គ្រូ​និង​សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ពេញចិត្ត​ការ​មិន​ដក​នាយក តែ​ស្នើ​ឲ្យ​ដក​សាលារៀន​ជំនាន់​ថ្មី

មួង ណារ៉េត
2018-09-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​គ្រូបង្រៀន និងសិស្សសាលាព្រះស៊ីសុវត្ថិ លើក​បដា​តវ៉ា​ប្រឆាំង​នឹង​ការ​សម្រេចរបស់​ក្រសួង​អប់រំ យុវជន និង​កីឡា កាល​ពីខែ​កញ្ញា ឆ្នាំ​២០១៨។
សកម្មភាព​គ្រូបង្រៀន និងសិស្សសាលាព្រះស៊ីសុវត្ថិ លើក​បដា​តវ៉ា​ប្រឆាំង​នឹង​ការ​សម្រេចរបស់​ក្រសួង​អប់រំ យុវជន និង​កីឡា កាល​ពីខែ​កញ្ញា ឆ្នាំ​២០១៨។
screenshot

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​រក្សាទុក​នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ឲ្យ​បន្ត​តួនាទី ដោយសារតែ​លទ្ធផល​ឆ្នោត​របស់​ក្រុម​គ្រូ​បង្រៀន​បង្ហាញ​ថា មិន​ពេញ​ចិត្តនឹង​ការ​ដក​លោក​នាយក ឈ្មោះ មូល ស៊ុយហេង ចេញពី​វិទ្យាល័យ​នេះ​ទេ។ ប៉ុន្តែ​ក្រុម​គ្រូបង្រៀន​នៅតែ​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​អបរំ ដក​សាលារៀន​ជំនាន់​ថ្មី​ចេញពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ។ សង្គម​ស៊ីវិល យល់ថា ក្រសួង​អប់រំ គួរ​ជ្រើសរើស​សាលារៀន​ណាមួយ បង្កើត​សាលារៀន​ជំនាន់​ថ្មី ទាំងអស់​តែម្ដង កុំ​បែងចែក ជា​ពីរ បែបនេះ។

ក្រុម​គ្រូបង្រៀន និង​សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​រាជធានី​ភ្នំពេញ បាន​យល់ព្រម​បញ្ឈប់​សកម្មភាព តវ៉ា​នៅមុខ​វិទ្យាល័យ​ហើយ ក្រោយ​ពេល រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន បាន​សម្របសម្រួល​ឲ្យ​មានការ​បោះឆ្នោត នៅ​ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា ដើម្បី​សម្រេច​ថា គួរ​បន្ត​ទុក នាយក​វិទ្យាល័យ លោក មូល ស៊ុយហេង ឲ្យ​ដឹកនាំ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ជា​បន្ត ឬ ផ្ទេរ​ចេញ​ទៅកាន់​នាយកដ្ឋាន​ចំណេះដឹង​ទូទៅ​វិញ។

គ្រូបង្រៀន​រូបវិទ្យា នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​អាស៊ីសេរី​ថា ក្រុម​គ្រូបង្រៀន និង​សិស្ស​ពេញចិត្ត​នឹង​ការសម្រេចចិត្ត​របស់ រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដែល​បើកឱកាស​ឲ្យ​ក្រុម​គ្រូបង្រៀន បាន​បង្ហាញ​ឆន្ទៈ​របស់​ខ្លួន ជុំវិញ​ការ​ដោះដូរ​នាយក​វិទ្យាល័យ​នេះ។ គ្រូបង្រៀន​រូបវិទ្យា​រូប​នេះ រំលឹក​ថា ដើមចម​ដែល​បណ្ដាល​ឲ្យ​មាន​ក្រុម​គ្រូ និង​សិស្ស នាំគ្នា​ចេញ​តវ៉ា​នៅមុខ​វិទ្យាល័យ គឺ​ដោយសារតែ​ខាង​មន្ទីរអប់រំ យុវជន និង កីឡា រាជធានី​ភ្នំពេញ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ បាន​ចេញ​លិខិត​ផ្លាស់ប្ដូរ​នាយក​វិទ្យាល័យ​ចេញ ហើយ​កោះហៅ​គ្រូៗ​ប្រជុំ​ជាបន្ទាន់​។ លោកគ្រូ​រូប​នេះ បញ្ជាក់​ថា ក្រុម​គ្រូបង្រៀន មិន​ពេញ​ចិត្តនឹង​ការដោះដូរ​នាយក​វិទ្យាល័យ​ទេ ព្រោះ​លោក មូល ស៊ុយហេង ជា​នាយក​ល្អ ធ្លាប់​ដឹង​សុខទុក្ខ​របស់​គ្រូបង្រៀន៖ «បុគ្គលិក​ម្នាក់ៗ​ចាត់​គាត់ ដូច​មេ​និង​កូន។ ការ​ធ្វើ​នេះ គឺ​ដោយ​ការ​គោរព​រាប់អាន និង​អត់​ចង់​ឲ្យ​គាត់​ចេញ ឬ​ដូរ​ទេ»

ក្នុង​ពេលនេះ បើ​ទោះ​បី​ជា​លោកគ្រូ អ្នកគ្រូ​វិទ្យាល័យ​ស៊ីសុវត្ថិ ពេញចិត្ត ព្រោះ​ជោគជ័យ​ក្នុង​ការ​តវ៉ា មិន​ឲ្យ​ដក​លោក មូល ស៊ុយហេង យ៉ាងណាក៏ដោយ ក៏​នាយក​សាលា​រូប​នេះ នឹង​ត្រូវ​ប្រឈម​លក្ខខណ្ឌ​តម្រូវ​ជាច្រើន​របស់​ក្រសួង។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង កីឡា លោក ឌី ខាំបូលី ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី២០ ខែ​កញ្ញា ថា ក្រសួង​គោរព​តាម​ឆន្ទៈ​របស់​គ្រូ ដែល​ចង់​ឲ្យ​នាយក​សាលា​នៅ​ដដែល ប៉ុន្តែ​ក្រសួង​នឹង​ចាត់ការ ត្រួត​ពិនិត្យ​ការ​ដឹកនាំ​របស់​លោក មូល ស៊ុយហេង ដែល​ក្រសួង​ធ្លាប់​រក​ឃើញ​រួច​មក​ហើយ ថា​នៅ​មាន​បញ្ហា​ជាច្រើន ដែល​ត្រូវ​ជម្រះ​បញ្ជី៖ «នៅ​ក្នុង​ការដឹកនាំ​កន្លង​មក​នេះ គឺ​មាន​ភាព​មិន​ប្រក្រតី ក្នុង​ការ​ប្រើប្រាស់​ថវិកា​សាលារៀន។ ដូច្នេះ​នឹង​មាន​ការ​ធ្វើ​អធិការកិច្ច។ កន្លង​មក​មាន​ការ​ធ្វើ​អធិការកិច្ច​រួចហើយ បាន​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ប្រើប្រាស់​ថវិកា។ លក្ខខណ្ឌ​មួយ គឺថា​ត្រូវតែ​ដោះស្រាយ នូវ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ថវិកា​នេះ»

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បំភ្លឺ ពី​លោក មូល ស៊ុយហេង ជុំវិញ​បញ្ហា​នេះ នៅឡើយ​ទេ។

ក្រុម​សិស្ស និង​គ្រូបង្រៀន នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បាន​ប្រមូល​ផ្ដុំ​គ្នា​ឈរ​តវ៉ា លើក​បដា នៅមុខ​ក្លោង​ទា្វ​វិទ្យាល័យ ព្រះស៊ីសុវត្ថិ ជាច្រើន​ថ្ងៃ​ហើយ ក្រោយពេល ដែល​ពួកគេ មិន​ពេញ​ចិត្តនឹង​ការ​ផ្លាស់ប្ដូរ​តំណែង​នាយក​វិទ្យាល័យ និង​ស្នើសុំ​ឲ្យ​ក្រសួង​អប់រំ​ពិចារណា ក្នុង​ការ​ដក​សាលារៀន​ជំនាន់​ថ្មី​ចេញពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ព្រោះ​ពួកគេ​អះអាង​ថា នេះ​ជា​គ្រឹះស្ថាន​ឯកជន និង​បាន​ធ្វើ​ឲ្យ​មានការ​រើសអើង​គ្នា។ ក្រុម​គ្រូបង្រៀន និង​សិស្ស ប្រាប់​ថា​ការ​បង្កើត​សាលារៀន​ជំនាន់​ថ្មី ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​បែបនេះ មិនមែន​ជា​ជម្រើស​ល្អ សម្រាប់​វិស័យ​អប់រំ​ទេ ផ្ទុយទៅវិញ គ្រូបង្រៀន និង​សិស្ស​នៃ​សាលា​ទាំងពីរ មានការ​រើសអើង​គ្នា​។ បុគ្គលិក​សិក្សា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ពន្យល់​ថា ការអប់រំ​គួរ​ស្ថិត​ក្រោម​រូបភាព និង​ប្រព័ន្ធ​តែមួយ កុំ​មានការ​បែងចែក​គ្នា។

សាលា​ជំនាន់​ថ្មី ជា​ឈ្មោះ​គ្រឹះស្ថាន​អប់រំ​មួយ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្នុង​បរិវេណ​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​បាន​ឲ្យ​ដំណើរការ តាំងពី​ឆ្នាំ​២០១៤​មក ដោយ​ទទួល​បាន​ជំនួយ​ពី​អង្គការ​ឈ្មោះ ខេប (KAPE) ដែល​ធ្វើការ​លើ​វិស័យ​អប់រំ ដោយមាន​ការ​សម្របសម្រួល​ពី​ក្រសួង​អប់រំ។

នៅ​ក្នុង​សៀវភៅ ដែល​មាន​ចំណងជើង​ថា គោលនយោបាយ​ស្ដីពី​សាលារៀន​ជំនាន់​ថ្មី រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន ពន្យល់​ថា គោលបំណង នៃ​សាលារៀន​ជំនាន់​ថ្មី គឺ​ព្យាយាម​បង្កើត​គំរូ​អភិវឌ្ឍន៍​ថ្មី នៅ​ក្នុង​ប្រព័ន្ធ​អប់រំ សាធារណៈ ដែល​នឹង​នាំ​ទៅ​ដល់​ការ​បង្កើត​សាលារៀន​សាធារណៈ​ស្វយ័ត ដែល​ទទួល​បាន​ការ​វិនិយោគ​ខ្ពស់ ផ្សារភ្ជាប់​នឹង​ស្តង់ដារ​ថ្មី មាន​គណនេយ្យភាព និង​អភិបាលកិច្ច​ល្អ ព្រមទាំង​ស្តង់ដារ​វិជ្ជាជីវៈ សម្រាប់​ការសិក្សា នៅ​សតវត្ស​ទី​២១។

បច្ចុប្បន្ន​ក្រសួង​អប់រំ បាន​ដាក់​ឲ្យ​អនុវត្ត​កម្មវិធីសិក្សា​សាលារៀន​ជំនាន់​ថ្មី​នេះ ចំនួន​១០​សាលារៀន​ហើយ នៅ​ទូទាំង​ប្រទេស​។ ក្នុង​នោះ បឋមសិក្សា​មាន​ចំនួន​៤ និង​មធ្យមសិក្សា មាន​អនុវិទ្យាល័យ និង​វិទ្យាល័យ មាន​ចំនួន​៦។ សាលារៀន​ជំនាន់​ថ្មី មាននៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម វិទ្យាល័យ​ព្រែកលៀប វិទ្យាល័យ​សម្ដេច ជា ស៊ីម ព្រែក​អញ្ចាញ វិទ្យាល័យ​ហ៊ុន សែន ពាមជីកង អនុវិទ្យាល័យ​គោក​ព្រីង សាលាបឋមសិក្សា ហ៊ុន សែន កំពង់ចាម សាលាបឋមសិក្សា​ព្រះរាជអគ្គមហេសី សាលាបឋមសិក្សា​អង្គរ​បាន និង​សាលាបឋមសិក្សា​ព្រហូត។

បើទោះជា​បែបណា​ក្ដី គ្រូបង្រៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ អះអាង​ថា វត្តមាន​សាលារៀន​ជំនាន់​ថ្មី បាន​បំផ្លាញ​បេតិកភណ្ឌ​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ជាច្រើន ដូច​ជា​ការ​វាយ​កម្ទេច​ទ្វារ​បង្អួច នៃ​សំណង់​អគារ​បុរាណ ឬ​សំណង់​អគារ​សម័យ​បារាំង នៅ​ក្នុង​វិទ្យាល័យ​​នេះ ដើម្បី​កែច្នៃ តុបតែង​ទៅជា​អគារ​សិក្សា​ថ្មី ដែល​ហាក់បីដូចជា​ផ្ទះល្វែង ឬ​ផ្ទះ​បុរី​ក្នុង​សម័យថ្មី។ គ្រូបង្រៀន បារម្ភ​ថា ការ​តុបតែង កែច្នៃ អគារ​បុរាណ មក​លំអ​រដាក់​អំពូល​ភ្លើង​ជាដើម អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សិស្ស។ គ្រូបង្រៀន អះអាង​ថា បើ​ចង់​ឲ្យ​សិស្ស​រៀន​ពូកែ មិន​ចាំបាច់​ទៅ​វាយកម្ទេច​ទ្វារ​បង្អួច​អគារ​បុរាណ បំពាក់​កញ្ចក់​ទេ ព្រោះ​អគារ​នេះ ស្ថាបត្យករ​សម័យ​បារាំង បាន​ស្ថាបនា​ឡើង មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ និង​សម​ល្មម នឹង​ការរៀនសូត្រ​របស់​សិស្ស។

គ្រូបង្រៀន​រូបវិទ្យា​ដដែល ច្រានចោល​ការ​ចុះផ្សាយរ​បស់​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន​ឈ្មោះ ហ្វ្រេសញូវ (Fresh News) ដែល​សង្ស័យ​ថា ក្រុម​គ្រូបង្រៀន ច្រណែន​នឹង​កម្មវិធីសិក្សា សាលារៀន​ជំនាន់​ថ្មី ដែល​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ លុបបំបាត់​ការ​រៀន​ក្រៅ​ម៉ោង ឬ​ហៅថា​រៀន​គួរ និង​ការ​លក់​ឯកសារ​ផ្សេងៗ ដែល​នាំ​ឲ្យ​សិស្ស​ចំណាយ​ក្រៅផ្លូវការ​លើ​ការសិក្សា៖ «ក្នុង​ការ​បង្រៀន​គួរ គឺ​មិនមែន​ជា​ការ​ចាប់​បង្ខំ​ទេ។ ភាគច្រើន នៃ​អ្នក​ដែល​មក​រៀន គឺ​មកពី​ត្រើយម្ខាង​ឯណោះ អត់​សូវ​មាន​អ្នកមាន​ប៉ុន្មាន​ទេ។ យើង​មិន​ដាច់ចិត្ត​មេត្តា រឿង​បង់លុយ​រៀន​បន្ថែម​នេះ​ទេ។ សិស្ស​មាន​ប៉ុនណា បង់​ប៉ុណ្ណឹង។ លោក​រដ្ឋមន្ត្រី ថាបើ​ឲ្យ​ដាក់​នៅ​ហ្នឹង ក្រសួង​នឹង​យក​ទៅ​ដាក់​នៅ​សាលា​បាក់​ទូក។ ពូក​យើង​អរ​ទះដៃ​ប្រាវ ឲ្យ​ដក​ទៅ​។ យើង​នាំគ្នា​អរ»

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ឌី ខាំបូលី ប្រាប់​អាស៊ីសេរី​ថា ទោះ​ក្រសួង​សម្រេច​ទុក​នាយក​សាលា​ដដែល តាម​ការ​ចង់​បាន​របស់​គ្រូបង្រៀន​ក្តី ក៏​ក្រសួង​មិនទាន់​សម្រេច​យ៉ាងណា ទៅតាម​ការ​ស្នើ​ឲ្យ​ដក​គម្រោង​គោលនយោបាយ​សាលារៀន​ជំនាន់​ថ្មី ពី​វិទ្យាល័យ​ស៊ីសុវត្ថិ​នោះ​នោះ​ឡើយ​ទេ។ ទោះជា​យ៉ាង​នេះ​ក្តី អ្នកនាំពាក្យ​រូប​នេះ ពន្យល់​ថា ជា​គោលការណ៍ សាលារៀន​ជំនាន់​ថ្មី មិន​តម្រូវ​ឲ្យ​សិស្ស​បង់ថ្លៃ​សិក្សា​ទេ តែ​សិស្ស​អាច​បង់​ជា​បដិភាគ ជួយ​សាលា​បាន៖ «មិន​តម្រូវ​ឲ្យ​មានការ​បង់​ប្រាក់​ជា​កំហិត ដូច​សាលា​ឯកជន​ទេ​។ ប៉ុន្តែ គ្រួសារ​ដែល​មាន​លទ្ធភាព អាច​ចូល​បដិភាគ ដើម្បី​ជួយ​ទ្រទ្រង់​សាលា​ឲ្យ​មាន​និរន្តរភាព»

សាលារៀន​ជំនាន់​ថ្មី បាន​តម្រូវ​ឲ្យ​សិស្ស និង​គ្រូ ដែល​ចង់​រៀន និង​បង្រៀន​នៅ​ទីនោះ ត្រូវ​ប្រលង​ចូល ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បែកបាក់​គ្នា មានការ​រើសអើង​គ្នា រវាង​ក្រុម​សិស្ស និង​គ្រូបង្រៀន នៃ​សាលា​ជំនាន់​ចាស់ និង​សាលា​ជំនាន់​ថ្មី។ ការ​បង្កើត​សាលារៀន​ជំនាន់​ថ្មី​នេះ ហាក់​ដើរ​បញ្ច្រាស​ពី​រដ្ឋធម្មនុញ្ញ នៅ​មាត្រា ៦៦ ចែងថា រដ្ឋ​កសាង​ប្រព័ន្ធ​អប់រំ​មួយ​ពេញលេញ និង​ឯកភាព​នៅ​ទូទាំង​ប្រទេស ដែល​ធានា​ឱ្យ​បាន​នូវ​គោលការណ៍​សេរីភាព​ខាង​សិក្សាធិការ និង​គោលការណ៍​សមភាព​ក្នុង​ការ​អប់រំ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​មានភ័ព្វ​សំណាង​គ្រប់គ្រាន់ ស្មើគ្នា​ក្នុង​ការ​កសាង​ជីវិត។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោកស្រី អ៊ុក ឆាយាវី បង្ហាញ​មោទនភាព ដែល​នាយក​សាលា​មួយ ទទួល​បាន​ការ​គោរព​ស្រលាញ់​យ៉ាង​ក្រាស់ក្រែល​ពី​បុគ្គលិក​សិក្សា។ អ្នកឃ្លាំមើល​វិស័យ​អប់រំ​រូប​នេះ សង្កេត​ឃើញ​ថា កន្លងមក ក្រសួង​អប់រំ មិនដែល​បាន​រៀបចំ​ការបោះឆ្នោត ឬ​ពិភាក្សា​ជាមួយ​ក្រុម​បុគ្គលិក​សិក្សា លើ​ការសម្រេចចិត្ត​ដោះដូរ ឬ ជ្រើសតាំង​នាយក​សាលា ឬ បណ្ដេញ​ចេញ​បុគ្គលិក​សិក្សា​ទេ ដូច្នេះ​អ្នកស្រី អ៊ុក ឆាយាវី ចង់​ឲ្យ​ក្រសួង​អប់រំ មានការ​ផ្លាស់ប្ដូរ​ដោយ​ធ្វើ​របៀប​នេះ​បន្ត​ទៀត មុននឹង​សម្រេចចិត្ត​ធ្វើ​អ្វីមួយ។

ចំណែក​ឯ​ករណី​បង្កើត​សាលារៀន​ជំនាន់​ថ្មី​វិញ អ្នក​តាមដាន​វិស័យ​អប់រំ​រូប​នេះ ផ្ដល់​យោបល់​ថា ក្រសួង​អប់រំ មិន​គួរ​បែក​ចែក ឬ​ពុះ​សាលារៀន​របស់​រដ្ឋ​ជា​ពីរ​ផ្នែក ដាក់​ជា​សាលារៀន​ជំនាន់​ថ្មី​ទេ គឺ​ក្រសួង​អប់រំ គួរ​ជ្រើស​យក​សាលារៀន​ណាមួយ ដាក់​សាលារៀន​នោះ​ទាំងមូល ជា​សាលារៀន​ជំនាន់​ថ្មី ទើប​បញ្ចៀស​ពី​ការ​បែកបាក់ និង​ការ​រើសអើង​គ្នា ក្នុង​សាលារៀន៖ «ម្យ៉ាង​ត្រូវ​មាន​កិច្ចព្រមព្រៀង​ពី​មាតាបិតា​សិស្ស ព្រមទាំង​សិស្សានុសិស្ស​ផង​។ បើ​ពួកគាត់​អត់​សប្បាយចិត្ត មិន​គួរ​មាន​សាលារៀន​ជំនាន់​ថ្មី ដែល​បង្កើត​រូបភាព​សាលា​ក្នុង​សាលា​បែបនេះ​នោះ​ទេ»

ទោះ​យ៉ាង​ណា ក្រុម​គ្រូបង្រៀន​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ អះអាង​ថា ពួកគេ​នឹង​ធ្វើ​ញ្ញត្តិ​មួយ ដើម្បី ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដើម្បី​ឲ្យ​មានការ​ពិចារណា ដក​សាលារៀន​ជំនាន់​ថ្មី ចេញពី​វិទ្យាល័យ​ព្រះស៊ីសុវត្តិ។ អ្នកនាំពាក្យ​ក្រសួង​អប់រំ ប្រាប់​ថា លោកគ្រូ អ្នកគ្រូ មាន​សិទ្ធិ​ពេញទី ក្នុង​ការ​ដាក់​ញ្ញត្តិ​ស្នើសុំ ហើយ​ខាង​ក្រសួង​នឹង​ប្រជុំ​គ្នា ដើម្បី​ពិនិត្យ និង​ពិចារណា ឲ្យ​បាន​ហ្មត់ចត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល