កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ខេត្ត​មួយ​ចំនួន​សម្រុក​ធ្វើ​ច្បាប់​កាប់​ជ្រូក​លក់ ដើម្បី​កាត់​បន្ថយ​ការ​ខាតបង់​ប្រាក់ ដោយសារ​តម្លៃ​ជ្រូក​ថោក

0:00 / 0:00

កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ខេត្ត​មួយចំនួន នាំគ្នា​ធ្វើ​ច្បាប់​អនុញ្ញាត​កាប់​ជ្រូក​លក់ ខណៈ​តម្លៃ​ជ្រូក​រស់​ថោក ប៉ុន្តែ​តម្លៃ​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​មិន​ធ្លាក់​ថ្លៃ ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព​អ្នក​ចិញ្ចឹម​។ កសិករ​ថា រដ្ឋាភិបាល​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​តម្លៃ​ជ្រូក​ធ្លាក់​ថ្លៃ និង​ទប់ស្កាត់​ការ​នាំចូល​សាច់​ជ្រូក​កក ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក លក់​ខាតដើម មិនអាច​បន្ត​ចិញ្ចឹម​ជ្រូក​លក់​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​។ សង្គម​ស៊ីវិល សាទរ​ចំពោះ​កសិករ ដែល​ចេះ​រក​ច្រក​ដោះស្រាយ​បញ្ហា​សាច់​ជ្រូក​ចុះថោក និង​សុំ​ស្នើ​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ទប់ស្កាត់​ការ​នាំចូល​សាច់​ជ្រូក​កក​ពី​ប្រទេសជិតខាង​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​រក្សា​ស្ថិរភាព​ទីផ្សារ​លក់​ជ្រូក​ក្នុងស្រុក ហើយ​ស្វែងរក​វិនិយោគទុន​មក​កែច្នៃ​សាច់​ជ្រូក​របស់​កសិករ។

កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ខេត្ត​មួយចំនួន លើកឡើង​ថា តម្លៃ​សាច់​ជ្រូក​រស់​ក្នុង​ស្រុក​ធ្លាក់ចុះ ដោយសារ​មន្ត្រី និង​ឈ្មួញ​ឃុបឃិត​គ្នា បើកដៃ​អោយ​នាំចូល​សាច់​ជ្រូក​កក​ខូចគុណភាព​ពី​ប្រទេសជិតខាង​ចូលក្នុង​តម្លៃថោក​។ បញ្ហា​នេះ ធ្វើអោយ​កសិករ​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក គ្មាន​ទីផ្សារ​លក់​ក្នុង​តម្លៃ​សមរម្យ ហើយ​បង្ខំ​លក់​ទាំង​បង់ខាត។

កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ខេត្ត​ប៉ៃលិន​លោកស្រី អ៊ុត សុខឿន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថ្ងៃទី​៣ មករា ថា លោកស្រី​ចិញ្ចឹម​ជ្រូក​កន្លងមក ជិត​១០០​ក្បាល ហើយ​កំពុងតែ​ខាតបង់​ខ្លាំង ដោយសារ​តម្លៃ​ជ្រូក​រស់​បន្ត​ធ្លាក់​ថ្លៃ ប៉ុន្តែ​តម្លៃ​សាច់​ជ្រូក​លក់​នៅ​ទីផ្សារ​តម្លៃ​នៅ​ដដែល​។ លោកស្រី​សម្រេចចិត្ត​សុំច្បាប់​អាជីវកម្ម​កាប់​ជ្រូក​ខ្លួនឯង​លក់​តម្លៃ​១​ម៉ឺន ៥​ពាន់​រៀល (១៥,០០០៛) ក្នុង​១​គីឡូក្រាម​វិញ​។ លោកស្រី​ថា តម្លៃ​ជ្រូក​រស់​សព្វថ្ងៃ​ឈ្មួញ​ទិញ​តម្លៃ​ជាង​៧​ពាន់​រៀល​(៧,៥០០៛)​ទៅ​ជិត​៨​ពាន់​រៀល​(៧,៨០០៛)​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​ឈ្មួញ​មិន​ចាប់​ភ្លាមៗ​នោះ​ឡើយ ដោយ​ទុក​១០​ថ្ងៃ​សិន​ទើប​ចាប់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ចំណាយ​ដាក់​ចំណី។

លោកស្រី អ៊ុត សុខឿន៖ «​ចា៎ បើសិន​តម្លៃ​ជ្រូក​នៅតែ​ធ្លាក់​អ៊ីចឹង​ទៀត​ទេ វា​ប៉ះពាល់​ធ្ងន់​ណាស់​លោកគ្រូ ព្រោះ​អី​ខ្ញុំ​ដូច​ខ្ញុំ​ជាដើម គឺ​ខ្ញុំ​ខ្ចី​លុយ​ធនាគារ មក​បង្កើត​មុខរបរ​ថ្មី​ទាំងអស់​។ និយាយ​ទៅ​វា​ប៉ះពាល់​ធ្ងន់​បណ្ដោយ​លោកគ្រូ!និយាយ​ទៅ​និយាយ​មិន​ចេញ និយាយ​ចង់តែ​ទឹកភ្នែក​អួល​ដើមក​ណា​លោកគ្រូ ប៉ះពាល់​ធ្ងន់​មែន​ទេ។ និយាយ​រួម​ចំណី​ថ្លៃ កន្ទក់​ថ្លៃ ស្រូវ​អង្ករ​ថោក ហើយ​យើង​ធ្វើ​ម៉េច​ចេញ នៅតែ​ខាត​រហូត វា​ប៉ះពាល់​ខាង​សេដ្ឋកិច្ច ខាង​អ្នក​ចិញ្ចឹម​ជ្រូក​ខ្លាំង​មែនទែន​បណ្ដោយ​។ និយាយ​រួម​ថោក​តែ​ជ្រូក​កសិករ​លោកគ្រូ ជ្រូក​ក្រុមហ៊ុន​ទោះ​គាត់​ថោក​គាត់​មាន​កុងត្រា​ចុះ​របស់​គាត់​ចុះ​របស់​គាត់ ត្រឹមតែ​ប៉ុណ្ណឹង ទោះ​ជ្រូក​ចុះ​ប៉ុណ្ណា ក៏​គាត់​នៅតែ​ប៉ុណ្ណឹង»។

ស្រដៀង​គ្នា​នេះ​ដែរ កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ខេត្ត​ប៉ៃលិន លោក មាស កុល លើកឡើង​ថា តម្លៃ​ជ្រូក​ចុះថោក​ខ្លាំង ប៉ុន្តែ​តម្លៃ​ចំណី​នៅតែ​តម្លៃ​ខ្ពស់ ដែល​មិនអាច​លក់​ចេញ​បាន​ប្រាក់ចំណេញ​នោះ​ទេ​។ លោក​ថា ការដែល​លោក​ទៅ​សុំ​ច្បាប់ ដើម្បី​កាប់​ជ្រូក​លក់​ខ្លួនឯង ព្រោះ​លោក​លក់​កន្លង​មក​ខាតបង់​ច្រើន មិន​អាច​បាន​ប្រាក់​ចំណេញ​ដោះស្រាយ​ជីវភាព និង​សល់​ប្រាក់​សង​ជំពាក់​ធនាគារ​នោះ​ឡើយ។

លោក មាស កុល៖ «កាប់​ខ្លួនឯង ដោយសារ​តម្លៃ​ជ្រូក​វា​ថោក​អ៊ីចឹង​ណា យើង​ទូទាត់ និង​ចំណី​ទៅ​វា​អត់​ស្មើភាព​គ្នា​។ អានេះ​បើ​យើង​កាប់​លក់​អ៊ីចឹង យើង​របស់​ខ្លួន​យើង យើង​ដាក់​រាង​ធូរ​ជាង​គេ​ទៀត បើសិន​កាប់​យើង​ចំណេញ​ដែរ យើង​មិន​ខាត់​ទេ យើង​ចំណេញ​ជាង​លក់​សាច់​ឱ្យ​គេ​ស្រស់ៗ លក់​សាច់​ស្រស់​ណា។ វគ្គ​នេះ​វា​តម្លៃ​រាង​ថោក បើ​ពីមុន​តម្លៃ​ត្រឹម​១​ម៉ឺន​រៀល​(១០,០០០៛)ឬ​ជាង ១​ម៉ឺន​រៀល(១១,៥០០៛)ហៃ​អាហ្នឹង​យើង​មើល​តុល្យភាព និង​ចំណី​យើង​មើលទៅ​វា​អាច​ទប់ទល់​គ្នា​បាន ប៉ុន្តែ​ដល់​ឥឡូវ​តម្លៃ​ប៉ុណ្ណេះ​វា​ពិបាក​ទប់​នឹង​ចំណី ចំណី​វា​ថ្លៃ»។

កសិករ​ចិញ្ចឹម​ជ្រូក​ម្នាក់ទៀត​នៅ​ខេត្តកំពង់ឆ្នាំង ថ្លែង​ថា កសិករ​ចិញ្ចឹម​ជ្រូក​នៅតែ​បន្ត​ការ​ខាត ទោះ​មាន​តំបន់​មួយចំនួន​ឡើងថ្លៃ​បន្តិចបន្តួច​។ លោក​បន្ត​ថា បញ្ហា​នាំចូល​សាច់​ជ្រូក​កក​មក​ពី​ប្រទេស​ជិតខាង​ប៉ះពាល់​ដល់​តម្លៃ​សាច់​ជ្រូក​ក្នុងស្រុក​ធ្លាក់​ថ្លៃ ព្រោះ​សាច់​ជ្រូក​នាំចូល​តម្លៃថោក ជាង​សាច់​ជ្រូក​ក្នុង​ស្រុក។

«​អើយ ! លោក​ប្អូន​អើយ​លែង​និយាយ​ចេញ​ហើយ​ខាត លក់​បាន ១​គីឡូក្រាម​តែ​៧​ពាន់​រៀល​ ( , ០០០៛ )​ ទេ​។ ច្រក​ចេញ​ជ្រូក​របៀប​នេះ​គឺ​ដែល​ជា​វិធីសាស្ត្រ​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ចិញ្ចឹម​ហើយ​កាប់​លក់​ខ្លួនឯង​អ៊ីចឹង​ណា។ ខ្ញុំ​គិតថា​បែប​នេះ​ទេ គិតថា​ចាំ​មើល​ដល់ពេល​វេលា​ដែល​ជ្រូក​ហ្នឹង ខ្ញុំ​មើល​តែ​ខែ​៣​ទេ ជ្រូក​អត់​ឡើងថ្លៃ​ទេ លក់​មេ​លក់​អ្វី​ចោល​ទាំងអស់​ហើយ​អត់​ទុក​ទេ។ ខ្ញុំ​យល់ថា​ទី​១ គឺ​ក្លាសេ​ដែល​នាំចូល​ពី​បរទេស​មក​ហ្នឹង​ណា ហ្នឹង​ជា​បញ្ហា​ទី​១ បញ្ហា​ទី​២ ដូចជា​ឈ្មួញ​កណ្ដាល​នៅក្នុង​ស្រុក​ហ្នឹង មិន​ព្រម​ដំឡើងថ្លៃ​ឱ្យ​តែ​ម្ដង ឬក៏​អាច​ថា ក្រុមហ៊ុន​ធំៗ ដែល​ជា​ក្រុមហ៊ុន​ធំ​នៅក្នុង​ស្រុក​ខ្មែរ​ហ្នឹង គេ​ប្រកួតប្រជែង​នៅក្នុង​ការ​លក់»។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម កញ្ញា អ៊ឹម រចនា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បានទេ ថ្ងៃទី​០៣ មករា ។ ប៉ុន្តែ​កាលពី​ថ្ងៃទី​២៦ ធ្នូ លោក ហ៊ុន សែន លើកឡើង​ថា​តម្លៃ​ជ្រូក​ថោក គឺជា​រឿង​ប្រសើរ​សម្រាប់​ពលរដ្ឋ​អ្នក​បរិភោគ ប៉ុន្តែ​លោក​មិន​អាច​តម្រូវ​ចិត្ត​អ្នក​ចិញ្ចឹម​ជ្រូក​ជាង ១​ម៉ឺន​គ្រួសារ​(១០,០០០) បាន​ឡើយ។

លោក ហ៊ុន សែន៖ «​ប៉ុន្តែ​អ្នកទទួល​ទាន​សាច់​ជ្រូក​ទៅវិញ​គឺ​ចង់​ឱ្យ​សាច់​ជ្រូក​ថោក អ្នក​ចិញ្ចឹម​ជ្រូក​គឺ​ចង់​ឱ្យ​សាច់​ជ្រូក​វា​ថ្លៃ​។ ម្ខាង​១​ម៉ឺន​គ្រួសារ​(១០,០០០)ទាមទារ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​យ៉ាងម៉េច​អោយ​តម្លៃ​សាច់​ជ្រូក​ហ្នឹង​វា​ឡើងថ្លៃ ដើម្បី​ការ​ចិញ្ចឹម​ហ្នឹង​មាន​ផល​ចំណេញ ក្នុង​ពេល​ដែល​ប្រមាណ​លាន​គ្រួសារ​អត់​ចិញ្ចឹម​ជ្រូក​នោះ ត្រូវ​ទិញ​សាច់​ជ្រូក ចង់​ឱ្យ​សាច់​ជ្រូក វាៗ​ៗ​ថោក»។

កសិករ​យល់​ថា​មន្ត្រី​របស់​លោក ហ៊ុន សែន រាយការណ៍​កុហក​ពាក់ព័ន្ធ​ករណី​តម្លៃ​ជ្រូក​ចុះថោក ព្រោះ​កសិករ​ប្រឈម​តម្លៃ​ជាមួយ​ឈ្មួញ​ទទួល​ទិញ​ជ្រូក មិនមែន​បញ្ហា​តម្លៃ​ជាមួយ​អ្នក​បរិភោគ​ឡើយ។ ពួកគាត់​រិះគន់​ស្ថាប័ន​ពាក់ព័ន្ធ​ថា អសមត្ថភាព ត្រួតពិនិត្យ និង​ទប់ស្កាត់​សាច់​ជ្រូក​កក ខូចគុណភាព​ថោកៗ ហូរ​ចូល​ទីផ្សារ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ចិញ្ចឹម​ជ្រូក។

ជុំវិញ​រឿង​នេះ នាយករង​អង្គការ​ពលរដ្ឋ​យើង និង​ជា​អ្នកជំនាញ​កសិកម្ម លោក នី ណាក់ មានប្រសាសន៍ថា លោក​សាទរ​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង ទាក់ទង​បញ្ហា​តម្លៃ​ជ្រូក​ចុះថោក​។ លោក​បន្ត​ថា ដើម្បី​ការពារ​សុខភាព​ពលរដ្ឋ និង​ជួយ​ឱ្យ​តម្លៃ​ជ្រូក​រស់​មាន​តម្លៃ​សមរម្យ​ឡើងវិញ មន្ត្រី​ពាក់ព័ន្ធ​គួរ​បង្កើន​ការទប់ស្កាត់ ការ​នាំចូល​សាច់​ជ្រូក​កែច្នៃ និង​សាច់​ជ្រូក​កក​ខូច​គុណភាព។

លោក នី ណាក់៖ «យើង​បន្ត​គាំទ្រ​ឱ្យ​គាត់​ធ្វើការ​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ជាពិសេស​ខាង​ក្រសួង​កសិកម្ម ដើម្បី​ឱ្យ​គាត់​មាន​សិទ្ធិ​ដំណើរការ​ក្នុង​ការ​កាប់​ជ្រូក​ជា​ផ្លូវការ​។ យើង​បារម្ភ​ចំពោះ​ពួកគាត់​ថា​ថ្ងៃ​ណាមួយ​អាជ្ញាធរ ឬ​ក្រសួង​សាមី​ពាក់ព័ន្ធ និង​ចាត់វិធានការ​ទៅលើ​ពួកគាត់ ដោយ​ចោទ​ប្រកាន់​ទៅលើ​ការ​ចរាចរ​សាច់​ជ្រូក​ខុសច្បាប់ សាច់​ជ្រូក​គ្មាន​ច្បាប់​អនុញ្ញាត សាច់​ជ្រូក​មាន​បញ្ហា​អ៊ីចឹង​ទៅ​។ ជា​បទពិសោធន៍ ដែល​ខ្ញុំ​ធ្លាប់​សហការ​ជាមួយ​នឹង​កសិករ​ចិញ្ចឹម​គោ ហើយ​ស្នើសុំ​ច្បាប់​ក្នុង​ការ​កាប់ កុងស៊ី​កាប់​គោ គឺ​យើង​ចំណាយពេល​យូរ​ណា តែ​នៅតែ​មិន​ទទួល​បាន​ការ​អនុញ្ញាត​ទេ»។

កន្លងមក បើ​ទោះ​ជា​រដ្ឋាភិបាល និង​ក្រសួងកសិកម្ម ថា​បាន​ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​សាច់​បង្កក​ពី​ប្រទេស​ជិតខាង និង​គ្មាន​ការ​នោះ​ចូល​ក៏ដោយ ប៉ុន្តែ​កំណើន នៃ​ការ​លួច​នាំចូល​សាច់​ជ្រូក​កក​ខូចគុណភាព​ខុសច្បាប់​ផ្សេងៗ​នៅតែ​កើតមាន និង​កាន់តែ​ច្រើនជាង​មុន ។ ពលរដ្ឋ​យល់​ថា ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​នៅ​តាម​ព្រំដែន ទើប​បរិមាណ​សាច់​កក​ខុសច្បាប់​ហូរ​ចូល​មក​កម្ពុជា​កាន់តែ​ច្រើន​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី ១២ ធ្នូ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ឃាត់​រ៉ឺម៉ក​ដឹក​សាច់​ជ្រូក​បង្កក​ចំនួន​៤០០​គីឡូក្រាម បម្រុង​យក​ទៅ​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ និង​ថ្ងៃទី ២១ ធ្នូ ឃាត់​រថយន្ត​ដឹក​ប្រហិត​នាំចូល​ខុសច្បាប់​ប្រមាណ​ជិត​៣​តោន​(២,៨០០​គីឡូក្រាម​)​ដែរ មកពី​ច្រក​អន្តរជាតិ​ភ្នំ​ដី ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង បម្រុង​យក​ទៅ​ចែក​ចាយ​នៅ​ខេត្ត​សៀមរាប។

ពលរដ្ឋ​ចិញ្ចឹម​ជ្រូក និង​សង្គម​ស៊ីវិល​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​សម្របសម្រួល​ដល់​កសិករ​ចិញ្ចឹម​ជ្រូក​ឱ្យ​ពួកគាត់​កាប់​ជ្រូក​លក់ និង​ផ្សព្វផ្សាយ​ដល់​អ្នក​កាប់​ជ្រូក និង​អ្នក​បរិភោគ​ជួយ​គាំទ្រ​សាច់​ជ្រូក​ក្នុង​ស្រុក ដើម្បី​លើកទឹកចិត្ត​ដល់​កសិករ​ចិញ្ចឹម​ជ្រូក​នៅ​បន្ត​មុខរបរ​នេះ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។