ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត មាន​ជីវភាព​កាន់​តែ​លំបាក​ដោយសារ​អាជ្ញាធរ​បិទ​ព្រំដែន​​យូរ​ពេក

ដោយ ហេង រស្មី
2021-07-12
Share
ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត មាន​ជីវភាព​កាន់​តែ​លំបាក​ដោយសារ​អាជ្ញាធរ​បិទ​ព្រំដែន​​យូរ​ពេក រូបភាព​ពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត នៅ​ភូមិ​ក្បាល​ស្ពាន១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថត​ថ្ងៃ​ទី១២ ខែកក្កដា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ជា​ច្រើន​គ្រួសារ​​មាន​ជីវភាព​កាន់​តែ​លំបាក​ ដោយសារ​​អាជ្ញាធរ​កម្ពុជា​និង​ថៃ​បិទ​ច្រក​ព្រំដែន​​​យូរ​ពេក​​ ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​។ ​ស្ថានភាព​បែប​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លះ ខិតខំ​​​ដើរ​រើស​អេតចាយ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​លក់​ស្ទើរ​​​រក​ប្រាក់​​មិន​គ្រប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។

ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​ក្រុង​ប៉ោយប៉ែត​ ថ្លែង​ថា មួយ​រយៈ​នេះ​ពួកគាត់​ដើរ​រើស​អេតចាយ​លក់​​រក​ប្រាក់​មិន​គ្រប់​ទិញ​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ​នោះ​ទេ ។បន្ថែម​​ពី​នេះ​​​អ្នក​រើស​អេតចាយ​កាន់​តែ​ច្រើន​ឡើង ដោយសារ​តែ​ពួកគាត់​អត់​ការងារ​ធ្វើ​និង​គ្មាន​ប្រាក់​ចំណូល​ដូចៗ គ្នា បណ្ដាល​មក​ពី​ការ​រាលដាល​ជំងឺ​កូវីដ១៩។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្បាល​ស្ពាន​មួយ​ សង្កាត់​ប៉ោយប៉ែត​ លោក​ អ៊ិត ស៊ីម ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១២​កក្កដា​ថា ​ចាប់​តាំង​ពី​អាជ្ញាធរ​កម្ពុជា​និង​ថៃ​បិទ​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​មក​ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់​នៅ​របស់​ពួកគាត់​។ បុរស​វ័យ​៦៣​ឆ្នាំ​រូប​នេះ​ បន្ត​ថា ​លោក​ប្រកប​របរ​ដើរ​រើស​អេត​ចាយ​​ជាង​មួយ​ឆ្នាំ​ហើយ ដោយសារ​អត់​ការងារ​បណ្ដាល​មក​ពី​វិបត្តិ​ជំងឺ​កូវីដ១៩។ លោក​បញ្ជាក់​ថា ​សព្វ​ថ្ងៃ​លោក​ដើរ​រើស​អេតចាយ​លក់​បាន​ប្រាក់​ប្រហែល​១ម៉ឺន (១០.០០០)ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ប្រាក់​ទាំង​នេះ​មិន​គ្រប់​​សម្រាប់​ទិញ​អង្ករ​ច្រក​ឆ្នាំ​នោះ​ទេ ​ពីព្រោះ​គ្រួសារ​របស់​លោក​មាន​សមាជិក ៦នាក់ អត់​ការងារ​ធ្វើ​ទាំង​អស់​គ្នា៖ «តាំង​ពី​បិទ​ព្រំដែន​មក​​មិន​ថា​អ្នក​ណា​ទេ​ ជា​ពិសេស​កម្មករ​អូស​រទេះ​ ទាំង​គេ​ទាំង​ខ្ញុំ​មួយ​ថ្ងៃ​ៗ​ ​អង្គុយ​រង់ចាំ​ឱ្យ​តែ​​បើក​ច្រក​ក្រែង​បាន​រក​ស៊ី​​វិញ​ បើ​ដូច​រាល់​​ដឹង​តែ​ពី​ដាច់​បាយ​ហើយ។ ដើរ​រើស​អេតចាយ​ហ្នឹង​​មួយ​ថ្ងៃ​ៗ​ហ្នឹង​ពពាក់ពពូន​គ្នា​ គ្រាន់​តែ​គេ​បោះ​កំប៉ុង​មួយ​ពីរ​ហ្នឹង​​ដណ្ដើម​​គ្នា​រើស​អីចឹង​ហ្មង។​អ្នក​ខ្លះ​អូស​កូន​អូស​អី​​ដើរ​រើស​ដើរ​អី​អីចឹង​ទៅ កូន​ដាក់​លើ​រទេះ​អីចឹង​ទៅ​ដើរ​អូស​ទៅ»

ដូច​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​នៅ​សង្កាត់​ប៉ោយប៉ែត​ម្នាក់​ទៀត លោក​ស្រី ហង្ស ឈួយ ​ថ្លែង​ថា ​លោក​ស្រី​និង​កូន​​២​របស់​គាត់​នាក់​ដើរ​រើស​អេតចាយ​លក់​​បាន​ប្រាក់​ជាង​១ម៉ឺន​រៀល (១០.០០០)​​ក្នុង​មួយ​ថ្ងៃ​​​ ពោល​គឺ​កាន់​តែ​ថត​ចុះ​ ដោយសារ​មួយ​រយៈ​​នេះ​មាន​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន​ដើរ​រើស​អេតចាយ​​ដែរ។ ​​ស្ត្រី​វ័យ​៥៣​ឆ្នាំ​រូប​នេះ​ បន្ត​ថា ​​ប្រាក់​ចំនួន​នេះ​មិន​គ្រប់​ដោះស្រាយ​ជីវភាព​នោះ​ទេ​ ព្រោះ​​គ្រួសារ​របស់​គាត់​មាន​​សមាជិក​៧​នាក់ ក្នុង​នោះ​មាន​កូន​តូច​​អាយុ​ក្រោយ​១០​ឆ្នាំ​ចំនួន​៣នាក់​ផង​។ លោក​ស្រី បញ្ជាក់​ថា ​​បើ​ទោះ​បី​ជា​គ្រួសារ​របស់​លោក​ស្រី​មាន​ជីវភាព​លំបាក​យ៉ាង​នេះ​ក្ដី ក៏​ពុំ​មាន​អាជ្ញាធរ​ណា​ផ្ដល់​ស្បៀងអាហារ​ដល់​លោក​ស្រី​នោះ​ទេ​ ។​លោក​ស្រី​ថា កន្លង​មក​មាន​អង្គការ​សប្បុរសជន​ក្នុង​ស្រុក​ និង​អង្គការ​សង្គម​ស៊ីវិល​បាន​ឧបត្ថម្ភ​អង្ករ ១៥គីឡូ​ក្រាម ទឹក​ត្រី​និង​ត្រីខ​មួយ​ចំនួន​​ដល់​គ្រួសារ​​គាត់​បាន​​ចំនួន​៣​ដង៖ «និយាយ​រួម​ទៅ​វា​អត់​បណ្ដោយ​ មិន​គ្រប់​ក៏​បាន​មួយ​ពេល​ៗ​គ្រាន់​ហូប​ដែរ​ បើ​ឈប់​បាន​អី​ហូប​បើ​យើង​អត់​មាន​ចំណូល​ផង។ ព្រឹក​ឡើង យើង​ទៅ​រាល់​តែ​ថ្ងៃ​ បើ​ក្ដៅ​ក៏​សម្រាក​ទៅ​ ពេល​ល្ងាច​ត្រជាក់​​បាន​រើស​ទៀត។ តែ​រើស​មិន​សូវ​បាន​ទេ ព្រោះ​អី​ទៅ​ថៃ​រក​អត់​បាន​ដែរ​ មិន​សូវ​មាន​អ្នក​ផឹក​​មិន​សូវ​មាន​អ្នក​ចោល​។តំបន់​ហ្នឹង​ពិបាក​ណាស់​បើ​ច្រក​បើក​ទៅ​ចេះ​តែ​អូស​រទេះ​អី​បាន​​ហូប​ បើ​ដល់​​អត់​បើក​ច្រក​អីចឹង​វា​អត់​បណ្ដោយ​ហ្នឹង»

អាស៊ី​សេរី​មិន​អាច​ទាក់​អភិបាល​ក្រុង​ប៉ោយប៉ែត​ លោក គាត ហ៊ុល និង​ចៅ​សង្កាត់​ប៉ោយប៉ែត​ លោក​ ភោគ លន ដើម្បី​​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១២ កក្កដា។

ប៉ុន្តែ​កន្លង​មក​លោក ភោគ លន មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​​ចុះ​ចែក​ស្បៀង​អាហារ​ជូន​ប្រជាពលរដ្ឋ ដែល​មាន​ជីវភាព​ខ្វះខាត​ជា​រៀង​ខែ។ បន្ថែម​ពី​នេះ​លោក​ថា អាជ្ញាធរ​នឹង​មិន​បណ្ដោយ​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​អត់​បាយ​ស្លាប់​ អំឡុង​ពេល​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ នោះ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធិ មានប្រសាសន៍​ថា ស្បៀង​អាហារ​ដែល​អាជ្ញាធរ​ចែក​ពលរដ្ឋ​នោះ​តិច​តួច​ ហើយ​មិន​បាន​គ្រប់​គ្នា​នោះ​ទេ។ លោក​បន្ត​ថា កម្មករ​អូស​រទេះ​និង អ្នក​រត់​ម៉ូតូឌុប ភាគ​ច្រើន​មិន​បាន​អំណោយ​ឧបត្ថម្ភ​ពី​អាជ្ញាធរ​ឡើយ ដោយសារ​ពួកគាត់​តែង​តវ៉ា​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ផ្សេងៗ របស់​ពួកគាត់​កន្លង​មក៖ «ការ​អះអាង​របស់​អាជ្ញាធរ​ហ្នឹង​ខ្ញុំ​សុំ​បដិសេធ ព្រោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​គាត់​អត់​បាន​ទទួល​ផង​ហ្នឹង​អត់​ដដែល​ហ្នឹង។ ខ្ញុំ​ទទួល​ស្គាល់​ការ​ខិត​ខំប្រឹង​របស់​អាជ្ញាធរ​មូលដ្ឋាន ប៉ុន្តែ​យើង​សង្កេត​ឃើញ​ថា ថវិកា​របស់​គាត់​ មាន​កម្រិត​ ហើយ​នៅ​តាម​មូលដ្ឋាន​មួយៗ អាជ្ញាធរ​គាត់​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង​ពាក់ព័ន្ធ​នឹង​ការ​ចែក​ស្បៀង​អាហារ​ហ្នឹង​ មិន​ដឹង​ថា មេឃុំ​អភិបាល​ក្រុង​ អភិបាល​ខេត្ត​ហ្នឹង​ រដ្ឋាភិបាល​ជួយ​គាត់​ប៉ុន្មាន​យើង​អត់​ដឹង​ទេ​ ប៉ុន្តែ​ចង់​និយាយ​ថា គាត់​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​នៅ​លើ​មូលដ្ឋាន​របស់​គាត់»

អាជ្ញាធរ​កម្ពុជា​និង​ថៃ​បាន​បិទ​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ចាប់​តាំង​ពី​ខែ​មីនា​ឆ្នាំ២០២០ មក ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ហើយ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​បើក​ដំណើរ​ឡើង​វិញ​នៅ​ឡើយ​ទេ។ ការ​បិទ​ច្រក​ព្រំដែន​រយៈ​ពេល​ជាង​១​ឆ្នាំ​មក​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ ធ្វើ​ឱ្យ​បាត់​បង់​ប្រាក់​ចំណូល​ទាំង​ស្រុង​។ មន្ត្រី​សង្គម​ស៊ីវិល​លោក ឌិន ពុទ្ធី ប្រាប់​ថា​ សព្វ​ថ្ងៃ​​​​មាន​អ្នក​រត់​ម៉ូតូ​ឌុប​ កម្មករ​អូស​រទេះ បុគ្គល​កាស៊ីណូ និង​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុងក្លឿ​ប្រទេស​ថៃ​​​ជា​ច្រើន​នាក់ នាំគ្នា​ដើរ​រើស​អេតចាយ និង​ខ្លះ​ទៀត​ធ្វើ​ការ​ជា​កម្មករ​សំណង់ ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល