នាវា​ចិន​ចំនួន​៧ បាន​ដឹក​វត្ថុធាតុដើម​ចូល​មក​កំពង់ផែ​ក្រុង​ព្រះសីហនុ ដើម្បី​បំពេញ​ផលិតកម្ម

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា អះអាង​ថា នាវា​ដឹក​វត្ថុធាតុដើម​ចំនួន ៧ សម្រាប់​ផ្គត់ផ្គង់​ដល់​រោងចក្រ​កាត់ដេរ​ដែល​កំពុង​ប្រឈមមុខ​ខ្វះខាត បាន​មកដល់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​​ជា​​បន្តបន្ទាប់។ មន្ត្រី​សហជីព​និយាយ​ថា វត្ថុធាតុដើម​ទាំងនេះ​ពុំ​អាច​បំពេញ​តម្រូវការ​តាម​រោងចក្រ​បានទេ។

អគ្គនាយក​គយ និង​រដ្ឋាករ លោក គុណ ញឹម ប្រាប់​អាស៊ីសេរី​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​៩ រហូតដល់​ថ្ងៃ​ទី​១១ មីនា មាន​នាវា​ដឹក​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​ចំនួន​៥ បាន​មកដល់​កំពង់ផែ​ក្រុងព្រះសីហនុ និង​ពីរ​នាវា​ទៀត​បាន​ចូល​ចត​នៅ​ក្នុង​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម ហើយ​គ្រោង​នឹង​ដឹកជញ្ជូន​តាម​ផ្លូវ​គោក​ចូល​មក​ប្រទេស​កម្ពុជា​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ខេត្ត​ស្វាយរៀង។

លោក​បញ្ជាក់​ថា នាវា ទាំង​៧ នេះ​បាន​ដឹក​កុងតឺន័រ​សរុប​ទាំងអស់​ចំនួន ៧៤៩ទូ សម្រាប់​ផ្គត់ផ្គង់​វត្ថុធាតុដើម​ដល់​បណ្ដា​រោងចក្រ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា៖ «ហ្នឹង​មាន​បន្តបន្ទាប់​ទៀត​គ្រាន់តែ​ថា​នេះ​ជា​ជំហាន​ចាប់ផ្ដើម​មក​ហ្នឹង​ដើម្បី​ជំរុញ​ដោះស្រាយ​រឿង​ខ្វះខាត​វត្ថុធាតុដើម​គឺ​មក​ជា​ក្រុម​ជា​ជើង​កប៉ាល់​អ៊ីចឹង មក​បាទ​នឹង​បន្ត​ទៅ​មុខ​ទៀត។ គ្រាន់តែ​ថា​ចំនួន​ប៉ុន្មាន​ដែល​ថា ដឹក​មក​ស្នើសុំ​ចំនួន​កប៉ាល់​ជា​ចំនួន​មិន​មាន​ជា​ចំនួន​ទេ។ គ្រាន់តែ​ថា ស្នើសុំ​ឱ្យ​ភាគី​ចិន​ហ្នឹង​ជួយ​ជំរុញ និង​ពន្លឿន​នៃ​ការ​ដឹក​ជញ្ជូន​វត្ថុធាតុដើម​មក​កម្ពុជា»។

លោក​បន្ត​ថា វត្ថុធាតុដើម​ដែល​បាន​ដឹក​មកពី​ប្រទេស​ចិន​បន្តបន្ទាប់​មកនេះ​ នឹង​អាច​ជួយ​បំពេញ​កង្វះខាត​តាម​បណ្ដា​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ខ្វះខាត​វត្ថុធាតុ​ដើម​​ដើម្បី​​ផលិត​។​

​ថ្មី​នេះ​ៗ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​រដ្ឋាភិបាល​ប្រទេស​ចិន ឱ្យ​ដឹក​សាច់​ក្រណាត់ តាម​យន្តហោះ និង​កប៉ាល់ទឹក មក​កម្ពុជា ឱ្យ​បាន​លឿន​តាម ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជួយ​ទប់​ស្កាត់​​ស្ថានភាព ការ​បិទ​រោងចក្រ និង​កម្មករ​គ្មាន​ការងារ​ធ្វើ។

លោក ហ៊ុន សែន ថា វិស័យ​កាត់ដេរ​នៅ​កម្ពុជា ពឹង​ផ្អែកលើ​ការ​នាំ​ចូល​សាច់​ក្រណាត់​ពី​ចិន​ជាង​ពាក់​កណ្ដាល (៦០​ភាគរយ​)។ ដូច្នេះ លោក​សង្ឃឹមថា ចិន​នឹង​បញ្ចេញ​យន្តហោះ​ឱ្យ​បាន​ច្រើន​គ្រឿង​​សម្រាប់​ដឹក​សាច់​ក្រណាត់​មក​កម្ពុជា រួម​ទាំង​ការ​ដឹក​ជញ្ជូន​វត្ថុធាតុដើម​ទាំងនេះ តាម​ផ្លូវ​ទឹក​ដូច​ធម្មតា ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​ខ្វះខាត​សម្ភារៈ​នៅ​កម្ពុជា ពេល​នេះ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា វត្ថុធាតុដើម​ទាំងនេះ​មិន​អាច​បំពេញ​តម្រូវការ​តាម​បណ្ដា​រោងចក្រ​ដែល​កំពុង​ខ្វះខាត​នោះ​ទេ។ លោក​មានប្រសាសន៍ថា ដើម្បី​ផ្គត់ផ្គង់​រោងចក្រ​ឱ្យ​បាន​គ្រប់គ្រាន់​កម្ពុជា​ត្រូវការ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​ពី​ ១.៥០០ ទៅ ២.០០០ កុងតឺន័រ។ កម្ពុជា​នឹង​មាន​ផល​ប៉ះពាល់​កង្វះ​វត្ថុធាតុដើម​ក្នុង​រយៈពេល ១ ទៅ ២ខែ ខាង​មុខ​នេះ​ទៀត៖ «នៅ​ពេល​នេះ​អ្វី​ដែល​ខ្ញុំ​ពិនិត្យមើល​ខ្ញុំ​គិត​ថា ចំនួន​កុងតឺន័រ​នេះ​វា​អាច​ដោះស្រាយ​បាន​មួយ​ផ្នែក​ប៉ុណ្ណោះ​ប្រសិនបើ​កុងតឺន័រ​នេះ​នៅតែ​បន្ត​មក​ទៀត ហើយ​ទំហំ​មក​ច្រើន​វា​អាច​ដោះស្រាយ​បាន ហើយ​ប្រសិន​បើ​ជា​បញ្ហា​នៅ​ក្នុង​ប្រទេស​ចិន វា​មិន​អាច​ដោះស្រាយ​បាន ហើយ​រហូតដល់​កុងតឺន័រ​នៅតែ​មក​តិច​អ៊ីចឹង​ការ​ផ្គត់ផ្គង់ ទៅដល់​ក្រុមហ៊ុន​អ្នក​ផលិត​នៅតែ​ជា​បញ្ហា ខ្ញុំ​គិត​ថា វិបត្តិ​នឹង​អូស​បន្លាយ​វែង​ជាង​ហ្នឹង»។

អគ្គលេខាធិការ​សមាគម​ថៅកែ​រោងចក្រ លោក ខេន លូ បញ្ជាក់​ថា វត្ថុធាតុដើម​ដែល​បាន​ដឹក​ពី​ប្រទេស​ចិន​មិន​មែន​មាន​ក្រណាត់​ទាំងអស់​ទេ ហើយ​នៅ​ក្នុង​នោះ​ក៏​មាន ឡេវអាវ អំបោះ និង សម្ភារៈ​​ចាំបាច់​មួយ​ចំនួន​ទៀត​ដែល​សម្រាប់​ផ្គត់ផ្គង់​ដល់​រោងចក្រ​ស្បែកជើង។ លោក​បញ្ជាក់​ថា ប្រឈមមុខ​នឹង​សភាព​ការ​បច្ចុប្បន្ន​នេះ​កម្ពុជា​ត្រូវការ​វត្ថុធាតុដើម​បន្ថែម​ទៀត ដើម្បី​ផ្គត់ផ្គង់​តាម​បណ្ដា​រោងចក្រ៖ «ខ្ញុំ​ចង់​ប្រាប់​ថា ទោះបី​ប៉ុន្មាន​ទូ​ក៏ដោយ យើង​អបអរ​សាទរ​ថា មាន​វត្ថុធាតុដើម​មក​បន្តបន្ទាប់ ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​រោងចក្រ​កាត់ដេរ​ដែល​កំពុង​ខ្វះខាត​វត្ថុធាតុដើម។ ក្រៅពី​ហ្នឹង​យើង​អត់​ដឹង​ព័ត៌មាន​លម្អិត​ថា ប៉ុន្មាន​ទូរ​ដែល​ដឹក​ចូល​ទៅ​រោងចក្រ​ប៉ុន្មាន​ដែល​អាច​ផ្គត់ផ្គង់​ដល់​រោងចក្រ​ដែល​ខ្វះ​វត្ថុធាតុដើម​យ៉ាងម៉េច​យើង​អត់​ទាន់​ដឹង​ទេ​ច្បាស់​លម្អិត​ទេ»។

​ក្រសួង​ការងារ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​៦ មីនា ថា ម្ចាស់​រោងចក្រ​សហគ្រាស ដែល​ប៉ះពាល់​ពី​កង្វះ​វត្ថុធាតុដើម​ដោយសារ​ជំងឺ​កូវីដ​១៩ ត្រូវ​អនុវត្ត​តាម​បញ្ញត្តិ​ច្បាប់​ស្ដីពី​ការងារ ពាក់ព័ន្ធ​នឹង​នីតិវិធី​ព្យួរ​កិច្ចសន្យាការងារ។ លើស​ពី​នេះ ក្រសួង​តម្រូវ​ឱ្យ​ម្ចាស់​រោងចក្រ​ទាំងនោះ អនុវត្ត​តាម​សេចក្ដីណែនាំ​របស់​ក្រសួង​ការងារ​ចុះ​កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ ស្ដីពី​ការ​ព្យួរ​កិច្ចសន្យា​ការងារ ការ​ចុះ​ឈ្មោះ​ចូលរៀន​ជំនាញ និង​ការ​ផ្អាក​បង់​វិភាគទាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។