ដំណើរ​ការ​រថភ្លើង​​កម្ពុជា-ថៃ នៅ​តែ​ស្ថិត​ក្នុង​ភាព​មិន​​ច្បាស់​លាស់ បន្ទាប់​ពី​មេ​ដឹក​នាំ​ប្រទេស​ទាំង២ បាន​ជិះ​រថភ្លើង​រួម​គ្នា​​ឆ្លង​កាត់​ព្រំដែន

ដោយ ជាតិ ចំណាន
2019.04.25
រថភ្លើង រថភ្លើង​ដែល​ថៃ​ផ្ដល់​ឱ្យ​កម្ពុជា កំពុង​បើក​ឆ្លង​កាត់​ស្ពាន​ខ្លងលឹក និង​អូរជ្រៅ​ប៉ោយប៉ែត ​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃ​ទី២១ ខែ​មេសា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

ដំណើរ​ការ​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-ថៃ​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​នៅ​ឡើយ​ទេ​ បើ​ទោះ​បី​ជា​ថ្មីៗ នេះ មេ​ដឹក​នាំ​ប្រទេស​ទាំង​២​បាន​ជិះ​រថភ្លើង​រួម​គ្នា​ឆ្លងកាត់​ព្រំដែន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ជា​ការ​ប្រកាស​ពី​ដំណើរ​ផ្លូវ​រថភ្លើង​នេះ​រួច​ហើយ​ក្ដី ​ក៏​មិន​ទាន់​អាច​បើក​ដំណើរ​​បាន​ដែរ​។

មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ឱ្យ​ដឹង​ថា ការ​យឺតយ៉ាវ​នេះ​​ដោយសារ​នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​នៅ​ច្រក​ព្រំដែន​ប្រទេស​ទាំង​២​មិន​ទាន់​បាន​​ដោះស្រាយ​រួច​រាល់​នៅ​ឡើយ ប៉ុន្តែ​រថភ្លើង​ពី​ប៉ោយប៉ែត​ទៅ​ភ្នំពេញ​​និង​បើក​ដំណើរ​ការ​នៅ​ដើម​ខែ​ឧសភា​ខាង​មុខ។

មន្ត្រី​សង្គម​ស៊ីវិល​នៅ​ខេត្ត​បន្ទាយមានជ័យ លើក​ឡើង​ថា ប្រជាពលរដ្ឋ​ភាគច្រើន​នឹង​មិន​ហ៊ាន​ធ្វើ​ដំណើរ​​រថភ្លើង​នេះ​ទេ ដោយសារ​មាន​ល្បឿន​​យឺត​ និង​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​តាម​ដង​ផ្លូវ។

ប្រធាន​នាយកដ្ឋាន​ផ្លូវ​ដែក​កម្ពុជា លោក អ៊ុក អួក មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា តាម​កិច្ច​ព្រមព្រៀង​បាន​ឯកភាព​រវាង​កម្ពុជា-​ថៃ​កាល​ពី​ថ្ងៃ​ទី​២២​មេសា​ គឺ​អាច​បើក​ដំណើរ​រថភ្លើង​ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំង​២​បាន​ ក៏ប៉ុន្តែ​នៅ​ខ្វះ​ការ​ឯកភាព​ជា​មួយ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ នៅ​ច្រក​ទ្វារ​ព្រំដែន​ ហើយ​ប្រទេស​ទាំង​២​មិន​ទាន់​ដោះស្រាយ​​ជា​មួយ​ស្ថាប័ន​ទាំង​នេះ​នៅ​ឡើយ។ទោះ​ជា​យ៉ាង​ណា​លោក​ថា​ ខាង​កម្ពុជា​កំពុង​តែ​រៀប​ចំ​នីតិ​វិធី​លើ​បញ្ហា​នេះ​ដើម្បី​ឈាន​ទៅ​រក​ដំណើរ​រថភ្លើង​ នៅ​ពេល​ខាង​មុខ៖ «ដូច​ខ្ញុំ​បាន​លើក​ឡើង​ខាង​ដើម​ លុះ​ត្រា​បាន​ចូល​រួម​ពី​ស្ថាប័ន​ផ្សេងៗ​ទើប​អាច​ឆ្លងកាត់​ព្រំដែន​បាន​ មិន​មែន​មាន​ន័យ​ថា​ព្រំដែន​យើង​អាច​ឆ្លងកាត់​ភ្លាមៗ​បាន​ទេ លុះត្រាតែ​ចូល​រួម​ពី​ស្ថាប័ន​ផ្សេងៗ​ដូច​ជា​គយ​ ប៉ូលិស​ការពារ​ព្រំដែន​ និង​មន្ត្រី​អន្តោប្រវេសន្ត ដែល​ជា​មន្ត្រី​ត្រួតពិនិត្យ​របស់​របរ​ផ្សេងៗ​ទំនិញ​អី​ឆ្លង​កាត់​ព្រំដែន​។បើ​ចំពោះ​ក្នុង​ស្រុក​គឺ​យើង​អាច​រត់​ភ្លាមៗ​បាន​អត់​មាន​បញ្ហា​ទេ​នៅ​ពេល​យើង​រៀន​បច្ចេកទេស​ចប់​សិន»

លោក​បន្ត​ថា​ក្បាល​រថភ្លើង​​​មួយ​គ្រឿង និង​ទូរ​ដឹក​អ្នក​ដំណើរ​ចំនួន ៤ទូរ ដែល​​រាជ​រដ្ឋាភិបាល​ថៃ​បាន​ប្រគល់​ឱ្យ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២២​មេសា​នោះ​ មិន​ទាន់​ប្រើការ​បាន​នៅ​ឡើយ​ទេ​ ដោយ​រង់ចាំ​មន្ត្រី​ជំនាញ​របស់​ថៃ​មក​ជួយ​បង្រៀន​ផ្នែក​បច្ចេកទេស​​ដល់​មន្ត្រី​ផ្នែក​រថភ្លើង​របស់​កម្ពុជា​​សិន​ទើប​អាច​យក​ទៅ​ប្រើការ​បាន​ ព្រោះ​សព្វ​ថ្ងៃ​កម្ពុជា​​មិន​មាន​អ្នក​ជំនាញ​បើក​រថភ្លើង​មួយ​នេះ​បាន​ទេ។ទោះ​ជា​យ៉ាង​ណា​លោក​ថា​ ចាប់​ពី​ថ្ងៃ​​ដើម​ខែ​ឧសភា​ខាង​មុខ​ទៅ​ ក្រុម​ហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal RailWay) របស់​លោក​ ឧកញ៉ា​គិត​ ម៉េង​ និង​បើក​ដំណើរ​រថភ្លើង​ដឹក​អ្នក​ដំណើរ​មួយ​ជើង​ក្នុង​មួយ​សប្ដាហ៍​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​រត់​ក្នុង​ល្បឿន​ពី ៣០ ទៅ ៣៥គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​អំពី​តម្លៃ​សំបុត្រ​អ្នក​ដំណើរ​ម្នាក់​ប៉ុន្មាន​នោះ​ទេ៖ «ដូច​ខ្ញុំ​និយាយ​ខាង​ដើម​អីចឹង​ខាង​រដ្ឋ​យើង​អត់​មាន​កំណត់​តម្លៃ​ទេ​ ដោយ​សារ​តែ​ផែនការ​បណ្ដុះបណ្ដាល​អត់​ទាន់​ចប់​ ហើយ​នៅ​ពេល​បណ្ដុះបណ្ដាល​ចប់​យើង​នឹង​រៀបចំ​ផែន​អាជីវកម្ម​ហើយ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​ក៏​ដូច​ជា​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ដើម្បី​កំណត់​តម្លៃ​សំបុត្រ​។ផ្លូវ​ដែក​យើង​រត់​តែ​អ្នក​ដំណើរ​សិន​ទេ​ ចំពោះ​ទំនិញ​យើង​អត់​ទាន់​និយាយ​ទេ​ ដោយសារ​តែ​វា​មាន​បែប​បទ​ច្រើន​ដែល​ត្រូវ​រត់​ដឹក​ទំនិញ​ ហើយ​ឥឡូវ​យើង​អត់​ទាន់​មាន​ក្បាល​ម៉ាស៊ីន​និង​ទូរ​រថភ្លើង​នៅ​ឡើយ​ទេ​សម្រាប់​រដ្ឋ​ ដោយសារ​តែ​យើង​បាន​ប្រគល់​នាទី​នេះ​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ទៅ​ហើយ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក​ ស៊ុំ ច័ន្ទគា លើក​ឡើង​ថា​ ការ​បើក​ដំណើរ​ផ្លូវ​រថភ្លើង​ឡើង​វិញ​នេះ​គ្រាន់​តែ ជា​ការ​ធ្វើ​ឱ្យ​ល្អ​មើល​ ក៏ប៉ុន្តែ​ហាក់​មិន​សូវ​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទៅ​នោះ​ទេ ព្រោះ​ពលរដ្ឋ​ភាគ​ច្រើន​មិន​ហ៊ាន​ជិះ​រថភ្លើង​នេះ​ទេ ដោយសារ​ផ្លូវដែក​របស់​កម្ពុជា​មិន​មាន​ស្តង់ដារ និង​គ្មាន​រនាំង​ការពារ​សុវត្ថិភាព​តាម​ផ្លូវ​ឆ្លងកាត់ ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ដែក​ញឹកញាប់៖ «បើ​សិន​ជា​រថភ្លើង​នឹង​ដាក់​ទៅ​លឿន​ហើយ​មាន​ចរាចរ​គ្រប់គ្រាន់​និង​មាន​តម្លៃ​ថោក​​គឺ​ពលរដ្ឋ​អាច​​ប្រើ​ប្រាស់​សេវា​រថភ្លើង​នេះ​ហើយ​ ប៉ុន្តែ​បើ​ល្បឿន​៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​គឺ​គ្មាន​អ្នក​ណា​គេ​ចង់​ជិះ​ទេ​ ព្រោះ​វា​យឺត​ពេក​ គេ​សុខ​ចិត្ត​ប្រើ​ម៉ូតូ​ប្រើ​អី​លឿន​ជាង​ លើក​លែង​តែ​អ្នក​ដឹក​ទំនិញ​ធំៗ​គេ​ប្រើ​ ប៉ុន្តែ​សម្រាប់​ពលករ​នៅ​ថៃ​គេ​មិន​ប្រើ​ទេ​ ព្រោះ​ទម្រាំ​ទៅ​ដល់​ភ្នំពេញ​ត្រូវ​ចំណាយ​ពេល​ដល់​ទៅ​ជិត​២០​ម៉ោង​ឯណោះ»

លោក​បន្ត​ថា ប្រសិន​បើ​ក្រសួង​មិន​មាន​ការ​កែ​លម្អ​ផ្លូវ​ដែក​ឱ្យ​បាន​ប្រសើរ​ទេ គឺ​​នៅ​ពេល​បើក​ដំណើរ​​រថភ្លើង​ឆ្លង​ប្រទេស​​ថ្ងៃ​ខាង​មុន​ អាច​នឹង​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរ​តាម​ផ្លូវ​រថភ្លើង​កាន់​តែ​ច្រើន​ជា​មិន​ខាន។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត លោក សេង អឿន ថ្លែង​ថា រូប​លោក​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ​ ត្រេកអរ​នៅ​ពេល​ឃើញ​រដ្ឋាភិបាល​កម្ពុជា​-ថៃ បាន​បើក​ដំណើរ​រថភ្លើង​ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំង​២​ឡើង​វិញ​។ ក៏ប៉ុន្តែ​លោក​អះអាង​ថា មិន​ហ៊ាន​ធ្វើ​ដំណើរ​តាម​រថភ្លើង​របស់​ខ្មែរ​ទេ ព្រោះ​ខ្លាច​គ្រោះ​ថ្នាក់​តាម​ផ្លូវ​បណ្ដាល​ឱ្យ​បាត់បង់ជីវិត ព្រោះ​រថភ្លើង​មិន​ទាន់​បាន​ដំណើរ​ជា​ផ្លូវ​ការ​ផង​ជួប​គ្រោះ​ថ្នាក់​ជា​ច្រើន​ករណី​មក​ហើយ​នៅ​ក្រុង​​ប៉ោយប៉ែត៖ «សម័យ​នេះ​តាម​ការ​ពិត​ត្រូវ​ឱ្យ​ជឿន​លឿន​ជាង​សម័យ​បូរាណ ប៉ុន្តែ​ដល់​មើល​ទៅ​ការ​អភិវឌ្ឍន៍​ដូច​នៅ​យឺត​ខ្លាំង​ ហើយ​ប្រជាពលរដ្ឋ​ចាំ​មើល​ការអភិវឌ្ឍន៍​ជា​ពិសេស​ពលករ​នៅ​ថៃ ដោយ​ពលករ​ខ្លះ​ក៏​សើច​សមត្ថកិច្ច​ខ្មែរ​ដែល​មិន​ចេះ​រៀបចំ​ចរាចរ​ផ្លូវ​ឆ្លង​កាត់​រថភ្លើង​​ ព្រោះ​ពួកគាត់​ឃើញ​រថភ្លើង​មក​ដល់​រនាំង​បិទ​ផ្លូវ​ធ្លាក់​ចំក្បាល​សមត្ថកិច្ច​នៅ​រង្វង់​មូល​ច្រក​ប៉ោយប៉ែត​ពេល​សាក​រថភ្លើង​កាល​ពី​ថ្ងៃ​ទី​២១​មេសា»

កាល​ពី​ថ្ងៃ​ទី២២ មេសា លោក​ ហ៊ុន សែន មេ​ដឹក​នាំ​របប​ក្រុងភ្នំពេញ និង​លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan O-cha) នាយករដ្ឋមន្ត្រី​ថៃ បាន​ជិះ​រថភ្លើង​រួម​គ្នា​ឆ្លង​កាត់​ព្រំដែន​ប្រទេស​ទាំង២ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។ ខាង​រាជ​រដ្ឋាភិបាល​ថៃ​បាន​ប្រគល់​ក្បាល​រថភ្លើង​ប្រភេទDMU (Diesel Multi Unit) មួយ​គ្រឿង និង​ទូរ​ដឹក​អ្នក​ដំណើរ​ចំនួន ៤ទូរ ជា​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា។

ផ្លូវ​រថភ្លើង​ពី​ចំណុច​ព្រំដែន​នៃ​ស្រុក​អារញ្ញប្រាថេត (Aranyaprathet) និង​ស្រុក​អូរ​ជ្រៅ ក្រុង​ប៉ោយប៉ែត គឺ​ជា​ចំណុច​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​ភាគ​ខាង​ជើង​របស់​កម្ពុជា ឆ្ពោះ​ទៅ​ភ្នំពេញ ប្រវែង ៣៨៦គីឡូម៉ែត្រ ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ស្ដារ​ឡើង​វិញ​រួច​រាល់ និង​ដាក់​ឱ្យ​ដំណើរ​ការ​ឡើង​វិញ កាល​ពី​ចុង​ឆ្នាំ២០១៨។

អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន​លោក​ គង់ វិមាន​ មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា រថភ្លើង​ថៃ​ផ្ដល់​ជូន​កម្ពុជា​ សម្រាប់​ដឹក​អ្នក​ដំណើរ​ពី​ប៉ោយប៉ែត ទៅ​ក្រុង​បាត់ដំបង ដែល​នឹង​បើក​ដំណើរការ​ក្នុង​ពេល​ឆាប់ គឺ​ក្រោយ​ពី​បាន​សិក្សា​ផ្នែក​បច្ចេកទេស​រួច​រាល់។ លោក​បន្ត​ថា ចំពោះ​ដំណើរ​ការ​ផ្លូវ​រថភ្លើង​ឆ្លង​ដែន​រវាង​ប្រទេស​ទាំង២ មិន​ទាន់​កំណត់​នឹង​បើក​ដំណើរ​ផ្លូវ​ការ​នៅ​ឆ្នាំ​ណា​ច្បាស់​លាស់​នៅ​ឡើយ​ទេ៖ «រឿង​នេះ វា​ពាក់ព័ន្ធ​ក្រុម​ការងារ​បច្ចេកទេស​របស់​ថៃ ហើយ​យើង​អត់​ហ៊ាន​លូក​ដៃ​លើ​ការងារ​នេះ​សូម​អធ្យាស្រ័យ។ បាទ! ខ្ញុំ​អត់​បាន​ទទួល​ព័ត៌មាន​រឿង​ហ្នឹង​ទេ។ ពេល​ណា​មាន​ព័ត៌មាន​នឹង​អាច​មាន​ការ​ផ្សព្វផ្សាយ​តាម​រយៈ​ប្រព័ន្ធ​ព័ត៌មាន​តាម​គេហទំព័រ​របស់​ក្រសួង​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន»

កន្លង​មក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​លោក​ ស៊ុន ចាន់ថុល ចាត់​ទុក​ការ​ត​ភ្ជាប់​ផ្លូវ​ដែក​កម្ពុជា និង​ថៃ​នេះ​ថា ជា​ការ​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ អាស៊ាន និង​មហា​អនុ​តំបន់​មេគង្គ។

រដ្ឋមន្ត្រី​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ កម្ពុជា និង​​ ថៃ កាល​ពី​ថ្ងៃ​ទី៦ ខែ​កក្កដា ឆ្នាំ​២០១៨​ បាន​​​ឯកភាព​លើ​កិច្ចព្រមព្រៀង​រួម​​គ្នា​អំពី​ការ​​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​រថភ្លើង​រវាង​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​មិន​​បញ្ជាក់​ពី​មុខ​ទំនិញ​ដែល​បាន​ឯកភាព​គ្នា​មាន​អ្វី​ខ្លះ​នោះ​ទេ។ កាល​ណោះ រដ្ឋមន្ត្រី​ក្រសួង​មួយ​នេះ​បាន​អះអាង​ថា ភាគី​ថៃ​នឹង​បន្ត​នីតិវិធី​ផ្ទៃ​ក្នុង​របស់​ខ្លួន​ឲ្យ​បាន​លឿន ដើម្បី​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ អាច​កំណត់​កាល​បរិច្ឆេទ​​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ក្នុង​ពេល​ឆាប់ៗ។

កម្ពុជា-ថៃ បាន​អាក់​ខាន​ដំណើរ​ផ្លូវ​រថភ្លើង​តាំង​បី​ឆ្នាំ១៩៧៣ មក ដោយសារ​សង្គ្រាម​ដែល​បណ្ដាល​ឱ្យ​ផ្លូវ​រថភ្លើង​ពី​ក្រុង​សិរីសោភ័ណ​ទៅ​ប៉ោយប៉ែត​ជាប់​ព្រំដែន​ថៃ​​ប្រវែង ៤៨គីឡូម៉ែត្រ​ដាច់​ខូចខាត។

​​ផ្លូវ​រថភ្លើង​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ មាន​ប្រវែង ៣៨៦​គីឡូម៉ែត្រ ចំណាយ​អស់​ថវិកា​សាងសង់​ជាង ៩៦លាន​ដុល្លារ​អាមេរិក (៩៦.៦០០.០០០)។ លោក ស៊ុន ចាន់ថុល ធ្លាប់​អះអាង​ថា គម្រោង​អភិវឌ្ឍន៍​នេះ គឺ​ថវិកា​​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា អេ.ឌី.ប៊ី (ADB) ប្រមាណ ១៣លាន​ដុល្លារ និង​ថវិកា​បដិភាគ​របស់​របប​ក្រុង​ភ្នំពេញ​ជាង ៨៣លាន​ដុល្លារ (៨៣.០០០.០០០) អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។