ម្ចាស់អាជីវកម្មទាំងខ្នាតតូច និងខ្នាតធំកំពុងជួបវិបត្តិបង្វិលសាច់ប្រាក់មិនទាន់
2023.06.01

ម្ចាស់អាជីវកម្មទាំងខ្នាតតូច និងខ្នាតធំកំពុងជួបបញ្ហាបង្វិលសាច់ប្រាក់មិនទាន់ ខណៈឧកញ៉ាមួយចំនួនប្រកាសពីការក្ស័យធនដោយបើកចំហ។ ចំណែកស្ថាប័នស្រាវជ្រាវរបស់រដ្ឋាភិបាលប្រកាសពីពិភពលោកជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយកម្ពុជា កំពុងរងគ្រោះពីឥទ្ធិពលនេះ។
ម្ចាស់អាជីវកម្មមួយចំនួនទាំងខ្នាតតូចនិងខ្នាតធំបានលើកឡើងពីវិបត្តិជាប់គាំងក្នុងការបង្វិលសាច់ប្រាក់រហូតដល់ទ្រាំលែងចង់បាន ខណៈឧកញ៉ាមួយចំនួនទៀត ប្រកាសក្ស័យធន។
អាជីវករចែកចាយឧស្ម័នហ្គាសនៅក្នុងខេត្តពោធិ៍សាត់ លោកគ្រី គ្រឿន ថ្លែងថា មួយរយៈចុងក្រោយនេះពលរដ្ឋរកលុយមិនបាន ហើយទំនិញឡើងថ្លៃ បន្តបន្ទាប់ធ្វើឱ្យការលក់ ដូរទំនិញផ្សេងៗ មិនសូវដាច់ទេ។ លោកបន្តថា ចំពោះដៃគូអាជីវកម្មរបស់លោកក៏មិនអាចបង្វិលលុយឱ្យតាមការកំណត់បានដែរ ដែលធ្វើឱ្យស្ថានភាពលោកកាន់តែលំបាក។
លោកគ្រី គ្រឿន៖ «ទាក់ទងការចាយវាយប្រចាំថ្ងៃដូចដឹងហើយ ពេលដែលចំណាយច្រើនចំណូលតិចធ្វើឱ្យសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ។ ការរស់នៅប្រកបមុខរបរមិនច្បាស់លាស់ បើនិយាយពីអ្នកជំពាក់វិញខុសពីមុន ឥឡូវចំណូលតិចហើយអ្នកជំពាក់មានភាពយឺតយ៉ាវហើយលុយកាក់ដែលយើងត្រូវប្រើប្រាស់ហ្នឹងមានការរាំងស្ទះខ្លាំង»។
នាយកសាលាភាសាកូរ៉េ គីម ផូ លោក ឃាង សុខមាន ឱ្យដឹងថា ដៃគូអាជីវកម្មរបស់លោកខកខានក្នុងការបង្វិលសាច់ប្រាក់ឱ្យលោកតាមថ្ងៃកំណត់រាប់ម៉ឺនដុល្លារ។ លោកបន្តថា ក្នុងស្ថានភាពលំបាកបែបនេះ ក៏ស្ថាប័នធនាគារនៅតែប្រើគ្រប់មធ្យោបាយក្នុងការទារប្រាក់ពីលោកដោយមិនស្ដាប់ហេតុផលនោះទេ។
លោក ឃាង សុខមាន៖ «បើទោះជាខ្ញុំប្រាប់ហេតុផលមួយចំនួនក៏ខាងធនាគារពួកគាត់នៅតែព្យាយាមដាក់សម្ពាធ។ ចេញលិខិតព្រមានអីមួយចំនួនដើម្បីឱ្យយើងទទួលរងឥទ្ធិពលនៅក្នុងការភ័យខ្លាចស្វះស្វែងរកលុយមកពីណាដូចជាខ្ចីបុល ខ្ចីឯកជនអីដើម្បីបង្វិលលុយទៅកាន់ពួកគាត់។ នេះជាបញ្ហាលំបាកសម្រាប់ខ្ញុំកំពុងមានសម្ពាធទាក់ទងទៅនឹងបញ្ហាលុយកាក់»។
ចំណែកអ្នកផ្តល់ប្រាក់កម្ចីឯកជន ១រូប នៅក្នុងរាជធានីភ្នំពេញ កញ្ញា ខេម ស្រីមុំ ឱ្យដឹងថា មួយរយៈពេលចុងក្រោយនេះ អ្នកខ្ចីលុយមួយចំនួនបាត់បង់ការងារ ហើយមិនអាចបង់ប្រាក់សងត្រឡប់វិញ ទាំងដើមទាំងការប្រាក់។
កញ្ញា ខេម ស្រីមុំ៖ «និយាយទៅការដាក់ឯកជនហ្នឹងវាលំបាកដែរ។ ភាគច្រើនខូចច្រើន ខ្លះទៅ ក៏ទៅបាត់អ៊ីចឹងទៅ។ បង់បានតែ១ខែស្អុយខូចទៅបាត់អ៊ីចឹងទៅ»។
ស្ថានភាពសេដ្ឋកិច្ចលំបាកនេះអាជីវករនៅតាមផ្សារមួយចំនួនបានថតវីដេអូផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ដែលបង្ហាញរូបភាពមានតែអ្នកលក់គ្មានអ្នកទិញ។ អាជីវករទាំងនោះក៏លើកឡើងថា បើលក់មិនដាច់មិនមានលុយសងបំណុល អាចនឹង ធ្វើចំណាកស្រុក។
ក្នុងស្ថានភាពនេះមិនមែនតែអាជីវករខ្នាតតូចទេ គឺឧកញ៉ា និងអ្នកឧកញ៉ា ដែលមានអាជីវកម្មក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារក៏កំពុងជួបផលប៉ះពាល់ដែរ។
លោកឧកញ៉ា ជា សារ៉ន ម្ចាស់គម្រោងលក់ផ្ទះនិងដីឡូត៍ បានប្រកាសក្ស័យធនហើយ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីខែមេសា លោកឧកញ៉ា នួន អក ម្ចាស់គម្រោងរីសត (Resort) ផ្សារ និងអាហារដ្ឋាននានាក៏ជួបបញ្ហាហិរញ្ញវត្ថុ ហើយគេចខ្លួនពីអតិថិជន នៅក្នុងខែមេសាដែរ។ ទន្ទឹមនឹងនេះឧកញ៉ា និងម្ចាស់អាជីវកម្មមានទឹកប្រាក់ខ្ទង់លាន ដុល្លារផ្សេងៗ ទៀតប្រមាណពី ១០ ទៅ ២០នាក់ ក៏កំពុងប្តឹងផ្តល់គ្នាជុំវិញ បញ្ហាបង្វិលសាច់ប្រាក់នេះដែរ ខណៈមួយចំនួនត្រូវបានចាប់ខ្លួន។
ចំណែកអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាបុគ្គលសិទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏កំពុងជួបវិបត្តិហិរញ្ញវត្ថុក្នុងការកសាងសង់ផ្ទះឱ្យអតិថិជន មិនទាន់តាមការសន្យាដែរ។ លោក ឡេង ណាវ៉ាត្រា បញ្ញាក់ថា បញ្ហាហិរញ្ញវត្ថុរបស់លោក ដោយសារតែឥទ្ធិពលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
លោក ឡេង ណាវ៉ាត្រា៖ «អ៊ីចឹងអ្នកឯងចោទខ្ញុំថាម៉េច? ថាខ្ញុំជំពាក់លុយ? តើក្រុមហ៊ុនណាមិនរកស៊ីបង្វិលលុយទៅបង្វិលលុយមក។ គេថា ក្រុមហ៊ុនឯណាជំពាក់ជុំទិសគេថា ជំពាក់គឺជំពាក់គ្នាទៅវិញទៅមក។ គាត់រកស៊ីជាមួយខ្ញុំប៉ុន្មានឆ្នាំហើយ? ក្រុមហ៊ុនផ្សេងៗ ដែលផ្គត់ផ្គង់សម្ភារផ្សេងៗហ្នឹង តើរកស៊ីជាមួយខ្ញុំប៉ុន្មានឆ្នាំហើយ? រកស៊ីចំណេញពីក្រុមហ៊ុន ឡេង ណាវ៉ាត្រា ប៉ុន្មានឆ្នាំហើយ?ស្ថានភាពឥឡូវវាមានការលំបាកមានការយឺតយ៉ាវយើងត្រូវតែមានការយោគយល់គ្នាយើងមិនមែនសម្លាប់គ្នានៅពេលដែលយើងលំបាកទេ»។
ទោះជាយ៉ាងណាប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង មានប្រសាសន៍ថា លោកតែងតែទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ដែលជួបការលំបាករកចំណូលមិនបាន។ លោកបន្តថា ក្នុងស្ថានភាពនេះ រដ្ឋាភិបាលត្រូវមានផែនការពង្រឹងការងាររួមទាំងវិស័យកសិកម្ម និងធ្វើកំណែទម្រង់នយោបាយកុំមានការដាក់ទណ្ឌកម្មបន្ថែមពីប្រទេសលោកសេរីជាប្រទេសទទួលទិញទំនិញពីកម្ពុជា។
លោក យង់ គិបអេង៖ «EBA គេមានការដាក់ហ្នឹងដោយសារតែគេឈរលើបញ្ហាប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ អាហ្នឹង EU យើងឃើញមានឯកសារអីច្បាស់លាស់កំណត់ទាំងអស់ហ្នឹង»។
បើទោះជាពលរដ្ឋត្អូញត្អែរពីការលំបាករកលុយសងបំណុល ហើយម្ចាស់អាជីវកម្ម មួយចំនួនប្រកាសក្ស័យធនបន្តបន្ទាប់ក៏ដោយ ក៏មិនទាន់ឃើញ រដ្ឋាភិបាល ដាក់ចេញវិធានការ ជាក់លាក់ណាមួយដោះស្រាយបញ្ហានេះនៅឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីសុំការបញ្ជាក់ជំហរដោះស្រាយបញ្ហានេះបានទេនៅថ្ងៃទី២៩ ខែឧសភា។
ប៉ុន្តែប្រធានរាជបណ្ឌិត្យសភាកម្ពុជាជាស្ថាប័នស្រាវជ្រាវរបស់រដ្ឋាភិបាល លោក សុខ ទូច លើកឡើងនៅក្នុងវេទិកាមួយនៅចុងខែឧសភាថា ពិភពលោកកំពុងធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយកម្ពុជា ក៏កំពុងរងគ្រោះពីវិបត្តិនេះ ដែលស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ដោះស្រាយ។
លោក សុខ ទូច៖ «វិបត្តិនេះជាគ្រោះថ្នាក់ធំបំផុតសម្រាប់បរិបទ ខ្ញុំអត់និយាយកម្ពុជាទេ។កម្ពុជាជាកូនចង្កឹះដ៏ដូចមួយពីព្រោះមិនមែនភូមិមួយជនបទមួយទេ។ ឥឡូវនេះភូមិមួយពិភពលោកមួយកម្ពុជាឬប្រទេសអាស៊ានត្រូវតែរងឥទ្ធិពលនៃប្រទេសមហាអំណាច»។
អ្នកជំនាញសេដ្ឋកិច្ចនិងនយោបាយលើកឡើងពីបញ្ហាមួយចំនួនដែលកំពុងធ្វើឱ្យកម្ពុជាជួបបញ្ហាវិបត្តិសេដ្ឋកិច្ចនេះរួមមាន ឥទ្ធិពលនៃជំងឺកូវីដ សង្គ្រាមរវាង រុស្ស៊ី (Russia) និងអ៊ុយក្រែន (Ukraine) ភាពមិនច្បាស់លាស់នៃការបោះឆ្នោតនៅខែកក្កដាខាងមុខនិងការផ្ទេរតំណែងពីលោកហ៊ុន សែន ទៅកូនប្រុសរបស់លោកគឺលោកហ៊ុន ម៉ាណែត។
ភាពមិនច្បាស់លាស់ទាំងនេះធ្វើឱ្យក្រុមហ៊ុននានាមិនហ៊ានបោះទុនវិនិយោគបន្ថែម ខណៈ សហភាពអឺរ៉ុបក៏ព្រមានពីការដាក់ទណ្ឌកម្មបន្ថែមទៀត បើការបោះឆ្នោតនៅ ខែកក្កដា ខាងមុខនេះមិនដំណើរការ តាមគោលការណ៍ប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។