ពលរដ្ឋ​ខេត្ត​សៀមរាប​ធ្វើ​ចំណាកស្រុក​ច្រើន ក្រោយ​ពី​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​ខ្លាំង

0:00 / 0:00

ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​តំបន់​អង្គរ​យ៉ាង​គំហុក នៅ​រយៈពេល​៦ កន្លង​ទៅ​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​ខេត្ត​សៀមរាប​ខ្លះ បង្ខំចិត្ត​ចាកចោល​មាតុភូមិ​កំណើត​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ដើម្បី​រក​ប្រាក់​ដោះបំណុល។

ពលរដ្ឋ​ចាត់​ទុក​វិបត្តិ​សេដ្ឋកិច្ច និង​បញ្ហា​បំណុល នៅតែ​តាម​លង​បន្លាច ធ្វើ​ឱ្យ​ពួកគាត់​មិនសូវ​ចាប់​អារម្មណ៍ ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ចួប​ជុំ​ក្រុម​គ្រួសារ ដូច​ឆ្នាំមុនៗ​ទេ។

ជា​រៀងរាល់​ឆ្នាំ​ឱ្យ​តែ​កៀក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ពលរដ្ឋ​រស់នៅ​ខេត្តសៀមរាប​តែង​ចួប​ជុំ​បងប្អូន ធ្វើបុណ្យ​ទាន​យ៉ាង​សប្បាយរីករាយ ក៏ប៉ុន្តែ​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ឆ្នាំនេះ អ្នកភូមិ​មួយចំនួន​បែរ​ជា​មាន​កង្វល់​រឿង​បញ្ហា​បំណុល ហើយ​បង្ខំចិត្ត ចាកចោល​ស្រុកកំណើត ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​យ៉ាង​ប្រថុយប្រថាន។

បើ​គេ​ធ្វើ​ដំណើរ​ទៅ​តំបន់​ជនបទ នៅ​រដូវ​បុណ្យកាន់បិណ្ឌ​ឆ្នាំនេះ ក្នុងស្រុក​ប្រាសាទបាគង ស្រុក​សូទ្រនិគម ស្រុក​បន្ទាយស្រី និង​ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប ពុំ​សូវ​មាន​មនុស្ស​ច្រើន​កកកុញ​ដូច​ឆ្នាំមុនៗ​ឡើយ។ ក៏ប៉ុន្តែ​បែរជា​ឃើញ​ផ្ទះ​អ្នកភូមិ​ខ្លះ ដាក់​ស្លាក​លក់​ដី និង​លក់​ផ្ទះ​ច្រូងច្រាង ហើយ​ដីស្រែ​ចម្ការ របស់​អ្នកភូមិ​ខ្លះទៀត ក៏​ដាក់​ស្លាក​លក់​ជាបន្ទាន់​ដែរ។

បើ​ទោះ​បី​ជា អ្នកភូមិ​បង្ខំចិត្ត ដាក់​ស្លាក​លក់​ទ្រព្យ​សម្បត្តិ​កេរ​ឪពុកម្ដាយ​ក្នុង​តម្លៃថោក​ក្រោម​ទីផ្សារ​ក្តី ក៏​ពុំ​សូវ​មាន​អ្នក​ចាប់អារម្មណ៍​សួរនាំ​រក​ទិញ​នោះ​ដែរ។

ពលរដ្ឋ​រស់នៅ​ស្រុក​សូទ្រនិគម លោក គឹម សៃ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១១ តុលា​ថា ស្ទើរ​គ្រប់​តំបន់ ពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ស្ងាត់​ភូមិ ដោយសារតែ​ការ​ប្រកប​មុខរបរ ការងារ ក្នុងស្រុក​បាន​បរាជ័យ។

លោក​ថា ស្ទើរតែ​គ្រប់​ភូមិ ក្នុងស្រុក​ស្វាយ​លើ ដែល​ធ្លាប់​មាន​មនុស្ស​អ៊ូអរ បែរ​ជា​ស្ងាត់ឈឹង សូម្បីតែ​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​ក្តី។

លោក គឹម សៃ៖ «ភូមិ​ណា​នោះ​រត់​សឹង​ទៅ​ទាំងអស់ គ្នា​ខ្វះខាត​។ នឹកឃើញ​សេដ្ឋកិច្ច​ពីមុន​ធូរធារ គាត់​រក​បាន តែ​ឥលូវ​សេដ្ឋកិច្ច​ធ្លាក់ចុះ​ខ្លាំង ខ្លះ​គាត់​ទៅ​ទាំង​គ្រួសារ​បណ្តោយ ខ្លះ​ទាល់​រកលុយ​បង់​អង្គការ(​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី​)អត់​បាន។ មុន​ធ្លាប់​រក​បាន ដល់​សេដ្ឋកិច្ច​ធ្លាក់ គាត់​ដោះស្រាយ​នៅ​ប្រទេស​គេ​សិន»។

បើ​ក្រឡេក​មើល ទិដ្ឋភាព​ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប​ឯណោះ​វិញ ក៏​ពុំ​សូវ​ខុសគ្នា​ពី​តំបន់​ជនបទ​ប៉ុន្មាន​ដែរ​។ ផ្សារ​ទំនើប សណ្ឋាគារ និង​កន្លែង​ផ្តល់​សេវាកម្ម​ទេសចរ​ជាច្រើន​ទៀត បិទទ្វារ​ជា​បន្តបន្ទាប់ បណ្តាល​ឱ្យ​ពលរដ្ឋ​ជាច្រើន​ពាន់​នាក់​បាត់បង់​ការងារ។

ស្ទើរតែ​គ្រប់​ដងផ្លូវ ក្នុង​ក្រុង​សៀមរាប មាន​លំនៅឋាន ដីធ្លី រថយន្ត ផ្ទះសម្បែង​ជាច្រើន បាន​បិទ​ស្លាក​លក់ ជា​បន្ទាន់។

រីឯ​ក្រុមហ៊ុន​ទទួល​ទ្រព្យ​បញ្ចាំង រួមមាន ប្លង់​ផ្ទះ កាតគ្រី​រថយន្ត ម៉ូតូ និង​កង់​ជាដើម ក៏​មាន​អ្នក​ទៅ​ដាក់​ទ្រព្យសម្បត្តិ​បញ្ចាំ​ច្រើន​ដែរ ដើម្បី​យក​ប្រាក់​ដោះបំណុល​មួយ​គ្រា។

ប្រតិបត្តិករ​វិស័យ​ទេសចរណ៍ លោក អាង ឆាល សង្កេត​ឃើញ​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ពលរដ្ឋ​ភាគច្រើន ចាយវាយ​ក្បិតក្បៀត ដោយសារ​ពួកគាត់​ពុំ​សូវ​មាន​ថវិកា​ច្រើន​ដូច​ឆ្នាំមុនៗ។

លោក​ថា បច្ចុប្បន្ន​ប្រាក់ចំណូល​របស់​ពលរដ្ឋ​កំពុង​ធ្លាក់ចុះ​ខ្លាំង ធ្វើ​ឱ្យ​ពួកគាត់​ចួប​ការ​លំបាក​ច្រើន ហើយ​សូម្បីតែ​វត្ត​អារាម ក៏​ពុំ​សូវ​មាន​ពុទ្ធបរិស័ទ​ច្រើន​ដែរ។

លោក អាង ឆាល៖ «អត់​សូវ​មាន​មនុស្ស​ទេ វត្ត​ស្ងាត់ នៅ​តាម​ផ្លូវ​ក៏​អត់​សូវ​មាន​មនុស្ស​ច្រើន​កុះករ អត់​សូវ​មាន​ទេ​។ តាម​អូណែល​ធ្លាប់​មាន​មនុស្ស សួរ កក់​បន្ទប់​ពេញៗ ឥលូវ​អត់​មាន​ទេ»។

ពលរដ្ឋ​រស់នៅ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប លោក សោម វុទ្ធី ឱ្យដឹង​ថា លោក​កំពុង​ពិចារណា ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដែរ ដោយសារ​មុខរបរ ដែល​មាន​ប្រភព​ចំណូល​ពី​វិស័យ​ទេសចរ​នៅតែ​យ៉ាប់​យឺន។

លោក​យល់​ថា ប្រសិនបើ​រដ្ឋាភិបាល​ចង់​កាត់បន្ថយ​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក គួរតែ​កាត់បន្ថយ​ទំនិញ​នាំចូល​ពី​ក្រៅ​ប្រទេស ដោយ​បង្កើន​ការផលិត​ក្នុងស្រុក និង​លើកកម្ពស់​តម្លៃ​កសិផល​ក្នុងស្រុក​ឱ្យ​មាន​ប្រសិទ្ធភាព។

លោក សោម វុទ្ធី៖ «កាលណា​សេដ្ឋកិច្ច​មិន​ដើរ​ហើយ ការ​នាំចូល​ច្រើន​ជាង​ការ​នាំ​ចេញ​។ ស្រូវ​ធ្វើ​បាន​ច្រើន ចុះ​ថោក អាស្រ័យ​លើ​ឈ្មួញ ឋិត​លើ​មាត់។ គេ​ចង់​ក្រឡាស់​យ៉ាងម៉េច​ក៏​បាន»។

ឆ្លើយ​តប​រឿង​នេះ អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប សុភ័គ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ភ្ញៀវ​ទេសចរ​ខេត្តសៀមរាប កំពុង​ឋិត​ក្នុង​ដំណាក់​ការ​ងើប​ឡើងវិញ ដោយ​មិន​ទាន់​មាន​ភ្ញៀវ​ទេសចរ​ច្រើន​នៅឡើយ​ទេ ដោយ​ក្នុង​មួយថ្ងៃ មាន​ភ្ញៀវ​ចន្លោះ​ពី ១​ពាន់ ទៅ ១​ពាន់ ៥​រយ​នាក់ ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​នៅ​តិចតួច​នៅឡើយ បើ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​មក​ទស្សនា​តំបន់​អង្គរ​កាលពី​ឆ្នាំ ២០១៩ មុន​ពេល​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ មាន​ចន្លោះ​ពី ៨ ពាន់ (៨.០០០) ទៅ ៩ ពាន់​នាក់ (៩.០០០)។

លោក​បន្ថែម​ថា ចាប់ពី​ខែតុលា​ទៅ អាច​នឹង​មាន​ភ្ញៀវ​ទេសចរណ៍​កើនឡើង ក្នុង​ពេល​ដែល​មាន​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​ថ្មី បើក​ដំណើរការ។

លោក តុប សុភ័គ៖ «ក្រសួង​ទេសចរណ៍​មិនបាន​នៅ​ស្ងៀម​ទេ ខំ​ប្រឹងប្រែង​ណាស់ ជាពិសេស​ឯកឧត្តម​រដ្ឋមន្ត្រី សុខ សូកេន លោក​ប្រឹងប្រែង​ណាស់ ធ្វើ​ការ​ទាក់ទង សម្របសម្រួល​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ការ​ស្តារ​វិស័យ​ទេសចរណ៍​ទូទាំង​ប្រទេស ក៏ដូចជា​ខេត្ត​សៀមរាប»។

ទោះ​យ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល បន្ត​ទទូច​ឱ្យ​រដ្ឋាភិបាល ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​បើកផ្លូវ​ឱ្យ​អ្នក​វិនិយោគ និង​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​លោក​សេរី មក​កម្ពុជា​កាន់តែ​ច្រើន ដើម្បី​លើកស្ទួយ​សេដ្ឋកិច្ច​ជាតិ កាត់​បន្ថយ​ពលរដ្ឋ​ចំណាកស្រុក។

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង បារម្ភ​ថា ការ​ថយ​ចុះ​ភ្ញៀវ​ទេសចរ នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស​ពលរដ្ឋ​រស់​នៅ​ខេត្ត​សៀមរាប។ លោក​គិត​ថា រដ្ឋាភិបាល​គួរ​មាន​វិធានការ អន្តរាគមន៍​ឱ្យ​កន្លែង​ផ្តល់​សេវាកម្ម​ទេសចរណ៍​ទាំងអស់ គ្រប់គ្រង​តម្លៃ​សមរម្យ ទាំង​សេវា​ស្នាក់នៅ ម្ហូបអាហារ និង​សន្តិសុខ​សុវត្ថិភាព ជាដើម។

លោក យង់ គិមអេង៖ «គេ​មក​គេ​ចាយវាយ​ថោក គេ​នឹង​សម្រុក​មក​ច្រើន ហើយ​យើង​អាច​គិត​ពី​លទ្ធភាព​ទាំងអស់​ហ្នឹង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្ពុជា​ឡើងវិញ»។

កាលពី​ចុង​ខែ​កញ្ញា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា កម្ពុជា​បាន​កត់ត្រា​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៣ លាន ៥ សែន​នាក់​ក្នុង​រយៈពេល ៨​ខែ​ដំបូង នៃ​ឆ្នាំ​២០២៣ កើនឡើង​ជាង ២៥០​ភាគរយ (២៥០,៨ ) បើ​ធៀប​នឹង​ឆ្នាំមុន។

ក៏ប៉ុន្តែ​ក្រសួងទេសចរណ៍​អះអាង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ថយ​ចុះ​ច្រើន បើ​ធៀប​នៅ​ឆ្នាំ ២០១៩ មុន​ពេល​មិន​ទាន់​ផ្ទុះ​ជំងឺ​កូវីដ​១៩ ដែល​កាលនោះ មាន​ភ្ញៀវ​ទេសចរ​ទស្សនា​តំបន់​អង្គរ​ជិត ១ ម៉ឺន​នាក់ ក្នុង​មួយថ្ងៃៗ បើ​ធៀប​នឹង​បច្ចុប្បន្ន​មានតែ​ជាង ១ ពាន់​នាក់​ប៉ុណ្ណោះ៕

កំ ណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។