ពលរដ្ឋអ្នកប្រកបរបរតូចតាចមួយចំនួនត្អូញត្អែរថា ពេលនេះពួកគេពិបាកក្នុងការចាយក្រដាសប្រាក់មួយ ពីរ និងប្រាំដុល្លារ បើទោះជាធនាគារជាតិ អះអាងថា ក្រដាសប្រាក់ដុល្លារទាំងនេះនៅតែអាចចរាចរណ៍លើទីផ្សារបានក្ដី។ ការលើកឡើងបែបនេះ ក្រោយពេលធនាគារជាតិប្រកាសប្រមូលក្រដាសប្រាក់ដុល្លារប្រភេទតូចទាំងនេះ ចូលឃ្លាំងដែលឈានទៅការឈប់ចរាចរណ៍នាពេលខាងមុខ។
អ្នករត់ម៉ូតូកង់បីម្នាក់លោក ឈួត ឆាត ឱ្យអាស៊ីសេរីដឹងថា ពេលនេះនៅកន្លែងចាក់សាំងមួយចំនួននៅភ្នំពេញ ពួកគេមិនទទួលលុយដុល្លារប្រភេទនេះទេ។ ពលរដ្ឋរូបនេះឆ្ងល់ថា រដ្ឋមិនហាមឃាត់ការប្រើប្រាស់ប្រាប់ដុល្លារប្រភេទទេ ប៉ុន្តែមិនដឹងហេតុអី បានជាកន្លែងខ្លះចាប់ផ្ដើមឈប់ទទួលប្រាក់ដុល្លារប្រភេទនេះហើយ ។ លោកបន្តថា មុខរបរលោកសព្វថ្ងៃបើដឹកភ្ញៀវបរទេសភាគច្រើនគេឱ្យជាលុយដុល្លារ។ លោកថា ពេលនេះលោកមានការរារែកមិនចង់ទទួលប្រាក់ដុល្លារពីភ្ញៀវនៅពេលពិបាកចាយលុយដុល្លារបែបនេះ៖ «ប៉ះពាល់ខ្លះដែរបើដឹកភ្ញៀវបរទេសភ្ញៀវចិនអីចឹងទៅ គេឱ្យលុយដុល្លារឱ្យអ៊ីចឹងទៅយើងពិបាកប្រកែក យើងត្រូវតែយក ដូចខ្ញុំអីចឹងទៅតែឌុបភ្ញៀវ ភ្ញៀវឱ្យលុយដុល្លារអីចឹងទៅអត់សូវចង់យកពិបាកចាយពេក»។
កាលពីថ្ងៃទី២៨ ខែឧសភា ធនាគារជាតិនៃកម្ពុជាបានប្រកាសប្រមូលក្រដាសប្រាក់ដុល្លារប្រភេទតូចរួមមាន៖ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារចូលឃ្លាំងឱ្យអស់ត្រឹមរយៈពេល៣ខែ គិតចាប់ពីពេលនេះតទៅ។ ក្រោយប្រមូលអស់ហើយធនគារជាតិនៃកម្ពុជានឹងដឹកជញ្ជូនក្រដាសប្រាក់ទាំងនេះទៅក្រៅប្រទេស។ ធនាគារជាតិអះអាងថា កម្ពុជាកំពុងប្រឈមនឹងបញ្ហាចរាចរ ប្រាក់ដុល្លារទាំងនេះ។ ក្រោយប្រមូលក្រដាសប្រាក់ដុល្លារទាំងនេះអស់រួច ធនាគារជាតិនឹងកំណត់ពេលវេលាណាមួយសមស្របដើម្បីផ្អាកទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទប្រភេទតូចទាំងនេះទាំងស្រុងពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក៏បានចេញសេចក្ដីប្រកាសព័ត៌មានគាំទ្រលើកទឹកចិត្តការចាយប្រាក់រៀល និងអះអាងថា សមាគមមីក្រូហិរញ្ញវត្ថុនៅតែទទួលក្រដាសប្រាក់ដុល្លារប្រភេទតូចជាធម្មតា តាមតម្លៃសេដ្ឋកិច្ច។
រីឯលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែឧសភា បានសរសេរលើនៅហ្វេសប៊ុកលោកថា ពលរដ្ឋនៅតែអាចចាយជាធម្មតានូវក្រដាសប្រាក់ដុល្លារប្រភេទតូច(១ដុល្លារ ២ដុល្លារ និង៥ដុល្លារ)ទូទាំងប្រទេស។ លោកបន្តថា ក្នុងករណីឈប់ចរាចរណ៍ក្រដាសប្រាក់ទាំងនេះនៅលើទីផ្សារគឺធនាគារជាតិប្រាកដជាមានសេចក្ដីប្រកាសជាផ្លូវការហើយ។
ទោះបីជាយ៉ាងណា ពលរដ្ឋម្នាក់គឺ លោក រស់ គង់ លើកឡើងថា ការជូនដំណឹងរបស់ធនាគារជាតិដែលប្រើពាក្យពេចន៍មិនច្បាស់លាស់ធ្វើឱ្យពលរដ្ឋមានការយល់ច្រឡំ និងមានការព្រួយបារម្ភរហូតធ្វើឱ្យអ្នកលក់ដូរខ្លះលែងហ៊ានទទួលលុយដុល្លារប្រភេទតូចៗនេះ។
លោកយល់ថា ការប្រកាសគម្រោងឈប់ចាយលុយប្រភេទក្រដាសដុល្លារនេះ អាចមានទាំងគុណសម្បត្តិនិងគុណវិបត្តិ។ លោកថា ចំពោះគុណសម្បត្តិអាចលើកកម្ពស់ប្រាក់រៀលឱ្យមានតម្លៃ។ ដោយឡែកចំពោះគុណវិបត្តិធ្វើឱ្យអ្នកលក់ដូរមួយចំនួនកេងចំណេញលើពលរដ្ឋនៅពេលទំនិញគិតជាលុយដុល្លារធ្វើឱ្យអ្នកលក់គិតហាងឆេងខ្ពស់ពីពលរដ្ឋ។ ពលរដ្ឋរូបនេះ ចង់ឃើញមានការកំណត់តម្លៃលើទំនិញជាប្រាក់រៀលទាំងអស់ដើម្បីកុំឱ្យពលរដ្ឋជួបបញ្ហា៖ «តាមហាងទំនិញកន្លែងលក់ដូរមួយចំនួនដែលគាត់អាចបិទតម្លៃបានថា បួនពាន់រៀល ឬក៏ប្រាំពាន់រៀលអីចឹងល្អដែរ ទីមួយលើកកម្ពស់អត្តសញ្ញាណប្រាក់រៀល ទី២ការប្រើប្រាស់ចរាចរណ៍លុយរៀលកាន់តែច្រើនចំណេញសេដ្ឋកិច្ចអីចឹងដែរ។ អ្នកលក់ខ្លះគាត់ចាំតែកេងចំណេញទេ ពេលទៅទិញគាត់ដូរពីគាត់ គាត់ឱ្យខាតរហូតអ៊ីចឹងយើងឃើញមានរូបភាពហ្នឹងពិតប្រាកដជាកើតមានម៉ង បើដាក់ជារៀលតែម្ដងស្រួលអត់ពិបាកប្រកែកគ្នាអត់ពិបាកអន់ចិត្តគ្នា»។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ យល់ថា ការពិចារណាឈប់ចាយក្រដាសប្រាក់ដុល្លារប្រភេទតូច ខណៈសេដ្ឋកិច្ចកម្ពុជានៅទន់ខ្សោយបែបនេះបង្កផលប៉ះពាល់ច្រើនដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោកយល់ថា ធនាគារជាតិគួរពិចារណាឡើងវិញ៖ «ការគិតឡើងវិញឈប់ចាយលុយដុល្លារក្រដាសតូចលុះត្រាសេដ្ឋកិច្ចប្រទេសយើងមានការរីកចម្រើនដូចប្រទេសជិតខាងចាំយើងពិចារណាចំណុចនៃការបញ្ឈប់ចាយប្រាក់ដុល្លារហ្នឹងក៏គ្មានបញ្ហាអីដែរ»។
លោក វន់ ពៅ បន្តទៀត ប្រសិនបើនៅពេលខាងមុខរដ្ឋាភិបាលពិតជាបិទមិនឱ្យចាយក្រដាសប្រាក់ដុល្លារទាំងនោះ រដ្ឋាភិបាលក៏ត្រូវតែបិទការចាយក្រដាសប្រាក់បាតថៃ និងលុយដុងរបស់វៀតណាមនៅព្រំដែនដែរដើម្បីឱ្យស្មើភាពគ្នា។
៣០ ឧសភា ២០២០ / 30 May 2020 -Dollar vs Riel ហេតុអ្វីបានជាគេចាយប្រាក់ដុល្លារអាមេរិក នៅកម្ពុជា? ពីព្រោះគេមិនទុកចិត្ត...
Posted by Sam Rainsy on Saturday, May 30, 2020
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុកថ្ងៃទី៣០ ខែឧសភាថា ពលរដ្ឋខ្មែរ អ្នកវិនិយោគ និងអ្នកធ្វើជំនួញអន្តរជាតិទាំងឡាយចូលចិត្តប្រើប្រាស់ប្រាក់ដុល្លារអាមេរិកជាជាងប្រាក់រៀល ពីព្រោះគេមិនទុកចិត្តរបបទីក្រុងភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។