ប្រជាពលរដ្ឋដែលជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ និងបុគ្គលឯកជន ទទូចដល់រដ្ឋាភិបាលជួយដោះស្រាយបញ្ហាបំណុលដែលកំពុងគំរាមកំហែងដល់ជីវភាពប្រជា ពលរដ្ឋ ស្របពេលពួកគាត់កំពុងបាត់បង់ការងារ និងប្រាក់ចំណូលស្ទើរទាំងស្រុងដោយសារវិបត្តិជំងឺកូវីដ-១៩។ មន្ត្រីសង្គមស៊ីវិលមើលឃើញថា ពលរដ្ឋនឹងប្រឈមភាពអត់ឃ្លាន ពលកម្មកុមារ ចំណាកស្រុក ការលក់ដីដោយបង្ខំ និងការរំលោភសិទ្ធិមនុស្ស ដោយសារតែវិបត្តិបំណុលនេះ។ ប្រជាពលរដ្ឋត្អូញត្អែរពីទុក្ខលំបាកផ្នែកជីវភាព អំឡុងពេលជំងឺកូវីដ១៩ ពីព្រោះពួកគាត់ត្រូវរកប្រាក់ដោះស្រាយជីវភាពផង និងសងម្ចាស់បំណុលផង។ ពួកគាត់បារម្ភពីការរឹបអូសទ្រព្យសម្បត្តិ និងដីធ្លី ជាពិសេសភាពតានតឹងនៅក្នុងគ្រួសារដោយសារបញ្ហាបំណុល។
ប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល លោកស្រី លាស់ សុខនា រៀបរាប់ថា លោកស្រីបានខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុខ្នាតតូចតាមភូមិ ចំនួន៤លានរៀល ឬ១ពាន់ដុល្លារ ដោយត្រូវបង់ត្រឡប់ជាង៨០ដុល្លារក្នុងមួយខែ ដោយយកមកព្យាបាលជំងឺបេះដូង។ លោកស្រីកំពុងបារម្ភរឿងគ្មានលទ្ធភាពបង់សងបំណុលទៅមីក្រូហិរញ្ញវត្ថុវិញ ព្រោះរោងចក្រដែលលោកស្រីធ្វើការត្រូវបានផ្អាកមួយរយៈ អំឡុងពេលជំងឺកូវីដ១៩ ខណៈគ្រួសារលោកស្រីកំពុងរស់នៅទាំងត្រដាបត្រដួស។ លោកស្រីប្រាប់ថា ពេលខ្លះមន្ត្រីឥណទានបានប្រើពាក្យសម្ដីមិនសមរម្យ ដែលលោកស្រីត្រូវបង្ខំចិត្តខ្ចីប្រាក់ឯកជន ដែលមានការប្រាក់ខ្ពស់ដើម្បីបង្វិលសងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុវិញ។ ស្ត្រីរូបនេះ អំពាវនាវឲ្យរដ្ឋាភិបាល រួមទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអនុគ្រោះដល់ប្រជាពលរដ្ឋដោយផ្អាកបង់ប្រាក់សងរយៈពេលសមរម្យណាមួយ៖ «ពេលហ្នឹងខ្ញុំទាល់ច្រកអត់មានអីដោះស្រាយនឹងគេមានតែយកលុយរដ្ឋ ដល់ពេលឥឡូវអត់មានកន្លែងនៅ យាយឱ្យនៅយាយហ្នឹងអត់ជាប់បងប្អូនទេ ខ្ញុំពិបាកខ្លាំងជួនណាខ្វះខាតម្ហូបអីចឹងខ្ញុំបបរហូបអីក៏មានជួនណាខ្លះចឹងទៅឆក់លុយឯកជនយកទៅបង់ឱ្យគេខ្លះទៅខ្ញុំខ្វះខាតខ្លាំងណាស់»។
ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋរស់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប លោកស្រី ទ្រា មុំ ថ្លែងថា មន្ត្រីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានណែនាំលោកស្រីឱ្យខ្ចីប្រាក់ឯកជនជាង១ពាន់៣ដុល្លារ (១.៣៥០) ដើម្បីបង់ផ្តាច់កម្ចីពីស្ថាប័នរបស់គេ។ លោកស្រីបញ្ជាក់ថា ប្រាក់កម្ចីឯកជននេះបានរុញច្រានគ្រួសារលោកស្រី ឱ្យរងទុក្ខលំបាកដោយផុងខ្លួនកាន់តែជ្រៅ ទៅនឹងបំណុលដែលមានអត្រាការប្រាក់ខ្ពស់។ លោកស្រីស្នើរដ្ឋាភិបាលជួយសម្របសម្រួល ឬពន្យារការបង់ការប្រាក់មួយរយៈសិន ដោយសារស្ថានភាពប្រជាពលរដ្ឋកំពុងជួបបញ្ហាលំបាក៖ «ប្លង់ដីនោះខ្ញុំគិតថាបើសិនពីរនាក់ម៉ែខ្ញុំទៅ បើសិនណាថ្ងៃហ្នឹងគេហៅពីរនាក់ម៉ែផ្ដិតមេដៃទាំងម៉ែនិងខ្ញុំ ប្រសិនបើខ្ញុំបានផ្តិតដឹងអស់ដីយូរណាស់ហើយតែខ្ញុំអត់ផ្ដិត រកអីស្លឹកនេះស្លឹកនោះមានល្ហុងមានស្លឹងផ្ទីអីខ្ញុំកាត់លក់បានមួយពាន់ ពីរពាន់រៀលទៅគ្រាន់បានទិញអង្ករហូប»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន អគ្គនាយកបច្ចេកទេសធនាគារជាតិ អ្នកស្រី ជា សិរី និងអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី ដើម្បីបកស្រាយរឿងនេះបានទេនៅថ្ងៃទី១០ កក្កដា ដោយទូរស័ព្ទចូល ពុំមានអ្នកទទួល។
ប៉ុន្តែប្រធានសមាគមធនាគារនៅកម្ពុជា និងជាម្ចាស់ធនាគារអេស៊ីលីដា លោក អ៊ិន ចាន់នី ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានគោលការណ៍របស់ខ្លួនក្នុងការជួយគាំទ្រដល់អតិថិជន និងបានអនុវត្តតាមច្បាប់។ លោកថ្លែងថា ការផ្តល់ឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ហិរញ្ញវត្ថុកន្លងមកនោះ គឺជាផ្នែកមួយនៃការគោរពសិទ្ធិមនុស្សទៅវិញទេ។
ក្រុមអង្គការសិទ្ធិមនុស្ស មើលឃើញថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើននៅកម្ពុជា នៅតែបន្តទទួលបានប្រាក់ចំណេញ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ខណៈដែលអ្នកខ្ចីប្រាក់រាប់សែននាក់ បានបាត់បង់ប្រាក់ចំណូល ហើយប្រជាពលរដ្ឋកំពុងជួបការលំបាកក្នុងការបន្តជីវិតរស់នៅ។
នាយរងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា វិបត្តិបំណុលនេះ កំពុងរុញច្រានពលរដ្ឋជាច្រើន ឱ្យប្រឈមបាត់បង់ដីធ្លី ទ្រព្យសម្បត្តិ និងខ្ចីបុលពីឯកជនដែលមានការប្រាក់ខ្ពស់ដើម្បីសងបំណុល ជាដើម។ លោកយល់ថា និន្នាការកើនឡើងនៃបំណុលនេះ អាចនឹងបណ្តាលឱ្យមានការរំលោភបំពានសិទ្ធិមនុស្សជាច្រើនករណី រួមមានការបង្ខំឱ្យលក់ដី ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ និងការធ្វើចំណាកស្រុកដើម្បីដោះបំណុលជាដើម៖ «មីក្រូហិរញ្ញវត្ថុកម្ចីឥណទាននេះអ្នកវិនិយោគដែលវិនិយោគជាមួយដូចជាធនាគារនៅសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិកដែលធ្វើការវិនិយោគឱ្យមីក្រូហិរញ្ញវត្ថុ ឬធនាគារនេះដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តែកម្ចីហ្នឹងក្លាយជាបំណុលវ័ណ្ឌក ប្រជាពលរដ្ឋលក់ដីលក់ធ្លី លក់ទ្រព្យសម្បត្តិដើម្បីសងអាហ្នឹងវាខុសអំពីគោលបំណងហើយ ត្រូវតែមានការសម្រួលណាមួយសម្រាប់អ្នកខ្ចី»។
ចាប់តាំងពីឆ្នាំ២០១៩ មកអង្គការលីកាដូ (Licadho) និងអង្គការសិទ្ធិមនុស្សដៃគូមួយចំនួន បានចេញផ្សាយជាសាធារណៈនូវរបាយការណ៍ចំនួន ៣លើករួចមកហើយដើម្បីបង្ហាញពីការរំលោភសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងអំពាវនាវឲ្យរដ្ឋាភិបាល ចាត់វិធានការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា រដ្ឋាភិបាល លោក ហ៊ុន សែន និងស្ថាប័នផ្តល់ប្រាក់កម្ចី មិនទាន់មានដំណោះស្រាយជាដុំកំភួនណាមួយដើម្បីជួយពលរដ្ឋដល់អ្នកជំពាក់បំណុលដែលកំពុងស្រែកដង្ហោយសុំការជួយសង្គ្រោះទាំងនោះនៅឡើយទេ។ អង្គការសង្គមស៊ីវិលបញ្ជាក់ថាប្រជាពលរដ្ឋកម្ពុជាដែលជាអ្នកខ្ចីប្រាក់ គួរមានសិទ្ធិទទួលបានការអនុគ្រោះ បើពុំនោះទេ បញ្ហាបំណុលនេះ នឹងនាំឲ្យប្រជាពលរដ្ឋជាច្រើន បន្តប្រឈមនឹងភាពអត់ឃ្លាន ពលកម្មកុមារ ចំណាកស្រុក ការលក់ដីដោយបង្ខំ និងការរំលោភសិទ្ធិមនុស្សជាច្រើនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។