ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ប្រកប​របរ​សុំ​ទាន​នៅ​ប្រទេស​ថៃ​​​ដោយសារ​ជីវភាព​ក្រីក្រ

ដោយ ហ៊ុំ ចំរើន
2024.09.24
ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ប្រកប​របរ​សុំ​ទាន​នៅ​ប្រទេស​ថៃ​​​ដោយសារ​ជីវភាព​ក្រីក្រ ស្ត្រី​ក្នុង​រូប​នេះ កំពុង​អង្គុយ​សុំ​ទាន​គេ ​​ក្នុង​ផ្សារ​មួយ ​នៅប្រទេស​ថៃ ថត​កាល​ពី​ថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
រូប៖ ពីពលរដ្ឋ

ពលករ​ខ្មែរ​មួយ​ចំនួន​បង្ខំ​ចិត្ត​ប្រថុយ​ជីវិត​ឆ្លង​ដែន​ទៅ​សុំ​ទាន​នៅ​ប្រទេស​ថៃ ដើម្បី​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ ដោយសារ​ជីវភាព​ក្រីក្រ ​ហើយ​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក។ បច្ចុប្បន្ន របរ​នេះ ពួក​គាត់​រក​ប្រាក់​ចំណូល​បាន​តិចតួច ហើយ​ប្រឈម​នឹង​អាជ្ញាធរ​ថៃ​ចាប់​ដាក់​គុក​និង​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ។

ពលករ​ខ្មែរ​មួយ​ចំនួន​លើក​ឡើង​ស្រដៀង​គ្នា​ថា ពួកគាត់​មិន​ចង់​ប្រកប​របរ​សុំ​ទាន​នោះ​ទេ ប៉ុន្តែ​ដោយសារ​គ្មាន​ជម្រើស ព្រោះ​គ្មាន​ប្រាក់​ដោះស្រាយ​ជីវភាព។

អង្គុយ​សុំ​ទាន​នៅ​ក្នុង​ផ្សារ​មួយ​នៅ​ទីក្រុង​ប៉ាតាយ៉ា (Pattaya) ប្រទេស​ថៃ លោកស្រី ធី រៀបរាប់​ថា លោកស្រី​មិន​ចង់​ប្រកប​របរ​នេះ​ទេ តែ​ដោយសារ​ជីវភាព​ក្រីក្រ ហើយ​អត់​ការងារ​ធ្វើ​នៅ​កម្ពុជា ក៏​សម្រេច​ចិត្ត​ប្រថុយ​ជីវិត​ធ្វើ​ដំណើរ​ឆ្លង​ដែន​តាម​រយៈ​មេខ្យល់​ក្នុង​តម្លៃ ៤ពាន់ (.០០០) ឬ​ស្មើ​ប្រមាណ ១២០ដុល្លារ ដោយ​ខុស​ច្បាប់​មក​សុំ​ទាន​នៅ​ប្រទេស​ថៃ។ ស្ត្រី​វ័យ ៦៨ឆ្នាំ​រូប​នេះ​បន្ថែម​ថា របរ​នេះ​លោក​ស្រី​ត្រូវ​កាត់​កេរ្តិ៍​កាត់​ខ្មាស ហើយ​ប្រឈម​នឹង​អាជ្ញាធរ​ថៃ​ចាប់​ដាក់​ពន្ធនាគារ​រាល់​ថ្ងៃ។ កាល​ពី​ពេល​កន្លង​ទៅ អាជ្ញាធរ​ថៃ​ធ្លាប់​ចាប់​លោក​ស្រី​ដាក់​ពន្ធនាគារ​រយៈ​ពេល ១៥ថ្ងៃ និង​បាន​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ​ម្ដង​រួច​មក​ហើយ។ ប៉ុន្តែ លោក​ស្រី​បាន​ឆ្លង​ដែន​មក​ប្រកប​របរ​មួយ​នេះ​ជា​ថ្មី​ទៀត កាល​ពី​ប្រមាណ ៣ខែ​កន្លង​ទៅ។

លោក​ស្រី មាន​ស្រុក​កំណើត​នៅ​ខេត្តពោធិ៍សាត់ ហើយ​សព្វ​ថ្ងៃ​លោកស្រី​ជួល​បន្ទប់​តម្លៃ ៣ពាន់​បាត ឬ​ស្មើ​ប្រមាណ ៩០ដុល្លារ ស្នាក់​នៅ​ជា​មួយ​ពលករ​ខ្មែរ​ម្នាក់​ទៀត នៅ​ជាយ​ក្រុង​ប៉ាតាយ៉ា។ សព្វថ្ងៃ លោកស្រី​ចំណាយ​ពេល​អង្គុយ​សុំ​ទាន​ប្រមាណ ៥ម៉ោង បាន​ប្រាក់​ពី ១០០ ទៅ ៣០០បាត ឬ​ប្រហែល​ពី ៣ ទៅ ៩ដុល្លារ ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

លោកស្រី ធី៖ «នេះ​បើ​អត់​មាន​កន្លែង​អង្គុយ​ផង ទៅ​ខាង​ណោះ​គេ​ដេញ ទៅ​ខាង​នេះ​គេ​ដេញ ហើយ​គេ​ប្ដឹង​ប៉ូលិស​ឱ្យ​ចាប់។ ហ្នឹង​ហើយ គេ​ចាប់​ហើយ​មក​ទៀត។ ឥឡូវ បើ​ទៅ​ស្រុក​ខ្មែរ បើ​ខ្ញុំ​ចាស់​ហើយ​ធ្វើ​អី​កើត។ វា​ចេះ​តែ​ធ្វើ​កើត​ហើយ មើល​ចៅ​មើល​អី​ឱ្យ​គេ។ តែ​យើង​ទៅ​ធ្វើ​អី បើ​ខ្ញុំ​ចំណាស់​នេះ​ហើយ»

ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ​ ពលករ​ខ្មែរ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់​ម្នាក់​ទៀត លោកស្រី វឿន ថ្លែង​ថា លោកស្រី​មក​សុំ​ទាន​តាម​រយៈ​មេ​ខ្យល់​នាំ​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ តម្លៃ ៤ពាន់ ឬ​ស្មើ​ប្រមាណ ១២០ដុល្លារ​ដោយ​ខុស​ច្បាប់។ លោកស្រី​បញ្ជាក់​ថា មូលហេតុ​ដែល​មក​សុំ​ទាន​នៅ​ក្រៅ​ប្រទេស​បែប​នេះ ដោយសារ​អត់​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​កំណើត។ ស្ត្រី​វ័យ ៦២ឆ្នាំ​រូប​នេះ ទើប​តែ​ចូល​មក​ប្រទេស​ថៃ​ប្រហែល ១ខែ​មក​នេះ ដោយ​រក​ប្រាក់​ចំណូល​ពី​ការ​សុំ​ទាន​បាន​ប្រមាណ​ពី ១០០ ទៅ​ជាង ២០០បាត ឬ​ស្មើ​ប្រហែល​ពី ៣ ទៅ ៦ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

លោកស្រី វឿន៖ «ខ្ញុំ​សួរ​គេ​ទៅ​គេ​វា​មក​រក​បាន មួយ​ថ្ងៃ​បួន​ប្រាំ​រយ។ យើង​ចាស់​ហើយ មិន​ដឹង​ធ្វើ​ការ​អី។ កូន​មិន​ឱ្យ​មក​ទេ តែ​យើង​តែ​មក ព្រោះ​យើង​នៅ​ជា​មួយ​កូន ហូប​ជា​មួយ​កូន វា​មិន​ដែល​ស្រួល​ទេ។ បើ​និយាយ​ពី​ពិបាក វា​ពិបាក​ហើយ តែ​យើង​មិន​ដឹង​ធ្វើ​ម៉េច ចេះ​តែ​រកៗ ទៅ។ មួយ​ថ្ងៃ​បាន ២០០អី​ហ្នឹង។ ចុះ​បើ​ជ្រុល​ថា​មក មិន​ដឹង​ធ្វើ​ម៉េច។ ជ្រុល​តែ​មក​ហើយ មិន​ដឹង​ទៅ​ណា មក​ណី ចាស់​ចំណាស់​នេះ មាន​អ្នក​ណា​ជួយ​យើង។ រឿង​គេ​ចាប់ ខ្លាច​ចេះ​តែ​ខ្លាច​ហើយ បើ​គេ​ចាប់​ទៅ​ខ្មែរ​ទៅ»

លោកស្រី​ឱ្យ​ដឹង​ថា នៅ​តំបន់​ពួក​គាត់​ស្នាក់​នៅ​មាន​ពលរដ្ឋ​ខ្មែរ​ប្រកប​របរ​សុំ​ទាន​ចំនួន ៤នាក់ ជួល​បន្ទប់​ស្នាក់នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា។ ពួក​គាត់​ចេញ​ពី​បន្ទប់​ទៅ​សុំ​ទាន នៅ​ម៉ោង ៣រសៀល រហូត​ដល់​ម៉ោង ៨យប់ ទើប​ត្រឡប់​មក​បន្ទប់​វិញ។

ពុំ​មាន​តែ​អ្នក​មនុស្ស​ចាស់​នោះ​ទេ ដែល​មក​ប្រកប​របរ​សុំ​ទាន​នៅ​ប្រទេស​ថៃ​នោះ ស្ត្រី​វ័យ​ពេញ​កម្លាំង​ក៏​ប្រកប​របរ​មួយ​នេះ​ដែរ។ អ្នក​សុំ​ទាន​ខ្លះ បាន​យក​កូន​អាយុ​ក្រោម ៥ឆ្នាំ ទៅ​សុំ​ទាន​ដើរ​ជា​មួយ​តាម​ផ្លូវ ដែល​មាន​មនុស្ស​ធ្វើ​ដំណើរ​ច្រើន។

ពលរដ្ឋ​ម្នាក់​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បន្ទាយមានជ័យ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា លោកស្រី​បាន​យក​កូន​២នាក់​ ដោយ​ម្នាក់​អាយុ​ជិត ១ខួប និង​ម្នាក់​ទៀត អាយុ​ជាង ៣ឆ្នាំ ដើរ​សុំ​ទាន​តាម​ផ្លូវ​នៅ​ទីក្រុង​បាងកក (Bangkok) ប្រទេស​ថៃ។ ស្ត្រី​វ័យ ៣០ឆ្នាំ​រូប​នេះ ប្រកប​របរ​សុំ​ទាន​ប្រមាណ ៦ខែ​ហើយ ដោយសារ​នៅ​ប្រទេស​ថៃ​អត់​ការងារ​ធ្វើ ស្រប​ពេល​ដែល​ប្ដី​លោកស្រី​មាន​ជំងឺ​ប្រចាំ​កាយ​មិន​អាច​ធ្វើ​ការងារ​ធ្ងន់​បាន ក៏​សម្រេច​ចិត្ត​នាំ​កូន​ទាំង ២នាក់​ដើរ​សុំ​ទាន​រក​ប្រាក់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ លោកស្រី​ថា មួយ​រយៈ​នេះ លោក​ស្រី​រក​បាន​ប្រាក់​តិចតួច ពោល​គឺ​បាន​ប្រមាណ​ពី ១០០ ទៅ ១៥០បាត ឬ​ស្មើនឹង​ប្រមាណ​ពី ៣ ទៅ ៥ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ លោក​ស្រី​ថា ថ្ងៃ​ខ្លះ ជនជាតិ​ថៃ​ដាក់​ទាន​ជា​ទឹកដោះគោ នំ និង​អាហារ​មួយ​ចំនួន ដើម្បី​ហូបចុក​ប្រចាំ​ថ្ងៃ។

«សូម្បី​តែ​លោក (សង្ឃ) ឃើញ​យើង​អត់ លោក​និមន្ត​បិណ្ឌបាត្រ គាត់​ចិត្ត​បុណ្យ ក៏​គាត់​ឱ្យ​យើង​ដែរ នំ​កូន ឱ្យ​ទឹកដោះគោ។ ខ្ញុំ​ស្ពាយ​កូន​ជាប់​នឹង​ទ្រូង​រហូត អា​អូន​ក៏​ដឹក​ដៃ​វា​ អា​​អាយុ​បី​ឆ្នាំ​។ ពេល​មើល​មុខ​ខ្ញុំ​ស្រុក​ទឹក​ភ្នែក​ ធ្វើ​ម៉េច​បើ​យើង​វា​អត់​មាន​តែ​ទ្រាំ​ តស៊ូ​​លំបាក​ លំបាក​ខ្លួន​ឯង​មិន​សូវ​អី​ទេ​ តែ​ស្រណោះ​កូន​ កូន​តូច​គ្នា​អត់​ដឹង​អី​។​ខ្ញុំ​ខ្មាស​អៀន​ខ្មាស​គេ តែ​មិន​ដឹង​ធ្វើ​ម៉េច​យើង​ត្រូវ​តែ​តស៊ូ​ទ្រាំ​​ដើម្បី​ឱ្យ​បាន​កូន​ធំ»

ប៉ុន្តែ​យ៉ាង​ណា​ក្ដី ក្រុម​ពលករ​ទាំង​នេះ​ព្រួយបារម្ភ​ខ្លាច​អាជ្ញាធរ​ថៃ​ចាប់​ពួកគាត់​ដាក់​គុក និង​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ ដែល​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ពួកគាត់។

ក្ដី​បារម្ភ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មួយ​រយៈ​នេះ ពួក​គាត់​ឃើញ​អាជ្ញាធរ​ថៃ​បាន​ចុះ​ចាប់​អ្នក​សុំទាន​ជា​បន្តបន្ទាប់។កាល​ពី​ថ្ងៃ​ទី៤ ខែសីហា អាជ្ញាធរ​ថៃ​នៅ​ខេត្តប៉ាថុមថានី (Pathum Thani) ជាប់​ទីក្រុង​បាងកក​បាន​ចាប់​បុរស​អ្នក​សុំទាន​ម្នាក់ ដែល​អាជ្ញាធរ​ថៃ​អះអាង​ថា ជា​ជនជាតិ​ខ្មែរ ក្នុង​អាការៈ​ខ្វាក់ខ្វិន​ដើរ​មិន​រួច និង​មាន​ផ្ទៃមុខ​ដូច​ត្រូវ​ទឹក​អាស៊ីដ។ ក្រោយ​ការ​សួរនាំ អាជ្ញាធរ​ថៃ​ថា បុរស​នោះ​បាន​សុំទាន​នៅ​ប្រទេស​ថៃ ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​ធ្វើ​ពុត​ជា​ពិការ ដើម្បី​សុំទាន ដោយ​ក្នុង​មួយ​ថ្ងៃ​គាត់​អាច​រក​ប្រាក់​បាន​ជាង ៥ពាន់​បាត ឬ​ប្រហែល ១៥០ដុល្លារ។ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​បុរស​សុំទាន​រូប​នេះ​ ត្រឡប់​មក​កម្ពុជា វិញ និង​ដាក់​ឈ្មោះ​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ ​ហាម​ចូល​ប្រទេស​ថៃ។

ដោយឡែក កាល​ពី​ថ្ងៃ​ទី៣០ ខែសីហា អាជ្ញាធរ​ថៃ​បាន​ចាប់​ស្ត្រី​ខ្មែរ ៣នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ១៩ ដល់ ៤៣ឆ្នាំ ក្នុង​ទីក្រុង​បាងកក (Bangkok) បន្ទាប់​ពី​អាជ្ញាធរ​រក​ឃើញ​ពួកគេ​បាន​ធ្វើ​ដំណើរ​ចូល​ទឹក​ដី​ថៃ ដោយ​ខុសច្បាប់ និង​បាន​បន្លំ​ខ្លួន​សុំទាន​នៅ​តាម​ដង​ផ្លូវ នៅ​ពេល​ថ្ងៃ ហើយ​ពេល​យប់ ពួកគេ​បាន​ស្លៀកពាក់​ឡូយឆាយ ដើរ​ចាយ​លុយ​ហ៊ឺហា។ អាជ្ញាធរ​ថៃ ​ថា ពួកគេ​ម្នាក់ៗ អាច​សុំទាន​បាន ក្នុង​មួយ​ថ្ងៃ ប្រមាណ ៣ពាន់​បាត ឬ​ស្មើ​ជិត ១០០ដុល្លារ។ អាជ្ញាធរ​ថៃ បាន​ចោទ​ប្រកាន់​ពួកគេ ពី​បទ​ឆ្លងដែន​ខុសច្បាប់ និង​បង្កើត​រូបភាព​មិន​សមរម្យ​ដល់​អ្នកទេសចរ ដែល​មក​ទស្សនា​ប្រទេស​ថៃ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក កត្តា អន ដើម្បី​សាកសួរ​អំពី​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៩​ខែ​កញ្ញា ដោយ​ទូរស័ព្ទ​តែ​គ្មាន​អ្នក​ទទួល។

ជុំ​វិញ​រឿង​នេះ​មន្ត្រី​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុន ​មាន​ប្រសាសន៍​ថា ការ​សុំទាន​នៅ​ប្រទេស​ថៃ​ជា​អំពើ​ខុស​ច្បាប់ ហើយ​ប្រឈម​នឹង​អាជ្ញាធរ​ថៃ​ចាប់​ដាក់​គុក។ លោក​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ថា គួរ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់ ដោយ​បង្កើត​ការ​ងារ​នៅ​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន និង​ស្វែង​រក​ទីផ្សារ​លក់​កសិផល​ជូន​កសិករ​ក្នុង​តម្លៃ​សមរម្យ។ លោក​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ដោះស្រាយ​បញ្ហា​នេះ​ទេ​នោះ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន បន្ត​ប្រកប​របរ​មួយ​នេះ​ទៀត ដែល​ធ្វើ​ឱ្យ​កេរ្តិ៍​របស់​កម្ពុជា​កាន់​តែ​អាក្រក់​នៅ​លើ​ឆាក​អន្តរជាតិ។

«សំណូមពរ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ហ្នឹង ជួយ​សម្រាល​ទុក្ខ​ផង ដើម្បី​ពួកគាត់​ហ្នឹង​រស់នៅ​ក្នុង​ប្រទេស​កំណើត​មិន​ចាំបាច់​ចាញ់​បោក​មេខ្យល់ ហើយ​ប្រសិនបើ​គាត់​ចាញ់បោក​មេខ្យល់​គេ សូម​ឱ្យ​ស្ថាប័ន ជា​ពិសេស ស្ថាប័ន​រដ្ឋ​សហការ ដើម្បី​ជួយ​ពួកគាត់​ហ្នឹង ឱ្យ​មាន​សិទ្ធិ​ក្នុង​ការ​រស់នៅ​ជា​ប្រជាពលរដ្ឋ ដែល​មាន​ភាព​ថ្លៃថ្នូរ»

របាយការណ៍​ក្រសួង​អភិវឌ្ឍន៍​សង្គម និង​ស្ថិរភាព​មនុស្ស​របស់​ថៃ​ឱ្យ​ដឹង​ថា រយៈ​ពេល ១០ឆ្នាំ​ចុង​ក្រោយ​នេះ មាន​បរទេស​ជិត ២ពាន់ ៥០០នាក់ (.៤៧៣) ប្រកប​របរ​សុំទាន នៅ​ប្រទេស​ថៃ ក្នុង​នោះ ជនជាតិ​ខ្មែរ និង​ភូមា ឬ​មីយ៉ាន់ម៉ា (Myanmar) ច្រើន​ជាង​គេ។ របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា អ្នកសុំទាន​ទាំង​នោះ​ភាគ​ច្រើន ជា​មនុស្ស​វ័យ​កណ្ដាល ដែល​ពេញ​កម្លាំង​ធ្វើ​ការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។