សង្គម​ស៊ីវិល​ចង់​ឱ្យ​ក្រសួង​មួយ​ចំនួន​អាច​ទទួល​បាន​ថវិកា​ជាតិ​ខ្ពស់​ក្នុង​ការ​ចាយ​វាយ​ប្រចាំ​ឆ្នាំ

សង្គម​ស៊ីវិល​ចង់​ឱ្យ​រដ្ឋាភិបាល​បង្កើន​ចំនួន​ក្រសួង​មួយ​ចំនួន​ទៀត​ចូល​ក្នុង​ចង្កោម​អាទិភាព​ដែល​ត្រូវ​ទទួល​បាន​ថវិកាជាតិ​ខ្ពស់​ក្នុង​ការចាយវាយ​ប្រចាំ​ឆ្នាំ។

ក្រសួង​ដែល​រដ្ឋាភិបាល មិនទាន់​រាប់បញ្ចូល​ក្នុង​វិស័យ​អាទិភាព​នោះ រួមមាន ក្រសួង​កសិកម្ម អភិវឌ្ឍន៍​ជនបទ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​ក្រសួង​មួយ​ចំនួន​ទៀត ក្នុងចំណោម​ក្រសួង ស្ថាប័ន​រដ្ឋ​ចំនួន​៣៩។

ក្រៅ​ពី​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន បង្ហាញ​តម្លាភាព ក្នុង​ការ​ចាយវាយ​ថវិកាជាតិ ដែល​បាន​ដំឡើង​រហូតដល់​ចំនួន​ជាង​៨​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០២០​ខាងមុខនេះ​ឱ្យ​មាន​តម្លាភាព និង​គួរតែ​ទម្លាក់​ថវិកា​ទាំងនេះ ទៅដល់​ថ្នាក់ក្រោម​ជាតិ ឬ​ថ្នាក់​មូលដ្ឋាន​ឱ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​កត់សម្គាល់​ថា ថវិកាជាតិ​ឆ្នាំ​ថ្មី ឆ្នាំ​២០២០ មានការ​កើន​ឡើង​ច្រើនជាង​បណ្ដា​ឆ្នាំ​មុនៗ​គួរ​ឱ្យ​កត់សម្គាល់។

គម្រោង​ចំណាយ​ថវិកាជាតិ​ឆ្នាំ​ថ្មី​មាន​ចំនួន​ដល់​ទៅ​ជាង ៨​ពាន់​លាន​ដុល្លារ គឺ​កើន​ឡើង​ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​ថវិកា​ឆ្នាំ​២០១៩។

ប៉ុន្តែ ថវិកា​នេះ​នៅ​ផ្ដុំ​គ្នា​ច្រើន​ត្រឹមតែ​ក្រសួង​មួយ​ចំនួន ដែល​មិន​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​កសិករ​ដែល​ជា​ប្រជាពលរដ្ឋ​ថ្នាក់​ក្រោម​នោះ​ឡើយ។

ក្រសួង​ពីរ​ដែល​ត្រូវ​បាន​បង្កើន​ថវិកា​ច្រើន​ជាង​គេ គឺ​ក្រសួង​ការពារជាតិ និង​ក្រសួងមហាផ្ទៃ បាន​ទទួល​ទឹកប្រាក់​ចំណាយ​ខ្ពស់​ប្រមាណ ៣​ដង​បើ​ប្រៀបធៀប នឹង​ក្រសួង​កសិកម្ម និង​ក្រសួង​អភិវឌ្ឍ​ជនបទ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា ក្រសួង​មួយ​ចំនួន​ស្ទើរ​លែង​ជា​ចំណុច​អាទិភាព​ទៀតហើយ​រហូត​មក​ដល់​ពេលនេះ ដូចជា​ក្រសួង​ការពារជាតិ​ជាដើម​៖ «វិស័យ​ការពារ​ជាតិ ខ្ញុំ​គិត​ថា មិន​ត្រូវជា​វិស័យ​ត្រូវ​យកចិត្តទុកដាក់​ពេក​នោះ​ទេ ព្រោះ​ការ​ដាក់​វិស័យ​ការពារ​ជាតិ​ជា​វិស័យ​អាទិភាព​មាន​ប៉ុន្មាន​ឆ្នាំ​រួច​មក​ហើយ អ៊ីចឹង​ឆ្នាំក្រោយៗ​គួរ​ពិចារណា​ដាក់​វិស័យ​នេះ​ក្នុង​ចង្កោម​អាទិភាព ហើយ​វិស័យ​កសិកម្ម​គួរតែ​ពិចារណា​ដាក់​ក្នុង​វិស័យ​អាទិភាព»។

លោក​ថា វិស័យ​កសិកម្ម ជា​វិស័យ​មួយ​ដែល​នៅ​ជាប់​ផ្ទាល់​នឹង​កសិករ​និង​រកប្រាក់​ចំណូល​ជូន​សង្គម​គ្រួសារ​ពួកគាត់ និង​ចំណូល​ថវិកាជាតិ គួរ​ចាត់ទុកជា​វិស័យ​អាទិភាព បន្ទាប់ពី​វិស័យ​សុខាភិបាល អប់រំ និង​សង្គមកិច្ច​។​

លោក​យល់ថា នៅ​ពេល​រដ្ឋាភិបាល​ពង្រឹង​ក្បាលម៉ាស៊ីន​ផ្នែក​វិស័យ​កសិកម្ម​ឱ្យ​រឹងមាំ​ជីវភាព​ប្រជាពលរដ្ឋ ផលិតផល​កសិកម្ម​នឹង​ទទួល​បាន​ភាព​ប្រសើរ​ឡើង ពីព្រោះ​បច្ចុប្បន្ន ជីវភាព​របស់​កសិករ នៅ​ជួប​ការ​លំបាក​ខ្លាំង ហើយ​ការ​ជួយ​ជ្រោមជ្រែង​លើ​ផ្នែក​ខាង​បច្ចេកទេស ការ​ទំនុកបម្រុង​ដើមទុន​ជូន​ពួកគាត់ នៅ​មាន​កម្រិត​ទាប ហើយ​ផលិតផល​កសិកម្ម​នៅ​មាន​ការ​នាំចូល​ច្រើន​ពី​ក្រៅ​ប្រទេស។

ព្រឹទ្ធសភា​របប​ក្រុងភ្នំពេញ​កាលពី​ថ្ងៃ​ទី​៩ ធ្នូ បាន​អនុម័ត​ទាំងស្រុង​លើ​សេចក្តី​ព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ​២០២០ ដោយ​គ្មាន​ការ​កែប្រែ តាំង​ពី​រដ្ឋសភា​មក។

របាយការណ៍​សង្ខេប​ប្រតិបត្តិ​នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ថា វិស័យ​ចំនួន​៤ គឺ​វិស័យ​រដ្ឋបាល​ទូទៅ វិស័យ​ការពារ​ជាតិ​- សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ សង្គមកិច្ច និង សេដ្ឋកិច្ច ដែល​រួមមាន​ក្រសួង​ចំនួន​៥ បាន​ទទួល​ចំណែក​ទឹកប្រាក់​សម្រាប់​ចំណាយ​កើន​ខ្ពស់​ជាងគេ។

ក្នុង​នោះ​ក្រសួង​ការពារ​ជាតិ ទទួល​បាន​ទឹកប្រាក់​ជាង ៦២៣​លាន​ដុល្លារ។ ក្រសួង​មហាផ្ទៃ​ទទួល​បាន​ទឹកប្រាក់​ជាង ៥​រយ​លាន ដុល្លារ (៥១២​លាន​ដុល្លារ)។ ក្រសួង​អប់រំ យុវជន និង​កីឡា ទទួល​បាន​ទឹកប្រាក់​ជាង ៩​រយ​លាន​ដុល្លារ (៩១៩​លាន​ដុល្លារ)។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទទួល​បាន​ទឹកប្រាក់​ជិត ៨​រយ​លាន​ដុល្លារ (៧៩១​លាន​ដុល្លារ) ក្រសួង​សុខាភិបាល ទទួល​បាន​ទឹកប្រាក់​ជាង ៥​រយ​លាន​ដុល្លារ (៥១៧​លាន​ដុល្លារ)។ ចំណែក​ក្រសួង​កសិកម្ម និង​ក្រសួង​អភិវឌ្ឍ​ជនបទ​ដែល​រដ្ឋាភិបាល​ភ្នំពេញ​មិនទាន់​ចាត់​ចូល​ក្នុង​វិស័យ​អាទិភាព​ចម្បង​នោះ គឺ​មាន​ទឹកប្រាក់​ចំណាយ​តិច​ជាង​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​មហាផ្ទៃ​បី​ដង។ ឧទាហរណ៍​៖ ក្រសួង​កសិកម្ម ទទួល​បាន​ទឹកប្រាក់ ប្រមាណ ១៥៣​លាន​ដុល្លារ។

ចំណែក ក្រសួង​អភិវឌ្ឍ​ជនបទ ដែល​ពាក់ព័ន្ធ នឹង​ការរស់នៅ​របស់​កសិករ​ដែរ​នោះ ទទួល​បាន​ទឹកប្រាក់​ប្រមាណ ១៦៤​លាន​ដុល្លារ។

ទន្ទឹម​នឹង​ការ​បង្កើន​ការ​ចំណាយ​លើ​ថវិកាជាតិ​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​គ្រោង​បង្កើន​ការខ្ចី​បំណុល​បរទេស​ជិត ២​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ដែរ ដើម្បី​យក​មក​បង្គ្រប់​ការ​ចំណាយ​នេះ ស្រប​ពេល​កម្ពុជា​កំពុង​ជំពាក់​បំណុល​បរទេស​ជាង ៧​ពាន់​លាន​ដុល្លារ​អាមេរិក។

ប្រធាន​សម្ព័ន្ធ​សមាគម​កសិករ​កម្ពុជា (CCFC) លោក ថេង សារឿន មាន​ប្រសាសន៍​ថា ការ​ដែល​រដ្ឋាភិបាល​មាន​ទឹក​គ្រប់គ្រាន់​នៅ​ក្នុង​ដៃ ក្នុង​ការ​ដំឡើង​លើ​គម្រោង​ចំណាយ​របស់​ខ្លួន​ជា​ការ​ល្អ​ម្យ៉ាង ប៉ុន្តែ​រឿង​សំខាន់ គឺ​ថា តើ​ការ​ចំណាយ​នោះ​ចំ​គោលដៅ ឬ​អត់ តើ​ថវិកា​នោះ​ចំណាយ​សម្រាប់​អភិវឌ្ឍ​ផ្ដល់​ជា​ប្រយោជន៍​ដល់​កសិករ​ពិតប្រាកដ​ដែរ​ឬទេ​..? ឬក៏​ទឹកប្រាក់​នោះ​សម្រាប់​បម្រើ​តែ​ផល​យោជន៍​របស់​មន្ត្រី​ថ្នាក់​លើ?

ចំណុច​ទាំងនេះ គឺ​ជា​ក្តី​កង្វល់​របស់​ក្រុម​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ជនបទ​។​

​លោក​បន្ត​ថា សម្រាប់​លោក​វិស័យ​កសិកម្ម គួរតែ​ជា​វិស័យ​អាទិភាព​ចម្បង​មួយ ដែល​រដ្ឋាភិបាល​ត្រូវតែ​យកចិត្តទុកដាក់​ខ្លាំង ដោយ​ត្រូវ​បង្កើន​ថវិកា​ឱ្យ​បាន​ខ្ពស់​ដូច​វិស័យ​សំខាន់​ដទៃ​ទៀត​ដែរ ហើយ​ធ្វើ​ម៉េច​គ្រប់គ្រង​ការចាយវាយ​ថវិកា​នោះ​ឱ្យ​មាន​តម្លាភាព មាន​លំហូរ​ធ្លាក់​ដល់ដៃ​កសិករ ឬ​ធ្វើ​អ្វី​ដែល​ផ្ដល់​ប្រយោជន៍​ជូន​ដល់​ពួកគាត់​ផ្ទាល់ ដូច​ការ​កសាង​ហេដ្ឋារចនាសម្ព័ន​សម្រាប់​បម្រើ​ដល់​ការ​ធ្វើ​កសិកម្ម រួមមាន​ប្រព័ន្ធ​ធារាសាស្ត្រ បច្ចេកទេស ដើមទុន និង​បំពេញ​តម្រូវការ​ផ្សេងៗ​ដែល​ជា​តម្រូវការ​អាទិ​ភាព​របស់​ពួកគាត់​៖ «ចង់​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដំឡើង​ថវិកា​ឱ្យ​បាន​ច្រើន​លើ​វិស័យ​កសិកម្ម​ដើម្បី​បំពេញ​តម្រូវការ​របស់​កសិករ ប៉ុន្តែ​បើ​រដ្ឋាភិបាល​មិនបាន​គិតគូរ​ចាត់​អាទិភាព​លើ​វិស័យ​នេះ​ទេ ខ្ញុំ​គិត​ថា ការបែងចែក​ថវិកាជាតិ​នៅតែ​មាន​ភាព​លំអៀង​ទៅលើ​វិស័យ​ម្ខាងៗ ហើយ​គិត​ពី​បញ្ហា​សុខទុក្ខ​ប្រជាពលរដ្ឋ​ថ្នាក់​មូលដ្ឋាន​នៅ​មានកម្រិត​ទាប»។

លោក​បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ រដ្ឋាភិបាល​គួរតែ​បង្កើន​ថវិកា​ឱ្យ​បាន​ក្នុង​រង្វង់​ពី ១​ពាន់​លាន ទៅ ២​ពាន់​លាន​ដុល្លារ សម្រាប់​ក្រសួង​កសិកម្ម និង​ក្រសួង​ពាក់ព័ន្ធ​ដទៃ​ផ្សេងទៀត​ទើប​អាច​មាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​មុខ​របស់​កសិករ​បាន​ក្នុង​ពេល​បច្ចុប្បន្ន៖ «ជាពិសេស​អ្នក​ក្រីក្រ​ដែល​ពុំ​មាន​លទ្ធភាព​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត​បាន ហើយ​សព្វថ្ងៃ​ពួកគាត់​រស់នៅ​ក្នុង​ស្ថានភាព​លំបាក​វេទនា​រក​មួយ​ថ្ងៃ​រស់​មួយថ្ងៃ»។

អ្នកនាំពាក្យ​រដ្ឋាភិបាល​គឺ លោក ផៃ ស៊ីផាន ពន្យល់​ថា ការដំឡើង​ថវិកា​ឆ្នាំ​២០២០​ទៅ​ក្រសួង​មួយ​ចំនួន​មាន​ចំនួន​នោះ ដោយសារ​ក្រសួង​ទាំងនោះ​ជា​ក្រសួង​អាទិភាព​ចម្បង ឈរ​លើ​ការ​កសាង​ធនធាន​មនុស្ស ដើម្បី​ត្រៀមលក្ខណៈ​ចូល​ទៅ​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​៤ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ដែល​ចំ​បាច់ ស្រប​តាម​នយោបាយ​ចតុកោណ។ លោក​បន្ត​ថា ចំពោះ​វិស័យ​កសិកម្ម គឺ​ស្ថិត​នៅ​ក្នុង​ចង្កោម អាទិភាព​ទី​២ ដែល​មាន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​នៅ​ជំហាន​បន្ទាប់៖ «ដូច្នេះ​មិន​បាន​ន័យ​ថា យើង​បោះបង់ចោល​វិស័យ​កសិកម្ម​នោះ​ទេ ដូច​ថ្មីៗ​នេះ​សម្ដេច​បាន​ទម្លាក់​លុយ​ដើម្បី​សម្រួល​ដល់​ការ​ធ្លាក់​ថ្លៃ​ស្រូវ»

ទោះជា​យ៉ាងណា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​របប​ក្រុងភ្នំពេញ​រំលាយ​ចោល និង​អ្នកឃ្លាំមើល​សង្គម​យល់ឃើញ​ប្រហាក់ប្រហែល​គ្នា​ថា គម្រោង​ចំណាយ​របស់​រដ្ឋ​ជា​រៀងរាល់​ឆ្នាំ ធ្វើឡើង​ដោយ​ខ្វះ​តម្លាភាព ហើយ​ទំនងជា​មួយ​ផ្នែក​ត្រូវ​បាត់​ដោយសារ​អំពើពុករលួយ ជាពិសេស​នៅ​ពេល​កម្ពុជា​គ្រប់គ្រង​ដោយ​របប​ឯក​បក្ស ដែល​រាល់​ការសម្រេចចិត្ត​ស្ថិត​នៅ​លើ​កណ្តាប់​ដៃ​លោក ហ៊ុន សែន។

ចំណែក បណ្ឌិត យ៉ង សាំងកុមារ អ្នក​ជំនាញ​កសិកម្ម និង​ជា​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ឬ​ហៅថា អង្គការ​សេដាក (CEDAC) នៅតែ​ចាត់​ទុក​កសិកម្ម​ជា​វិស័យ​អាទិភាព​មួយ ដែល​អាច​ជួយ​អភិវឌ្ឍ​ជាតិ បាន​ទូលំទូលាយ លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ កាត់បន្ថយ​ភាព​ក្រីក្រ រក្សា​សន្តិសុខ​ស្បៀង​ឱ្យ​មាន​និរន្ត​ភាព និង​សេដ្ឋកិច្ច។

ប៉ុន្តែ​លោក​ថា ជា​អកុសល វិស័យ​កសិកម្ម ពិបាក​នឹង​ដើរ​លឿន​ទៅមុខ​បាន​ដោយ ដោយសារ​ខ្វះ​ការ​យកចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល ខ្ទង់​ថវិកាជាតិ​ដែល​បែងចែក​សម្រាប់​វិស័យ​នេះ​ទោះ​តិច​ក្តី​ច្រើន​ក្តី គឺ​ស្ទាក់​នៅ​ត្រឹមតែ​ថ្នាក់លើ ប្រមាណ​ជា​៨០% ដូច្នេះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ថវិកាជាតិ​នៅសល់​តិចតួច​ណាស់​ដែល​ធ្លាក់​ដល់​មូលដ្ឋាន​សម្រាប់​អភិវឌ្ឍ​៖ «អ៊ីចឹង​ហើយ​បាន​យើង​ទាមទារ​ឱ្យ​មាន​មន្ត្រី​កសិកម្ម គ្រូ​កសិកម្ម​ល្អ​ចុះ​ជួយ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ ឃុំ ខ្ញុំ​គណនា​ទៅ​យើង​ត្រូវការ​ពួកគាត់​រហូតដល់ ៥​ពាន់​នាក់ និង​ត្រូវ​ចំណាយ​ចន្លោះ​ពី​៣០ ទៅ ៥០​លាន​ដុល្លារ»។

លោក​ផ្ដល់​យោបល់​ថា ដើម្បី​អភិវឌ្ឍ​ទៅ​បាន រដ្ឋ​ត្រូវ​ប្រើប្រាស់​ថវិកាជាតិ ឬ​ថវិកា​ផ្សេងទៀត​ទម្លាក់​ទៅ​មូលដ្ឋាន ដើម្បី​បង្កើត​ឥណទាន កសិកម្ម ដែល​ផ្ដល់​ប្រាក់កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​សម្រាប់​កសិករ​តូចតាច​មានលទ្ធភាព​ខ្ចី​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ​ចំ​បាច់​ក្នុង​របរ​កសិកម្ម។ ក្នុង​នោះ​ដែរ លោក​ក៏​ធ្លាប់​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​ទម្លាក់​ថវិកាជាតិ​ប្រមាណ​២៥ភាគរយ ដល់​ថ្នាក់​មូលដ្ឋាន ភូមិ ឃុំ ឬ មួយ ឃុំ ចំនួន ១​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក ធារាសាស្ត្រ បញ្ហា​បច្ចេកទេស​កសិកម្ម និង​បញ្ហា​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត៖ «ជារួម​ទី​១ យើង​មើល​តាម​វិស័យ ហើយ​ទី​២ យើង​ធ្វើ​វិមជ្ឈការ​ពីលើ​ទៅ​ក្រោម​ឱ្យ​បាន​ច្រើន ទន្ទឹម​ហ្នឹង​យើង​ទាមទារ​ឱ្យ​មានការ​ពង្រឹង​សមត្ថភាព​គ្រប់គ្រង​ប្រើប្រាស់​ថវិកា​តាមដាន​វាយតម្លៃ​លើ​ការចាយវាយ​ថវិកា ហើយ​អាជ្ញាធរ​មូលដ្ឋាន ថ្នាក់ ភូមិ ឃុំ ស្រុក គាត់​មាន​ធនធាន មាន​សមត្ថភាព និង​សេរីភាព​ក្នុង​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ថវិកាជាតិ​នេះ​បាន​ត្រឹមត្រូវ»។

រដ្ឋាភិបាល​ភ្នំពេញ​នៅ​ក្នុង​ឆ្នាំ ២០១៩ បាន​កំណត់​ចំណាយ​ប្រមាណ ៦.៧០០​លាន​ដុល្លារ (២៧.១៦៤.៩៩៦​លាន​រៀល) សម្រាប់​ការ​ចំណាយ​ទូទៅ​របស់​រដ្ឋ ហើយ​សម្រាប់​គម្រោង​ថវិកា​សរុប​សម្រាប់​ឆ្នាំ​២០២០ គឺ​ជាង​៨​ពាន់​លាន​ដុល្លារ គឺ​កើន​ឡើង​ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិក​បើ​ធៀប​នឹង​ថវិកា​ឆ្នាំ​២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។