ពលរដ្ឋ​មួយ​ចំនួន​ជាប់​ផុង​បញ្ហា​បំណុល​យ៉ាប់យ៉ឺន ក្នុង​ពេល​កូវីដ១៩ អូស​បន្លាយ​ពេល

0:00 / 0:00

ពលរដ្ឋ​រស់​នៅ​រាជ​ធានី​ភ្នំពេញ និង​តាម​ខេត្ត​មួយ​ចំនួន ដង្ហោយ​សុំ​កិច្ច​អន្តរាគមន៍​បន្ទាន់​មួយ​ពី​រដ្ឋាភិបាល ដើម្បី​សម្រាល​ទុក្ខ​វេទនា​របស់​ពួក​គាត់ ដែល​ខ្វះ​ប្រាក់​បង្វិល​សង​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩។ ក្រុម​ពលរដ្ឋ​ទាំង​នោះ បាត់បង់​ការងារ និង​ប្រភព​ចំណូល​ជិត ២ឆ្នាំ​មក​ហើយ ហើយ​ពួក​គាត់​កំពុង​ប្រឈម​មុខ​មន្ត្រី​ឥណទាន​ដែល​ផ្ដល់​ប្រាក់​កម្ចី ទៅ​ទារ​បំណុល​ដល់​ផ្ទះ។

ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន បន្ត​អំពាវនាវ​ឱ្យ​ធនាគារ​មីក្រូហិរញ្ញវត្ថុ និង​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​នានា មេត្តា​យោគយល់ ​ដោយ​ស្មារតី​មនុស្សធម៌ ព្រោះ​ក្នុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ១៩ ​ពួកគាត់​មិន​ត្រឹម​តែ​បាត់បង់​ប្រភព​ចំណូល​នោះ​ទេ សូម្បី​តែ​របស់​ហូបចុក​ប្រចាំថ្ងៃ​ក៏​ខ្វះខាត​ដែរ។

ពលរដ្ឋ​រស់​នៅ​ស្រុក​អង្គរ​ធំ ខេត្ត​សៀមរាប លោក សៀម វ៉ាន់ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៣០ សីហា​ថា គ្រួសារ​លោក ​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​ជាង ១ម៉ឺន​ដុល្លារ ត្រូវ​បង់​សង​ទាំង​ដើម​ទាំង​ការ ជិត ១លាន​រៀល ក្នុង​មួយ​ខែៗ។ ប្រាក់​ទាំង​នោះ លោក​ខ្ចី​ទិញ​គោយន្ត ម៉ូតូ ធ្វើ​កសិកម្ម និង​សំអាត​ដី​ស្រែ ៥ហិកតារ ដោយ​រំពឹង​លើ​ការ​ប្រមូល​កសិផល ប៉ុន្តែ​បែរ​ជា​ខក​បំណង ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ មិន​អាច​ដាំដុះ​បាន​ល្អ​នោះ​ទេ។ លោក​ថា កូនៗ របស់​លោក ៣នាក់ បាន​បង្ខំ​ចិត្ត​ឈប់​រៀន ហើយ​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ ដើម្បី​រក​ប្រាក់​សង​បំណុល​គេ នៅ​រយៈ​ពេល ២ឆ្នាំ​ចុង​ក្រោយ​នេះ៖ «ពិបាក​ណាស់ យឺត​គេ​មក​ដល់​ផ្ទះ លោម​អង្វរ​គេ ទម្រាំ​បាន​កូន​ទម្លាក់​មក​ យ៉ាប់​ណាស់ ស្ថានភាព​គឺ​យ៉ាប់​មែន​ទែន។ គេ​អត់​មាន​បន្ធូរ​បន្ថយ​យើង​ទេ កូន​ទៅ​ថៃ ខែ​ណា​បាន ខែ​ណា​ក៏​យូរ​ វា​ប៉ះ​ពាល់​កូវីដ​ដែរ។

បុរស​ដដែល​បន្ថែម​ថា លោក​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ការិយាល័យ​មីក្រូហិរញ្ញវត្ថុ ដើម្បី​ស្នើ​សុំ​ពន្យារ​ពេល​សង់​បំណុល ឬ​ធ្វើ​ឥណទាន​ឡើង​វិញ ប៉ុន្តែ​មន្ត្រី​ឥណទាន​បាន​បដិសេធ។ លោក​ថា ជា​ញឹកញាប់ ភ្នាក់ងារ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ បាន​មក​ទារ​លុយ​ដល់​ផ្ទះ នៅ​គ្រា​ដែល​លោក​សង​ប្រាក់​យឺតយ៉ាវ។ លើស​ពី​នេះ កូនៗ របស់​លោក ដែល​ទៅ​ធ្វើ​នៅ​ប្រទេស​ថៃ ក៏​មិន​អាច​រក​ប្រាក់​គ្រប់គ្រាន់ ដើម្បី​ដោះ​បំណុល​នោះ​ទេ ព្រោះ​ពួកគេ​ក៏​គ្មាន​ការងារ​ធ្វើ​ដែរ​ដោយសារ​វិបត្តិ​កូវីដ។ លោក​បន្ថែម​ថា ក្នុង​តំបន់​របស់​លោក​រស់​នៅ​មាន​អ្នក​ភូមិ ៤គ្រួសារ​ហើយ បាន​រត់​ចោល​ស្រុក ដោយសារ​គ្មាន​ប្រាក់​សង​ម្ចាស់​បំណុល។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង លោក ថាន់ វ៉ន ថ្លែង​ថា គ្រួសារ​លោក ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​ជាង ៤ពាន់​ដុល្លារ តែ​គេ​អនុញ្ញាត​ឱ្យ​ពន្យារ​ពេល​សង់ ឬ​ធ្វើ​ឥណទាន​ឡើង​វិញ ហើយ​តម្រូវ​ឱ្យ​លោក​បង់​សង់​តែ​ការ​ប្រាក់ ជាង ២០ម៉ឺន​រៀល ក្នុង​មួយ​ខែៗ។ ប៉ុន្តែ​បច្ចុប្បន្ន​លោក​ថា សូម្បី​តែ​សង​ការ​ប្រាក់​ក៏​យ៉ាប់យ៉ឺន​ដែរ​ ព្រោះ​គ្មាន​ការងារ​ធ្វើ៖ «ពិបាក​ចេះ​រក​ខ្ចី​គេ ​តែ​ឥលូវ​រក​ខ្ចី​នរណា ​ម្នាក់ៗ ដក​ករ​ត្រួត​តែ​ពោះ​ហើយ​ សូម្បី​អ្នក​លក់​អីវ៉ាន់ ​ក៏​គ្មាន​អី​លក់​ដែរ​ បើ​មាន​អី​លក់​ក៏​ពិបាក​ចូល​ទិញ​ដែរ។ នៅ​តែ​ក្នុង​ចម្ការ​ដូច​ជាប់​គុក»

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​រាជ​ធានី​ភ្នំពេញ លោកស្រី កូវ យ៉េត និយាយ​ថា ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​បាន​អនុញ្ញាត​ឱ្យ​គ្រួសារ​លោកស្រី​ធ្វើ​ឥណទាន​ឡើង​វិញ ដោយ​សង​តែ​ការ​ប្រាក់​ក្នុង​មួយ​ខែ​ជាង ៣រយ​ដុល្លារ ប៉ុន្តែ​បច្ចុប្បន្ន គ្រួសារ​លោកស្រី​នៅ​តែ​មិន​អាច​រក​ប្រាក់​សង​ម្ចាស់​បំណុល​បាន​ដោយសារ​គ្មាន​ប្រភព​ចំណូល និង​អត់​ការងារ​ធ្វើ។ លោកស្រី​ថា តំបន់​លោក​ស្រី​រស់​នៅ​អាជ្ញាធរ បាន​បិទ​ខ្ទប់​ជា​ញឹកញាប់​មិន​អាច​ធ្វើ​ដំណើរ​ចេញ​ក្រៅ​រក​ការងារ​ធ្វើ​បាន​ទេ ហើយ​នេះ​ក៏​ជា​បន្ទុក​បន្ថែម​ទៀត រុញ​ច្រាន​ឱ្យ​ជីវភាព​កាន់​តែ​យ៉ាប់យ៉ឺន​ខ្លាំង។ លោក​ស្រី​អំពាវ​នាវ​ឱ្យ​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី ពន្យារ​ពេល​សង់​ប្រាក់​ទាំង​ការ ទាំង​ដើម​មួយ​រយៈ​ខ្លី​សិន ដើម្បី​សម្រាល​ការ​លំបាក​ដល់​ពួក​គាត់៖ «គ្រាន់​តែ​បិទ​ខ្ទប់​ក្នុង​តំបន់​លឿន ​គ្រាន់​តែ​បើក​ភ្លាម ​ធនាគារ​មក​ព្រោង​នាំ​គ្នា​ ភ្នែក​នៅ​កញ្ចឹងក​រក​លុយ​មិន​បាន​មួយៗ។ ​នៅ​តែ​អ៊ីចឹង ​រក​លុយ​មក​បង់​មិន​បាន​ លក់​ខ្ទិច​ខ្ទី​អស់​ហើយ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អគ្គនាយក​បច្ចេកទេស​ធនាគារ​ជាតិ អ្នកស្រី ជា សិរី បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៣០ សីហា។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក មាស សុខសេនសាន បដិសេធ​បំភ្លឺ​រឿង​នេះ ព្រោះ​លោក​ថា កំពុង​ជាប់​រវល់​ប្រជុំ។

ចំណែក​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា គោលការណ៍​ខ្ចី​បុល ជា​ការ​ទទួល​ខុស​ត្រូវ​រៀងៗ ខ្លួន របស់​វិស័យ​ឯកជន។ លោក​ថា រដ្ឋាភិបាល​គ្មាន​សិទ្ធិ លូក​ដៃ​ចូលរួម​សាច់​រឿង​នេះ​ទេ ហើយ​ស្ថាប័ន​ជំនាញ​បាន​បង្កើន​គោលការណ៍​មួយ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ការ​យោគយល់​គ្នា ផ្តល់​ដំណោះ​ស្រាយ​ដោយ​ភាព​ទន់ភ្លន់៖ «បើ​សិន​ជា​យើង​ជាប់​នៅ​តំបន់​ក្រហម ​ឬ​យើង​កើត​កូវីដ​គេ​មាន​រយៈ​ពេល​ មិន​ឱ្យ​យើង​បង់​ប៉ុន្មាន​ថ្ងៃៗ គេ​មាន​លក្ខណៈ​របស់​គេ ​មាន​តែ​យើង​ខូច គេ​ថា អត់​ចង់​រត់​ចោល​ស្រុក។ បើ​រត់​ចោល​ស្រុក គេ​រឹប​អូស​ហើយ ​ព្រោះ​គេ​មាន​កម្ម​វិធី​ចួប​ជជែក​គ្នា»

ប៉ុន្តែ​អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី មាន​ប្រសាសន៍​ថា ប្រសិន​បើ​អតិថិជន ពិត​ជា​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ១៩ សមាជិក​សមាគម​របស់​លោក​ទាំង ១១៥ ស្ថាប័ន ​នឹង​រៀបចំ​ឥណទាន​ឡើង​វិញ​ជូន​អតិថិជន។ លោក​ថា អតិថិជន​ត្រូវ​ទាក់ទង​ទៅ​មន្ត្រី​ឥណទាន និង​គ្រឹះស្ថាន​ដោយ​ផ្ទាល់ ដោយ​ប្រាប់​ពី​មូលហេតុ​នៃ​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ១៩ ហើយ​ធ្វើការ​ស្នើ​សុំ ខាង​គ្រឹះស្ថាន​នឹង​ធ្វើការ​រៀបចំ​កម្ចី​ឡើង​វិញ​ជូន​អតិថិជន។ លោក​បញ្ជាក់​ថា ប្រសិន​បើ​គ្រឹះ​ស្ថាន​ណា​មួយ​បដិសេធ ក្នុង​ពេល​ដែល​អតិថិជន​មាន​លក្ខខណ្ឌ​ត្រឹមត្រូវ សូម​ទាក់ទង​លេខ​ទូរស័ព្ទ ០១៥ ៣៦៥ ២២២៖ «ជា​ការ​អនុវត្ត​សមាគម​យើង​មើល​ដែរ​ យើង​មិន​គិត​ថា ​មាន​សមាជិក​យើង​គេចវេះ​មិន ​ជួយ​អតិថិជន​របស់​គាត់​នៅ​ពេល​អតិថិជន​រង​ផល​ប៉ះពាល់។ ក្នុង​ចំណោម​អ្នក​ដែល​ដាក់​ពាក្យ​ស្នើ​សុំ​រៀបចំ​ឥណទាន​ឡើងវិញ គឺ ៩៤ភាគ​រយ​ជាង​ ដែល​ទទួល​បាន​ការ​អនុម័ត​រៀប​ចំ​ឥណទាន​ឡើង​វិញ»

របាយការណ៍​សមាគម​មីក្រូហិរញ្ញវត្ថុ​ឱ្យ​ដឹង​ថា ទិន្នន័យ​ដែល​សមាគម​ទទួល បាន​ពី​សមាជិក​របស់​ខ្លួន​ទាំង ១១៥ស្ថាប័ន​គិត​ត្រឹម​ដើម​ខែ​សីហា​នេះ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ បាន​រៀបចំ​ឥណទាន​ឡើង​វិញ ឬ​ពន្យារ​ពេល​សង​បំណុល​ដល់​អតិថិជន​ជាង ៣៥ម៉ឺន​នាក់​ហើយ​ក្នុង​ទំហំ​ទឹក​ប្រាក់ ១.៧០០​លាន​ដុល្លារ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ពលរដ្ឋ និង​សង្គម​ស៊ីវិល​ពិនិត្យ​ឃើញ​ថា ការ​រៀបចំ​ឥណទាន​ឡើង​វិញ ឬ​ការ​ពន្យារ​ពេល​បង់​សង​កម្ចី​ឥណទាន​ខ្នាត​តូច​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ គឺ​នៅ​មិន​ទាន់​គ្រប់គ្រាន់ និង​មិនទាន់​អាច​បញ្ឈប់​ការ​លក់​ដី​ដោយ​បង្ខំ ​ឬ​ការ​រំលោភ​បំពាន​ផ្សេងៗ អំឡុង​ពេល​មានការ​រីក​រាល​ដាល​ជា​សកល​នៃ​ជំងឺ​នេះ​នៅ​ឡើយ​ទេ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ សង្កេត​ឃើញ​ថា ពលរដ្ឋ​ដែល​ជំពាក់​បំណុល​ស្ថាប័ន​ផ្តល់​កម្ចី​ឯកជន គ្មាន​ភាព​ធូរ​ស្រាល​ទេ បើ​ទោះ​បី​ជា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​បាន​រៀប​ចំ​ឥណទាន​ឡើង​វិញ​ក្ដី។ លោក​ថា ការ​រៀបចំ​ឥណទាន​ឡើង​វិញ គឺ​មិន​អាច​រួច​បន្ទុក ដើម្បី​ឱ្យ​ពលរដ្ឋ​ធូរ​ស្បើយ​ក្នុង​ចិត្ត​នោះ​ឡើយ ហើយ​មាន​ពលរដ្ឋ​ខ្លះ​បង្ខំ​ចិត្ត​លក់​ទ្រព្យ​សម្បត្តិ និង​ដី​ធ្លី​បន្ទាន់ ដើម្បី​ដោះ​បំណុល៖ «បង្ខំ​ចិត្ត​លក់​ទ្រព្យ​សម្បត្តិ​របស់​គាត់ ដើម្បី​សង​បំណុល​ធនាគារ ដើម្បី​ចៀសវាង​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ ​សូម​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​និង​ធនាគារ​ទាំងអស់​ បើ​ភ្ជួរ​ទាំង​ការ​ទាំង​ដើម ចំពោះ​ពលរដ្ឋ​ដែល​ជំពាក់​លុយ​ធនាគារ ​ធ្វើ​យ៉ាង​ណា ​ទើប​អាច​ធានា​បាន​ ពី​សុខភាព ​និង​សុខដុមរមនា របស់​ពលរដ្ឋ​ពិបាក​ប្រាកដ»

ក្រុម​អង្គការ​សិទ្ធិមនុស្ស មើល​ឃើញ​ថា ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​ច្រើន​នៅ​កម្ពុជា នៅតែ​បន្ត​ទទួល​បាន​ប្រាក់​ចំណេញ ក្នុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ ខណៈ​ដែល​អ្នក​ខ្ចី​ប្រាក់​រាប់​សែន​នាក់ បាន​បាត់បង់​ប្រាក់ចំណូល ហើយ​ប្រជាពលរដ្ឋ​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​បន្ត​ជីវិត​រស់​នៅ។ ចាប់​តាំងពី​ឆ្នាំ២០១៩ មក​អង្គការ លីកាដូ (LICADHO) និង​អង្គការ​សិទ្ធិមនុស្ស​ដៃគូ​មួយ​ចំនួន បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នូវ​ របាយការណ៍​ចំនួន ៣លើក​រួច​មក​ហើយ ដើម្បី​បង្ហាញ​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ចាត់​វិធានការ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ។ អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជា​អ្នក​ខ្ចី​ប្រាក់ គួរ​មាន​សិទ្ធិ​ទទួល​បាន​ការ​អនុគ្រោះ បើ​ពុំ​នោះ​ទេ បញ្ហា​បំណុល​នេះ នឹង​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន បន្ត​ប្រឈម​នឹង​ភាព​អត់ឃ្លាន ពលកម្ម​កុមារ ចំណាក​ស្រុក ការ​លក់​ដី​ដោយ​បង្ខំ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ជាច្រើន​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។