ម្រេច​កំពត​រក្សា​តម្លៃ​ថេរ​ស្រប​ពេល​ម្រេច​តំបន់​ដទៃ​បន្ត​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក

ដោយ មួង ណារ៉េត
2018.05.04
ងួន ឡាយ ២០១៦ ៨៥៥ ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត លោក ងួន ឡាយ កំពុង​ហាល​ម្រេច​ដែល​ទើប​ប្រមូល​ផល​ពី​ចម្ការ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦។
Photo: RFA

តម្លៃ​ម្រេច​ទូទាំង​ប្រទេស បាន​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​មិន​ធ្លាប់​មាន​នៅ​ឆ្នាំនេះ លើកលែងតែ​ម្រេច​កំពត​មួយ​តែប៉ុណ្ណោះ ដែល​អាច​រក្សា​តម្លៃ​ថេរ។ បញ្ហា​នេះ​បាន​បង្ក​ក្តី​ព្រួយបារម្ភ​កាន់​តែខ្លាំង សម្រាប់​កសិករ និង​ផលិតករ​ម្រេច ដែល​ពួកគាត់ សុទ្ធសឹងតែ​បាន​ចំណាយ​ដើមទុន​ជាច្រើន ដើម្បី​វិនិយោគ លើ​ដំណាំ​ម្រេច​របស់​ខ្លួន។ អ្នក​ជំនាញ​ខាង​កសិកម្ម​អំពាវនាវ​ឱ្យ​រដ្ឋ​លូកដៃ​ចូល​អន្តរាគមន៍ ជួយ​កសិករ និង​ផលិតករ​ម្រេច ដើម្បី​កុំ​ឱ្យ​ពួកគាត់​បោះបង់ចោល ការ​ដាំដុះ​ដំណាំ​ឧស្សាហកម្ម​មួយ​នេះ​។​

ស្រប​ពេល​ម្រេច​ខ្មៅ​ធម្មតា​កំពុង​ធ្លាក់​ថ្លៃ ម្រេច​កំពត នៅ​អាច​រក្សា​បាន​តម្លៃ​ថេរ​ដដែល គឺ​ម្រេចស​មាន​តម្លៃ ២៨​ដុល្លារ ម្រេច​ក្រហម ២៥ដុល្លារ ម្រេច​ខ្មៅ ១៥​ដុល្លារ ក្នុង​មួយ​គីឡូក្រាម។ មូលហេតុ​ដែល​ម្រេច​កំពត មិន​ធ្លាក់​ថ្លៃ​ដូច​ម្រេច​តំបន់​ដទៃ ព្រោះ​ម្រេច​កំពត មាន​គុណភាព​ខ្ពស់ និង​ត្រូវ​បាន​ចុះបញ្ជី ទទួលស្គាល់​ជា​ទំនិញ​សម្គាល់​ទីតាំង​ភូមិសាស្ត្រ ទាំង​នៅ​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ ជាពិសេស​នៅ​ទីផ្សារ​អឺរ៉ុប។ ទោះបីជា​យ៉ាងណា ម្រេច​កំពត​ក៏​កំពុង​ប្រឈម នឹង​បញ្ហា​មួយ​ចំនួន​ដែរ គឺ​ការ​ធ្លាក់​ចុះ​ទិន្នផល ដែល​មិន​ធ្លាប់​មាន បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ និង​ការ​យឺតយ៉ាវ ការ​បញ្ជាទិញ​ពី​ក្រុមហ៊ុន​នានា។

ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត លោក ងួន ឡាយ ថ្លែង​ថា ម្រេច​កំពត​នៅ​ឆ្នាំនេះ អាច​ប្រមូល​ផល​បាន​ត្រឹម​ចន្លោះ​ពី ៧០ ទៅ ៧៥ តោន ប៉ុណ្ណោះ ធៀប​ទៅ​នឹង​ឆ្នាំមុន ដែល​ប្រមូល​បាន​ប្រហែល ១០០ តោន។ ម្យ៉ាងវិញទៀត រដូវ​ប្រមូល​ផល​នៅ​ឆ្នាំនេះ អាច​នឹង​អូស​បន្លាយ​រហូតដល់​ក្រោយ​ខែ​មិថុនា ជា​ពេលវេលា ដែល​ម្រេច​ចុង​រដូវ​ទាំងនោះ មិន​អាច​ប្រើ​ឈ្មោះ​ម្រេច​កំពត​បាន។ លោក​បញ្ជាក់​ថា គិត​មកដល់​ដើម​ខែ​ឧសភា នេះ​ទៅ​ហើយ ម្រេច​កំពត​ទើបតែ​ប្រមូល​ផល​បាន​ប្រមាណ ២០ ភាគរយ​ប៉ុណ្ណោះ៖ «មាន​ក្រុមហ៊ុន​ខ្លះ​ក៏​គេ​ចាប់ផ្ដើម​ទិញ​ហើយ​ដែរ តែ​គេ​ទិញ​ផ្ទាល់​ពី​កសិករ។ គេ​ទិញ​បណ្ដើរៗ​ហើយ ប៉ុន្តែ​យើង​ក៏​គ្មាន​ម្រេច​លក់​ឱ្យ​ប៉ុន្មាន​ដែរ ព្រោះ​មកដល់ពេលនេះ យើង​ទើបតែ​ប្រមូល​ផល​បាន ១៥ ទៅ ២០​ភាគរយ​តែប៉ុណ្ណោះ​ជា​រួម។ យើង​អត់​ទាន់​បាន​ប្រមូល​ផល​ពេញ​ទេ ពីព្រោះ​ម្រេច​ឆ្នាំនេះ​ទើបតែ​ផ្លែ​ក្រោយ។ ចំពោះ​រូប​ខ្ញុំ​ផ្ទាល់​វិញ មិនទាន់​បាន​ប្រមូល​ផល​មួយ​គ្រាប់​ផង ទាល់តែ​ខែ ៦ ទើបបាន​បេះ»

លោក ងួន ឡាយ បញ្ជាក់​ថា លោក​មិន​មាន​ការ​បារម្ភ អំពី​ម្រេច​ក្នុង​តំបន់​របស់​លោក​នោះ​ទេ ទាក់ទង​នឹង​បញ្ហា​ទីផ្សារ និង​តម្លៃ ក៏ប៉ុន្តែ​លោក​សោកស្ដាយ និង​អាណិត​ដល់​កសិករ​អ្នក​ដាំ​ម្រេច នៅ​តំបន់​ដទៃ ដែល​កំពុង​ជួបប្រទះ ការ​លំបាក​យ៉ាង​ខ្លាំង ដោយសារ​តម្លៃ​ម្រេច បន្ត​ធ្លាក់​ចុះ​ខ្លាំង គឺ​មិន​ដល់ មួយ​ម៉ឺន​រៀល​ផង ក្នុង​មួយ​គីឡូក្រាម។ លោក​អះអាង​ថា តម្លៃ​ទាប​បែបនេះ មិន​អាច​ធ្វើ​ឱ្យ​កសិករ​ទទួល​បាន​ផល​ចំណេញ ពី​ដំណាំ​ម្រេច​ឡើយ មាន​តែ​ការ​ខាតបង់​ប៉ុណ្ណោះ៖ «ប៉ុណ្ណឹង​បាន​ន័យថា​អ្នក​ផលិត​ម្រេច ផលិត​លែងកើត​ហើយ វា​មិន​មាន​តុល្យភាព​នឹង​ការ​ចំណាយ។ យើង​ចំណាយ ១០ ប៉ុន្តែ​ចំណូល​បានតែ ២ ទៅ ៣ ហ្នឹង អីចឹង​តើ​យក​ទៅ​ធ្វើ​អ្វី​បាន? ទាល់តែ​ចេះ​បោះ​ពុម្ព​លុយ​។ ពួកគាត់ (​កសិករ​ម្រេច​នៅ​តំបន់​ដទៃ​) ធ្វើ​ច្រើនៗ មិន​ដូច​អ្នក​កំពត​ទេ។ នៅ​កំពត​កសិករ​តូចៗ​ធ្វើ​យ៉ាង​ច្រើន​ណាស់ បី​រយ​គុម្ព ប្រាំ​រយ​គុម្ព ឬមួយ​ពាន់​គុម្ព ទៅ​មួយ​ពាន់​ប្រាំ​រយ​គុម្ព​ទេ ដូច្នេះ​ហើយ​គេ​ប្រើ​តែ​កម្លាំង​គ្រួសារ​របស់​គេ​ក៏​ធ្វើ​បាន​ដែរ ហើយ​បើ​ដាំ​ដល់​ថ្នាក់​ពីរ​ពាន់​គុម្ព​ទៅ​ប្រាំ​ពាន់​គុម្ព​ឡើង​ទៅ​ហើយ គឺ​ត្រូវ​ប្រើ​កម្លាំង​ពលកម្ម​ដែល​ជួល​មកពី​ខាងក្រៅ។ ឥលូវ​កម្លាំង​ពលកម្ម​ថ្លៃ ម្រេច​លក់​បាន​ថោក អីចឹង​អត់​ទៅ​រួច​ទេ ដឹង​តែ​ទៅ​មិន​រួច​តែម្ដង»

តម្លៃ​ម្រេច​កម្ពុជា ធ្លាក់​ចុះ​ខ្លាំង​ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​ម្រេច​របស់​កម្ពុជា​ត្រូវ​ពឹងផ្អែក ស្ទើរតែ​ទាំងស្រុង លើ​ប្រទេស​វៀតណាម ខណៈ​វៀតណាម​នៅ​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ ផលិត​ម្រេច​បាន​លើស​តម្រូវការ ហើយ​ក៏​បាន​កាត់បន្ថយ ការទិញ​ម្រេច​ពី​កម្ពុជា។ ទន្ទឹម​នឹង​នេះ បរិមាណ​ម្រេច នៅ​លើ​ទីផ្សារ​អន្តរជាតិ មានការ​កើន​ឡើង ធ្វើ​ឱ្យ​តម្លៃ​ត្រូវ​ធ្លាក់​ចុះ ជាង​ពាក់​កណ្ដាល ជា​រឿង​មិន​ធ្លាប់​មាន ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ ដែល​ម្រេច​លើ​ទីផ្សារ​អន្តរជាតិ ធ្លាប់​មាន​តម្លៃ​ជា​មធ្យម ៧ ទៅ ៨ ពាន់​ដុល្លារ​ក្នុង​មួយ​តោន ប៉ុន្តែ​ពេលនេះ ធ្លាក់​មក​នៅ​ត្រឹម ៣ ពាន់​ដុល្លារ​ក្នុង​មួយ​តោន។ បញ្ហា​នេះ​ធ្វើ​ឱ្យ​ប្រទេស​នាំចេញ​ម្រេច​សំខាន់ៗ ជាពិសេស​វៀតណាម ចាប់ផ្ដើម​សើរើ មើល​ឡើងវិញ អំពី​គុណភាព និង​កំហិត​ផ្ទៃដី​ដាំ​ដុះ​ម្រេច​របស់​ខ្លួន ដើម្បី​កុំ​ឱ្យ​កសិករ និង​អ្នក​ផលិត​ខាតបង់ ពី​ដំណាំ​ឧស្សាហកម្ម​មួយ​នេះ។

អាស៊ីសេរី​មិនអាច​ទាក់ទង មន្ត្រី​ជំនាញ​ក្រសួងកសិកម្ម ដើម្បី​សុំ​ការ​បកស្រាយ អំពី​រឿង​នេះ​បានទេ នៅ​ថ្ងៃ​ទី០៣ ឧសភា។

អ្នក​ជំនាញ​ខាង​កសិកម្ម បណ្ឌិត យ៉ង សាំងកុមារ ថ្លែង​ថា រដ្ឋ​គួរតែ​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្លាំងក្លា​ចំពោះ​ដំណាំ​ម្រេច ដោយសារ​កម្ពុជា មាន​សក្ដានុពល ចំពោះ​ការ​ដាំដុះ​ម្រេច ហើយ​មាន​កសិករ​ជាច្រើន នៅ​ទូទាំង​ប្រទេស បាន​វិនិយោគ​ធនធាន​របស់​ខ្លួន ដាំ​ដុះ​ម្រេច​នេះ​រួចទៅ​ហើយ។ លោក​ប៉ាន់​ស្មានថា បើ​មានការ​រៀបចំ​ត្រឹមត្រូវ ផ្នែក​គោលនយោបាយ និង​ទីផ្សារ កម្ពុជា នឹង​អាច​រក​ចំណូល​បាន​ពី ៣ ទៅ ៥ រយ​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ។ ដូច្នេះ​រដ្ឋ ត្រូវតែ​លូកដៃ ធ្វើ​អន្តរាគមន៍ ចំពោះ​បញ្ហា​គ្មាន​ទីផ្សារ និង​តម្លៃ​ធ្លាក់​ចុះ​នេះ ទោះបីជា​ក្នុង​កម្រិត​ណា​ក៏​ដោយ ដើម្បី​កុំ​ឱ្យ​ប្រជាកសិករ និង​អ្នក​ផលិត​ម្រេច បាក់​ទឹកចិត្ត បោះបង់ចោល​ការ​ដាំដុះ​ដំណាំ​ឧស្សាហកម្ម​មួយ​នេះ៖ «រដ្ឋាភិបាល​គួរតែ​លូកដៃ​ជួយ​ពួកគាត់​ក្នុង​កម្រិត​ណាមួយ ដើម្បី​ឱ្យ​ពួកគាត់​អាច​បន្ត​និរន្តរភាព​ក្នុង​វិស័យ​ហ្នឹង។ ឧទាហរណ៍​ជួយ​សម្រួល​ក្នុង​ការ​ផ្ដល់​ទុន ឬ​ប្រាក់កម្ចី​ដែល​មាន​ការប្រាក់​ទាប ដើម្បី​ឱ្យ​គាត់​យក​ទៅ​ដោះស្រាយ​ទប់ទល់​នឹង​លំហូរ​សាច់ប្រាក់​របស់​ពួកគាត់ និង​គាំទ្រ​ដល់​ក្រុមហ៊ុន​នាំ​ចេញ​ម្រេច​ទៅ​ទីផ្សារ​អន្តរជាតិ តាមរយៈ​ការឧបត្ថម្ភ​ធន​ក្នុង​ការនាំចេញ និង​ស្វែងរក​ទីផ្សារ ឬក៏​ជួយ​ទិញ​ម្រេច​ក្នុង​បរិមាណ​ណាមួយ ហើយ​យក​ម្រេច​នោះ​ទៅ​វេច​ខ្ចប់​ឱ្យ​បាន​ស្អាត​ល្អ ឬក៏​ជួយឧបត្ថម្ភ​ដល់​ក្នុង​ហ៊ុន ដើម្បី​យក​ទៅ​ឱ្យ​ដៃគូ​ផ្សេងៗ​នៅ​ក្រៅ​ប្រទេស បាន​ភ្លក់ និង​បាន​ស្គាល់​ម្រេច​ខ្មែរ​ជាដើម»

គិត​ត្រឹម​ឆ្នាំ ២០១៧ កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដុះ​ម្រេច ចំនួន​ជាង ៦ ពាន់​ហិកតារ (.៦៧៨) ដែល​ផ្ដល់​ផល​សរុប​ជាង ២ ម៉ឺន​តោន​ក្នុង​ឆ្នាំ​ដដែល​នេះ។ ម្រេច​ឆ្នាំ​ចាស់​នេះ កសិករ​មិនទាន់​លក់​អស់ពី​ស្តុក​នៅឡើយ ដោយសារ​កាលពី​ឆ្នាំមុន តម្លៃ​ម្រេច​ក៏​មិន​ថ្លៃ​ដូចគ្នា ធ្វើ​ឱ្យ​ពួកគាត់​ខ្លះ​បង្ខំចិត្ត​ស្តុក​ម្រេច​ទុក​ក្នុង​ឃ្លាំង​បន្ត​ទៀត។

អ្នក​ជំនាញ​វាយតម្លៃ ថា ការ​មិន​អាច​គ្រប់គ្រង​ទីផ្សារ​បាន​ដោយ​ខ្លួនឯង ធ្វើ​ឱ្យ​កសិករ​កម្ពុជា​គេច​មិន​ផុត ពី​រង​ផល​ប៉ះពាល់ ដោយសារ​តម្លៃ​ម្រេច​ធ្លាក់​ចុះ​នេះ​ឡើយ។ ម្យ៉ាងវិញទៀត គុណភាព​នៅ​មាន​កម្រិត ការ​គ្មាន​ម៉ាក​យីហោ​ត្រឹមត្រូវ និង​ខ្វះខាត​បណ្ដាញ​ទីផ្សារ សុទ្ធសឹងតែ​ជា​ឧបសគ្គ​រារាំង មិន​ឱ្យ​ម្រេច​កម្ពុជា មាន​ឱកាស​បាន​ទៅដល់​ទីផ្សារ​អន្តរជាតិ​ឡើយ លើកលែងតែ​ម្រេច​កំពត​មួយ​ប៉ុណ្ណោះ ដែល​​មាន​ការ​ទទួលស្គាល់ ជា​អន្តរជាតិ​រួច​ទៅ​ហើយ​នោះ។ អ្នក​ជំនាញ​អះអាង​ថា កសិករ​មិន​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ បាន​ដោយ​ខ្លួនឯង​នោះ​ទេ ពោល​គឺ​ត្រូវតែ​មាន​ការ​ជួយ​អន្តរាគមន៍ ពី​ស្ថាប័ន​ជំនាញ​របស់​រដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។