ចច្រើនតាមរយៈទីផ្សារអឺរ៉ុប ពីទីផ្សារសហរដ្ឋអាមេរិក។ ប្រសិនបើ ទីផ្សារទាំងពីរវាប្រឈមនឹងការបាត់បង់ ឬយកពន្ធពេញលេញ អ៊ីចឹងការនាំចេញទៅទីផ្សារអឺរ៉ុប និងអាមេរិកក៏វាថយដែរ អ៊ីចឹងវាមិនអាចទូទាត់ជាមួយជញ្ជីងពាណិជ្ជកម្មជាមួយចិនបានទេព្រោះជាមួយចិនយើងមានឱនភាពខ្លាំងផង អ៊ីចឹង កម្ពុជាអាចឈានរកការជំពាក់ចិនកាន់តែច្រើន ឬជំពាក់បរទេសកាន់តែច្រើន ដោយសារតែយើងរកបានតិច តែយើងចាយច្រើន ដែលជាកង្វល់ពលរដ្ឋទូទៅ»។
ក្ដីបារម្ភរបស់អ្នកជំនាញបែបនេះ ធ្វើឡើងបន្ទាប់ពីសភាអឺរ៉ុបច្រើនលើសលប់កាលពីថ្ងៃទី១៦ ខែមីនា បានអនុម័តជាផ្លូវការ នូវសេចក្តីសម្រេចថ្មីមួយ គឺព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ពីកម្ពុជាបន្ថែមទៀត ប្រសិនបើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាខែកក្កដាខាងមុខនេះ ធ្វើឡើងមិនស្របតាមស្តង់ដារអន្តរជាតិ ឬបើនៅតែបន្តកើតមានការរំលោភសិទ្ធិមនុស្ស។
ទោះជាបែបនេះក្ដី រដ្ឋាភិបាលឯកបក្សមិនបានខ្វាយខ្វល់អំពីការព្រមានរបស់សហភាពអឺរ៉ុបឡើយ ដោយសារតែកម្ពុជាចាត់ទុកមិត្តដែកថែបរបស់ខ្លួនគឺប្រទេសចិនជាទីផ្សារធំក្នុងការនាំចេញទំនិញទៅលក់។
ជាមួយគ្នានេះ កម្ពុជា និងចិន ប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៣។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ឈួន ដារ៉ា លើកឡើងក្នុងកម្មវិធីបើកវេទិកាផ្សព្វផ្សាយពិព័រណ៍ចិនអាស៊ានលើកទី២០ កាលពីពេលថ្មីៗនេះថា ចំណងមិត្តភាពទ្វេភាគីរវាងកម្ពុជាចិនកាន់តែរឹងមាំ ហើយបានក្លាយជាមិត្តភាពដែកថែប ដែលមិនអាចកាត់ផ្តាច់ ដើម្បីរួមគ្នាកសាង វឌ្ឍនភាព វិបុលភាព។ លោកថា ផលិតផលដែលកម្ពុជានាំចេញទៅកាន់ប្រទេសចិនភាគច្រើនដូចជា អង្ករ ស្វាយចន្ទី ផ្លែចេក និងស្វាយ ជាដើម។
របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ត្រឹមដំណាច់ឆ្នាំ២០២២ ចិនគឺជាប្រទេសឈានមុខគេដែលកម្ពុជាទិញទំនិញ ឬនាំចូល ក្នុងឆ្នាំ២០២២ គឺស្មើនឹងជិត ៣៥% (៣៤,៩%) ឬមានតម្លៃសរុបជាង ១០ពាន់លានដុល្លារ ខណៈកម្ពុជានាំចេញទំនិញទៅដាក់លក់នៅចិនវិញបានតិចតួចបំផុត គឺត្រឹមតែជាង ៥% (៥,៥%) ប៉ុណ្ណោះ ក្នុងឆ្នាំដដែលនេះ ពោលគឺស្មើនឹងតម្លៃសរុបជាង ១ពាន់លានដុល្លារប៉ុណ្ណោះ។ ស្ថិតិដដែលបង្ហាញថា សហរដ្ឋអាមេរិក គឺជាប្រទេសតែមួយគត់ដែលកម្ពុជានាំចេញទំនិញពាណិជ្ជកម្មទៅដាក់លក់បានច្រើនជាងប្រទេសណាៗទាំងអស់ ពោលគឺស្មើនឹងជិតពាក់កណ្តាល ឬ៤០% (៣៩,៩%) ដែលមានតម្លៃសរុបរហូតដល់ជាង ៨ពាន់លានដុល្លារ។ ក៏ប៉ុន្តែកម្ពុជាបានទិញទំនិញ ឬនាំចូលទំនិញពីអាមេរិកមកវិញបានត្រឹមតែ ១% ប៉ុណ្ណោះ ឬស្មើនឹងតម្លៃសរុបជាង ៣រយលានដុល្លារ។ តួលេខនេះ បានបញ្ជាក់ថា ចិនពុំមែនជាទីផ្សារធំលើវិស័យពាណិជ្ជកម្មរបស់កម្ពុជានោះទេ ខណៈកម្ពុជាទៅវិញទេដែលជាទីផ្សារក្នុងការនាំចូលទំនិញរបស់ចិន។
អ្នកឃ្លាំមើលវាយតម្លៃថា តួលេខនេះបានបង្ហាញថា ការរកស៊ីជាមួយប្រទេសចិនកុម្មុយនីស្តប្រឈមនឹងការខាតបង់ច្រើន ហើយប្រទេសចិនក៏ពុំមែនជាទីផ្សារធំសម្រាប់កម្ពុជាក្នុងការនាំចេញទំនិញដូចដែលរដ្ឋាភិបាលឯកបក្សតែងតែប្រកាសនោះទេ។ អ្នកតាមដានស្ថានការណ៍យល់ថា បើកម្ពុជាឆ្លើយតបជាវិជ្ជមានតាមការស្នើសុំរបស់អាមេរិក និងសហភាពអឺរ៉ុប រឿងស្ដារប្រជាធិបតេយ្យ ការគោរពសិទ្ធិ និងដោះស្រាយវិបត្តិនយោបាយកំពុងជាប់គាំង រួមទាំងបើកសេរីភាពបញ្ចេញមតិពលរដ្ឋ កម្ពុជានឹងទទួលបានផលប្រយោជន៍សេដ្ឋកិច្ចច្រើនពីបណ្ដាប្រទេសលោកសេរី ហើយប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទលើកលែងតែអាវុធ (EBA) ដែលសហភាពអឺរ៉ុបកាត់ផ្ដាច់ ២០%កន្លងទៅក៏អាចនឹងទទួលមកវិញ និងមិនប្រឈមនឹងការបន្តបាត់បង់បន្ថែមទៀតនោះឡើយ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសុំប្រតិកម្មឆ្លើយតបនឹងការលើកឡើងនេះបានទេនៅថ្ងៃទី១៩ ខែមីនា។
កាលពីខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុប បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA២០% ពីកម្ពុជា ដោយសារបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធនៅកម្ពុជា។ ក្រុមសហជីពរកឃើញថា ការដកហូត EBA ២០ភាគរយកន្លងមកនេះបានធ្វើឱ្យប៉ះពាល់ធំធេងដល់កម្មករវិស័យកាត់ដេរ និងប្រជាកសិករ។ ជាក់ស្ដែង បច្ចុប្បន្នកម្មកររោងចក្រជាច្រើនរយនាក់កំពុងបាត់បង់ការងារ និងកម្មករខ្លះទៀតរងទុក្ខវេទនាក្រោយពីថៅកែបិទទ្វាររោងចក្រដោយគ្មានការខុសត្រូវ។ ចំណែកឯ ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់កម្ពុជាបានផុតសុពលភាពកាលពីដំណាច់ឆ្នាំ២០២០ គិតមកដល់ខែមិថុនា ឆ្នាំ២០២២ នេះ ក៏សហរដ្ឋអាមេរិកមិនទាន់បន្តឱ្យកម្ពុជាវិញនៅឡើយទេ។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ អះអាងថា កម្ពុជានឹងមិនត្រូវបានអាមេរិកផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) បន្តទៀតនោះទេ ប្រសិនកម្ពុជាគ្មានការឆ្លើយតបជាវិជ្ជមានរឿងស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
ទាក់ទងនឹងរឿងដែរនេះ ស្ថានទូតចិនប្រចាំកម្ពុជាកាលពីពាក់កណ្ដាល ខែកុម្ភៈ អះអាងថា ប្រព័ន្ធអនុគ្រោះពន្ធ ២០% ដែលសហភាពអឺរ៉ុបកាត់ផ្ដាច់ពីកម្ពុជា គឺមិនអាចធ្វើឱ្យវិនិយោគិនចិនបញ្ឈប់បោះទុននៅកម្ពុជាឡើយ។ ជាមួយគ្នានេះ លោក ហ៊ុន សែន រួមទាំងមន្ត្រីហែហមលោកធ្លាប់លើកឡើងថា ទោះបីកម្ពុជា គ្មានការអនុគ្រោះពន្ធនាំចេញ អ៊ី.ប៊ី.អេ (EBA) និងជី.អេស.ភី (GSP) ក៏កម្ពុជាមិនស្លាប់ដែរ។
អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា ចិនជាទីផ្សារធំព្រោះប្រទេសនេះមានប្រជាជនច្រើន ប៉ុន្តែចិនពុំបានជួយលើកតម្កើងសេដ្ឋកិច្ចជាតិកម្ពុជាឱ្យរីកច្រើនតាមរយៈវិស័យពាណិជ្ជកម្មនោះទេ ដោយសារចិនជាប្រទេសប្រកួតប្រជែងទីផ្សារពាណិជ្ជកម្មជាមួយកម្ពុជា។ លើសពីនេះ លោកថា ចិនក៏មិនមែនជាប្រទេសអនុគ្រោះពន្ធ ដូចបណ្ដាប្រទេសលោកសេរីនោះដែរ។ លោកបន្ថែមថា ការណ៍ដែលកម្ពុជាបន្តរកស៊ីជាមួយចិនខាតបង់ច្រើន កម្ពុជានឹងបន្តខ្ចីបុលពីចិនកាន់តែច្រើន ដែលជាហេតុធ្វើឱ្យកម្ពុជាជំពាក់បំណុលចិនវ័ណ្ឌកដកខ្លួនមិនរួច។ លោក ជឿជាក់ថា កម្ពុជាអាចទទួលបានផលប្រយោជន៍សេដ្ឋកិច្ចច្រើន ប្រសិនបើ រដ្ឋាភិបាល លោក ហ៊ុន សែន ស្ដារទំនាក់ទំនងល្អជាមួយប្រទេសអាមេរិក និងសហភាពអឺរ៉ុប តាមរយៈការបើកលំហនយោបាយ ស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។
លោក គឹម សុខ៖«បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែមានៈសម្លាប់ប្រជាធិបតេយ្យ បំបិទសិទ្ធិពលរដ្ឋ សង្គមស៊ីវិល ហើយមិនសម្រួលស្ថានការណ៍នយោបាយមកវិញទេ កម្ពុជាមិនត្រឹមតែរងសម្ពាធការទូត ការដកនូវប្រព័ន្ធសេដ្ឋកិច្ចពាណិជ្ជកម្មដូចជាEBAរបស់សហភាពអឺរ៉ុបអាចនឹងធ្លាក់ដល់ស្ថានការណ៍ គេដាក់ទណ្ឌកម្មធ្ងន់ធ្ងរតែម្ដង យើងនៅពេលនោះមិនត្រឹមតែបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្មទេ អាចធ្លាក់ដល់វិបត្តិសេដ្ឋកិច្ចពាណិជ្ជកម្មហិរញ្ញវត្ថុ និងអាចធ្លាក់ក្នុងវិបត្តិសង្គមធ្ងន់ធ្ងរ»។
ទោះជាបែបនេះក្ដី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងអាងចិនជាខ្នងបង្អែកទាំងផ្នែកទីផ្សារពាណិជ្ជកម្ម រួមធានាបាននូវទទួលជំនួយ និងកម្ចីពីប្រទេសចិន មេដឹកនាំឯកបក្សរូបនេះហាក់មិនអើពើស្ដារប្រជាធិបតេយ្យនោះទេ ហើយលោកបែរជានិយាយវាយប្រហារទៅកាន់អាមេរិកទៅវិញ។ ជាពិសេសក្នុងឆ្នាំ២០២៣ ដែលកម្ពុជារៀបចំការបោះឆ្នោតថ្នាក់ជាតិលោក ហ៊ុន សែន ក៏មិនភ្លេចក្នុងការប្រើយុទ្ធសាស្ត្រដដែលៗតាមរយៈការបង្ក្រាបសំឡេងជំទាស់ ចាប់អ្នកនយោបាយប្រឆាំងដាក់គុក និងបញ្ជាឱ្យបិទស្ថាប័នសារព័ត៌មានវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) ដោយគ្មានមូលដ្ឋានច្បាប់។
ទោះជាយ៉ាងណាក៏ដោយ កម្ពុជាក្រោមការដឹកនាំដោយ លោក ហ៊ុន សែន ហាក់ទុកប្រទេសចិនជាអ្នកធានារ៉ាប់រងលើការគាំទ្រស្ទើរគ្រប់វិស័យនៃរដ្ឋាភិបាលរបស់លោករាប់ទាំងកម្ចី ជំនួយឥតសំណងនានា ការគាំទ្រផ្នែកនយោបាយ ហើយសូម្បីតែលោក ហ៊ុន សែន ខ្លួនឯងក៏ធ្លាប់សារភាពត្រង់ៗប្រាប់ទៅពិភពលោកថា «បើមិនឱ្យលោកទៅពឹងពាក់ចិនតើឱ្យលោកទៅពឹងអ្នកណា?»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។