មន្ត្រីសង្គមស៊ីវិលថា បំណុលវិស័យធនាគារនៅតែបង្កឱ្យមានការរំលោភសិទ្ធិមនុស្ស
2022.12.10

មន្ត្រីសង្គមស៊ីវិលធ្វើការងារផ្នែកសិទ្ធិមនុស្សលើកឡើងថា កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានៅតែបង្កឱ្យមានការរំលោភសិទ្ធិមនុស្ស។ ទោះយ៉ាងណា មន្ត្រីរដ្ឋាភិបាលធ្វើការផ្នែកសិទ្ធិមនុស្សថា វិស័យកម្ចីដែលកំពុងរីកដុះដាលដូចសព្វថ្ងៃនេះ បានរួមចំណែកលើកកម្ពស់ជីវភាពពលរដ្ឋ ផ្ទុយទៅវិញពលរដ្ឋដែលជាកូនបំណុលមិនបានបំពេញកាតព្វកិច្ច គឺម្ចាស់បំណុលមានសិទ្ធិរឹបអូសទ្រព្យបញ្ចាំរបស់កូនបំណុល។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិរកឃើញថា បំណុលវិស័យប្រាក់កម្ចី បង្កបញ្ហាជាច្រើន រួមមាន៖ ការរឹបអូសដីធ្លី ការបាត់បង់ជីវភាពរស់នៅសមរម្យ ផលប៉ះពាល់លើបញ្ហាសុខភាព ការបាត់បង់ដីធ្លីរបស់ជនជាតិដើមភាគតិច អសុវត្ថិភាពស្បៀងអាហារ និងពលកម្មកុមារជាដើម។ ពួកគេឱ្យដឹងទៀតថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋជាកូនបំណុលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាត្រូវបង្ខំចិត្តលក់ដីរបស់ខ្លួនដើម្បីសងលុយម្ចាស់បំណុលហើយបញ្ហានេះកើតឡើងនៅរៀងរាល់១៦នាទីម្ដង។
នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជាលោក អៀង វុទ្ធី លើកឡើងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា កំពុងរំលោភបំពានគោលនយោបាយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ អាយ.អេហ្វ.ស៊ី (IFC) ដែលជាស្ថាប័នអន្តរជាតិក្នុងការផ្ដល់ប្រាក់វិនិយោគដល់វ័យធនាគារ។ លោកបន្តទៀតថា ពេលនេះពលរដ្ឋជំពាក់ប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារកំពុងស្ថិតក្នុងសភាពបំណុលវ័ណ្ឌក។ តាមរយៈការរកឃើញរបស់អ្នកស្រាវជ្រាវនៅតាមសកលវិទ្យាល័យនានា និងអង្គការអន្តរជាតិ ពលរដ្ឋកូនបំណុលក្នុងមួយឆ្នាំបានបាត់បង់ប្លង់កម្មសិទ្ធិដីធ្លីជាងមួយ៣សែនប្លង់ ហើយបញ្ហានេះបានបង្កឱ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងខ្លាំងក្នុងសង្គមកម្ពុជានៅរយៈពេល៥ឆ្នាំចុងក្រោយនេះ៖
«នាំផលប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធដល់ការសិក្សារបស់កុមារ ដោយសារឪពុកម្ដាយមិនមានលទ្ធភាពផ្ដល់ការគាំទ្រ ទៅដល់កុមារទាំងអស់ទាំងដើម្បីបន្តការសិក្សាដោយសារបំណុលវ័ណ្ឌកហ្នឹងឯងគ្រួសារចាំបាច់ឱ្យកុមារទាំងអស់ទៅធ្វើការឬមួយឪពុកម្ដាយត្រូវបានចំណាកស្រុកដើម្បីស្វែងរកថវិកាបង់មីក្រូហិរញ្ញវត្ថុហ្នឹងឯង»។
ការសិក្សាថ្មីមួយរបស់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) ឱ្យដឹងថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបាននាំឱ្យមានការលក់ដីដោយបង្ខំជាច្រើនករណីកើតចេញពីបញ្ហាបំណុល ពោលក្នុងកម្រិតមួយ “ខ្ពស់ខ្លាំង” និង “មិនអាចទទួលយកបាន”។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត ជំរុញឱ្យមានការដោះស្រាយការរំលោភសិទ្ធិមនុស្សក្នុងវិស័យនេះ។ មន្ត្រីសិទ្ធិមនុស្សស្នើឱ្យមានការគោរពសិទ្ធិអ្នកខ្ចី និងការអនុគ្រោះដល់កូនបំណុល ដើម្បីកាត់បន្ថយបញ្ហាបាត់បង់ដីធ្លី និងការទទួលរងទង្វើអសីលធម៌ ដែលបង្កដោយមន្ត្រីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ៖
«ដើម្បីស្វែងរកដំណោះស្រាយនូវបញ្ហាដែលបានកើតឡើងកន្លងមកឱ្យបានចប់សព្វគ្រប់ដែលមិនមានការរំលោភបំពានសិទ្ធិអ្នកខ្ចីនោះបានទេ»។
អង្គការសិទ្ធិមនុស្ស លីកាដូ រកឃើញថា វិបត្តិពលរដ្ឋជំពាក់បំណុលដែលកើនច្រើនលើសលុបប៉ុន្មានឆ្នាំនេះកំពុងនាំឱ្យមានការរំលោភសិទ្ធិមនុស្ស។ លីកាដូ រកឃើញទៀតថា កាលពីឆ្នាំ២០២០ កម្ចីឥណទានខ្នាតតូចគិតជាមធ្យមនៅកម្ពុជាគឺមានចំនួនគឺជាង៤ពាន់ដុល្លារ(៤.២៨០) ដែលជាទំហំធំជាងគេនៅលើពិភពលោក។ ប្រជាពលរដ្ឋចំនួន ៩៥% មានប្រាក់ចំណូលប្រចាំឆ្នាំតិចជាងចំនួនកម្ចីនេះ។ ចំនួនកម្ចីឥណទានខ្នាតតូចសរុបគឺមានរហូតដល់ ២,៨ លានកម្ចី សម្រាប់ប្រជាពលរដ្ឋ ៣,៦ លានគ្រួសារនៅទូទាំងប្រទេស។
ពលរដ្ឋមានបញ្ហាដីធ្លី លោកស្រី ផាវ ញ៉ើង ដែលជំពាក់ប្រាក់ធនាគារក្នុងស្រុកឱ្យដឹងថា លោកស្រីតែងតែងបង់ប្រាក់កម្ចីទៅធនាគាររៀងរាល់ខែ ប៉ុន្តែកាលពីមានវិបត្តិជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២១ លោកស្រីមិនអាចប្រាក់ទៀងទាត់ ពេលនោះខាងធនាគារព្រមានរឹបអូសដីធ្លីផ្ទះលោកស្រីដែលជាទ្រព្យបញ្ចាំ។ លោកស្រីឱ្យដឹងទៀតថា ក្រោយការព្រមានដូច្នេះ លោកស្រីសម្រេចចិត្តទៅចងការប្រាក់អ្នកចងការប្រាក់ឯកជនដើម្បីសងផ្ដាច់ទៅធនាគារ។ លោកស្រី ផាវ ញ៉ើងទៀតថា ពេលនោះលោកស្រីត្រូវប្រឹងរកប្រាក់ និងត្រូវហូបអំបិលប្រហុក ទម្រាំដោះបំណុលអស់៖
«បើសិនធនាគារហិរញ្ញវត្ថុទាំងអស់គាត់គិតថា យកមកអភិវឌ្ឍន៍ដើម្បីឱ្យប្រជាពលរដ្ឋមានការរីកចម្រើន មានមុខរបររកស៊ីមានដើមទុនអី ប៉ុន្តែបែរជាដាក់កំណត់លក្ខខណ្ឌឱ្យបញ្ចាំសូម្បីត្រឹម៥០០(ដុល្លារ)ក៏បញ្ចាំប្លង់ដីស្រែដីផ្ទះដែរអ៊ីចឹង ខ្ញុំគិតថា មិនមែនមកស្រោចស្រង់ប្រជាពលរដ្ឋទេជាការផលប្រយោជន៍ចំណេញក្រុមហ៊ុនរបស់គេអ៊ីចឹង គេមិនមែនមកជួយយើងទេ»។
ទោះជាមានការរកឃើញពីបញ្ហាបំណុលពលរដ្ឋបែបនេះក្តី ប៉ុន្តែគេមិនទាន់ឃើញរដ្ឋាភិបាលលោក ហ៊ុន សែន ដាក់ចេញគោលនយោបាយដើម្បីដោះស្រាយបញ្ហានេះនៅឡើយទេ។ ផ្ទុយទៅវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាញឹកញាប់ថា លោកលើកទឹកចិត្តឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រឹបអូសដីធ្លីនិងផ្ទះសម្បែងពលរដ្ឋប្រសិនបើពួកគេធ្វើតាមការឃោសនារបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលធ្លាប់អំពាវនាវឱ្យផ្អាកសងបំណុលទាំងការទាំងដើមដោយសារវិបត្តិជំងឺកូវីដ១៩។
ទាក់ទងការរំលោភសិទ្ធិមនុស្សក្នុងវិស័យប្រាក់កម្ចីនេះ អង្គការសិទ្ធិមនុស្សលីកាដូ និងអង្គការសមធម៌កម្ពុជា កាលពីខែកុម្ភៈតំណាងឱ្យប្រជាពលរដ្ឋអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារបានដាក់ពាក្យប្ដឹងទៅសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)ករណីរំលោភសិទ្ធិពលរដ្ឋកូនបំណុល។ ពាក្យប្ដឹងនោះចោទប្រកាន់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារចំនួន៦បានរំលោភបំពានសិទ្ធិមនុស្ស និងការរំលោភបំពានលើបទដ្ឋានអនុវត្តស្តង់ដារលើប្រាក់កម្ចីឥណទានខ្នាតតូចនៅកម្ពុជា។ ស្ថាប័នទាំងនោះរួមមាន៖ ធនាគារអេស៊ីលីដា ធនាគារហត្ថា ធនាគារស្ថាបនា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។ ជាលទ្ធផល ការិយាល័យភាពអនុលោមទីប្រឹក្សាដោះស្រាយវិវាទ(CAO) នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានសម្រេចត្រួតពិនិត្យ អនុលោមភាពនៃបណ្ដឹងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ សេចក្ដីថ្លែងការណ៍ អង្គការលីកាដូ ចុះកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឱ្យដឹងថា ស្ថាប័នអន្តរជាតិមួយនេះនឹងចាត់វិធានមួយដែលជាការគាំទ្រសិទ្ធិមនុស្សក្នុងវិស័យហិរញ្ញវត្ថុនេះឡើងវិញ។
ទាក់ទងករណីនេះវិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាលោក អ៊ិន ចាន់នី ដែលជាភាគីសំខាន់មួយក្នុងការចោទប្រកាន់នេះបានទេ នៅថ្ងៃទី១០ ខែធ្នូ។ ចំណែកប្រធានទំនាក់ទំនងនិងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី ក៏មិនអាចសុំការអត្ថាធិប្បាយបានដែរនៅថ្ងៃដដែលនេះ។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន យល់ថា វិស័យផ្ដល់ប្រាក់កម្ចីដែលបានចុះបញ្ជីត្រឹមត្រូវគឺមានប្រព័ន្ធវាយតម្លៃ និងការគោលការណ៍នៃដាក់ទ្រព្យបញ្ចាំដែលមានការព្រមព្រៀងគ្នាពីភាគីទាំងសងខាង ។ លោកបន្តថា ការដាក់ពាក្យប្ដឹងរបស់ពលរដ្ឋជាសិទ្ធិរបស់ពលរដ្ឋ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលរូបនេះរិះគន់ថា ការដែលពលរដ្ឋប្ដឹងទៅសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC ) ទំនងមិនទទួលបានលទ្ធផលទេ ព្រោះលោកយល់ថាជាការប្ដឹងខុសកន្លែង៖
«យើងឃើញថា ប្រជាពលរដ្ឋដែលជាកូនបំណុលមិនមែនបំពេញកាតព្វកិច្ចផ្លូវច្បាប់ វាជាករណីផ្លូវច្បាប់ ពីព្រោះហេតុអី ពីព្រោះពេលណាដែលធ្វើខុសគោលការណ៍នៃមីក្រូហិរញ្ញវត្ថុមានន័យថា យើងមិនបំពេញកាតព្វកិច្ចនៅក្នុងការសងម្ចាស់បំណុលជាគោលការណ៍ច្បាប់ម្ចាស់បំណុលអាចមានសិទ្ធិក្នុងការទូទាត់ រឹបអូសខុសគោលការណ៍ហិរញ្ញវត្ថុ ក្នុងការប្ដឹងដើម្បីរឹបអូសទ្រព្យបញ្ចាំលក់ឡៃឡុងសងម្ចាស់បំណុលវិញនេះជាគោលការណ៍»។
អង្គការលីកាដូ អង្គការសធម៌កម្ពុជា និងអង្គការ FIAN បានអំពាវនាវឱ្យមានការប្រគល់ប្លង់កម្មសិទ្ធិដីធ្លីរាប់សែនប្លង់ដែលបច្ចុប្បន្នកាន់កាប់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារជូនទៅម្ចាស់កម្មសិទ្ធិជាអ្នកខ្ចីប្រាក់វិញឱ្យបានឆាប់។ ក្រុមអង្គការសង្គមស៊ីវិលរំពឹងថា ដំណោះស្រាយនេះនឹងជួយកាត់បន្ថយសម្ពាធរបស់គ្រួសារពលរដ្ឋ និងកាត់បន្ថយការលក់ដីដោយបង្ខំព្រោះប្រាក់កម្ចី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។