អ្នករត់រ៉ឺម៉កម៉ូតូកង់បី និងអាជីវករមួយចំនួនត្អូញរឿងពិបាករកប្រាក់ចំណូល ក្រោយផ្ទុះជំងឺកូវីដម្តងទៀត

អ្នករត់រ៉ឺម៉កម៉ូតកង់បី និងអាជីវករមួយចំនួនត្អូញត្អែរថា ពួកគាត់ចាប់ផ្ដើមពិបាករកប្រាក់ចំណូលផ្គង់ផ្គងជីវភាពកាន់តែខ្លាំងម្តងទៀត ក្រោយមានការផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍ជាលើកទី៣ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ឈ្មោះថា ព្រឹត្តិការណ៍ ២០ កុម្ភៈ។ មន្ត្រីសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលគួរតែបញ្ចេញកញ្ចប់ថវិកាជួយដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋដែលរងគ្រោះក្នុងគ្រានេះ។
ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ក្នុងសហគមន៍ជាលើកទី៣ នៅក្នុងទីក្រុងភ្នំពេញនេះ កំពុងនាំឱ្យសកម្មភាពសេដ្ឋកិច្ចនានា ធ្លាក់ចុះជាថ្មីម្តងទៀត។
អ្នករត់រ៉ឺម៉កម៉ូតកង់បីនៅទីក្រុងភ្នំពេញមួយរូប លោក សុភ័ត្រា រៀបរាប់ថា ព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ ២០ កុម្ភៈនេះ មនុស្សម្នានៅភ្នំពេញ ហាក់ភ័យខ្លាច និងមិនសូវដើរហើរដូចមុនឡើយ ដែលធ្វើឱ្យការរកប្រាក់ចំណូលរបស់លោកធ្លាក់ចុះយ៉ាងខ្លាំង។ លោកបន្តថា ក្រោយបញ្ចប់ព្រឹត្តិការណ៍៣ វិច្ឆិកាកន្លងទៅ ក្រុមអ្នករត់រ៉ឺម៉កកង់បីដូចពួកលោក ចាប់ផ្ដើមសំបូរភ្ញៀវដឹក និងអាចរកប្រាក់ចំណូលរើបៗ ឡើងវិញ ដោយក្នុងមួយថ្ងៃយ៉ាងហោចណាស់បាន ៤ម៉ឺនរៀល គ្រាន់ផ្គង់ជីវភាពប្រចាំថ្ងៃ ប៉ុន្តែរយៈពេលពីរថ្ងៃចុងក្រោយនេះ ពួកលោករកលុយត្រឹម ១ម៉ឺនរៀលស្ទើរមិនបានផង៖ «ខ្ញុំតែរកអត់បាននេះ ដឹងតែវេទនាហើយបងអើយ ខ្ញុំបង់រំលោះកង់បីផង ជំពាក់អង្គការផង ហើយគ្រប់សព្វហើយកូនរៀនដល់ទៅ ៣នាក់ ។ ពេលរកអត់បានអ៊ីចឹង អត់ថវិកាឱ្យកូនទៅរៀន ហើយអង្ករទិញមួយថ្ងៃហូបមួយថ្ងៃ។ រកអត់បានអ៊ីចឹងចាប់ផ្ដើមពិបាកចិត្តទៀតហើយបងអើយ ពិបាកមែនទែន ពេលមានជំងឺនេះកើតឡើងមក។ សម្រាប់គ្រួសារខ្ញុំប៉ះពាល់ខ្លាំង»។
អ្នករត់រ៉ឺម៉កម៉ូតកងបីរូបនេះបន្តថា ប្រពន្ធរបស់គាត់ដែលដើរលក់នំប៉័ងដាក់ទឹកដោះគោ ក៏មិនអាចលក់ដាច់ដូចមុនដែរ បន្ទាប់ពីផ្ទុះជំងឺកូវីដក្នុងសហគមន៍ជាលើកទី៣ នេះ៖ «ប្រពន្ធខ្ញុំដើរលើកនំប៉័ងលក់នៅសល់ ៨ដើម ហើយអត់មានទទួលយកវិញទេ។ ដូច្នេះពេលសល់ចឹង យើងចេះតែយកមកហូបៗ ទៅ។ នៅសល់ ៨ដើមនេះ គឺចូលដើមអស់លុយចំណេញហើយ»។
ក្រៅពីអ្នករត់រ៉ឺម៉កម៉ូតូកង់បីរូបនេះ ក្រុមអាជីវករតាមផ្សារមួយចំនួន ក៏ត្អូញត្អែរអំពីការលក់ដូរមិនសូវដាច់ដូចមុនឡើយ។ អាជីវករលក់ចាប់ហួយនៅក្នុងផ្សារដើមគមួយរូប គឺលោកស្រី វង សោភ័ណ្ឌ និយាយថា ប្រាក់ចំណូលរបស់លោកស្រី បានធ្លាក់ចុះ ដោយសារពេលមានកូវីដក្នុងសហគមន៍ម្តងៗ មិនលក់ដាច់នោះទេ៖ «ទូទៅហ្មង អាជីវករលក់អត់សូវដាច់ដូចគ្នា មិនមែនតែខ្ញុំទេ គេគ្រប់គ្នាក៏អត់សូវដាច់ដែរ។ មួយរយៈមុន កាលកូវីដលែងមានទៅ យើងលក់ដាច់ខ្លះ ព្រោះសាលារៀន ក៏បើក អីក៏បើក តែប៉ុន្មានថ្ងៃនេះដូចស្ងាត់ដែរ។ បើកូវីដនៅយូរទៀត ខ្ញុំព្រួយបារម្ភខ្លាំងដែរ តែបើសិនឆាប់មិនអីទេ»។
ការត្អូញត្អែរនេះ កើតមានឡើងក្នុងពេលរាជរដ្ឋាភិបាល កំពុងចាត់វិធានការទប់ទល់នឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍លើកទី៣ ឬហៅថា ព្រឹត្តិការណ៍ ២០ កុម្ភៈ ដោយបានរឹតបន្តឹង និងបិទក្លឹបកម្សាន្ត ភោជនីយដ្ឋាន ព្រមទាំងផ្អាកដំណើរការទីតាំងមួយចំនួនទៀតក្នុងទីក្រុងភ្នំពេញ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA លោក វន់ ពៅ ទទួលស្គាល់ថា វិបត្ដិនៃជំងឺកូវីដនេះ បង្កផលប៉ះពាល់ជាក់ស្ដែងដល់ជីវភាពរស់នៅរបស់សមាជិកសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់លោករាប់ពាន់នាក់។ លោកថា ព្រឹត្តិការណ៍ថ្ងៃទី២៨ វិច្ឆិកា គឺបានធ្វើឱ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធរងគ្រោះធ្ងន់ធ្ងររួចម្ដងហើយ ដូច្នេះព្រឹត្តិការណ៍ ២០ កុម្ភៈនេះ នឹងកាន់ធ្វើឱ្យពួកគាត់កាន់តែរងគ្រោះធ្ងន់ធ្ងរម្តងទៀត ក្នុងការរកប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃ៖ «ខ្ញុំថា បើរដ្ឋគិតគូរទំនិញសព្វសារពើ ជាពិសេសអាហារហូបចុកប្រចាំថ្ងៃកុំឱ្យឡើងថ្លៃ ថ្លៃហ្គាសថ្លៃសាំងកុំឱ្យឡើងថ្លៃ ហើយទប់ស្កាត់មួយទៀត រដ្ឋគួរតែមានកញ្ចប់ថវិកាណាមួយដើម្បីជួយដល់ពលរដ្ឋ នៅពេលដែលខ្វះខាត។ វាអាចមានលទ្ធភាព តាមការមើលឃើញរបស់ខ្ញុំ ព្រោះឃើញរដ្ឋទទួលបានជំនួយសប្បុរសធម៌ជាច្រើន ដូច្នេះរដ្ឋ គួរតែបញ្ចេញកញ្ចប់ថវិកានោះ ដើម្បីធ្វើយ៉ាងណាដោះទាល់មួយគ្រាៗ សម្រាប់ពួកយើងធ្វើការក្រៅប្រព័ន្ធដែលកំពុងស្ថិតនៅក្នុងភាពក្រីក្រស្រាប់»។
ទាក់ទងករណីនេះ អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី២១ កុម្ភៈ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកធ្វើការក្នុងវិស័យមួយចំនួន ដូចជា សេវាកម្សាន្ត កាស៊ីណូ សណ្ឋាគារ អ្នករត់រ៉ឺម៉កម៉ូតូកង់បីជាដើម ព្រួយបារម្ភថា ប្រសិនបើជំងឺកូវីដ១៩ នៅអូសបន្លាយយូរតទៅទៀត ពួកគាត់អាចនឹងជួបបញ្ហាធ្ងន់ធ្ងរទាក់ទងនឹងជីវភាពប្រចាំថ្ងៃ និងការសងបំណុលធនាគារ ពីព្រោះឥឡូវនេះ ពួកគាត់ចាប់ផ្ដើមមានបញ្ហាជីវភាពប្រចាំថ្ងៃបណ្តើរៗហើយ។ពលរដ្ឋ ក៏រិះគន់ដែរថា ការផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍ទាំង៣លើកនេះ គឺកើតចេញពីការធ្វេសប្រហែស របស់អាជ្ញាធររដ្ឋាភិបាល ទើបបណ្ដាលឱ្យពួកគាត់ត្រូវរងគ្រោះផ្ទួនៗម្តងហើយម្តងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។