កម្ពុជានាំចេញអង្ករសម្រាប់ឆ្នាំ២០១៧មានចំនួនជាង ៦៣ម៉ឺនតោន។ ក្រសួងកសិកម្ម អះអាងថា ការនាំចេញអង្ករឆ្នាំ២០១៧ មានការកើនឡើង១៧ភាគរយ បើធៀបនឹងរយៈពេល១ឆ្នាំ កាលពីឆ្នាំ២០១៦ ដែលមានចំនួនជាង៥៤ ម៉ឺនតោន។ របាយការណ៍ស្ដីពីការនាំចេញអង្ករកម្ពុជា ឆ្នាំ២០១៧ ឲ្យដឹងថា កម្ពុជាបាននាំអង្ករចេញទៅកាន់ប្រទេសជាង ៦០ នៅលើពិភពលោក ក្នុងនោះ ចិនគឺជាទីផ្សារនាំចេញអង្ករធំជាងគេបំផុត មានចំនួនជិត ២០ម៉ឺនតោន ប្រទេសបារាំងជិត ៨ម៉ឺនតោន និងប្រទេសប៉ូឡូញជាង ៤ម៉ឺនតោន។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ កាលពីខែសីហា ឆ្នាំ២០១៧ ចុះអនុស្សរណៈ រវាងកម្ពុជា និងប្រទេសបង់ក្លាដេស ដើម្បីនាំចេញអង្ករទៅកាន់ប្រទេសនេះ ចំនួន ២៥ម៉ឺនតោន នៅខែតុលា ឆ្នាំ២០១៧។ ប៉ុន្តែ នៅដើមខែតុលា រដ្ឋាភិបាលបង់ក្លាដេស បានលុបចោលកិច្ចព្រមព្រៀងទិញអង្ករក្រអូប និងអង្ករចំហុយចំនួន ២៥ម៉ឺនតោន ដោយសារតែករណីពន្យារពេលដឹកជញ្ជូននាំចូលអង្ករនេះ។ របាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងកសិកម្មបន្ដថា ក្រុមហ៊ុនដែលនាំចេញអង្ករ ទៅកាន់បរទេសមានចំនួន ៨៤ក្រុមហ៊ុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។