កម្ពុជា​រក​បាន ៧០ ចាយ ១០០ និង​ត្រូវ​ជំពាក់​បំណុល​បរទេស​ថែម​រាល់​ឆ្នាំ

កម្ពុជា​អះអាងថា​រក​ប្រាក់​ចំណូល​បាន​ពី​ចំណូល​ពន្ធ​គ្រប់​ប្រភេទ សរុប​ប្រមាណ ៦​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២០ និង ២០២១ ប៉ុន្តែ​ត្រូវ​ចំណាយ​រហូតដល់​ជាង ៨​ពាន់​លាន​ដុល្លារ​ប្រចាំឆ្នាំ២០២១​។ តាម​តួលេខ​នេះ កម្ពុជា​រក​បាន ៧០ ប៉ុន្តែ​ត្រូវ​ចាយ ១០០​។ ក្នុង​ឆ្នាំ២០២១ និង​ឆ្នាំ២០២២ កម្ពុជា​ត្រូវ​ខ្ចី​លុយ​បន្ថែម ជាង ២​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ បន្ថែម​ទៀត ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​នៃ​ការ​ចំណាយ​សរុប​ប្រចាំឆ្នាំ។

ឥឡូវ​បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស បាន​កើន​ឡើងដល់​ជាង ៩​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ២០២១ និង​បន្ត​កើនឡើង​រហូតដល់​ជាង ១​ម៉ឺន​លាន​ដុល្លារ នៅក្នុង​ឆ្នាំ២០២២​។ បំណុល​ស្ទើរ​តែ​​ពាក់​កណ្តាល គឺ​កម្ពុជា​ជំពាក់​ម្ចាស់បំណុល​ចិន។ គ្រាន់តែ​ថ្លៃ​ការ​ប្រាក់​ក្នុង​មួយឆ្នាំៗ ពី​បំណុល​ទាំងនេះ គឺ​មាន ២៧,៧​លាន​ដុល្លារ។

តាម​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា ឆ្នាំ២០២០ ដែល​ចេញផ្សាយ​កាលពី​ខែ មីនា ឆ្នាំ២០២១ ​របស់​ក្រសួង​សេដ្ឋកិច្ច ក្នុង​រយៈពេល ២៧​ឆ្នាំ គិត​ពី​ឆ្នាំ១៩៩៣ ដល់​ចុងឆ្នាំ២០២០ គ្រាន់តែ​ថ្លៃ​ការ​ប្រាក់ និង​កម្រៃ​ផ្សេងៗ​ ដែល​កម្ពុជា​បាន​បង់​សង​ទៅ​ម្ចាស់បំណុល​បរទេស​វិញ មាន​សុរប​ ៧៤៩,៤២លាន​ដុល្លារ​ហើយ។

ក្នុង​ឆ្នាំ២០២០ កន្លង​ទៅ កម្ពុជា​បាន​លៃលក​សង​បំណុល​នេះ បាន​ ៣៦០,៣០លាន​ដុល្លារប៉ុន្តែ​ក្នុង​នោះ​គ្រាន់តែ​ការប្រាក់ មាន​ចំនួន​ ៩៣,៣៧​លាន​ដុល្លារ។

ទោះជា​យ៉ាងនេះ​ក្ដី​មន្ត្រី​រដ្ឋាភិបាល អះអាង​ដដែលៗ ​ថា បំណុល​នេះ​នៅ​ទាប ដែល​មិន​គួរ​ឲ្យ​ព្រួយ​បារម្ភ ហើយ​កម្ពុជា​នៅ​អាច​ជំពាក់​បរទេស​បាន​បន្ថែម​ទៀត​។ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ផាន់ ផល្លា ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ថ្ងៃទី១៤ ខែ​ធ្នូ អះអាង​ថា បើ​ធៀប​បំណុល​កម្ពុជា​ជាមួយ​ប្រទេស​ផ្សេងទៀត កម្ពុជា​មិនទាន់​ដល់​វ័ណ្ឌក​នោះ​ទេ​។ លោក​អះអាង​ថា កម្ពុជា​មិន​មាន​បញ្ហា​អ្វី ពាក់ព័ន្ធ​ជាមួយនឹង​លទ្ធភាព​សង​នោះ​ទេ។

ផ្ទុយ​ពី​ការ​អះអាង​នេះ កម្ពុជា​មានលទ្ធភាព​សង​បំណុល​នេះ បាន​ជា​មធ្យម​ត្រឹមតែ ៧៨​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដែល​ក្នុង​នោះ​ជិត ២៨លាន​ដុល្លារ ជា​ការ​ប្រាក់ ពោល​គឺ​សង​ដើម​បានតែ ៥០លាន​ដុល្លារ​មួយឆ្នាំ​ប៉ុណ្ណោះ​។ តាម​តួលេខ​នេះ ទោះបី​សេដ្ឋកិច្ច​កម្ពុជា​ល្អ​ប្រសើរ ដូច​មុន​មាន​វិបត្តិ​ជំងឺ​កូវីដ​-១៩ ក៏​កម្ពុជា​ត្រូវការ​រាប់​សិប​ឆ្នាំ​ទៅមុខ​ទៀត ដើម្បី​សងបំណុល​នេះ​ឲ្យ​អស់​។ នេះ​នៅ​មិនទាន់​គិត​រឿង​កម្ពុជា​បន្ត​ខ្ចីបុល​ថែម​ជា​រៀងរាល់​ឆ្នាំ​នោះ​ទេ។

បើ​ទោះបី​ជា​កម្រិត​ខ្ចីបុល​របស់​កម្ពុជា ត្រូវ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំៗ វាយតម្លៃ​ថា នៅ​មិនទាន់​ឈាន​ដល់​កម្រិត​ប្រកាស​ហានិភ័យ​នៅឡើយ​ក៏ដោយ ក៏​ក្រុម​អ្នកជំនាញ បង្ហាញ​ពី​ក្តី​បារម្ភ​ថា បំណុល​ទាំងនេះ​ភាគច្រើន​ប្រមូល​ផ្តុំ តែ​ទៅលើ​តែ​ម្ចាស់បំណុល​ចិន​តែមួយ​។ ពួកគេ​ពន្យល់​ថា ការណ៍​នេះ​អាច​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​អធិបតេយ្យ​ទៅ​ឱ្យ​ប្រទេស​ចិន ក្នុង​ករណី​កម្ពុជា​មិនអាច​រើខ្លួន​សងបំណុល​រួច​ពី​ម្ចាស់​បំណុល​នេះ។

ក្រៅ​ពី​នេះ បើ​ទោះ​បី​ជា​កម្ពុជា​អះអាង​ថា ខ្លួន​មាន​លទ្ធភាព​សងបំណុល​បរទេស​ក៏ដោយ ក៏​នៅ​រៀងរាល់​ពេល​ដែល​លោក ហ៊ុន សែន ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​បរទេស ជាពិសេស មន្ត្រីជាន់ខ្ពស់​អាមេរិកាំង និង​រុស្ស៊ី (Russia) លោក ហ៊ុន សែន តែងតែ​ស្នើសុំ​ប្រទេស​ទាំងនោះ​ឱ្យ​លុបចោល​បំណុល​អតីតកាល​ទាំងអស់ ព្រមទាំង​មិន​ភ្លេច​ស្នើសុំ​ជំនួយ​ពី​បរទេស​​ទាំងនោះ​ឥត​ឈប់ឈរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។