អ្នកវិភាគនយោបាយអន្តរជាតិយល់ថា ក្រៅពីរងផលប៉ះពាល់មកលើសេដ្ឋកិច្ចហើយនោះ កម្ពុជានឹងពិបាករៀបចំកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៥ ដោយសារទង្វើឈ្លានពានរបស់រុស្ស៊ី (Russia) ទៅលើប្រទេសអ៊ុយក្រែន (Ukraine)។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទទួលស្គាល់ថា កម្ពុជានឹងរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារវិបត្តិនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ខណៈលោកមិនគាំទ្រសហភាពអឺរ៉ុបក្នុងការផ្ដល់ទាហាន និងសព្វាវុធ ឲ្យអ៊ុយក្រែន បាញ់តទល់នឹងរុស្ស៊ីទេ។
លោក ហ៊ុន សែន ត្អូញត្អែរថា ក្នុងតួនាទីជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២២ មិនមែនជារឿងសាមញ្ញទេ ព្រោះបញ្ហាកើតឡើងជាបន្តបន្ទាប់ ទាំងជម្លោះដែនសមុទ្រចិនខាងត្បូង វិបត្តិនយោបាយនៅប្រទេសភូមា ឬមីយ៉ាន់ម៉ា (Myanmar) និងការបង្កើតសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ លោកក៏ព្រួយបារម្ភចំពោះសេដ្ឋកិច្ចកម្ពុជា ថានឹងអាចរងផលប៉ះពាល់នៅពេលខាងមុខ ប្រសិនបើសង្គ្រាមប្រទេសទាំង ២នេះ កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ថ្លែងចំពោះមុខអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធៀន (Wang Wentian) ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៣ ពីចោមចៅទៅខេត្តកំពត នៅព្រឹកថ្ងៃទី២ ខែមីនា លោក ហ៊ុន សែន លើកឡើងថា ការពង្រីកវិសាលភាពសង្គ្រាមពីរុស្ស៉ីច្បាំងជាមួយអ៊ុយក្រែន ទៅជាសង្គ្រាមរវាងរុស្ស៉ីជាមួយអឺរ៉ុប នឹងជះផលអវិជ្ជមានដល់ពិភពលោក ហើយក្នុងនោះកម្ពុជា ក៏ត្រូវរងគ្រោះផ្នែកសេដ្ឋកិច្ចដែរ ដោយសារតម្លៃប្រេងអន្តរជាតិឡើងថ្លៃ។
លោក ហ៊ុន សែន អះអាងថា កម្ពុជាមានជំហរកណ្ដាល។ តែលោកប្រកាសមិនគាំទ្រសហភាពអឺរ៉ុប ក្នុងការផ្ដល់ជំនួយផ្នែកសព្វាវុធឲ្យទៅប្រទេសអ៊ុយក្រែនទេ ដោយលោកចាត់ទុកថា ការផ្ដល់ជំនួយអាវុធឲ្យអ៊ុយក្រែនបាញ់តបតនឹងរុស្ស៊ីវិញ ជាការពង្រីកសង្គ្រាមឲ្យកាន់តែធំឡើង។ មេដឹកនាំរដ្ឋាភិបាលឯកបក្សរូបនេះ ផ្ដល់យោបល់ឲ្យរុស្ស៊ី និងអ៊ុយក្រែន ចូលតុចរចាគ្នាដោយសន្តិវិធី៖ «ពេលដែលបញ្ជូន ( អាវុធ និងទាហាន ) ទៅ សង្គ្រាមនេះនឹងផ្ទុះកាន់តែធំជាងមុនៗ។ ដោយសារតែពីដើមអ៊ុយក្រែនខ្វះអាវុធ ឥឡូវអ៊ុយក្រែនត្រូវសំបូរអាវុធ ដូច្នេះសង្គ្រាមនេះនឹងផ្ទុះឡើងខ្លាំងជាងមុន ព្រោះតម្រូវឲ្យរុស្ស៊ីត្រូវប្រើកម្លាំងខ្លាំងជាងមុន។ អ៊ីចឹង ! ទេ សង្គ្រាមនេះដូចឡើងពីមួយថ្ងៃទៅមួយថ្ងៃ ឡើងពីកម្រិតមួយទៅកម្រិតមួយ»។
ពាក់ព័ន្ធរឿងនេះដែរ ក្រុមអ្នកឃ្លាំមើលយល់ថា កម្ពុជានឹងត្រូវរងផលប៉ះពាល់ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចពីវិបត្តិសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែននេះ។ អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព (CICP) លោក វណ្ណ ប៊ុនណា មើលឃើញថា ខាងផ្នែកនយោបាយកម្ពុជានឹងត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៥ នៅក្រុងភ្នំពេញ ដូច្នេះនឹងមានសមាជិកអាស៊ានមួយចំនួនជំទាស់មិនឱ្យមានកិច្ចប្រជុំនេះ ព្រោះមិនពេញចិត្តទង្វើឈ្លានពានរបស់រុស្ស៊ី។
លោកបន្តថា ក្នុងករណីនេះ កម្ពុជាក៏ត្រូវបង្ហាញទំនោរទៅរកការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងធម្មនុញ្ញអាស៊ាន។ ទោះយ៉ាងណា លោកយល់ថា ដោយសារកម្ពុជា គឺជាប្រទេសតូច ដូច្នេះកម្ពុជាក៏អាចបង្ហាញការគាំទ្រ សម្រាប់ភាគីខាងប្រទេសតូចដែរ ដោយការថ្កោលទោសខ្លះៗ ចំពោះទង្វើណាដែលប្រទេសធំអនុវត្តខុសច្បាប់អន្តរជាតិ៖ «អ្វីដែលកម្ពុជា គួរប្រកាន់ខ្ជាប់ គឺគោរពឲ្យបាននូវគោលការណ៍ច្បាប់អន្តរជាតិ រដ្ឋធម្មនុញ្ញអាស៊ាន ក៏ដូចជារដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ»។
ចំណែកផ្នែកសេដ្ឋកិច្ចវិញ អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិរូបនេះអះអាងថា ចង់ឬមិនចង់ កម្ពុជានឹងត្រូវជួបវិបត្តិប្រេង និងអត្រាប្ដូរប្រាក់ពិភពលោកឡើងថ្លៃដូចប្រទេសដទៃទៀតដែរ។ លោកថា វិបត្តិផ្នែកសេដ្ឋកិច្ចនេះ កម្ពុជានឹងមិនអាចដោះស្រាយតែឯងរួចទេ គឺមានតែស៊ូទ្រាំលំបាកក្នុងគ្រានេះ។
ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ ព្រួយបារម្ភថា បន្ទុកទាំងអស់នេះ ចុងក្រោយនឹងត្រូវធ្លាក់លើពលរដ្ឋក្រីក្រ ដូចវិបត្តិជំងឺកូវីដ១៩ដែរ ព្រោះពលរដ្ឋក្រីក្រ គឺជាក្រុមដែលងាយនឹងធ្លាក់ក្នុងវិបត្តិគ្មានការងារធ្វើ និងគ្មានប្រាក់ចំណូល។ លោក វន់ ពៅ យល់ថា ស្ថានភាពចំពោះមុខ គឺរដ្ឋាភិបាលអាចដាក់ចេញគោលនយោបាយជួយសង្គម និងការបន្ធូរបន្ថយពន្ធនាំចូលលើតម្រូវការចាំបាច់មួយចំនួន ដើម្បីជួយសម្រួលបន្ទុកជីវភាពពលរដ្ឋ៖ «តែបើសិនជារដ្ឋគិតគូរ យកចិត្តទុកដាក់ទៅលើជីវភាពពលរដ្ឋ។ ខ្ញុំគិតថា រដ្ឋគួររៀបចំយន្តការធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋងើបឡើងវិញនៃការប្រកបមុខរបរអាជីវកម្មរបស់គាត់ ក្នុងស្ថានភាពនេះ ហើយរដ្ឋត្រូវរៀបចំកញ្ចប់ថវិកា និងការឧបត្ថម្ភពន្ធទៅដល់អាជីវកម្មខ្នាតតូច និងខ្នាតមធ្យមសម្រាប់អាជីវកម្មខ្មែរ»។
ជុំវិញរឿងសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែននេះដែរ កាលពីថ្ងៃទី១ ខែមីនា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក ហ្សាក់ ប៉ឺឡេត (Jacques Pellet) និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់នៅកម្ពុជាលោក គ្រីស្យង់ ប៊ែរហ្សេ (Christian Berger) បានប្រាប់រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាអ្នកស្រី សឿង រ័ត្នចាវី ថាតំណាងប្រទេសទាំង២ចង់ឃើញកម្ពុជាចូលរួមក្នុងចលនាអន្តរជាតិគាំទ្រអ៊ុយក្រែន និងថ្កោលទោសអំពើឈ្លានពានរបស់រុស្ស៊ី។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា ផ្សាយចេញក្រោយជំនួបនោះ មិនបានបញ្ជាក់ថា ភាគីកម្ពុជាឆ្លើយតបបែបណាទេ។
កាលពីថ្ងៃទី២៧ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្ដីថ្លែងការណ៍រួមគ្នា សម្ដែងក្ដីបារម្ភចំពោះការវិវត្តន៍នៃស្ថានការណ៍ប៉ះទង្គិចគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន។ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានបានស្នើសុំឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ខិតខំប្រឹងប្រែងសន្ទនា ទប់ស្កាត់ភាពតានតឹង ដើម្បីកុំឲ្យស្ថានការណ៍ប៉ះទង្គិចនេះវិវត្តន៍កាន់តែធំឡើងធ្វើឲ្យទប់ស្កាត់លែងបាន។
ទោះជាយ៉ាងណាក្ដី សេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន រួមទាំងលោក ហ៊ុន សែន ដែលមានទំនាក់ទំនងជិតដិតជាមួយរុស្ស៊ីផង មិនបានថ្កោលទោស និងហៅអំពើវាយប្រហាររបស់កងទ័ពរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនថា ជា «អំពើឈ្លានពាន» នោះទេ។ នៅក្នុងតំបន់អាស៊ាន មានតែប្រទេសសិង្ហបុរីមួយទេ ដែលបានចេញមុខមុនគេ ប្រកាសដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។