អ្នកវិភាគ និងអ្នកជំនាញលើកឡើងថា ចំណូលបានមកពីវិស័យប្រេង នឹងមិនអាចជួយទ្រទ្រង់កម្ពុជាឲ្យឈប់ពឹងផ្អែកលើជំនួយ និងកម្ចីពីបរទេសបាននៅឡើយទេ។ មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជឿជាក់ថា ចំណូលបានមកពីប្រេងនេះ អាចនឹងចូលរួមចំណែកជួយកម្ពុជាកាត់បន្ថយការខ្ចីបុលពីបរទេសបានមួយកម្រិត។ រីឯ មន្ត្រីសង្គមស៊ីវិលវិញ ចង់ឃើញរដ្ឋាភិបាលប្រើប្រាស់ចំណូលបានមកពីវិស័យប្រេងនេះ ប្រកបដោយការឆ្លាតវ័យដោយយកទៅវិនិយោគបន្តដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ។
ក្តីរំពឹងថា ចំណូលបានមកពីវិស័យប្រេងអាចនឹងយកទៅជួយប៉ះប៉ូវឲ្យកម្ពុជាឈប់ពឹងផ្អែកលើជំនួយ និងបំណុលបរទេស ទំនងជានឹងមិនអាចកើតមានឡើងនាពេលឆាប់ៗខាងមុខនេះទេ។
អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយ បណ្ឌិត សេង សារី មើលឃើញថា បើសិនជាចំណូលបានមកពីវិស័យប្រេងកាតមានត្រឹមរង្វង់ពី ៥០០ ទៅ១ពាន់លានដុល្លារក្នុងមួយឆ្នាំនោះ កម្ពុជានឹងមិនទាន់អាចរស់នៅដោយពុំចាំបាច់ពឹងផ្អែកលើជំនួយបរទេសបាននៅឡើយទេ៖ «យើងអត់អាចនិយាយថា យើងដកខ្លួនទៅលើការពឹងផ្អែកលើជំនួយរបស់អ្នកដទៃនោះទេ ឬក៏ពឹងផ្អែកទៅលើជំនួយបរទេសនោះទេ ឬក៏ប្រព័ន្ធអនុគ្រោះពន្ធផ្សេងៗនោះទេ ពីព្រោះជាធម្មតាដំណើរប្រតិបត្តិការរបស់ប្រទេសយើងបច្ចុប្បន្ននេះ យើងត្រូវការប្រហែល ៨ពាន់លាន សម្រាប់ប្រើប្រចាំឆ្នាំ។ ហើយរៀងរាល់ឆ្នាំ យើងឃើញថា រដ្ឋាភិបាលតែងតែខ្ចីគេដើម្បីយកមកបង្គ្រប់នៅក្នុងការប្រើប្រាស់»។
យ៉ាងណា បណ្ឌិត សេង សារី យល់ថា ប្រសិនបើចំណូលបានមកពីវិស័យប្រេងកាតនេះ អាចមានក្នុងចន្លោះពី ៥រយ ទៅ១ពាន់លានដុល្លារក្នុងមួយខែវិញ នោះទើបកម្ពុជាអាចយកទៅប៉ះប៉ូវលើការចំណាយប្រតិបត្តិការរបស់ប្រទេសទាំងមូលបាន៖ «យើងអាចបានប្រហែលជា ១២ពាន់លានក្នុងមួយឆ្នាំ។ អ៊ីចឹង ក៏ជាសញ្ញាណមួយល្អដែរ បើសិនជាយើងបានទ្រព្យ បានចំណូលពីធនធានធម្មជាតិហ្នុងមក ហើយយើងអាចមានឯករាជ្យភាពនៅក្នុងហិរញ្ញវត្ថុរបស់ជាតិ នោះខ្ញុំថា វាគួរតែដល់ពេលវេលាដែលកម្ពុជានឹងអាចពង្រឹងកិត្តិនាម ឬក៏កិត្តិយសរបស់ខ្លួនទៅលើឆាកតំបន់ ឬក៏ឆាកអន្តរជាតិហើយ ពីព្រោះតាំងពីយើងឆ្នាំ១៩៩៣ ក្រោយកិច្ចចរចាទីក្រុងប៉ារីសមក យើងឃើញថា យើងខ្ចីលុយគេយកមកចាយ វាជាង ៣០ឆ្នាំទៅហើយ»។
រីឯ អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត អៀ សុផល ថា កម្រិតរំពឹងទុកនៃចំណូលបានមកពីវិស័យប្រេងកាតនេះ នឹងមិនអាចឲ្យកម្ពុជាឈប់ពឹងផ្អែកលើវិនិយោគពីបរទេស ជាពិសេសពីប្រទេសចិនបាននោះទេ។ លោកថា វិនិយោគបរទេសដោយផ្ទាល់ពីប្រទេសចិន ស្ថិតក្នុងរង្វង់ ៩០០លានដុល្លារ ទៅ១ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ដូច្នេះ ដើម្បី ជំនួសឲ្យវិនិយោគពីចិនតែឯង នោះកម្ពុជាត្រូវការផលិតកម្មប្រេង ច្រើនជាងកម្រិត ៧ពាន់៥រយបារែលក្នុងមួយថ្ងៃ។ លោកថា ដើម្បីជំនួសឲ្យវិនិយោគរបស់ចិនបាន លុះត្រាតែកម្ពុជាអាចផលិតប្រេងរហូតដល់ទៅយ៉ាងហោចណាស់ ១០ដង ច្រើនជាងកម្រិតផលិតកម្មដែលបានប៉ាន់ស្មាននេះ។
បច្ចុប្បន្ន នៅមិនទាន់មានការប៉ាន់ស្មានជាក់លាក់អំពីចំណូលដែលកម្ពុជាអាចនឹងរកបានពីវិស័យប្រេងកាតនេះនៅឡើយទេ។ ផលិតកម្មប្រេងនៅមិនទាន់មានភាពច្បាស់លាស់ ហើយកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។
អាស៊ីសេរី បានព្យាយាមទាក់ទងអគ្គនាយកប្រេងកាតនៃក្រសួងរ៉ែ និងថាមពល លោក ជៀប សួរ ដើម្បីសុំការពន្យល់ជុំវិញការរំពឹងទុកនៃចំណូលបានមកពីវិស័យប្រេងនេះ។ ក៏ប៉ុន្តែ លោកប្រាប់ថា ជាប់រវល់ប្រជុំកាលពីថ្ងៃទី០៨ មករា។ លោក ជៀប សួរ ក៏នៅមិនទាន់ឆ្លើយសំណួរ អាស៊ីសេរី តាមបណ្តាញសង្គមតេឡេក្រាមនៅឡើយដែរ។ យ៉ាងណា លោកធ្លាប់ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា អាចប្រើពេលពី ៨ឆ្នាំ ទៅ៩ឆ្នាំ ដើម្បីផលិតប្រេងបានជាង ៣០លានបារ៉ែល ពីតំបន់អប្សរានៃប្លុក A។ ចំនួនផលិតកម្មនេះ គិតជាទឹកប្រាក់លើទីផ្សារបច្ចុប្បន្ន កម្ពុជាអាចរកប្រាក់បានពីប្រេងប្រមាណជាង ១ពាន់៥រយលានដុល្លារ ដោយនៅពុំទាន់គិតពីការកាត់កងផ្សេងៗ។
កន្លងទៅ កាលពីឆ្នាំ២០១៧ កម្ពុជាធ្លាប់រំពឹងថា ចំណូលដំបូងពីការលក់ប្រេង អាចមានក្នុងរង្វង់ ៥០០លានដុល្លារក្នុងមួយឆ្នាំ ក្នុងពេលដែលអត្រាផលិតកម្មប្រេងឈានដល់កម្រិតកំពូល គឺ ៧ពាន់៥រយ (៧.៥០០) បារែលក្នុងមួយថ្ងៃ។
រីឯ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ប្រាប់ អាស៊ីសេរី នៅថ្ងៃទី០៨ មករា ថា លោកនៅមិនទាន់អាចវាយតម្លៃពីតួលេខជាក់លាក់នៃចំណូលបានមកពីប្រេងកាតនៅឡើយទេ។ ក៏ប៉ុន្តែ លោកជឿជាក់ថា ចំណូលបានមកពីវិស័យប្រេងកាត អាចនឹងជួយកាត់បន្ថយបំណុលរបស់កម្ពុជាពីបរទេសបានមួយកម្រិតនាពេលអនាគត៖ «ចំណូលបានមកពីប្រេងហ្នុង ប្រាកដជាវានឹងជួយទៅនឹងការកាត់បន្ថយបំណុល ទៅប៉ះប៉ូវ... និយាយឲ្យចំទៅ គឺថា ចំណូលដែលយើងបានមកពីប្រេងនេះ ប្រាកដជាចូលរួមចំណែកមួយនៅក្នុងការប្រើប្រាស់ទុនវិនិយោគមួយរបស់រដ្ឋាភិបាលដើម្បីទៅគាំទ្រវិស័យអាទិភាពដែលយើងមាន ឬក៏បានកំណត់រួចមកហើយ។ ដូច្នេះ វាចូលរួមចំណែកនៅក្នុងការដោះស្រាយបញ្ហាមួយចំនួនដែលយើងត្រូវការគៀរគរពីប្រភពចំណូលផ្សេងៗដើម្បីយកទៅធ្វើការវិនិយោគ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសនៅពេលកម្ពុជាទទួលបានដំណក់ប្រេងជាលើកដំបូង កាលពីថ្ងៃទី២៩ ធ្នូ ថា ផលិតកម្មប្រេងនេះ ជាពរជ័យសម្រាប់កម្ពុជា និងជាសមិទ្ធផលថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជាចាប់ពីឆ្នាំ២០២១ តទៅ។ លោកថា ចំណូលបានមកពីប្រេងនេះ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីពង្រឹងវិស័យសុខាភិបាល និងអប់រំ។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ទទួលស្គាល់ថា ចំណូលថ្មីបានមកពីវិស័យប្រេងកាតនេះ អាចនឹងជួយបំពេញបន្ថែមនូវកង្វះខាតនៃថវិកាជាតិប្រចាំឆ្នាំ។ ក៏ប៉ុន្តែ លោកចង់ឃើញរដ្ឋាភិបាលប្រើប្រាស់លុយនេះ យកទៅវិនិយោគបន្តដើម្បីពង្រឹងខឿនសេដ្ឋកិច្ចជាតិ៖ «ប៉ុន្តែ អ្វីដែលខ្ញុំចង់ឃើញ ហើយតាមអ្នកជំនាញដែលគេសិក្សាលម្អិតទៅលើចំណូលប្រេងហើយនឹងករាប្រើប្រាស់ វាជាការចាំបាច់ណាស់ដែលប្រទេសកម្ពុជាយើង ត្រូវតែ ទីមួយយើងទាញយកផល ឬក៏លុយពីប្រេងនេះ ឲ្យអស់លទ្ធភាពសិន។ ទីពីរ គឺត្រូវគិតជាយុទ្ធសាស្ត្រ ថាតើយើងត្រូវយកលុយនេះទៅប្រើលើវិស័យអី ដើម្បីឲ្យលុយនេះ អត់មានការបាត់បង់ហើយរិតតែរីកធំទៅទៀត ហើយអាចបន្តជួយកសាងសេដ្ឋកិច្ចសង្គមយើងទៅមុខបាន។ តាមបទពិសោធន៍កន្លងមក យើងឃើញថា ចំណូលប្រេង គេមិនសូវយកទៅប្រើប្រាស់នៅក្នុងការចាយវាយដែលមានលក្ខណៈមិនវិនិយោគទេ។ គេត្រូវប្រើលុយចំណូលប្រេងនៅក្នុងផែនការវិនិយោគដែលអាចបង្កលទ្ធភាពឲ្យលុយប្រេងនេះ ផលិតលុយថែមដើម្បីឲ្យយើងចំណេញ ហើយយើងសុខចិត្តយកលុយដែលចំណេញនេះ ទៅប្រើសម្រាប់ភាពខ្វះខាតរបស់យើងវិញ ឬក៏យើងអាចយកលុយចំណេញភាគខ្លះនោះ ទៅសងបំណុលគេ»។
លោក ប៉ិច ពិសី ចង់ឃើញរដ្ឋាភិបាលយកគម្រូនៃការអនុវត្តល្អៗរបស់បណ្ដាប្រទេសមួយចំនួនពាក់ព័ន្ធនឹងការគ្រប់គ្រង និងការប្រើប្រាស់ចំណូលបានមកពីវិស័យប្រេងនេះប្រកបដោយប្រសិទ្ធភាព។ មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ មិនរំពឹងទេថា កម្ពុជាអាចនឹងមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ និងឈប់ខ្ចីបុលបរទេសដោយសារចំណូលពីប្រេងក្នុងរយៈពេលខ្លីនោះ៖ «ខ្ញុំអាចទស្សន៍ទាយស្មានថា ក្នុងរយៈពេល ៣ឆ្នាំទៅមុខ យើងនឹងមានទំហំថវិកាដែលខ្វះខាតរឹតតែធំ ហើយខ្ចីគេរឹតតែច្រើនជាងហ្នុង។ បើយើងគិតពីផលប៉ះពាល់រយៈពេលវែង ប្រហែលជាចន្លោះពី៥ឆ្នាំទៅមុខទៀត យើងអាចមានស្ថិរភាពសេដ្ឋកិច្ចឡើងវិញ ហើយបើសិនជាយើងដើរល្អ សុខភាពហិរញ្ញវត្ថុ សុខភាពសេដ្ឋកិច្ចរបស់យើងអាចបានជាមធ្យម ៧ចុច ឡើងវិញ។ អ៊ីចឹង បើសួរថា តើពេលណាយើងមានលុយគ្រប់ ប្រហែលជាខ្ញុំអាចសន្និដ្ឋានថា ពី ៥ឆ្នាំ ទៅ១០ឆ្នាំ បានយើងអាចមានលទ្ធភាពផ្គត់ផ្គង់ថវិកាដោយខ្លួនឯងបាន ដោយមិនពឹងលុយកម្ចី ឬក៏ លុយម្ចាស់ជំនួយ»។
អស់រយៈពេលជាង ៣ទសវត្សមកហើយ ដែលសេដ្ឋកិច្ចកម្ពុជានៅបន្តពឹងផ្អែកលើជំនួយ និងកម្ចីពីបរទេសជាពិសេសប្រទេសចិន។ កម្ពុជា ត្រូវការថវិកាបន្ថែមជាមធ្យមប្រមាណជាង ២ពាន់លានដុល្លារក្នុងមួយឆ្នាំដើម្បីយកមកបង្គ្រប់ការចំណាយផ្សេងៗនៃប្រតិបត្តិការរបស់រដ្ឋ។ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២០ កម្ពុជាជំពាក់បំណុលអន្តរជាតិសរុបជិត ៨ពាន់៥រយ ( ៨.៤៨៩,៣០) លានដុល្លារ។ ក្នុងនោះ ចិនគឺជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជា ដែលកម្ពុជាបានជំពាក់សរុបប្រមាណជាង ៤ពាន់ (៤.១៦៦,៣៦) លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។