ពលរដ្ឋ​​ភាគច្រើន​​គ្មាន​​ប្រាក់​​សម្រាប់​​ចំណាយ​​សម្រាប់​​ពិធី​ចូលឆ្នាំ ថែមទាំង​​បារម្ភ​​ពី​ការ​ខ្វះខាត​​ស្បៀង​​ក្នុង​​វិបត្តិ​​ជំងឺកូវីដ-១៩​

0:00 / 0:00

ក្នុង​ពិធី​​បុណ្យចូលឆ្នាំ​ថ្មី​​នៅឆ្នាំ​នេះ​​ភាពភ័យខ្លាច​​ឆ្លង​ជំងឺកូវីដ-១៩ និង​​កង្វល់​ខ្លាច​ខ្វះខាត​​ស្បៀងអាហារ​​ហូបចុក កំពុង​​ញាំញី​​អារម្មណ៍​​ពលរដ្ឋ​​ជាប់​មិន​ដាច់​ នៅ​ពេល​​ពលរដ្ឋ​​កាន់តែ​ច្រើន​បាន​ឆ្លង​​ជំងឺរាតត្បាត​សកលនេះ រីឯ​ទំនិញ​​នៅតាម​ទីផ្សារ​​ក៏​ឡើង​ថ្លៃខ្លាំង។

អាជីវករ​ម្នាក់​​នៅ​ខណ្ឌដង្កោលោកស្រី ហេង ហួរ ប្រាប់​អាស៊ីសេរីថា​ គ្រួសារ​លោកស្រី​​ពុំ​មាន​​អារម្មណ៍​​គិតគូរ​​ពី​ពិធី​បុណ្យ​​ចូលឆ្នាំ​ចូលខែ​អ្វីទេ​​នៅឆ្នាំ​នេះ ព្រោះ​​អាជីកម្ម​ផ្សារ​ដែក​​របស់​​គ្រួសារលោកស្រី​​ស្ទើតែ​គ្មា​ន​​ចំណូល ចំណែក​ទំនិញ​​សព្វសារពើរ​​ក៏ឡើងថ្លៃ។ បន្ថែម​ពី​នេះ​លោកស្រីថា ​បំណុល​​ធនាគារ​កំពុង​​រួមរិត​​ផ្លូវចិត្ត​​លោកស្រី​អោយ​​ដេក​មិនលក់​ បក់ក៏មិន​​រហើយ៖ «និយាយរួមទៅ​រាល់ថ្ងៃហ្នឹង​​ខ្ញុំគិតច្រើន​ពេក ដេក​អត់ល​ក់ទេ​​បង មួយ​យប់ទល់ភ្លឺ ដូចវា​​មិនដឹងគិត​ម៉េចចេញ​​ទេ ដូចពិបាក​សព្វគ្រប់ បើនិយាយទៅ​ខ្ញុំ។ ប៉ុន្មានថ្ងៃទៀត​ហ្នឹង​វា​ត្រូវចូលដល់​ខែភ្លៀង ហើយ​ចឹង​​ខ្ញុំត្រូវរងសម្ពាធ​ធានាគារផង​ ថ្លៃប្រាក់ខែ​ជាងផង ហើយ​ផ្ទះ​ខ្ញុំហ្នឹង​​វា​អត់មាន​​ប្រព័ន្ធ​លូ​ផង​ ភ្លៀងម្ដងៗ​លិចទៀត»

ក្នុង​ពេល​​ចូលឆ្នាំ​ថ្មីមកដល់​​ម្ដងៗ​​ពលរដ្ឋខ្មែរ​ទូទៅ​​តែង​ត្រៀម​​ប្រាក់កាស​​សម្រាប់​ចំណាយ​​ទិញ​សម្លៀក​បំពាក់​ថ្មី គ្រឿង​អលង្កា ម្ហូបចំណី សម្រាប់​ខ្លួន​ឯងផង នង​សម្រាប់​​ជូន​ដល់​ឱពុក​ម្ដាយ សាច់ញាតិ និង​អ្នក​ជាទីស្រឡាញ់។ ជាមួយ​គ្នានេះ​ក៏​ត្រៀម​​ចំណាយ​សម្រាប់គ្រឿង​​សក្ការៈបូជា និង​ធ្វើ​​បុណ្យ​តាម​​បែបសាសនា​​នៅ​តាម​​វត្ត​អារាម​​នានា ការដើរកម្សាន្ត និង​​ធ្វើ​អាហារ​​ឆ្ងាញ់ៗ​​ហូបចុក​​ជុំគ្នា​​ថែម​ទៀត៖ «ចម្រៀង​ឆ្នាំថ្មី​រៀបចំ​ខ្លួន​ប្រាណ សម្លៀកបំពាក់ថ្មី»

ប៉ុន្តែ​ខុសប្លែក​ពីអត្ថន័យ​នៃ​ចម្រៀង​នេះ កម្មការិនី​នៅ​រោងចក្រ ឌីន ហាន(DINHAN)) លោកស្រី ស៊ុន ស្រីពៅ ដែល​កំពុង​ជាប់​ធ្វើ​ចត្តាឡីស័ក ប្រាប់​អាស៊ីសេរី​ថា ​គ្មានទេ​​សម្លៀក​បំពាក់​ថ្មី ការជួបជុំ និង​ចំណី​​អាហារ​ឆ្ងាញ់ៗ សម្រាប់​​រូប​នាង និង​​គ្រួសារ គឺបានត្រឹមតែ​​​ហូប​​មួយ​ចម្អែត​​ក្រពះ​​ប៉ុណ្ណោះ៖ «​មានតែ​អង្ករ​ និង​ត្រីខ ទិញទុក​យូរហើយ ​មានពីរ ​ទៅបីកំប៉ុង។ បើ​អ​ង្ករហ្នឹង​​អាច​​ហូបគ្រាន់ តែ​​ខ្វះ​ម្ហូប។ ញ៉ាំអោយ​តែឆ្អែតៗ​ហ្នឹង។ បើផ្ទះជួល​គេ​ផ្សេង​​ឮថា​គេបាន​រដ្ឋជួយ​​លុយ​​៣០ម៉ឺនរៀល ​អង្ករ​ ត្រី​ខអីញ្ចឹង ​តែខាងខ្ញុំអត់ទាន់​បាន»។

PP_first_day_of_KNY_14_04_2021_01.jpg
ទិដ្ឋភាពនៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីនៅក្នុងទីក្រុងភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។

ស្រីពៅ​​រម្លឹក​ថា ​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ម្ដងៗ​ នាងតែង​​ប្រមែប្រមូល​​ប្រាក់​សន្សំ​​បាន​ពី​​១០០ ទៅ ​៣០០ ​ដុល្លារដែរ ដើម្បី​​ចូលរួម​​អបអរ​ឆ្នាំថ្មី ​ជួបជុំ​គ្រួសារ​​នៅស្រុក​កំណើត​​ក្នុ​ង​​ខេត្តស្វាយរៀង៖ «យកទៅជូនម៉ែ​ ជូនឳ យាយតា ចាយ ទិញម្ហូបទិញ​អីចាយ​វាយប្រចាំថ្ងៃ​​ពេល​ទៅជួបជុំគ្នា​​ចឹង​ទៅ។ រាល់ឆ្នាំទិញ​​ខោអាវថ្មី តែអត់មាន​​អលង្កា​ថ្មីទេ​ តែឆ្នាំ​នេះ​​អត់សោះតែម្ដង»

ស្រីពៅ​​មិនខុសពី​​កម្មករ​នៅ​រោងចក្រ​​ឌីនហាន​ជាង ២ ពាន់នាក់​ផ្សេងទៀត ដែល​ត្រូវ​​ជាប់​ធ្វើ​ចត្តាឡីស័ក​​ក្រោយ​មាន​​កម្មករ​​ចំនួន ៥០នាក់ ត្រូវ​រក​​ឃើញ​​ថា​​ឆ្លង​​ជំងឺ​​កូវីដ-១៩ កាលពីថ្ងៃទី១០ ខែមេសា។

ចំណែក​​ស្រ្តី​មេផ្ទះ​ដែល​​ត្រូ​វ​​ទទួល​​ខុសត្រូវ​រៀបចំ​​ម្ហូបអាហារ ផ្គត់ផ្គង់​គ្រួសារ និង​ការជួប​ជុំសម្រាប់​​ឆ្នាំ​ថ្មីវិញ​​លោកស្រី បុប្ផា និយាយ​ថា​ ម្យ៉ាង​​ក្ដីបារម្ភ​​រឿង​​កូវីដ-១៩ ម្យ៉ាង​​បញ្ហា​ជីវភាព​​ចុះដុនដាប ឯទំនិញ​​ក៏​ឡើង​ថ្លៃ​ផងនោះ ​លោកស្រីក៏មិនខុសពី​ពលរដ្ឋ​ភាគច្រើន​ទៀត​​ដែរ​​ពុំ​មាន​​លទ្ធភាព​ត្រៀម​​អាហារ​សម្រាប់​ឆ្នាំថ្មីនេះ​​ឡើយ។ លោកស្រី​ថា ​រដ្ឋាភិបាល​មានតួនាទី​​ចាត់វិធានការ​​ដោះស្រាយ​​បញ្ហា​ទំនិញ​ឡើង​​ថ្លៃ​នៅ​​ពេល​នេះ៖ «ជួយ​ធ្វើម៉េច​​រដ្ឋាភិបាល​​អ្នកគ្រប់គ្រង​ត្រូវជួយ​ផ្ដល់ជាលុយ​ម្ហូប​អាហារ នំចំណីអោយ​គាត់ទៅ បើឃាត់គាត់​​មិនអោយចេញទៅណាបាន​ផង​ហ្នឹង យើងមិនមែន​​ធ្វើដូច​នៅប្រទេសគេ​ !គេនៅផ្ទះគេ​បាន​លុយ នេះ​​នៅផ្ទះមាន​បាន​លុយ​ស្អីផង»

តម្លៃទំនិញ​​បាន​​ហក់ឡើង​ខ្ពស់​​ភ្លាមៗ​​នៅ​ក្រោយ​ពេល​​អាជ្ញាធរ​ចាប់​ផ្តើម​ហាមឃាត់​​ការធ្វើ​ដំណើរ​​ឆ្លង​ពីខេត្ត​មួយ​ទៅខេត្ត​មួយ​​ទៀត និង​​បិទខ្ទប់តំបន់​​ខ្លះ ដែល​មាន​​ការឆ្លងរាលដាល​​ជំងឺ​កូវីដ-១៩។

តែទោះជាយ៉ាង​ណា​​មន្រ្តីនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​​បដិសេធ​ការត្អូញត្អែរ​​ពី​ទំនិញ​​ឡើង​ថ្លៃ​​របស់​ពលរដ្ឋ ដោយ​សម្អាង​​ថា​​រដ្ឋាភិបាល​​រក​​មិន​ឃើញ​​ថា​មាន​ទំនិញ​​ឡើង​ថ្លៃឡើយ៖ «ព្រោះអត់ទាន់​ឃើញ​ឡើងថ្លៃ ហើយ​តាម​​ឱកាសនេះសូម​សំណូមពរ​​ទៅដល់អ្នកលក់ យើង​ដឹងហើយ​តើ​ប្រជាជាតិយើ​ង​​កំពុង​តែ​ជួប​បញ្ហា សូម​អ្នកទាំងអស់គ្នាចួលរួម​​កុំបង្កើតបញ្ហា​បន្ថែម។ អាជីវករ​ហ្នឹងសូមកុំបង្កើត​បញ្ហា​ច្របូកច្របល់​ក្នុ​ង​​សង្គម ហើយវិធានការ​នៅមាន​ទៀត​​ប្រសិនបើ​ក្រុមណា​ធ្វើវិទ្ធំង្សនា​​សេដ្ឋកិច្ច​នៅក្នុង​​ស្ថានភាព ​ដែល​យើង​​កំពុងតែ​ពិបាក​នេះ»

យ៉ាងនេះក្ដី​​អ្នកជំនាញ​​ផ្នែក​កសិកម្ម និង​ជា​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​​ប្រជាធិបតេយ្យ​មូលដ្ឋា​នលោក បណ្ឌិត យ៉ង សាំងកុមារ មើល​ឃើញ​ថា ​​ពិតជាមាន​​បញ្ហា​​ទំនិញ​​ឡើងថ្លៃ​កើតមានមែន ប៉ុន្តែ​​អាច​បញ្ចប់​​ទៅវិញ​​បាន​ភ្លាមៗ​ដែរ ប្រសិន​បើ​រដ្ឋាភិបាល​​អាច​ចាត់វិធានការ​​ទាន់ពេល​​វេលា​ដែរ៖ «ទាក់ទង​​នឹង​​ស្ថានភាព​​តាមការ​មើល​ឃើញ​វាអាច​ការឆ្លងអី​ហ្នឹង​​វា​ បើយើងគ្រប់​គ្រង​ចង្កោមពីរ បី ដូចជា​​នៅ​ភ្នំពេញ​​ដូច​ជា​ផ្សារអូឫស្សី នៅ​រោងចក្រ​​ឌីនហាន ហ្នឹង​ចប់​សព្វគ្រប់​​ វាអាច​ថយ​ចុះវិញ។ ហើយ​​សំខាន់មួយទៀត​​អោយ​​អាជ្ញាធរ​រដ្ឋាភិបាល​​ចេះសម្រួល​បើកចំហរ​ទូលាយ​​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​ចេញ​ចូលទីក្រុង ព្រោះវា​សំខាន់​ យើង​មិនអាច​ទុកអោយ​​ទំនិញឡើងថ្លៃ​ចឹង​ទេ ព្រោះប្រាក់​ចំនូលកំពុង​ធ្លាក់ចុះ​​ហើយ​ទំនិញឡើងថ្លៃ ​គឺ​បញ្ហា​លើបញ្ហា»

PP_first_day_of_KNY_14_04_2021_02.jpg
សមត្ថកិច្ចត្រូវបានដាក់ពង្រាយនិងយាមកាមតឹងរឹងនៅតំបន់បិទខ្ទប់នៃរាជធានីភ្នំពេញនៅក្នុងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មី។

​លោក យ៉ង សាំង​កុមារ​ បន្តថា ​រដ្ឋាភិបាល​ក៏​អាច​​បញ្ចេញ​ស្បៀង​ក្នុង​ឃ្លាំង​ស្តុក ជាពិសេស​អង្ករ​​មក​ជួយ​​ពលរដ្ឋ​នៅ​ក្នុង​​ដំណាក់​កាល​នេះ៖ «វាទាក់ទង​អាយុជីវិត ទាក់​ទង​នឹង​​ជីវភាព ទាក់ទង​នឹង​​ស្បៀង ទាក់ទង​នឹង​​អធិបតេយ្យភាព ពេលមាន​អាសន្នអីចឹង​ គឺយើង​មិនធ្វើអោយ​ប្រជាជន​យើង​ចលាចល។ មួយទៀត​គឺ​ជួយ​ដល់អ្នកផលិតស្បៀង​ហ្នឹង ដល់ពេលខែប្រមូលផល ខែច្រូតអីហ្នឹងគាត់(រដ្ឋ)ទិញស្រូវទិញអីទុកទៅ​វាជួយមិនអោយស្រូវ​ធ្លាក់ថ្លៃផង ទី២​នៅពេលអង្ករ​ឡើងថ្លៃ ពេល​ខ្វះ​គឺគាត់ត្រូវ​បញ្ចេញ​ដើម្បី​ជួយទប់កុំអោយវាឡើងថ្លៃ»

ទាក់ទង​នឹង​រឿង​នេះ​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម ជាក្រសួង​សាមី​គ្រប់គ្រង​ក្រុមហ៊ុន​គ្រីនត្រេត (Green Trade) ដែល​ជា​ឃ្លាំងស្បៀង​បម្រុង​របស់​ជាតិ លោក ស៊ាង ថៃ បញ្ជាក់​ប្រាប់​អាស៊ីសេរី​តាមសារ​ក្នុង​បណ្ដាញ​សង្គម​តេឡេក្រាម​ថា​ កម្ពុជា​មាន​ស្បៀងបម្រុង​គ្រប់គ្រាន់​សម្រាប់​ជួយ​ដល់​ពលរដ្ឋ ហើយ​រដ្ឋាភិបាល​ក៏​ធ្លាប់​បញ្ចេញ​ស្បៀង​ទាំង​នោះ​ជួយដល់ពលរដ្ឋ​ហើយដែរ។ តែទោះជាយ៉ាងណា​លោក​មិន​បាន​បញ្ជាក់​ថា​ ស្បៀង​ទាំង​នោះ​មាន​ទំហំ​ប៉ុណ្ណា​អោយ​បាន​ជាក់លាក់​ឡើយ។

ចំពោះ​លោកយ៉ង សាំងកុមារ លោកមើលឃើញថា ដើម្បី​អាច​រក្សាសន្តិសុខស្បៀង​បាន​រដ្ឋាភិបាល​គួរតែ​មាន​ស្បៀងស្តុកទុក​ពិសេសអង្ករ​ប្រមាណ ១ សែនតោន ដែរ ហើយ​ស្បៀងទាំង​នោះ​គួរ​តែដល់​ពេល​បញ្ចេញ​មកចែក​ជូន​ពលរដ្ឋ ជាពិសេស​អ្នក​កំពុង​ជាប់​ធ្វើ​ចត្តាឡីស័ក ដែល​កំពុង​ខ្វះខាត​ស្បៀង។

បើទោះជាយ៉ាងណា នាងខ្ញុំសុជីវី សូមបួងសួង​ដល់ទេវតាឆ្នាំថ្មី​ថែរក្សា​លោកអ្នកនាង និងគ្រួសារ​អោយ​ចាកផុត​គ្រោះភ័យ មាន​សុខភាព​ល្អ និង​សុភមង្គល​កុំបីឃ្លៀងឃ្លាត​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។