កសិករជាច្រើននៅខេត្តសៀមរាបបារម្ភអំពីបញ្ហាបំណុលនៅពេលតម្លៃស្រូវចុះថោក

ពេលបច្ចុប្បន្ន កសិករខ្មែរជាច្រើនមានបញ្ហារឿងជំពាក់បំណុលដោយសារតែខ្ចីប្រាក់មកធ្វើដើមទុននៃការផលិតស្រូវ ដូចជាទិញជីបាចស្រែ និងថ្លៃឈ្នួលភ្ជួររាស់ដកស្ទូងជាដើម។ ក៏ប៉ុន្តែនៅពេលដែលស្រូវផលិតបាន បែរជាលក់ក្នុងតម្លៃថោកទៅវិញនោះ គឺការជំពាក់បំណុលកាន់តែដាក់បន្ទុកធ្ងន់ឡើងៗ ដែលធ្វើឱ្យកសិករជាច្រើនអស់សង្ឃឹម។
កសិករជាច្រើនរស់នៅស្រុកអង្គរជុំ ចម្ងាយជាង ៥០គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងលិចពីទីរួមខេត្តសៀមរាប បានត្អូញត្អែរប្រហាក់ប្រហែលគ្នាថា ពួកគាត់ហាក់គ្មានសង្ឃឹមទៅរកប្រាក់ឯណាមកសងបំណុលមីក្រូហិរញ្ញវត្ថុដែលពួកគាត់បានខ្ចីទេនៅក្នុងឆ្នាំនេះ។ ការត្អូញត្អែរកើតមានឡើងនៅស្របពេលដែលផលស្រូវឆ្នាំនេះ ផលិតបានចំនួនតិចតួច ថែមទាំងលក់មិនបានថ្លៃផងនោះ។
នៅក្នុងវាលស្រែដ៏ធំល្វឹងល្វើយនៃឃុំនគរភាស គឺមានកសិករប្រុសស្រីជាច្រើនកំពុងប្រវាស់ដៃគ្នាច្រូតស្រូវ ប៉ុន្តែពួកគេខ្លះបែរជាព្រួយបារម្ភចំពោះការខ្វះស្បៀងអាហារសម្រាប់ឆ្នាំក្រោយ។
បុរសអ្នកភូមិល្បើក នៃឃុំនគរភាស ក្នុងចំណោមកសិករជាច្រើនទៀត ដែលកំពុងច្រូតស្រូវគឺលោក ម៉ៃ ជុំ។ លោកមានប្រសាសន៍ដោយយូរៗបង្ហុយផ្សែងបារីម្ដងថា លោកបានធ្វើស្រែទំហំ ១ហិកតារកន្លះ ហើយផលស្រូវឆ្នាំនេះបានតិចណាស់ ដោយសារតែខ្វះទឹក។ លោក ម៉ៃ ជុំ កំពុងព្រួយបារម្ភចំពោះការជំពាក់បំណុលមីក្រូហិរញ្ញវត្ថុផង និងខ្វះស្បៀងផង ពីព្រោះតែស្រូវរបស់គាត់ឆ្នាំនេះបានប្រហែលជា ២តោន ហើយលក់បានថោកទៀតផង៖ «ធ្វើយ៉ាងណាបានរួចខ្លួន ណាថ្លៃទិញជី ណាថ្លៃជួលដៃច្រូត ២ម៉ឺនរៀលក្នុង១ថ្ងៃ។ ជំពាក់តែជុំវិញហ្នឹង ជំពាក់អង្គការ។ ខ្ញុំចង់ឱ្យតែស្រូវឡើងថ្លៃ ១.៥០០រៀលក្នុង១គីឡូក្រាម»។
កសិករនៅភូមិល្បើកម្នាក់ទៀត អ្នកស្រី ឡាច លឿ មានប្រសាសន៍ថា កាលពីឆ្នាំមុន អ្នកស្រីឃើញស្រូវផ្ការំដួលលក់បានថ្លៃ ១គីឡូក្រាម ១.១០០រៀល ទើបឆ្នាំនេះខំដាំស្រូវផ្ការំដួល ក៏ប៉ុន្តែឆ្នាំនេះបែរជាចុះថោកក្នុង ១គីឡូក្រាម ថ្លៃពី ៧០០ ទៅ ៨០០រៀលទៅវិញ។ អ្នកស្រីមិនសង្ឃឹមថា អាចនឹងរកប្រាក់សងបំណុលដែលខ្ចីគេបានទេ៖ «ស្រូវផ្ការំដួល ១គីឡូក្រាម ថ្លៃ ៧០០រៀល។ ជំពាក់គេ ៥០០ដុល្លារហើយ ខ្ញុំអស់សង្ឃឹមហើយដោយសារស្រូវថោក»។
កសិករដែលរស់នៅភូមិជិតៗគ្នានេះ ក៏មានបញ្ហាប្រហាក់ប្រហែលគ្នា និងកសិករនៅភូមិល្បើក ដែរ។ អ្នកស្រី មិត្ត យិន ដែលកំពុងអង្គុយមើលចៅតូចនៅក្រោមផ្ទះ ក្នុងភូមិនគរភាស មានប្រសាសន៍ថា ឆ្នាំនេះគាត់ធ្វើស្រែចំនួន ៤ហិកតារ ក៏ប៉ុន្តែផលស្រូវបានតែជាង ១តោនប៉ុណ្ណោះ ដោយសារតែពេលគាត់ព្រោះស្រូវ គឺអាកាសធាតុចាប់ផ្ដើមរាំងស្ងួត។
អ្នកស្រី មិត្ត យិន បញ្ជាក់ថា បើគាត់លក់ស្រូវដែលប្រមូលបានក៏តម្លៃថោក គឺ ៨០០រៀលក្នុង១គីឡូក្រាម។ គាត់កំពុងមានបញ្ហារឿងគ្មានប្រាក់សងបំណុលគេចំនួន ១លានរៀល៖ «អូ! លោកអើយមិនដឹងទៅរកប្រាក់ឯណាបានមកសងបំណុលគេ? បើលក់ស្រូវ ១តោនបានថ្លៃតែ ៨០ម៉ឺន តែខ្ញុំជួលគេធ្វើស្រែអស់ប្រាក់ ២លានរៀលទៅហើយ»។
ក្រុមកសិករអំពាវនាវសុំឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍លើតម្លៃលក់ស្រូវឆ្នាំនេះ ធ្វើយ៉ាងណាឱ្យមានតម្លៃសមរម្យ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ពួកគេ។
ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប លោក មឿង សុនិត្យា ឱ្យដឹងថា នៅក្នុងឆ្នាំនេះ កសិករខេត្តសៀមរាប ប្រមូលផលស្រូវបាន ៨០% ហើយ ក្នុងចំនួនផ្ទៃដីកសិកម្មសរុបជាង ១៩ម៉ឺន ២ពាន់ហិកតារ ក៏ប៉ុន្តែលោកមិនទាន់អាចសរុបទិន្នផលស្រូវបានថា ចំនួនប៉ុន្មានតោននៅឡើយទេ។
លោក មឿង សុនិត្យា បញ្ជាក់ថា ចំពោះបញ្ហាតម្លៃស្រូវទៀតសោតក៏ក្រសួងកសិកម្មកំពុងប្រឹងប្រែងជួយកសិករឱ្យលក់បានតម្លៃសមរម្យ តាមរយៈគោលនយោបាយជួយទិញស្រូវ៖ «បើស្រូវថ្លៃ ៨០០រៀល គឺមិនថោកទេ ឱ្យតែលក់បានថ្លៃ ចាប់ពី ៨០០រៀលឡើងទៅ។ តាមគោលនយោបាយឱ្យជួយទិញ អត់មានក្រោមពី ៨០០រៀលទេ»។
កាលពីខែកញ្ញា កន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើទៅមន្ទីរកសិកម្មរាជធានី ខេត្ត អោយតាមដាន និងចេញវិធានការទប់ស្កាត់ការប្រមូលទិញកសិផលដោយបន្ទាបតម្លៃពីសំណាក់ឈ្មួញ និងក្រុមហ៊ុនដែលធ្វើអាជីវកម្មលើផលិតផលកសិកម្ម។ ក្រសួងកសិកម្ម អះអាងថា វិធានការនេះដើម្បីជួយរក្សាស្ថិរភាពថ្លៃកសិផលរបស់កសិករក្នុងពេលរដូវប្រមូលផល។
ចំណែកអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កញ្ញា សឹង សុផារី អះអាងថា បច្ចុប្បន្នក្រសួងនេះ កំពុងប្រឹងប្រែងលើយុទ្ធសាស្ត្រជាច្រើនដើម្បីរកទីផ្សារឱ្យកសិករលក់កសិផលបានថ្លៃសមរម្យ។ ក៏ប៉ុន្តែបញ្ហានៅត្រង់ថា ក្រសួងពាណិជ្ជកម្ម មិនអាចបង្ខំឱ្យសហគ្រាស ឬក៏ឈ្មួញ ត្រូវតែទិញកសិផលក្នុងតម្លៃដែលតម្រូវឱ្យបានទេ ពីព្រោះវាជាទីផ្សារសេរី៖ «ពេលខ្លះការអន្តរាគមន៍ទាមទារឱ្យឡើងថ្លៃក៏យើងមិនអាចធ្វើទៅរួចដែរ ពីព្រោះរដ្ឋមិនអាចអន្តរាគមន៍ឱ្យដូចទីផ្សារផែនការបានទេ»។
កាលពីខែកញ្ញា ប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទម្លាក់ថវិកាចំនួន ២៧លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះមានប្រាក់បម្រុងរបស់រាជរដ្ឋាភិបាលចំនួន ២០លានដុល្លារ និងទុនរបស់ធនាគារអភិវឌ្ឍន៍ជនបទ (RDB) ចំនួន ៧លានដុល្លារ ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវនៅលើទីផ្សារ និងជំរុញការទិញស្រូវនៅក្នុងប្រទេស។
សហព័ន្ធស្រូវអង្ករកម្ពុជា ធ្លាប់បានបង្ហាញហេតុផលថា បញ្ហាដែលស្រូវកសិករចុះថោក គឺដោយសារតែផ្លូវដឹកជញ្ជូនពិបាក ហើយការចំណាយទៅលើថ្លៃដើមដឹកជញ្ជូនខ្ពស់ពេក។
សហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុននាំចេញអង្ករ ស្នើឱ្យរដ្ឋាភិបាលពន្លឿនការដោះស្រាយថ្លៃដឹកជញ្ជូនឱ្យបានឆាប់ ពីព្រោះការចំណាយទៅលើថ្លៃដើមដឹកជញ្ជូនខ្ពស់ចាប់ពី ២៥ដុល្លារ ទៅ ៣០ដុល្លារក្នុងមួយតោន។ បើធៀបជាមួយប្រទេសថៃ និងវៀតណាម ការដឹកជញ្ជូននេះ គឺគេចំណាយត្រឹមតែជាង ១០ដុល្លារប៉ុណ្ណោះ។ សហព័ន្ធស្រូវអង្ករបារម្ភថា បញ្ហានេះកំពុងតែគំរាមកំហែងដល់ដំណើរការខ្សែសង្វាក់ផលិតកម្មស្រូវនៅកម្ពុជា ឱ្យមានភាពយឺតយ៉ាវ និងធ្លាក់ចុះ៕