សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់ក្ដីសង្ឃឹមខ្លាំងលើការនាំអង្ករកម្ពុជាកាន់តែច្រើនទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់នៅលើពិភពលោក។
សហព័ន្ធស្រូវអង្ករកម្ពុជាថា សាខាក្រុមហ៊ុន អេមរុរ៉ាយស៍ (Amru Rice) ប្រចាំខេត្តបាត់ដំបងគឺជារោងម៉ាស៊ីនកិនស្រូវដំបូងគេបង្អស់នៅកម្ពុជា ដែលទទួលបាននូវប្រព័ន្ធស្តុកស្រូវអង្ករ (Silo) ស្តង់ដារបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ដែលអាចមានលទ្ធភាពស្តុកស្រូវបានម្ដងចំនួន ៣ពាន់តោន។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានក្រុមហ៊ុន អេមរុរ៉ាយស៍ Amru Rice (Cambodia) លោក សុង សារ៉ន សរសេរលើទំព័រហ្វេសប៊ុក ប្រព័ន្ធស្តុកស្រូវអង្ករនេះ ជាផលិតផលលក្ខណៈពិសេសរបស់សហរដ្ឋអាមេរិក ជាការធានានូវស្តង់ដារគុណភាព និងពង្រីកនូវសមត្ថភាពក្នុងការទុកដាក់ប្រកបដោយគុណភាពនិងការប្រកួតប្រជែង។ លោកបន្តថា សារៈសំខាន់នៃការផ្តល់ឥណទាននិងការគាំទ្រជាមូលនិធិផ្សេងៗ ដែលអាចគាំទ្រក្នុងចង្វាក់ផលិតកម្មស្រូវ ដែលអាចលក់និងនាំចេញបាន ដែលរួមមាន បច្ចេកទេសក្រោយពេលច្រូតកាត់ ការស្តុកទុកដាក់ (តាមរយៈ Silo) និងការជំរុញឱ្យទីផ្សារសហរដ្ឋអាមេរិក មានភាពទូលំទូលាយតាមរយៈការជួយជ្រោមជ្រែងរបស់រដ្ឋាភិបាល និងតាមរយៈការបង្ហាញផលិតផលកសិកម្មរបស់កម្ពុជានៅក្នុងពិព័រណ៍ផ្សេងៗ។ លោកសង្ឃឹមថា ប្រជាពលរដ្ឋអាមេរិកនឹងបានស្គាល់កាន់តែទូលំទូលាយនូវគុណភាពអង្ករកម្ពុជា។
កាលពីថ្ងៃទី១៩ មករា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patric Murphy) បានទៅទស្សនកិច្ចរោងម៉ាស៊ីនកិនស្រូវរបស់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាក្នុងខេត្តបាត់ដំបង។
នេះគឺជាគម្រោងទីមួយដែលប្រើប្រាស់ហិរញ្ញប្បទានរបស់ធនាគារនាំចេញ និងនាំចូលរបស់សហរដ្ឋអាមេរិក (USA-EXIM BANK) នៅកម្ពុជាសម្រាប់វិស័យស្រូវអង្ករ ដែលទទួលបានការជ្រោមជ្រែងតាមរយៈស្ថានទូតអាមេរិកប្រចាំកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។