ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាច្រើនគ្រួសារមានជីវភាពកាន់តែលំបាក ដោយសារអាជ្ញាធរកម្ពុជានិងថៃបិទច្រកព្រំដែនយូរពេក ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ ស្ថានភាពបែបនេះធ្វើឱ្យពលរដ្ឋខ្លះ ខិតខំដើររើសអេតចាយទាំងយប់ទាំងថ្ងៃ ដើម្បីលក់ស្ទើររកប្រាក់មិនគ្រប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
ប្រជាពលរដ្ឋនៅតំបន់ព្រំដែនក្រុងប៉ោយប៉ែត ថ្លែងថា មួយរយៈនេះពួកគាត់ដើររើសអេតចាយលក់រកប្រាក់មិនគ្រប់ទិញអាហារហូបចុកប្រចាំថ្ងៃនោះទេ ។បន្ថែមពីនេះអ្នករើសអេតចាយកាន់តែច្រើនឡើង ដោយសារតែពួកគាត់អត់ការងារធ្វើនិងគ្មានប្រាក់ចំណូលដូចៗ គ្នា បណ្ដាលមកពីការរាលដាលជំងឺកូវីដ១៩។
ប្រជាពលរដ្ឋនៅភូមិក្បាលស្ពានមួយ សង្កាត់ប៉ោយប៉ែត លោក អ៊ិត ស៊ីម ប្រាប់អាស៊ីសេរីនៅថ្ងៃទី១២កក្កដាថា ចាប់តាំងពីអាជ្ញាធរកម្ពុជានិងថៃបិទច្រកទ្វារព្រំដែនប្រទេសមក បានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពួកគាត់។ បុរសវ័យ៦៣ឆ្នាំរូបនេះ បន្តថា លោកប្រកបរបរដើររើសអេតចាយជាងមួយឆ្នាំហើយ ដោយសារអត់ការងារបណ្ដាលមកពីវិបត្តិជំងឺកូវីដ១៩។ លោកបញ្ជាក់ថា សព្វថ្ងៃលោកដើររើសអេតចាយលក់បានប្រាក់ប្រហែល១ម៉ឺន (១០.០០០)ក្នុងមួយថ្ងៃ ប៉ុន្តែប្រាក់ទាំងនេះមិនគ្រប់សម្រាប់ទិញអង្ករច្រកឆ្នាំនោះទេ ពីព្រោះគ្រួសាររបស់លោកមានសមាជិក ៦នាក់ អត់ការងារធ្វើទាំងអស់គ្នា៖ «តាំងពីបិទព្រំដែនមកមិនថាអ្នកណាទេ ជាពិសេសកម្មករអូសរទេះ ទាំងគេទាំងខ្ញុំមួយថ្ងៃៗ អង្គុយរង់ចាំឱ្យតែបើកច្រកក្រែងបានរកស៊ីវិញ បើដូចរាល់ដឹងតែពីដាច់បាយហើយ។ ដើររើសអេតចាយហ្នឹងមួយថ្ងៃៗហ្នឹងពពាក់ពពូនគ្នា គ្រាន់តែគេបោះកំប៉ុងមួយពីរហ្នឹងដណ្ដើមគ្នារើសអីចឹងហ្មង។អ្នកខ្លះអូសកូនអូសអីដើររើសដើរអីអីចឹងទៅ កូនដាក់លើរទេះអីចឹងទៅដើរអូសទៅ » ។
ដូចគ្នានេះដែរ ប្រជាពលរដ្ឋនៅសង្កាត់ប៉ោយប៉ែតម្នាក់ទៀត លោកស្រី ហង្ស ឈួយ ថ្លែងថា លោកស្រីនិងកូន២របស់គាត់នាក់ដើររើសអេតចាយលក់បានប្រាក់ជាង១ម៉ឺនរៀល (១០.០០០)ក្នុងមួយថ្ងៃ ពោលគឺកាន់តែថតចុះ ដោយសារមួយរយៈនេះមានប្រជាពលរដ្ឋកាន់តែច្រើនដើររើសអេតចាយដែរ។ ស្ត្រីវ័យ៥៣ឆ្នាំរូបនេះ បន្តថា ប្រាក់ចំនួននេះមិនគ្រប់ដោះស្រាយជីវភាពនោះទេ ព្រោះគ្រួសាររបស់គាត់មានសមាជិក៧នាក់ ក្នុងនោះមានកូនតូចអាយុក្រោយ១០ឆ្នាំចំនួន៣នាក់ផង។ លោកស្រី បញ្ជាក់ថា បើទោះបីជាគ្រួសាររបស់លោកស្រីមានជីវភាពលំបាកយ៉ាងនេះក្ដី ក៏ពុំមានអាជ្ញាធរណាផ្ដល់ស្បៀងអាហារដល់លោកស្រីនោះទេ ។លោកស្រីថា កន្លងមកមានអង្គការសប្បុរសជនក្នុងស្រុក និងអង្គការសង្គមស៊ីវិលបានឧបត្ថម្ភអង្ករ ១៥គីឡូក្រាម ទឹកត្រីនិងត្រីខមួយចំនួនដល់គ្រួសារគាត់បានចំនួន៣ដង៖ «និយាយរួមទៅវាអត់បណ្ដោយ មិនគ្រប់ក៏បានមួយពេលៗគ្រាន់ហូបដែរ បើឈប់បានអីហូបបើយើងអត់មានចំណូលផង។ ព្រឹកឡើង យើងទៅរាល់តែថ្ងៃ បើក្ដៅក៏សម្រាកទៅ ពេលល្ងាចត្រជាក់បានរើសទៀត។ តែរើសមិនសូវបានទេ ព្រោះអីទៅថៃរកអត់បានដែរ មិនសូវមានអ្នកផឹកមិនសូវមានអ្នកចោល។តំបន់ហ្នឹងពិបាកណាស់បើច្រកបើកទៅចេះតែអូសរទេះអីបានហូប បើដល់អត់បើកច្រកអីចឹងវាអត់បណ្ដោយហ្នឹង » ។
អាស៊ីសេរីមិនអាចទាក់អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល និងចៅសង្កាត់ប៉ោយប៉ែត លោក ភោគ លន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១២ កក្កដា។
ប៉ុន្តែកន្លងមកលោក ភោគ លន មានប្រសាសន៍ថា អាជ្ញាធរបានចុះចែកស្បៀងអាហារជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតជារៀងខែ។ បន្ថែមពីនេះលោកថា អាជ្ញាធរនឹងមិនបណ្ដោយឱ្យប្រជាពលរដ្ឋណាម្នាក់អត់បាយស្លាប់ អំឡុងពេលការរាតត្បាតជំងឺកូវីដ១៩ នោះឡើយ។
ទោះជាយ៉ាងណា ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធិ មានប្រសាសន៍ថា ស្បៀងអាហារដែលអាជ្ញាធរចែកពលរដ្ឋនោះតិចតួច ហើយមិនបានគ្រប់គ្នានោះទេ។ លោកបន្តថា កម្មករអូសរទេះនិង អ្នករត់ម៉ូតូឌុប ភាគច្រើនមិនបានអំណោយឧបត្ថម្ភពីអាជ្ញាធរឡើយ ដោយសារពួកគាត់តែងតវ៉ាទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាផ្សេងៗ របស់ពួកគាត់កន្លងមក៖ «ការអះអាងរបស់អាជ្ញាធរហ្នឹងខ្ញុំសុំបដិសេធ ព្រោះប្រជាពលរដ្ឋមួយចំនួនគាត់អត់បានទទួលផងហ្នឹងអត់ដដែលហ្នឹង។ ខ្ញុំទទួលស្គាល់ការខិតខំប្រឹងរបស់អាជ្ញាធរមូលដ្ឋាន ប៉ុន្តែយើងសង្កេតឃើញថា ថវិការបស់គាត់ មានកម្រិត ហើយនៅតាមមូលដ្ឋានមួយៗ អាជ្ញាធរគាត់ទទួលខុសត្រូវខ្លួនឯងពាក់ព័ន្ធនឹងការចែកស្បៀងអាហារហ្នឹង មិនដឹងថា មេឃុំអភិបាលក្រុង អភិបាលខេត្តហ្នឹង រដ្ឋាភិបាលជួយគាត់ប៉ុន្មានយើងអត់ដឹងទេ ប៉ុន្តែចង់និយាយថា គាត់ជាអ្នកទទួលខុសត្រូវទាំងស្រុងនៅលើមូលដ្ឋានរបស់គាត់ » ។
អាជ្ញាធរកម្ពុជានិងថៃបានបិទច្រកទ្វារព្រំដែនប្រទេសទាំងពីរចាប់តាំងពីខែមីនាឆ្នាំ២០២០ មក ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ហើយរហូតមកដល់ពេលនេះមិនទាន់បើកដំណើរឡើងវិញនៅឡើយទេ។ ការបិទច្រកព្រំដែនរយៈពេលជាង១ឆ្នាំមកនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ធ្វើឱ្យបាត់បង់ប្រាក់ចំណូលទាំងស្រុង។ មន្ត្រីសង្គមស៊ីវិលលោក ឌិន ពុទ្ធី ប្រាប់ថា សព្វថ្ងៃមានអ្នករត់ម៉ូតូឌុប កម្មករអូសរទេះ បុគ្គលកាស៊ីណូ និងអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿប្រទេសថៃជាច្រើននាក់ នាំគ្នាដើររើសអេតចាយ និងខ្លះទៀតធ្វើការជាកម្មករសំណង់ ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។