ពលរដ្ឋ​​ត្អូញត្អែរ​​រឿង​​ទំនិញ​​ឡើង​​ថ្លៃ​​ក្រោយ​​រដ្ឋាភិបាល​​បិទ​​ក្រុង​​ភ្នំពេញ​​និង​​ក្រុង​​តាខ្មៅ​​

ដោយ ហេង រស្មី
2021-04-15
Share
ពលរដ្ឋ​​ត្អូញត្អែរ​​រឿង​​ទំនិញ​​ឡើង​​ថ្លៃ​​ក្រោយ​​រដ្ឋាភិបាល​​បិទ​​ក្រុង​​ភ្នំពេញ​​និង​​ក្រុង​​តាខ្មៅ​​ ពលរដ្ឋ​​ត្អូញត្អែរ​​រឿង​​ទំនិញ​​ឡើង​​ថ្លៃ​​ក្រោយ​​រដ្ឋាភិបាល​​បិទ​​ក្រុង​​ភ្នំពេញ​​និង​​ក្រុង​​តាខ្មៅ​​។
រូប៖ គេ​ផ្ដល់​ឱ្យ

ប្រជាពលរដ្ឋ​​​មួយ​​ចំនួន​​នៅ​​រាជធានី​ភ្នំពេញ ​និង​ក្រុង​​តាខ្មៅ​​​លើក​ឡើង​​ស្រដៀង​គ្នា​​ថា​ ​ស្ថានភាព​​រស់​នៅ​​របស់​​ពួកគាត់​ពេល​នេះ​​ជួប​ការ​​លំបាក​​ខ្លាំង​ដោយ​សារ​​ជីវភាព​​ក្រីក្រ​ ហើយ​គ្មាន​​ប្រាក់​ទិញ​​ស្បៀង​អាហារ​​ស្តុក​ទុក​ខណៈ​ស្បៀង​​អាហារ​​ជាច្រើន​​មុខ​​បាន​​ឡើងថ្លៃ​។​

ប្រជាពលរដ្ឋ​រស់​នៅ​​ក្រុង​​ភ្នំពេញលោកស្រី ព្រំ ចាន់ថា ប្រាប់​អាស៊ី​សេរី​​នៅ​ព្រឹ​ក​​ថ្ងៃ​ទី​១៥ ខែ​មេសា​​ថា ​​​​ភ្លាមៗ​ក្រោយ​​ពេល​​អាជ្ញាធរ​​ប្រកាស​​បិទ​​​ក្រុង​ភ្នំពេញ​​ធ្វើ​ឱ្យ​​​ទំនិញ​​ឡើង​​ថ្ងៃ​​ស្ទើ​រ​គ្រប់​មុខ ជា​ពិសេស​​បន្លែ​​បង្ការ​មី​កញ្ចប់​​ ពង​ទា ​និង​​​ត្រីខ​​កំប៉ុង​​ជា​ដើម​ បាន​ឡើង​​ថ្ងៃ​ជិត​​ទ្វេដង​​​បើ​ប្រៀប​នឹង​​ថ្ងៃ​ធម្មតា​។ ​ស្ត្រី​វ័យ ​៤៩ ​ឆ្នាំ​រូប​នេះ​បន្ត​ថា ​​អំឡុង​ពេល​​នេះ​​លោក​ស្រី​​​មិន​​បាន​​ទិញ​ស្បៀង​​ស្តុក​ទុក​​នោះ​ទេ​ ​ដោយសារ​​គ្មាន​ប្រាក់​ ហើយ​​ខ្លាច​ឆ្លង​​​ជំងឺ​​កូវីដ​១៩​ ព្រោះ​​ឃើញ​​មនុស្សជា​ច្រើន​នាក់​​បន្ត​​​នាំ​គ្នា​​ទៅ​​ទិញ​​ស្បៀង​​​​​នៅ​​តាម​​​ផ្សារ​​នៅ​ឡើយ​៖ «ហើយ​ឃើញ​តែ​មនុស្ស​​អីចឹង​ខ្ញុំ​អត់​ចូល​​ទៅ​ហ្មង​ ហើយ​ក្រូច​ឆ្មារ​មួយគីឡូ ១ ម៉ឺន​រៀល​ កន្លែង​ខ្លះ​ ១ ម៉ឺន​២ពាន់រៀល ត្រកួន​អី ​១ ម៉ឺន​២ ពាន់​រៀល​ បើ​ស្ពៃ​មួយ​គីឡូក្រាម ១ ម៉ឺន​រៀល​និយាយ​ទៅ​ស្អី​ក៏​ថ្លៃ​ដែរ​។​ ខ្ញុំ​អត់​ទិញ​ខ្ញុំ​មក​ផ្ទះ​វិញ​ខ្ញុំ​មាន​អី​ហូប​ហ្នឹង​ទៅ​ ចង់​និយាយ​អីចឹង​ត្បិតត្បៀត​តាម​ហ្នឹង​ទៅ​ធ្វើ​យ៉ាង​ម៉េច​ ​បើ​វា​អីចឹង​ហើយ​។​ បើ​មាន​ប្រហុក​អី​ ចែ​ខ្ញុំ​គាត់​ផ្ញើពី​តាកែវ​មក​ចំហុយ​អីចឹង​ទៅ​តិច​ច្រើន​អី​ ១៤​ ថ្ងៃ​មាន​ចេញ​ទៅ​ណា​រួច​ដេក​ងើបៗ​នៅ​តែ​ក្នុង​ផ្ទះ​ហ្នឹង​»​

​ស្រដៀង​គ្នា​នេះ​​ដែរ ​ប្រជាពលរដ្ឋ​នៅ​ក្រុង​​តាខ្មៅ​​ខេត្ត​កណ្ដាល​​លោក​ស្រី ជ័យ​ ស្រីនី ថ្លែង​ថា ​​គ្រួសារ​របស់​លោក​ស្រី​​​ទិញ​ស្បៀង​​បាន​​បន្តិចបន្តួច​​ស្តុក​ទុក​​ហូប​ដែរ​ ប៉ុន្តែ​​មិន​​គ្រប់​​សម្រាប់​រយៈ​ពេល​ ១៤ ​ថ្ងៃ​នោះ​ទេ ដោយសារ​​ជីវភាព​​ក្រីក្រ​​គ្មាន​ប្រាក់​ ព្រោះ​អត់​ការងារ​​ធ្វើ​ជា​ច្រើន​​ថ្ងៃ​មក​​ហើយ​៖ «ខ្ញុំ​ទិញ​ត្រី​កំភ្លាញ​គេ​អ្នក​នៅ​ជិត​ផ្ទះ​គេ​រក​ពី​បឹង​មក​ដល់​ពេល​អីចឹង​ទៅ​យើង​ចេះ​តែ​ទិញ​ទុក​ហូប​ទៅ​ បើ​យើង​អត់​មាន​លុយ​ទិញ​សាច់​ជ្រូក​សាច់​មាន់​អី​គរ​ទុក​ដូច​គេ។​ បើ​រត់​មិន​រួច​ក៏​ត្រូវ​តែ​រត់​រួច​ដែរ មាន​អី​ហូប​ហ្នឹង​បន្តិចបន្តួច​អីចឹង​ទៅ បើ​យើង​អស់​ត្រឹម​ប៉ុណ្ណឹង​ទៅ​ចប់​ហើយ​មាន​អី​ទៀត បើ​ទៅ​ចេញ​លក់​ដូច​អី​ក៏​អត់​បាន​ដែរ។​ កាល​មិន​ទាន់​មាន​កូវីដ​យើង​បាន​ ៥ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ដល់​មាន​កូវីដ​ចប់​ហ្មង​។​ យើង​កាន់​តែ​យ៉ាប់​ទៀត​ហើយ​បើ​ខ្ញុំ​នៅ​តែ​ផ្ទះ មើល​តែ​កូន​តូចៗ​កុំ​ឱ្យ​វា​ដើរ​ពាសវាលពាសកាល​អី​»

Lockdown_pp_15_04_2021_02.jpg
ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរក្រោយពេលរដ្ឋាភិបាលចេញវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាលនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

របប​លោក​ហ៊ុន សែន​ បាន​ប្រកាស​បិទ​​រាជធានី​ភ្នំពេញ​ និង​​ក្រុង​តា​ខ្មៅ​រយៈ​ពេល​ ១៤ ​ថ្ងៃ យ៉ាង​ទាន់​ហន់​កាល​ពីយប់ថ្ងៃទី១៤ ខែមេសា និង​ចាប់​អនុវត្ត​នៅពាក់​កណ្តាល​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី១៥ ខែមេសា។ អាជ្ញាធរ​បញ្ជាក់ថា វិធានការនេះ​គឺដើម្បី​​ទប់​ស្កាត់​​ការ​​រាតត្បាត​​ជំងឺ​កូវីដ​១៩ ដែល​កំពុង​​ឆ្លង​រាល​ដាល​​ខ្លាំង​​ក្នុង​​សហគមន៍​។ តាម​រយៈ​​វិធាន​ការ​​​នេះ​ អាជ្ញាធរ​​បាន​​ហាមឃាត់​​មិន​​ឱ្យ​​ពលរដ្ឋ​ធ្វើ​ដំណើរ​​ចេញ​ពី​ផ្ទះ​នោះ​ទេ លើកលែង​​តែ​​មាន​​ការ​​ចាំបាច់​​ដូច​ជា​​ទៅ​​ទិញ​​​ស្បៀង​​អាហារ​​ ទៅ​​ធ្វើ​ការ​​និង​​ព្យាបាល​ជំងឺ​ជា​​ដើម ប៉ុន្តែ​​​តម្រូវ​មាន​​ឯកសារ​​បង្ហាញ​​​ដល់​​សមត្ថកិច្ច​។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោក​ ស៊ាង ថៃ​ និង​​ប្រធាន​​អង្គភាព​​អ្នក​នាំ​ពាក្យ​​រដ្ឋាភិបាល​​លោក​ ផៃ ស៊ីផាន​ ដើម្បី​​សុំ​អត្ថាធិប្បាយ​​ជុំ​វិញ​​​ក្ដី​កង្វល់​​របស់​​ប្រជាពលរដ្ឋ​រឿងទំនិញ​ឡើងថ្លៃ និង​ការខ្វះខាត​​ស្បៀងអាហារនេះ​​បាន​ទេ ​នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា​ ដោយ​ទូរស័ព្ទ​ចូល​​ជា​​ច្រើន​​ដង​​ពុំ​មាន​​អ្នក​​ទទួល​។

ប៉ុន្តែ​​ក្រសួង​​ពាណិជ្ជកម្ម និង​​សហព័ន្ធស្រូវអង្ករកម្ពុជា​បាន​​​អំពាវនាវ​​ដល់​​ប្រជាពលរដ្ឋ​​កុំ​​ព្រួយបារម្ភ​ចំពោះ​​បញ្ហា​​ខ្វះ​អង្ករ ព្រោះ​ការ​​ព្រួយ​បារម្ភនេះ​​គឺ​​ជា​ហេតុ​នាំឱ្យ​​ជន​​ឱកាស​​និយ​ម​​មួយ​ចំនួនឆ្លៀត​​ឱកាស​​តម្លើង​ថ្លៃអង្ករ​បាន​​​។ ស្ថាប័ន​ទាំងពីរ​អះអាងក្នុង​​សេចក្ដី​ប្រកាសព័ត៌មាន​​រួម​គ្នា​នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា​​ថា​ កម្ពុជា​​មាន​​បរិមាណ​អង្ករ​​គ្រប់គ្រាន់ ហើយ​​មាន​​សុវត្ថិភាព និង​​ត្រូវ​បាន​​បញ្ចេញ​លក់​​ជា​​ធម្មតា​​នៅ​តាម​​ទីតាំង​​លក់​អង្ករ​​របស់​​សមាជិក​​សហព័ន្ធ​ស្រូវ​​អង្ករ​​កម្ពុជា​។​

ទោះ​ជា​​យ៉ាង​ណា​​ប្រធាន​​អង្គការ​​តម្លាភាព​​កម្ពុជា ​(TIC)​ លោក​ ប៉ិច ពិសី ​យល់​ថា ​​ស្ថានការណ៍​​បែប​នេះ​​រដ្ឋាភិបាល​​គួរ​តែ​​បញ្ចេញ​​ស្បៀង​​​អាហារ​​ផ្គត់ផ្គង់​​ដល់​​តំបន់​​ដែល​​ប្រជាពលរដ្ឋ​រស់​នៅ​​​និង​​ធ្វើ​សកម្មភាព​ជា​​បន្ទាន់​ ដើម្បី​​​សម្រួល​​ដល់​ការ​រស់​នៅ​​របស់​​​ពួកគាត់​​៖ «អីចឹង​កន្លែង​នេះ​វា​ជា​រឿង​សំខាន់​ណាស់​ការ​ខ្វះ​ចំណី​ហ្នឹង ហើយ​ខ្ញុំ​គិត​ថា​ បើ​សិន​ជា​យើង​មិន​មាន​យន្តការ​ចាប់​ផ្ដើម​ជួយ​ទេ ប្រជា​ពលរដ្ឋ​ទាំង​នោះ​គាត់​អត់​សូវ​មាន​ជំរើស​ដូច​អ្នក​មាន​លទ្ធភាព​ទេ។ គាត់​​មាន​តែ​​នៅ​​ផ្ទះ​អត់​​បាយ​​ហូប​​ឬ​ក៏​គាត់​សុខចិត្ត​មាន​​ហានិភ័យ​​ចេញ​ទៅ​ក្រៅ​ដើម្បី​​រក​​ចំណី​អាហារ​​ផ្គត់ផ្គង់​គ្រួសារ​​គាត់ ហើយ​ខ្ញុំ​គិត​​ថា ប្រជាពលរដ្ឋ​ភាគ​​ច្រើន​​ប្រហែល​​ជា​គាត់​​ជ្រើស​រើស​យក​​ហានិភ័យ​ដើម្បី​រក​ចំណី​អាហារ​ជូន​គ្រួសារ​គាត់​ហើយ។ ​កន្លែង​ហ្នឹង​បើ​សិន​​ជា​គ្រួសារ​ណា​មាន​ជំពាក់​លុយ​​ធនាគារ​ទៀត គឺ​យ៉ាប់​មែនទែន​​តែ​ម្ដង»។

​ស្របពេល​​ទំនិញ​​មួយ​​ចំនួន​​ត្រូវ​បាន​​គេ​តម្លើង​ថ្លៃ​ក៏មាន​​ប្រជាពលរដ្ឋ​ខ្លះ​​​បាន​ឆ្លៀត​​យក​​ឱ​កាស​នេះ​​ជួយ​គ្នា​​ក្នុ​ង​​គ្រាក្រដែរ​ដោយពួក​គាត់​​​លក់​ទំនិញ​​ក្នុង​​តម្លៃ​​ធម្មតា​ ហើយ​​មាន​​​អ្នក​ខ្លះ​​បាន​​ផ្ដល់​ជំនួយ​​មនុស្ស​ធម៌​​ជា​ស្បៀងអាហារ​​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ទៀត​ផង​។

Goods_increase_Lockdown_15_04_2021_02.jpg
ប្រជាពលរដ្ឋស្វែងរកការទិញទំនិញស្តុកទុកព្រមៗគ្នា ដែលធ្វើឱ្យទំនិញឡើងថ្លៃភ្លាមៗ។

​​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​សែនសុខ​រាជធានី​ភ្នំពេញលោក​ស្រី សេង ចាន់ថន ប្រាប់​ថា ​កូន​របស់​គាត់​​លក់​ចាប់ហួយ​​ក្នុង​​តម្លៃ​​​ធម្មតា​ ឧទាហរណ៍​​មី​មួយ​កេះ​ ២ ម៉ឺន​រៀល​(២០.០០០) ​ត្រីខ​កំប៉ង់មួយ​យូរ ២ម៉ឺន ​៥ពាន់ ​(២៥​.០០០​) ​និង​ទឹក​ត្រី ​១ដប ​២ពាន់​៥០០ ​​(២.៥០០) ជាដើម៖ «ប្រជាពលរដ្ឋ​ខ្លះ​គាត់​ទិញ​ទៅ​គាត់​រអ៊ូរទាំ​ ថា​តម្លៃ​ទិញ​កន្លែង​ហ្នឹង​ថ្លៃ​ទ្វេ​មួយ​ជា​ពីរ ថ្ងៃ​ក្រោយ​ទៀត​មិន​បាច់​ទិញ​កន្លែង​ហ្នឹង​ទេ អីចឹង​អីណា​លក់​កោរ​ធ្វើ​មើល​តែ​ពួកគាត់​ហ្នឹង​សំបូរ​លុយ​ណាស់ ពួក​គាត់​កំពុង​តែ​អត់​ផង​។​ខ្ញុំ​ធ្លាប់​គិត​ខ្លួន​​ធ្លាប់​ទិញ​ឥវ៉ាន់​គេ​​ខ្លួន​ខ្ញុំ​អីចឹង​ ខ្ញុំ​ដឹង​ចំណុច​ហ្នឹង​អត់​អាច​លក់​កោរ​ពួក​គាត់​បាន​ទេ ព្រោះ​ខ្ញុំ​អាណិត​អ្នក​ក្រ​ដូច​គ្នា​ ព្រោះ​ខ្ញុំ​ធ្លាប់​ក្រ​ដែរ»។

ចំណែកពលរដ្ឋ​ខ្លះទៀត ពួក​គាត់​​​បាន​​ផ្ដល់​ជំនួយ​​មនុស្ស​ធម៌​ជា​ស្បៀងអា​ហារ​​ដល់​​ប្រជាពលរដ្ឋ​ក្រីក្រ​។ ជំនួយ​ទាំងនោះ​មាន​ដូចជា បាយម្ហូប អង្ករ​ មី​កញ្ចប់ ​ត្រីខ និង​ភេសជ្ជៈ ជាដើម ​ហើយ​ពួក​គាត់បាន​ដាក់​ជំនួយ​ទាំងនោះ​នៅតាម​ចិញ្ចើមផ្លូវ​សម្រាប់​​ដល់​​អ្នក​​ដែល​​មាន​​ជីវភាពខ្វះខាត។

មន្ត្រី​សង្គម​ស៊ីវិល​លោក ប៉ិច ពិសី ចាត់​ទុក​សកម្មភាព​បែប​នេះ​ថា ជា​អំពើ​ល្អ​រួម​ចំណែក​ជួយ​ដល់​ពលរដ្ឋ និង​សង្គម​ជាតិ​​ក្នុង​គ្រា​អាសន្ន​​​​។ បន្ថែម​ពី​នេះ​​លោក​​លើក​ទឹក​ឱ្យ​អ្នក​ទ្រព្យធន​ស្តុកស្ដម្ភ​ដទៃ​ទៀត​​​គួរតែ​ចូល​រួម​​ផ្ដល់​ជំនួស​មនុស្សធម៌​ជូន​ដល់​ពលរដ្ឋ​​ដែល​មាន​ជីវភាព​តោកយ៉ាក​​ឱ្យ​បាន​ច្រើន​ ដូច​​ដែល​បាន​ផ្ដល់​ជំនួយ​​ដល់​រដ្ឋាភិបាល​​​​កន្លង​មក​​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល