កម្មកររោងចក្រកាត់ដេរមួយចំនួន ត្អូញត្អែរថា ប្រាក់ឈ្នួលអប្បបរមាប្រចាំខែរបស់ពួកគាត់ចំនួន ២០៤ដុល្លារ ដែលរដ្ឋាភិបាលកំណត់ឱ្យ មិនគ្រប់គ្រាន់សម្រាប់ឱ្យកម្មករផ្គត់ផ្គង់ជីវភាពក្នុងមួយខែឡើយ។ ពួកគាត់ថា ជីវភាពរបស់កម្មករនៅតែដុនដាប ដោយសារប្រាក់ឈ្នួលដែលដំឡើងឱ្យកម្មករចំនួន ៤ដុល្លារនេះ មិនអាចប្រៀបទៅនឹងតម្លៃទំនិញនៅលើទីផ្សារកាន់តែឡើងថ្លៃ បាននោះទេ។
បន្ទាប់ពីទទួលបានប្រាក់ឈ្នួលអប្បបរមាប្រចាំខែចំនួន ២០៤ដុល្លារ រយៈពេលបីខែជាប់ៗគ្នាមកនេះ កម្មកររោងចក្រមួយចំនួនត្អូញត្អែរថា ជីវភាពរបស់ពួកគាត់ កាន់តែលំបាកជាងមុន ពីព្រោះថា ប្រាក់ឈ្នួល ដែលភាគីរដ្ឋាភិបាល និងថៅកែក្រុមហ៊ុន ចរចាគ្នាដំឡើងឱ្យនៅចុងកន្ទុយចំនួន ៤ដុល្លារនោះ តិចតួចខ្លាំងណាស់ និងមិនសមនឹងតម្លៃទំនិញ ម្ហូបអាហារ និងបន្ទប់ជួល ដែលឡើងថ្លៃទន្ទឹមគ្នាជាមួយប្រាក់ខែកម្មករនោះទេ។
កម្មកររោងចក្រសិនតៃ ហ្គាមែន (Zhen Tai Garment Cambodia) លោកស្រី ហ៊ី មុំ ថ្លែងថា ប្រាក់ឈ្នួលប្រចាំខែចំនួន ២០៤ដុល្លារ ដែលលោកស្រីទទួលបានបីមកនេះ មិនគ្រប់គ្រាន់ក្នុងការចំណាយសម្រាប់រយៈពេលមួយខែនោះទេ។ លោកស្រីបន្តថា ចាប់តាំងពីការរីករាលដាលជំងឺកូវីដ១៩ មក កម្មកររោងចក្រពឹងផ្អែកតែទៅលើប្រាក់ឈ្នួលប្រចាំខែប៉ុណ្ណោះ ដោយមិនសូវមានការងារថែមម៉ោងដូចកាលពីមុននោះទេ ហើយស្ថិតក្នុងស្ថានភាពប្រាក់កម្រៃតិចដូច្នេះ កម្មករធ្វើការរស់ទាំងត្រដរ។
លោកស្រី ហ៊ី មុំ៖ «ប្រាក់ខែឡើង ផ្ទះឡើងថ្លៃ ការហូបចុកឡើងថ្លៃ អង្កឡើងថ្លៃ ឱ្យតែប្រាក់ខែឡើង ហើយឡើងតែ ៤ដុល្លារទេ។ អីវ៉ាន់ការហូបចុកឡើងថ្លៃ គេបូកគុណចែកទៅ គិតថាឡើង ដូចតែអត់ឡើងដដែល។ ទំនិញឡើងច្រើនជាងប្រាក់ខែ។ យើងបូកមួយនេះបន្តិចទៅ ពីរបីរយ បូកមួយនោះបួនប្រាំរយទៅ យើងបូកថ្លៃផ្ទះឡើង បីបួនដុល្លារទៅ»។
កម្មការិនីម្នាក់ទៀត ធ្វើការនៅរោងចក្រ នីអាន់ ឃីដ (NYAN KIDS) កញ្ញា មៀន រតនា ឱ្យដឹងថា ស្ថានភាពកម្មករក្នុងសម័យកាលប្រាក់ឈ្នួលអប្បបរមា ២០៤ដុល្លារ រឹតតែលំបាកជាងឆ្នាំមុនទៅទៀត។ កញ្ញារៀបរាប់ថា ការលំបាកនោះ គឺនៅត្រង់ថា ប្រាក់ឈ្នួលកម្មករឡើងបាន ៤ដុល្លារ ប៉ុន្តែរោងចក្របានកាត់ប្រាក់សោធនចំនួន ៤ដុល្លារពីកម្មករទៅវិញ ចំណែកឯតម្លៃបន្ទប់ជួល បូករួមថ្លៃទឹកភ្លើងក្នុងមួយខែ កម្មករត្រូវចំណាយលើសពី ៦០ដុល្លារ។ ដូច្នេះ ប្រាក់ឈ្នួលដែលកម្មករនៅសល់សម្រាប់ចំណាយក្នុងមួយខែតែជាង ១រយដុល្លារប៉ុណ្ណោះ ហើយបើចែកជាប្រចាំថ្ងៃវិញ កម្មករមានលទ្ធភាពចំណាយប្រាក់តែជាង ១ម៉ឺនរៀលប៉ុណ្ណោះ សម្រាប់ចំណាយលើអាហារបីពេល។
កញ្ញា មៀន រតនា៖ «ប្រាក់ខែប៉ុណ្ណឹងតិចណាស់ ចាយអត់គ្រប់ទេ បើសិនជាថែមម៉ោងដូចរាងគ្រាន់បើបន្តិច ប៉ុន្តែបើអត់ថែមម៉ោងទេ ចាយអត់គ្រប់ទេ»។
រដ្ឋាភិបាលកាលពីខែសីហា ឆ្នាំ២០២៣ បានដំឡើងប្រាក់ឈ្នួលកម្មករ ដល់ ២០៤ដុល្លារក្នុងមួយខែ។ តែយ៉ាងណា ប្រាក់ឈ្នួលឆ្នាំថ្មីនេះ លើសឆ្នាំចាស់តែ ៤ដុល្លារប៉ុណ្ណោះ ខណៈកម្មករនិយោជិកទាមទារ ២១៥ដុល្លារ។
ប៉ុន្តែ នៅចំពោះមុខការខកចិត្តរបស់កម្មករ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រសួងការងារ បានបង្ហាញការអបអរសាទរដល់កម្មករ កម្មការិនី ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើងនិងផលិតផលធ្វើដំណើរ និងកាបូប ដែលទទួលបានប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់បានថ្លែងជាសាធារណៈ កាលពីខែតុលា ឆ្នាំ២០២៣ ក្នុងពេលចុះជួបកម្មករជាង ២ម៉ឺននាក់ ថា ប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរ របស់កម្មករនៅកម្ពុជា ខ្ពស់ជាងប្រទេសចំនួន ៥ផ្សេងទៀតនៅក្នុងតំបន់ ដូចជាវៀតណាម (Vietnam) ស្រីលង្កា (Sri Lanka) បង់ក្លាដេស (Bangladesh) ឡាវ(Lao) និងមីយ៉ាន់ម៉ា (Myanmar) ជាដើម។
លោក ហ៊ុន ម៉ាណែត៖ «អ្វីដែលយើងបាននេះ វាមិនដូចអ្វីដែលយើងរំពឹងទុក ប៉ុន្តែវាច្រើនហើយ ហើយប្រទេសទាំងអស់នោះ ខ្ញុំគិតថាកម្មករ កម្មការិនីប្រសិនបើគេងាកមកកម្ពុជា ប្រហែលជាគេ(ថា)កម្មករខ្មែរសំណាងណាស់ ដែលប្រាក់ខែដំឡើងហើយ ខ្ពស់ជាងប្រទេសគេហើយ តែឆ្នាំនេះរដ្ឋាភិបាលដំឡើងឱ្យទៀត នេះគួរតែអបអរសាទរទៅ»។
ទោះជាបែបនេះក្ដី នៅពីក្រោយឆាក នៃសំឡេងទះដៃការថ្លែងរបស់លោក ហ៊ុន ម៉ាណែត នេះ កម្មករលើកឡើងថា ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយយកប្រាក់ខែកម្មករនៅកម្ពុជា ទៅប្រៀបធៀបជាមួយប្រទេសនេះ ឬប្រទេសនោះ បែបនេះ គឺមិនឆ្លុះបញ្ចាំងពីទំនួលខុសត្រូវចំពោះកម្មករនោះទេ។ ពួកគាត់ថា ការដំឡើងប្រាក់ឈ្នួលឱ្យកម្មករ គួរផ្អែកទៅលើស្ថានភាពសេដ្ឋកិច្ច និងតម្លៃទំនិញលើទីផ្សារ និងវាយតម្លៃថា តើប្រាក់ខែប៉ុន្មាន ទើបកម្មករអាចរស់បានដោយសមរម្យ ទើបជាដំណោះស្រាយល្អ។
កម្មកររោងចក្រសិនតៃ ហ្គាមែន (Zhen Tai Garment Cambodia) លោក គឹម សុភេន ឱ្យដឹងថា កម្មករភាគច្រើននៅតែបន្តហូបចុកត្បិតត្បៀត និងខ្ចីបុលបន្ថែមដើម្បីបំពេញក្រពះ និងភាពខ្វះខាតនៅក្នុងគ្រួសារ។
លោក គឹម សុភេន៖ «បច្ចុប្បន្នបងប្អូនកម្មករយើងអាចរស់បានដោយសារតែគាត់ធ្វើការថែមម៉ោង។ ទាល់តែមានការងារបន្ថែមម៉ោង ចាប់ពីពីរម៉ោង ទៅបួនម៉ោងទើបពួកគាត់ទប់ទល់នឹងការចំណាយរបស់គាត់ប្រចាំខែបាន។ បើសិនជាអត់បានថែមម៉ោងទេ គឺពិបាកណាស់ប្រាក់ខែប៉ុណ្ណឹង។ មានតែខ្ចីគេថែមដើម្បីទប់នឹងការចំណាយប្រចាំខែ»។
នៅតាមមុខរោងចក្រក្នុងម៉ោងសម្រាកថ្ងៃត្រង់ កម្មករខ្លះនៅតែខ្ចប់បាយពីផ្ទះដែលមិនសូវមានជីវជាតិ ឯអ្នកខ្លះបន្តទិញអាហារនៅមុខរោងចក្រដែលមានតម្លៃថោកសម្រាប់បរិភោគ បើទោះបីអាហារខ្លះ មិនសូវមានអនាម័យ និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ យ៉ាងណាក្ដី។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន និងអគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២ ខែមេសា។
ទាក់ទិនរឿងនេះ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ លើកឡើងថា តួលេខប្រាក់ឈ្នួលឆ្នាំ២០២៤ នេះ មិនសមាមាត្រនឹងចំនួនអតិផរណាដែលមានចំនួន៣ភាគរយនោះឡើយ ខណៈទំនិញលើទីផ្សារឡើងថ្លៃខ្ពស់ តែប្រាក់ឈ្នួលកម្មករឡើងបានតែ ៤ដុល្លារ។ លោកបន្តថា រដ្ឋាភិបាលគួរមានយន្តការដោះស្រាយទម្លាក់តម្លៃទំនិញ ឬទប់ស្កាត់កុំឱ្យឡើងខ្ពស់ជាងនេះ ចំណែកសហជីពនៅតាមរោងចក្រអាចបើកការចរចា ជាមួយភាគីនិយោជកដោយផ្អែកលើកិច្ចព្រមព្រៀងរួមជាលក្ខណៈទ្វេភាគី។
លោក អាត់ ធន់៖ «បើយើងប្រៀបធៀបប្រទេសខ្លះដូចភូមា ដូចឡាវអី យើងច្បាស់ជាច្រើនជាងគេហើយ។ តែបើប្រៀបធៀប(ជាមួយ)វៀតណាម ឥណ្ឌូណេស៊ី ថៃ ឬក៏ម៉ាឡេស៊ី អី យើងហ្នឹងវាទាបជាងគេទេ។ អ៊ីចឹងចំនួនខ្ញុំគិតថាវាមិនសំខាន់ទេ!វាសំខាន់ថាតើរដ្ឋនេះមានវិធីសាស្ត្រ ឬយន្តការអី ដែលធ្វើឱ្យទំនិញលើទីផ្សារគ្រប់ប្រភេទហ្នឹងវាធ្លាក់ចុះ ដែលអាចឱ្យកម្មករនិយោជិតហ្នឹងគាត់អាចចាយនៅក្នុងរង្វង់ទឹកប្រាក់ដែលគាត់មានប៉ុណ្ណឹង ដែលមានគាត់មានត្រឹម២០៤ដុល្លារហ្នឹងបាន វាជារឿងសំខាន់»។
បើតាមតារាងបង្ហាញពីប្រាក់ឈ្នួលរបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បង្ហាញថា រយៈពេល៥ឆ្នាំចុងក្រោយនេះ ពោលគឺចាប់ពីឆ្នាំ២០២០ មក ការចរចា ដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំ មានតួលេខកាន់តែទាបទៅៗ ដោយក្នុងឆ្នាំ២០២០ រដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលចំនួន ៨ដុល្លារ។ ចំណែកឆ្នាំ២០២១ និងឆ្នាំ២០២២ រដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួល ២ដុល្លារពីរឆ្នាំជាប់គ្នានិងឆ្នាំ២០២៣ ដំឡើងបាន៦ដុល្លារ និងចុងក្រោយក្នុងឆ្នាំ២០២៤ ដំឡើងបាន៤ដុល្លារ។
កម្មករលើកឡើងថា ក្នុងចំណោមពួកគាត់ខ្លះធ្វើការរោងចក្រជិត ១០ឆ្នាំ និងខ្លះទៀតរហូតដល់ជិត ២០ឆ្នាំទៅហើយ ប៉ុន្តែពួកគាត់គ្មានសល់លុយកាក់ ឬទ្រព្យសម្បត្តិអ្វីនោះទេ ក្រៅពីបំណុល និងជំងឺ។ កម្មករស្នើដល់រដ្ឋាភិបាល បង្កើនតួលេខក្នុងពេលចរចាដំឡើងប្រាក់ឈ្នួល និងដោះស្រាយបញ្ហាទំនិញលើទីផ្សារ ដើម្បីឱ្យពួកគាត់អាចទទួលបានការរស់នៅក្នុងជីវភាពសមស្រប និងជៀសផុតពីវិបត្តិបំណុល ដែលកើតចេញពីភាពខ្វះខាតដូចសព្វថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។