ប្រជាពលរដ្ឋរស់នៅសង្កាត់ផ្សារឆ្នាំងជាប់ដងបឹងទន្លេសាប ត្អូញត្អែរពីការធ្លាក់ចុះតម្លៃម្ទេសក្រៀម ធ្វើឲ្យពួកគេប្រឈមមុខនឹងការបោះបង់មុខរបរនេះចោល ព្រមទាំងមិនសូវមានអ្នកបញ្ជាទិញ។ ពួកគេស្នើឲ្យរដ្ឋាភិបាលជួយរកទីផ្សារ និងកំណត់តម្លៃឲ្យបានសមរម្យ កុំឲ្យធ្លាក់ថ្លៃច្រើនពេកនៅពេលសម្បូរម្ទេស។
ប្រជាពលរដ្ឋរស់នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ជាច្រើនគ្រួសារកំពុងមមាញឹក ហាលម្ទេសផ្លោកធ្វើជាម្ទេសក្រៀម បានរៀបរាប់ទាំងទឹកមុខស្រពោនថា ម្ទេសក្រៀមបច្ចុប្បន្នកំពុងមានតម្លៃទាប ធ្វើឲ្យអាជីវករមួយចំនួនប្រឈមមុខនិងការបោះបង់របរមួយនេះ ។ ពលរដ្ឋខ្លះទៀតខ្ចីលុយធនាគារដើម្បីធ្វើជាដើមទុនរកស៊ី ប៉ុន្តែតម្លៃម្ទេសក្រៀមត្រូវបានធ្លាក់ចុះ លក់មិនបានប្រាក់ចំណេញ។ ពួកគេត្អូញត្អែរថា តម្លៃឆ្នាំនេះខុសគ្នាពីតម្លៃឆ្នាំមុន។ តម្លៃឆ្នាំនេះក្នុងមួយគីឡូ ១ម៉ឺន ៥ពាន់រៀល សម្រាប់ម្ទេសក្រៀមដែលបានឆ្អើររួច ពោលកាលពីឆ្នាំមុនពួកគេលក់ចេញ ១គីឡូ ៣ម៉ឺន ៥ពាន់រៀល។
ទឹកមុខក្រៀមក្រំ ហាក់អស់សង្ឃឹម វ័យ៥៧ឆ្នាំ អ្នកស្រី ប៊ុន នី ត្អូញត្អែរប្រាប់វិទ្យុអាស៊ីសេរីថា អ្នកស្រីរកស៊ីរបរនេះជាង១០ឆ្នាំមកហើយ នេះជាលើកទីមួយហើយដែលតម្លៃម្ទេសក្រៀមធ្លាក់ចុះខ្លាំង ប៉ុន្តែតម្លៃម្ទេសស្រស់ហក់ឡើងថ្លៃវិញ ធ្វើឲ្យពួកគាត់ពិបាកក្នុងការរកស៊ីមុខរបរមួយនេះ ។ អ្នកស្រីបន្ថែមថា អ្នករកស៊ីរបរនេះ សម្រេចចិត្តលក់នៅតម្លៃ១ម៉ឺន ៥ពាន់រៀល ទោះបីដឹងថាតម្លៃនេះលក់មិនចំណេញក៏ដោយ ប្រសិនបើទុកយូរតម្លៃទីផ្សារនិងបន្តធ្លាក់ចុះជាងនេះទៅទៀត ធ្វើឲ្យពួកគាត់ប្រឈមមុខបោះបង់របរនេះចោល។
អ្នកស្រី ប៊ុន នី៖ «ធ្លាក់ថ្លៃម្ទេសស្រស់ឡើងថ្លៃតែម្ទេសក្រៀមវាអត់ឡើង អត់ឡើងថ្លៃហ្មង គេចេះតែឲ្យយើងចុះ ហើយយកទៅលក់ឲ្យគេជឿ(ជំពាក់)ទៀត វាយ៉ាប់អ៊ីចឹងហើយម្ទេសស្រស់ទិញអត់បានវាទារឡើងថ្លៃរហូត ទារឡើងដល់ ២ពាន់ក្នុងមួយគីឡូម្ទេសស្រស់ ហើយម្ទេសក្រៀម ១ម៉ឺន ៥ពាន់រៀលដដែល ដល់ពេលអ៊ីចឹង១០០គីឡូ ខាត ១០ម៉ឺនជាង»។
ស្រដៀងគ្នាដែរ អ្នកស្រី ឆេង អៀង ប្រកបរបរធ្វើម្ទេសក្រៀមដែលមានកម្មករជិត ១០នាក់ កំពុងមមាញឹកហាលម្ទេសផងនោះ ប្រាប់ឲ្យដឹងដែរថា ក្នុងមួយថ្ងៃធ្វើម្ទេសក្រៀមបានជិត ២តោន ហើយអ្នកស្រីត្រូវចំណាយក្នុងមួយតោន ៥០ម៉ឺនរៀលទៅ៦០ម៉ឺនរៀល ទៅលើកម្មករ និងសម្ភារៈមួយចំនួនទៀត។ អ្នកស្រីបន្ថែមថា សព្វថ្ងៃកំពុងដេកភ័យអំពីបញ្ហាតម្លៃធ្លាក់ចុះ ដោយសារអ្នកស្រីទៅខ្ចីលុយពីធនាគារយកមករកស៊ី ហើយតម្លៃម្ទេសក្រៀមធ្លាក់ចុះខ្លាំងជាងឆ្នាំមុនៗ ចំណែកម្ទេសស្រស់ហក់ឡើងថ្លៃ ធ្វើឲ្យអ្នកប្រកបរបរមួយនេះខាតបង់ធំ ប្រឈមនឹងបោះបង់របរមួយនេះចោល ។ អ្នកស្រីស្នើទៅរដ្ឋាភិបាល ធ្វើយ៉ាងណាកុំឲ្យតម្លៃម្ទេសចុះបន្តទៀត។
អ្នកស្រី ឆេង អៀង៖ «ចេះតស៊ូទៅ បើខាតហើយយើងអត់ប្រឹងមកវិញវារឹតខាតលើសដើម អ៊ីចឹងត្រូវប្រឹងក្រែងលោបានដើមខ្លះមកវិញ សំណូមពរឲ្យទីផ្សារកុំឃើញថា សម្បូរហើយចុះបន្តិចបន្តួចទម្លាក់ក្រឹបៗយកហ្មងពី៣ម៉ឺន ៥ពាន់ រហូតដល់ ១ម៉ឺន ៤ពាន់ ១ម៉ឺន ៥ពាន់ បញ្ចុះយើងបញ្ចុះពេកហើយទីផ្សារ»។
រីឯកសិករដាំម្ទេសប្លោក នៅកោះចាល័យ ឃុំពាមឆ្កោក ស្រុកជលគិរី អ្នកស្រី ហាក់ អាត ប្រាប់ឲ្យដឹងថា តម្លៃម្ទេសប្លោកក្រៀមកំពុងធ្លាក់ថ្លៃ ធ្វើឲ្យមានផលពិបាកដល់អ្នកដាំដុះ ។ អ្នកស្រីបន្ថែមថា កសិករប្រមាណ៣០គ្រួសារនៅកោះចាល័យ រអ៊ូរទាំអំពីតម្លៃម្ទេសចុះថោក ជាពិសេសនៅពេលពួកគាត់ប្រមូលផលបានច្រើន អ្នកភូមិខ្លះទៀតស្ទើរបោះបង់ចោលម្ដងៗ ដោយសារតម្លៃសព្វថ្ងៃ១ពាន់ ៣រយរៀលក្នុងមួយគីឡូ។ អ្នកស្រីបន្ថែមទៀតថា រូបគាត់មានផ្ទៃជិតពីរហិកតារនៅលើកោះ អាចប្រមូលផលបានជាង ១០តោន ក្នុង១រដូវ (រយៈពេល ៥ខែ) ។
អ្នកស្រី ហាក់ អាត៖ «តាមដែលខ្ញុំសម្លឹងមើលទៅមិនថា មិនពិបាកទេពិបាកគ្រប់តែគ្នា អ្នកដាំក៏គេថាថោកអីថោកយ៉ាងនេះ បានអីគ្រប់សោហ៊ុយប្រេង ជី ថ្លៃចង់ងាប់ ប៉ុន្តែគ្នាគ្មានមុខរបរអីចេះតែដាំទៅបានខ្លះអត់ខ្លះអ៊ីចឹងទៅ ដោះគេមិនរួចផង រកលុយគេចុះចម្ការអ៊ីចឹងទៅ ដោះការគេដោះមិនរួចផង»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបកស្រាយពី អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ និង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំងលោក ងិន ហ៊ុន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២ ឧសភា ដោយទូរស័ព្ទចូលច្រើនដងតែគ្មានអ្នកទទួល។ ចំណែកអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា ក៏មិនអាចទាក់ទងបានដែរ។
ប្រធានសមាគមកសិករដើម្បីអភិវឌ្ឍន៍ជីវភាព លោក ស៊ុម ម៉ាណែត សង្កេតឃើញថា ប្រជាពលរដ្ឋស្ទើរគ្រប់រូបបានទៅខ្ចីបុល ពីធនាគារដើម្បីយកមករកស៊ីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ហើយពួកគាត់រំពឹងថា នឹងបានប្រាក់ចំណេញពីមុខរបរនោះ តែផ្ទុយទៅវិញ តម្លៃនៅទីផ្សារធ្វើឲ្យពួកគាត់ខាតបង់ អាចចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។ លោកបន្ថែមទៀតថា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គួរតែពិនិត្យឡើងវិញនៅតម្លៃទីផ្សារកុំឲ្យមានការចុះតម្លៃបែបនេះ អាចធ្វើឲ្យប្រជាពលរដ្ឋគាត់លែងមានទំនុកចិត្តទៅរដ្ឋាភិបាល ថែមទាំងប្រឈមមុខទុកដីទំនេរចោល ដោយមិនបានធ្វើអ្វីសោះ។
លោក ស៊ុម ម៉ាណែត៖ «ក្រសួងកសិកម្មដែលជាសេនាធិការរបស់ប្រទេសកម្ពុជាគួរតែពិនិត្យឡើងវិញឲ្យមែនទែន នៅទាក់ទងជាមួយតម្លៃរបស់ប្រជាកសិករ ប្រសិនបើប្រជាកសិករបោះបង់ការដាំដុះចោល សួរថាប្រទេសរបស់យើងដែលពឹងផ្អែកលើវិស័យកសិកម្ម សួរថាតើយើងមានអ្វីទៅអួតគេនៅលើឆាកអន្តរជាតិ»។
ក្រុមប្រជាពលរដ្ឋស្នើទៅរដ្ឋាភិបាលឲ្យជួយដល់ពួកគេ និងស្វែងរកទីផ្សារផ្សេងទៀត ដើម្បីងាយស្រួលក្នុងការផលិតម្ទេសក្រៀម ព្រមទាំងបិទការនាំផលិតផលនាំចូលពីប្រទេសជិតខាង ដែលជាហេតុធ្វើឲ្យផលិតផលម្ទេសក្រៀមនៅក្នុងស្រុកមានការធ្លាក់ចុះបែបនេះ។ ប្រជាពលរដ្ឋមួយចំនួនកំពុងពិចារណាឈប់រកស៊ីមុខរបរនេះ ដោយសារពួកគេមិនទទួលបានប្រាក់ចំណេញ និងពលរដ្ឋផ្សេងទៀតបម្រុងចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាង ។ ពលរដ្ឋថា នេះជាលើកទីមួយហើយ ម្ទេសក្រៀមធ្វើពីម្ទេសផ្លោក ធ្លាក់ចុះថ្លៃចាំតាំងពីពួកគេចេញរកស៊ីមុខរបរមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។