ប្រជាកសិករនៅស្រុកបាណន់ ខេត្តបាត់ដំបង ត្អូញត្អែរថា អាជ្ញាធរនិងមន្ទីរពាក់ព័ន្ធ គ្រប់គ្រងទ្វារអាងទឹកកំពីងពួយមិនមើលពីស្ថានភាពនៃការដាំដុះស្រូវរបស់ពលរដ្ឋ ដោយបង្ខាំងទឹកជ្រុលហួសហេតុនៅរដូវប្រាំង បណ្ដាលឱ្យស្រូវងាប់ជាច្រើនហិកតារ។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យអភិបាលស្រុកធ្វើអន្តរាគមន៍លើបញ្ហានេះ ព្រមទាំងស្នើទៅរដ្ឋបាលខេត្ត និងមន្ទីរធនធានទឹក គ្រប់គ្រងចរន្តទឹកដោយតម្លាភាពដើម្បីឱ្យប្រជាកសិករធ្វើស្រែបានគ្រប់រដូវ។
ប្រជាកសិករនៅឃុំតាគ្រាម និងឃុំភ្នំសំពៅ ក្នុងស្រុកបាណន់ កំពុងប្រឈមនឹងបញ្ហាស្រូវស្កកជាច្រើនហិកតារ បន្ទាប់ពីមន្ទីរធនធានទឹកខេត្តបាត់ដំបង មិនព្រមបើកទ្វារទំនប់អាងកំពីងពួយពន្លែងទឹកដាក់ស្រែរបស់ពួកគាត់។
កសិករនៅឃុំតាគ្រាម លោក ព្រហ្ម រិទ្ធី ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១០ មីនា ថា នៅសប្ដាហ៍ទី២ ក្នុងខែនេះស្រូវចាប់ផ្ដើមផើមបណ្ដើរៗ ដោយត្រូវការទឹកឱ្យបានគ្រប់គ្រាន់សម្រាប់លូតលាស់។ តែមកទល់ពេលនេះ លោកថាមន្ទីរធនធានទឹកនៅមិនទាន់បើកទ្វារពន្លែងទឹកដាក់ស្រែកសិករនៅឡើយ ទោះបីមានការដាក់លិខិតស្នើសុំត្រឹមត្រូវយ៉ាងណាក្ដី។ លោកថា ប្រសិនបើនៅតែគ្មានទឹកគ្រប់គ្រាន់ក្នុងរយៈពេល២ទៅ៣ថ្ងៃទៀតទេ នោះស្រូវរាប់ពាន់ហិកតារនឹងស្កកងាប់អស់ជាមិនខាន។
លោក ព្រហ្ម រិទ្ធី៖«ស្រូវដំណាក់កាលចុងក្រោយជាដំណាក់កាលត្រូវការទឹកបំផុតហើយ។ រាល់តែដងរាល់តែលើក មិនមែនចេះតែថាទេ ប្រជាជនសុទ្ធតែដឹងក្បាច់អស់ហើយ ហើយដល់ពេលហ្នឹង(ស្រូវផើម)គាត់ចាប់ផ្ដើមធ្វើកហើយ។ ទឹកមិនខ្វះទេ តែគាត់ច្រើនតែងឿកអ៊ីចឹងបណ្ដោយ។ មិនដឹងថាទប់ទឹកលក់ ឬក៏ទប់ទឹកឱ្យ(ពលរដ្ឋ)ធ្វើស្រែ»។
មកដល់ពេលនេះ ស្រែរបស់កសិករនៅភូមិប៉ោយស្វាយ ក្នុងឃុំតាគ្រាម ជាង ៤រយហិកតារ និងភូមិក្រពើជើង ក្នុងឃុំភ្នំសំពៅជាង ១រយហិកតារ រួមទាំងភូមិដទៃទៀតជុំវិញអាងទឹកកំពីងពួយសរុបជាង ៨ពាន់ហិកតារ មានសភាពដីប្រេះបែកក្រហែង និងមានស្រូវកំពុងផើមឆេះស្លឹកពាសពេញស្រែ ដោយសារគ្មានទឹកសម្រាប់លូតលាស់។
កសិករនៅឃុំតាគ្រាមម្នាក់ទៀត លោក នី វណ្ណៈ ឱ្យដឹងថា ស្រូវរបស់លោកចំនួន ១៧ហិកតារអាចនឹងត្រូវងាប់ទាំងអស់ដោយសារគ្មានទឹក ហើយលោកនឹងប្រឈមការខាតបង់ធ្ងន់ធ្ងរ និងការរឹបអូសដីធ្លីដោយសារបំណុលធនាគារវ័ណ្ឌកជាមិនខាន។ កសិកររូបនេះបន្តថា ប៉ុន្មានឆ្នាំមកនេះ លោកធ្វើស្រែមិនសូវបានផលនោះឡើយ ដោយសារពេលធ្វើស្រូវប្រាំងតែងប្រឈមបញ្ហាខ្វះទឹក ខណៈនៅរដូវវស្សាតែងប្រឈមការលិចលង់ដោយសារការពន្លែងទឹកទំនប់យ៉ាងគំហុក។ លោកបន្ថែមថា ប្រសិនបើក្នុងសប្ដាហ៍នេះ មន្ទីរធនធានទឹកមិនព្រមបើកទ្វារទំនប់ទេ កសិករនឹងកេណ្ឌគ្នាទៅបើកទំនប់ដោយខ្លួនឯង។
លោក នី វណ្ណៈ៖«បើអាចុងខែ១១ អាពេលស្រូវទុំបានគាត់បើកស្រួល គាត់បើកស្រួលណាស់ឆ្នាំនេះ គាត់បើកពន្លិចយើងហ្មង។ មិនមែនគាត់បើកឱ្យយើងបានផលទេ គាត់បើកពន្លិចយើង។ វាមិនសូវជាល្អប៉ុន្មានទេ ឆ្នាំនេះជាក់ស្ដែង គាត់បើកពន្លិចហ្មង បើកយកបាក់ប្រឡាយចោលក៏បានដែរ អាពេលស្រូវយើងទុំ ដែលឥតប្រយោជន៍ហ្នឹង។ ដល់ពេលមានប្រយោជន៍បើកឱ្យអត់ចង់បាន»។
កាលពីថ្ងៃទី៣ មីនា ប្រជាពលរដ្ឋបានដាក់លិខិតស្នើទៅប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង លោក ឡុង ផល្គុន សុំបើកទ្វារទឹកអាងកំពីងពួយដាក់ស្រែក្នុងដំណាក់កាលស្រូវផើម តាមការសន្យាក្នុងពេលប្រជុំនៅមុនពេលធ្វើស្រែប្រាំង។ តែលោក ឡុង ផល្គុន បដិសេធដោយថា លិខិតនោះមានកំហុសឆ្គង និងឱ្យធ្វើពាក្យស្នើសុំទៅមន្ទីរធនធានទឹកម្ដងទៀត។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង លោក ឡុង ផល្គុន ដើម្បីបកស្រាយរឿងនេះបាននៅឡើយទេ កាលពីថ្ងៃទី១០ មីនា។
កាលពីឆ្នាំ២០១៩ ក្រសួងធនធានទឹកនិងឧតុនិយម បានដាក់ចេញនូវយុទ្ធសាស្ត្រ «ពាងទឹក» សម្រាប់បម្រើឲ្យវិស័យកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងប្រទេស តាមរយៈការសាងសង់នូវអាងទឹកធំៗ ដែលអាចស្តុកទឹកបានរាប់រយលានម៉ែត្រគូប។ ប៉ុន្តែប្រជាពលរដ្ឋនៅខេត្តបាត់ដំបងយល់ឃើញថា យុទ្ធសាស្ត្រនេះមិនបានជួយកសិករនោះឡើយ ហើយថែមទាំងបង្កផលលំបាកទៅវិញ ដោយមន្ត្រីនិងអាជ្ញាធរគ្រប់គ្រងក្ដោបក្ដាប់ទ្វារទឹកយ៉ាងតឹងតែងនៅរដូវប្រាំង និងបើកទ្វារទឹកយ៉ាងកម្រោលបង្កការលិចលង់នៅរដូវវស្សា។
ទាក់ទិនបញ្ហានេះ អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តបាត់ដំបង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា ករណីនេះ មេឃុំ និងអភិបាលស្រុក ត្រូវធ្វើរបាយការណ៍ពីការរងគ្រោះរបស់កសិករ ដាក់ទៅរដ្ឋបាលខេត្ត និងមន្ទីរធនធានទឹកដើម្បីស្នើឱ្យបើកទ្វារទំនប់ពន្លែងទឹកដាក់ស្រែ។ លោកបន្តថា អាជ្ញាធរពាក់ព័ន្ធត្រូវតែយកចិត្តទុកដាក់លើរឿងនេះ ដើម្បីសម្រួលដល់ការធ្វើស្រែបានគ្រប់រដូវ ស្របតាមគោលនយោបាយលើកកម្ពស់វិស័យកសិកម្មរបស់រដ្ឋាភិបាល។
លោក អ៊ិន គង់ជិត៖«ព្រោះអីទឹកនៅអាងកំពីងពួយមិនជាស្រកអស់ច្រើនទេ គឺនៅមានទឹកពេញនៅឡើយ។ អ៊ីចឹងករណីនេះអាជ្ញាធរស្រុក អាជ្ញាធរខេត្ត និងមន្ទីរធនធានទឹកគួរតែយកចិត្តទុកដាក់ចុះទៅពិនិត្យមើលស្ថានភាពជាក់ស្ដែងវាយតម្លៃអំពីការរងផលប៉ះពាល់ទាំងនេះ ហើយគួរតែមានការបើកទ្វារទឹកផ្គត់ផ្គង់ទៅដល់កសិករយើងដើម្បីសង្គ្រោះស្រូវដែលខ្វះទឹកហ្នឹង ដោយសារនៅតំបន់ហ្នឹងមានប្រព័ន្ធប្រឡាយគ្រប់គ្រាន់ក្នុងការចែកចាយនិងបញ្ជូនទឹក»។
អាងទឹកកំពីងពួយស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាអាងស្តុកទឹកបន្សល់ពីរបបខ្មែរក្រហម អាចផ្ទុកទឹកបាន ៣០លានម៉ែត្រគូប។ លុះដល់ចុងឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបងក្រោមគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានស្ដារនិងរៀបចំប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយ ដែលអាចផ្ទុកទឹកបាន ១៧០លានម៉ែត្រគូប ក្នុងផ្ទៃដីទំហំ ៤៥០គីឡូម៉ែត្រក្រឡា ដោយអះអាងថា អាចស្រោចស្រពលើផ្ទៃដីស្រែយ៉ាងហោចណាស់ ២ម៉ឺន ៤ពាន់ (២៤.០០០) ហិកតារនៅរដូវវស្សា និង ១ម៉ឺន ៦ពាន់ (១៦.០០០) ហិកតារនៅរដូវប្រាំង។
ក្រៅពីទំនប់អាងស្តុកទឹកកំពីងពួយ ខេត្តបាត់ដំបង នៅមានទំនប់ទប់ទឹកធំៗ ផ្សេងទៀតដូចជា ទំនប់ពហុបំណងសេកសក ទំនប់កង្ហត ទំនប់បាសាក់ ទំនប់ស្ទឹងបវេល និងទំនប់សាលាតាអន។ ចាប់តាំងពីមានទំនប់ទាំងនេះមក ប្រជាពលរដ្ឋដែលរស់នៅក្រោមខ្សែទឹក និងធ្លាប់ដាំដុះអាស្រ័យលើប្រភពទឹកតាមតំបន់ទាំងនោះ បានប្រឈមនឹងការខ្វះខាតទឹកសម្រាប់ស្រោចស្រព ឬរងការលិចលង់នៅរដូវវស្សា បណ្ដាលឱ្យពួកគាត់ខាតបង់ និងជំពាក់បំណុលធនាគារជុំទិស។ ការខាតបង់ក្នុងការប្រកបរបរកសិកម្ម បណ្ដាលឱ្យប្រជាពលរដ្ឋទាំងនោះធ្លាក់ទៅក្នុងភាពក្រីក្រ ខណៈពលរដ្ឋមួយចំនួនបោះបង់របរនេះ ហើយបង្ខំចិត្តចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។