ទិន្នផល​អំបិល​ឆ្នាំនេះ​អាច​នឹង​ធ្លាក់​ចុះ ដោយសារ​ភ្លៀង​កក់ខែ​ច្រើន​ជ្រុល

ទិន្នផល​អំបិល នៅ​ឆ្នាំនេះ​អាច​នឹង​ធ្លាក់​ចុះ​ជាង​ឆ្នាំមុន ដោយសារ​ភ្លៀង​កក់ខែ ច្រើន​ជ្រុល នៅ​រដូវ​ប្រមូល​ផល​នេះ​។ កសិករ​ខ្លះ បារម្ភ​ថា កម្ពុជា​នឹង​ប្រឈម​អំបិល​ផ្គត់​ផ្គង​ក្នុងស្រុក និង​ត្រូវ​នាំចូល​ទៀត​។ អ្នក​ជំនាញ​កសិកម្ម ជំរុញ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ ដល់​កសិករ​ផលិត​អំបិល ក្នុង​ការ​ផលិត​ឱ្យ​ទទួល​បាន​ទិន្នផល​ខ្ពស់​ឡើងវិញ។

កសិករ បាន​ចាប់ផ្ដើម​ផ្អាក​ការ​ប្រមូល​ផល​អំបិល នៅ​តាម​ស្រែ ជា​បណ្ដើរៗ ខ្លះ​ហើយ ដោយសារ​ភ្លៀង​កក់ខែ ចាប់ផ្ដើម​បង្អុរ​មក​។ អំបិល ដែល​ប្រមូល​ជា​ពំនូកៗ ក្នុង​ស្រែ ជាច្រើន​កន្លែង នៅ​ម្ដុំ​មាត់​សមុទ្រ ក្នុង​ក្រុង​កំពត បាន​រលាយ ដោយសារ​ទឹកភ្លៀង​។ ការណ៍​នេះ បណ្ដាល​ឱ្យ​កសិករ​ខ្លះ បារម្ភ​ថា ទិន្នផល​អំបិល​ឆ្នាំ​នេះ នឹង​ថយ​ចុះ។

កសិករ ធ្វើ​អំបិល​ម្នាក់ នៅ​សង្កាត់​ត្រើយកោះ លោក ម៉ម ស៊ាប ឱ្យ​ដឹង​ថា ដើមខែ​មេសា​នេះ មាន​ធ្លាក់​ភ្លៀង​យ៉ាង​ជោគជាំ ប៉ះពាល់​ដល់​ការផលិត​អំបិល​របស់​កសិករ​។ លោក​បន្ត​ថា ទិន្នផល​អំបិល ក្នុង​ស្រែ​លោក លើ​ផ្ទៃដី ខ្ទង់​ពីរ​(២)​ហិកតារ ទំនង​ប្រមូល​ផល បានតែ​ជាង ១០០​គីឡូក្រាម​ប៉ុណ្ណោះ នៅ​ឆ្នាំនេះ គឺ​ខុសពី​ឆ្នាំមុន ដែល​ប្រមូល​ផល​បាន​ទ្វេដង៖ « ប្រមូល​ម្ដេច​កើត បើ​ភ្លៀង​ពីរ​បី​ថ្ងៃ​ជាប់​គ្នា គ្មាន​បាន​ផល​អ្វី​។ ចេះតែ ទ្រាំ​ធ្វើ​ទៅ សម្រាប់​គ្រួសារ​យើង កូនចៅ​យើង​។ ធ្វើ​លក្ខណៈ​គ្រួសារ យើង​ចេះតែ​ធ្វើ​ទៅ​។ មុខរបរ​ប៉ុណ្ណឹង​ទៅ​ហើយ​។ ដល់​អស់​ពី​អាហ្នឹង យើង​ធ្វើ​អ្វី​ផ្សេងទៀត​ទៅណា​។ ជា​លក្ខណៈ​គ្រួសារ បើ​ជួល​គេ​ធ្វើ អត់​រួចខ្លួន​។ អ៊ីចឹង លក្ខណៈ​គ្រួសារ​យើង​ទៅ បាន​ប៉ុន្មាន យក​ប៉ុណ្ណឹង​ទៅ ធ្វើ​ចែក​គ្នា​ហូប​ទៅ ជា​លក្ខណៈ​គ្រួសារ​។ ខ្ញុំ​ធ្វើ​តាំងពី​ឆ្នាំ​១៩៩៣​។ មាន​ឆ្នាំ​ខ្លះ​ខាត​ខ្លះ ឆ្នាំ​ខ្លះ​ចំណេញ​ខ្លះ រួចខ្លួន​ទៅ វា​មិន​កំណត់​បានទេ អា​អ្នកធ្វើ​អំបិល​ហ្នឹង ហត់​ដូចគ្នា​ហ្នឹង​។ យូរ​ទៅ គ្មាន​អ្នកណា​ចង់​ធ្វើ​ទេ ដោយសារ វា​អត់​ទៅមុខ​ទៅ​ក្រោយ»។

ការផលិត​អំបិល​នៅ​កម្ពុជា មាន​ពីរ​ខេត្ត គឺ​នៅ​ខេត្តកំពត និង​ខេត្ត​កែប ដោយមាន​ផ្ទៃដី​សរុប ៤.៧៤៨​ហិកតារ​។ កសិករ​នាំ​គ្នា​ចាប់ផ្ដើម​ផលិត​អំបិល នៅ​ដើម​ឆ្នាំ​សកល គឺ​ខែ​មករា ហើយ​អាច​ប្រមូល​ផល​រហូត​ដល់​ខែ​ឧសភា បើ​អាកាសធាតុ​អំណោយផល​ល្អ។

ទោះជា​យ៉ាងនេះ​ក្តី ការ​ផលិត​អំបិល នៅ​កម្ពុជា ក៏​មិន​ទាន់​មាន​បច្ចេកទេស​ទំនើប​ដែរ។ កសិករ​ភាគច្រើន នៅ​បន្ត​ផលិត ជា​លក្ខណៈ​គ្រួសារ និង​ធ្វើ​តាម​របៀប​បុរាណ ដោយ​ប្រើ​កម្លាំង​ពលកម្ម​សុទ្ធសាធ និង​ពឹង​ផ្អែកលើ​កម្តៅថ្ងៃ។

អ្នក​ផលិត​អំបិល និង​ជា​ចៅសង្កាត់​ត្រើយ​កោះ ក្រុង​កំពត លោក ពៅ សុន ប្រាប់​ថា ក្រៅពី​បញ្ហា​អាកាសធាតុ​ហើយ​នោះ អ្នក​ផលិត​អំបិល នៅ​ប្រឈម​បញ្ហា​សំខាន់​មួយទៀត គឺ​ការ​ខ្វះខាត​កម្លាំង​ពលកម្ម​។ លោក​បញ្ជាក់​ថា យុវជន​ពេញកម្លាំង​ជាច្រើន មិន​ចង់​ធ្វើ​ការងារ​ផលិត​អំបិល​ទេ ដោយសារ​មិនអាច​ទ្រាំ​នឹង​អាកាសធាតុ​ក្ដៅ​បាន ហើយ​ពួកគេ សុខចិត្ត​នាំគ្នា​ចំណាកស្រុក​ទៅ​ធ្វើ​ជា​កម្មករ​រោងចក្រ ឬ​ពលករ​វិញ។

លោក​ចៅសង្កាត់​រូប​នេះ បន្ត​ថា អ្នក​ផលិត​អំបិល ជា​លក្ខណៈ​គ្រួសារ​មួយចំនួន​ផ្សេងទៀត ក៏​នាំគ្នា​បោះបង់​មុខរបរ​ផលិត​អំបិល​នេះ​ដែរ ដោយសារ​ឆ្នាំ​ខ្លះ​ខាត និង​ឆ្នាំ​ខ្លះ ចំណេញ​។ លោក ពៅ សុន ឱ្យដឹងថា ភាគច្រើន នៃ​គ្រួសារ ដែល​បន្ត​ផលិត​អំបិល នៅក្នុង​សង្កាត់​ត្រើយ​កោះ គឺ​ព្រោះតែ ពួកគាត់​ចង់​រក្សា​អត្តសញ្ញាណ​ប្រពៃណី អ្នក​ផលិត​អំបិល​តាំងពី​ដូនតា​មក៖ «តាមពិត​ចង់​រក្សា​អត្តសញ្ញាណ ដូច​ថា ខេត្តកំពត​យើង ធ្លាប់​មាន​អំបិល​។ ដល់ពេល​មាន​ស្រែ យើង​ចោល វា​ស្ដាយ ហើយ​ចេះតែ​ធ្វើ​អ៊ីចឹង​ទៅ​។ ចាំ​មើល​ក្រែង​មាន​កម្លាំង​កម្មករ​អ្វី​ច្រើន​ទៅ យើង​ធ្វើ​ដូចដើម​វិញ​ទៅ​។ យើង​វា​ស្រួល​ដែរ វា​នៅ​ជិត​ផ្ទះ​ជិត​អ្វី​។ ទៅ​ឆ្ងាយ​ (​ ធ្វើការ​ )​ វា​មានការ​លំបាក»។

ឆ្នាំនេះ កសិករ ផលិត​បានតែ​អំបិល​ប្រភេទ​លេខ ២ និង​លេខ​៣​ប៉ុណ្ណោះ ព្រោះ​អាកាសធាតុ​មិន​អំណោយ​ផល​ល្អ និង​ខ្វះ​បច្ចេកទេស​។ អំបិល​ប្រភេទ​លេខ​២ និង​លេខ​៣​ក្នុង​មួយ​បាវ​ទម្ងន់ ៥០​គីឡូក្រាម លក់​បាន​តម្លៃ​ក្រោម​មួយ​ម៉ឺន​(៧.៥០០ និង​៨.៥០០)​រៀល ខុសពី​ឆ្នាំមុន ដែល​លក់​បាន​ជាង​មួយ​ម៉ឺន​រៀល (១៥.៦០០​រៀល លេខ​២ និង​លេខ​៣ ១៤.៦០០​រៀល)។

ជុំវិញ​ការផលិត​អំបិល​នៅ​ឆ្នាំ​នេះ អាស៊ីសេរី មិនអាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម លោក អ៊ុំ សុថា អ្នកនាំពាក្យ​សាលាខេត្ត​កំពត លោក ភូ លិ និង​លោក វិត វឌ្ឍនា បាន​ទេ នៅ​ថ្ងៃទី​១០ មេសា។

ប្រធាន​សមាគម​អ្នក​ផលិត​អំបិល ខេត្តកំពត និង​កែប លោក ប៊ុន បារាំង បញ្ជាក់​ថា ទោះ​ស្ថានភាព​ភ្លៀង​ធ្លាក់​កក់ខែ​ច្រើន​មែន តែ​ទិន្នផល​ជាក់ស្ដែង មិនទាន់​អាច​សន្និដ្ឋាន​បានទេ ព្រោះ​មេឃ​នឹង​អាច​បើក​ថ្ងៃ​វិញ។

លោក​ថា ទាល់តែ​ផុត​រដូវ​ប្រមូល​ផល​ទាំងស្រុង ចូល​ដល់​ខែវស្សា ទើប​អាច​វាយតម្លៃ​បាន។ លោក បញ្ជាក់​ថា អាជ្ញាធរ​មិន​អាច​ជួយ​ដល់​ការផលិត​អំបិល​បានទេ ព្រោះ​ផ្ទៃ​ស្រែ​សម្រាប់​ផលិត​អំបិល នៅ​កម្ពុជា មាន​ទំហំ​តូច ដូច្នេះ​មិន​អាច​ប្រើ​គ្រឿងចក្រ ដូច​ប្រទេស​គេ​ទេ៖ «បើ​រដ្ឋ គេ​ជួយ​យើង ក៏​មិន​លើស​ហ្នឹង​ដែរ ព្រោះ​អា​ការងារ​ផលិត​យើង គឺ​ពឹង​លើ​អាកាសធាតុ​។ វា​អត់​លើស​ហ្នឹង​ទេ តាំង​ពី​ដើម​។ អាស្រ័យ​លើ​អាកាសធាតុ​ទេ។ បើ​អាកាសធាតុ​អំណោយផល យើង​ធ្វើ​បាន​ច្រើន​ហ្មង​។ អាកាសធាតុ​មិន​អំណោយផល យើង​ធ្វើ​អត់​បាន​ហ្មង​។ បើ​មួយ​ខែ​ដាក់​មក​មួយ​មេ (​ ភ្លៀង​ ) យើង​ធ្វើ​អត់​បានតែ​ម្ដង»។

ផ្ទុយ​ពី​ការ​អះអាង​នេះ អ្នក​ជំនាញ​កសិកម្ម នៅ​ខេត្តកំពត យល់​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច អាច​អន្តរាគមន៍​លូកដៃ​ជួយ​កសិករ​ធ្វើស្រែ​អំបិល ដោយ​ផ្តល់​ជា​ទុន ឬ​កម្ចី ក្នុង​ការ​ប្រាក់​ទាប​បំផុត ដើម្បី​លើកទឹកចិត្ត​ឱ្យ​កសិករ បន្ត​ផលិត​អំបិល​តទៅទៀត។

ប្រធាន​បណ្ដាញ​កសិករ​ធម្មជាតិ ប្រចាំ​ខេត្តកំពត លោក អ៊ួន សុផល សង្កេត​ឃើញ​ថា កសិករ​ផលិត​អំបិល​ជួប​បញ្ហា​ដដែលៗ ច្រើន​ឆ្នាំ​មក​ហើយ ដូច្នេះ​ទើប​បណ្ដាល​ឱ្យ​មានការ​បោះបង់​មុខរបរ​ផលិត​អំបិល។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល រក​យន្តការ​បន្ថែម ជួយ​កសិករ ឱ្យ​មានលទ្ធភាព​ផលិត​អំបិល ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​បាន​គ្រប់គ្រាន់ ជៀសវាង​ការ​នាំ​អំបិល​ចូល​ទៀត៖ «ខ្ញុំ​គិត​ថា នៅ​កំពត សក្ដានុពល​អំពី​ការផលិត​អំបិល​។ អ៊ីចឹង យើង​ត្រូវ​ជួយ​ជំរុញ​ឱ្យ​ការផលិត​ហ្នឹង​បាន​ល្អ ហើយ​គ្រប់គ្រាន់ សម្រាប់​ប្រទេស​កម្ពុជា​យើង​ហ្នឹង ព្រោះ​អ្វី រាល់ថ្ងៃ​ហ្នឹង យើង​ផលិត​អត់​គ្រប់គ្រាន់​ដែរ ព្រោះ​អ្វី គេ​អត់​ចង់​ធ្វើ​អំបិល​រាល់ថ្ងៃ​ហ្នឹង»។

កាល​ពី​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ការ​ផលិត​អំបិល បាន​ធ្លាក់ចុះ​ខ្លាំង មិន​ធ្លាប់​មាន បណ្ដាល​ឱ្យ​កម្ពុជា ត្រូវ​ទិញ​អំបិល ពី​ប្រទេស​ចិន និង​ឥណ្ឌា មក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០២០ កម្ពុជា​ផលិត​អំបិល​បាន​គ្រប់​តម្រូវការ គឺ​បាន​ជាង ១ សែន​តោន (​ខេត្តកំពត ៨៥.០០០តោន និង​ខេត្ត​កែប ២០.០០០ តោន)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។