កសិករ​នៅ​ខេត្ត​បាត់ដំបង​មួយ​ចំនួន មិន​សប្បាយចិត្ត​ពេល​ប្រមូល​ផល​ដោយសារ​ស្រូវ​ចុះថោក

ដោយ ជាតិ ចំណាន
2024.09.26
កសិករ​នៅ​ខេត្ត​បាត់ដំបង​មួយ​ចំនួន មិន​សប្បាយចិត្ត​ពេល​ប្រមូល​ផល​ដោយសារ​ស្រូវ​ចុះថោក ទិដ្ឋភាព​កសិករដឹកស្រូវ​ទៅលក់​នៅភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្ត​បាត់ដំបង កាលពីថ្ងៃទី២៤ កញ្ញា ២០២៤។
រូប៖ កសិករផ្ដល់ឲ្យ

កសិករ​មួយ​ចំនួន នៅ​ខេត្ត​បាត់ដំបង ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​ធ្លាក់​ចុះ ដោយសារ​ឈ្មួញ​បង្អាប់​គុណភាព​ទិន្នផល​ស្រូវ​ថា មិនសូវ​ល្អ និង​ការ​ប្រមូល​ផល​ព្រមគ្នា​ជាដើម។ កសិករ​លើកឡើង​ថា មូលហេតុ​ដែល​ឈ្មួញ​ក្រឡុក​ហាងឆេង និង​ហ៊ាន​ឱ្យ​តម្លៃ​ទាប​បែបនេះ គឺ​ដោយសារ​ពួកគេ​ដឹង​ពី​ចំណុច​ខ្សោយ​របស់​កសិករ ដែល​ត្រូវការ​លក់​ស្រូវ​បន្ទាន់ ដើម្បី​យក​ប្រាក់​បង្វិល​សង​ដេប៉ូ​លក់​ជី និង​ធនាគារ។

រដូវ​កាល​ប្រមូល​ផល​ស្រូវ​វស្សា របស់​កសិករ​នៅ​ខេត្ត​បាត់ដំបង នៅ​ឆ្នាំ​នេះ ហាក់​លឿន​ជាង​រាល់​ឆ្នាំ ដោយ​ទើបតែ​ចូល​ដល់​ដើម​សរទរដូវ ឬ​រដូវ​ចុះអ័ព្ទ និង​ធ្លាក់​ទឹក​សន្សើម​ភ្លាម កសិករ​នៅ​តាម​ភូមិ បាន​នាំគ្នា​ចុះ​ទៅ​ស្រែ​ព្រោងព្រាត។ នៅ​ព្រឹកព្រហាម សំឡេង​គ្រឿង​យន្ត​បាន​បន្លឺ​ឡើង​ពេញ​វាលស្រែ ដោយ​កសិករ​ខ្លះ​បញ្ជា​ម៉ាស៊ីន​ច្រូត និង​ខ្លះ​ទៀត បើក​គោយន្ត​កន្ត្រៃ ដឹក​ភោគផល ចេញពី​ស្រែ។

ទោះបីជា​បាន​ប្រមូល​ផល​ហើយ​ក្ដី ក៏​ទឹកមុខ​របស់​កសិករ​ហាក់​មិន​សប្បាយចិត្ត​និង​ទិន្នផល​ខ្លួនឯង​ឡើយ ព្រោះ​ស្រូវ​ដែល​ពួកគាត់​ដឹក​យក​មក​ពី​ស្រែ​នោះ គឺ​មិន​បាន​យក​ទៅ​ហាល​ទុក​ក្នុង​ជង្រុក ឬ​ដោក​ឡើយ ព្រោះ​ពួកគាត់​ត្រូវ​លក់​ចេញ​ទាំង​សើម​ឱ្យ​ទៅ​ឈ្មួញ​ភ្លាមៗ ដោយ​ទទួល​បាន​តម្លៃ​ទាប ដែល​ធ្វើ​ឱ្យ​ពួកគាត់​ត្រូវ​ខាតបង់​ទាំង​លុយកាក់ កម្លាំង និង​ពេលវេលា។

កសិករ​នៅ​ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ កញ្ញា អាលី រ៉ូហានី ប្រាប់​វិទ្យុ​អាស៊ីសេរី ថា កញ្ញា​លក់​ស្រូវ​ស្រងែ បាន​តម្លៃ ១ពាន់រៀល​ក្នុង​មួយ​គីឡូក្រាម ដោយ​ឈ្មួញ​បង្អាប់​ថា ស្រូវ​របស់​កញ្ញា​ជា​ស្រូវ​សើម នៅ​ស្លាប​សេក ឬ​មិនទាន់​គ្រប់​អាយុ​ត្រូវ​ប្រមូល​ផល។ កញ្ញា​ត្អូញត្អែរ​ថា តម្លៃ ១ពាន់រៀល​នេះ កសិករ​មិន​រួច​ថ្លៃដើម​ឡើយ ដោយសារ​ការ​បង្កបង្កើនផល​ស្រូវ​វស្សា​ឆ្នាំនេះ ជួបប្រទះ​វិបត្តិ​ខ្វះ​ទឹក​ធ្វើស្រែ និង​សត្វល្អិត​រាតត្បាត ដែល​ធ្វើ​ឱ្យ​កសិករ​ត្រូវ​ប្រើប្រាស់​ថ្នាំ និង​ជី​បំប៉ន​ច្រើន​ជាង​ឆ្នាំមុន។

កញ្ញា អាលី រ៉ូហានី«អត់មាន​អ្នក​ទុក(ស្រូវ)ទេ ព្រោះ​ដើមទុន​យើង​ចុះ​ទៅ​ធ្វើ​វា​ច្រើន​ដែរ គេ​អត់​ស្តុក​ទុក​ទេ គេ​បញ្ចេញ​ស្រូវ​លក់​ទាំងអស់ ព្រោះ​យក​លុយ​បង្វិល​សង​គេ​វិញ។ ហើយ​ណាមួយ​ទឹក​លិច​អស់ មិនសូវ​បាន​ប៉ុន្មាន​ដែរ។ និយាយ​ទៅ​វា​ខូច​ចង់​ទាំងស្រុង»

ចេញពី​ភូមិ​ព្រែក​នរិន្ទ ដោយ​ធ្វើដំណើរ​ឆ្លង​កាត់ ឃុំ​ពាមឯក នៃ​ស្រុក​ឯកភ្នំ ឆ្ពោះ​ទៅ​ឃុំ​អូរតាគី នៃ​ស្រុក​ថ្មគោល មាន​គោយន្ត​កន្ត្រៃ​ដឹក​ស្រូវ​ពេញ​រ៉ឺម៉ក ចត​តម្រៀប​គ្នា​ជា​ជួរ រង់ចាំ​រថយន្ត​បែន​របស់​ឈ្មួញ​មក​ទិញ និង​ខ្លះ​ទៀត​កំពុង​វាច​ស្រូវ​ដាក់​ហាល​នៅ​តាម​វត្ត និង​ចិញ្ចើម​ផ្លូវ ដោយសារ​ស្រូវ​ដែល​ពួកគាត់​ច្រូត​មក គឺជា​ស្រូវ​ស្លាបសេក ឬ​មិនទាន់​ទុំ​ល្អ។ មូលហេតុ​ដែល​ពួកគាត់​ប្រញាប់​ច្រូត ទាំង​ដែល​ស្រូវ​នៅ​សម្បក​ខៀវ​បែបនេះ មិនមែន​ហាងឆេង​ស្រូវ​កំពុង​មាន​តម្លៃ​ល្អ​នោះ​ទេ ប៉ុន្តែ​ស្រូវ​ទាំង​នោះ គឺ​ពួកគាត់​ច្រូត​ដណ្ដើម​ពី​ទឹកជំនន់ ដែល​បាន​ពន្លិច​ស្រែ​របស់​ពួកគាត់។

កំពុង​អង្គុយ​បង្ហុយ​ផ្សែង​បារី​លើ​ទ្រុង​គោយន្ត ពលរដ្ឋ​នៅ​ឃុំ​អូរតាគី ស្រុក​ថ្មគោល លោក ភាន កុសល ដកដង្ហើម​ធំ និង​រអ៊ូរទាំ​ថា លោក​ធ្វើស្រែ ៧ហិកតារ ប៉ុន្តែ​ច្រូត​បាន​តែ​ជាង ១០តោន​ប៉ុណ្ណោះ ដោយសារ​ទឹកជំនន់​បាន​ពន្លិច​ស្រូវ​របស់​លោក ធ្វើ​ឱ្យ​ស្រូវ​អន់​ដើម មិនសូវ​ចេញ​ផ្លែ ខណៈ​ឈ្មួញ ឱ្យ​ថ្លៃ​តែ ១ពាន់រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម។

លោក ភាន កុសល«មកពី​ខ្វះ​ទីផ្សារ ប្រសិនបើ​មាន​ទីផ្សារ​ច្រើន ស្រូវ​ហ្នឹង​អាច​ថេរ អាច​ឡើង អត់​មាន​អ្នក​ណា​បង្អាប់​បាន ប៉ុន្តែ​បើសិនជា​មានតែ​មួយ​ច្រក ដូចជា​ច្រក​វៀតណាម អ៊ីចឹង​ទៅ គេ​អាច​បង្អាប់​យើង​បាន ព្រោះ​គេ​ចង់​ទិញ​ឱ្យ​ថ្លៃ គឺ​បាន​ថ្លៃ បើ​គេ​ចង់​ទិញ​បាន​ថោក គឺ​ថោក ព្រោះ​អី​ទីផ្សារ​វា​មាន​តែមួយ វា​អត់​មាន​ទូទៅ»

តាម​សេចក្ដី​ប្រកាស របស់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង អំពី​តម្លៃ​ស្រូវ​នៅ​តាម​តំបន់​បង្ហាញ​ថា កាលពី​ថ្ងៃទី១០ ខែ​កញ្ញា ស្រូវស្រងែ​នៅ​ទីវាល មាន​តម្លៃ .២២៧រៀល ក្នុង​មួយ​គីឡូក្រាម។ ប៉ុន្តែ មកដល់​ថ្ងៃទី២៣ ខែ​កញ្ញា តម្លៃ​ស្រូវស្រងែ ដែល​ឈ្មួញ​កណ្ដាល​ប្រមូល​ទិញ​នៅ​ទីវាល ធ្លាក់​មក​នៅ១.០២២ ទៅ .០៧០រៀល​ក្នុង​មួយ​គីឡូក្រាម ចំពោះ​ស្រូវ​មាន​គុណភាព​ល្អ និង​តម្លៃ ៩៧២ ទៅ ១.០២២រៀល ចំពោះ​ស្រូវ​ដែល​មាន​គុណភាព​មិនសូវ​ល្អ។

មន្ទីរ​ពាណិជ្ជកម្ម បញ្ជាក់​ថា មូលហេតុ​ដែល​តម្លៃ​ស្រូវ​ធ្លាក់​ចុះ គឺ​ដោយសារ​កសិករ​ប្រមូល​ផល​ស្រូវ​ដែល​មិន​ទាន់​ទុំ​ល្អ ព្រោះ​ខ្លាច​ទឹកជំនន់​លិច ធ្វើ​ឱ្យ​ស្រូវ​លាយ​ខ្ចី​ច្រើន និង​ចំ​ទឹក​សើម​មិន​ស្អាត ខណៈ រោងម៉ាស៊ីន​មួយ​ចំនួន បាន​ទម្លាក់​តម្លៃ និង​មិន​ទទួល​ទិញ​ស្រូវ​ពី​កសិករ​ផ្ទាល់​នោះ​ទេ ព្រោះ​ស្រូវ​កសិករ​ដឹក​មក​ផ្ទាល់​គុណភាព​មិនសូវ​ល្អ ដោយ​រោងម៉ាស៊ីន​រង់ចាំ​ទិញ​ពី​ឈ្មួញ​កណ្ដាល ដែល​ដើរ​ប្រមូល​ទិញ​ពី​កសិករ​តែ​ប៉ុណ្ណោះ ព្រោះ​ឈ្មួញកណ្ដាល​ដើរ​ទិញ​ជ្រើស​យក​តែ​ស្រូវ​មាន​គុណភាព​ល្អ។

ផ្ទុយពី​តម្លៃ​ស្រូវ​នៅ​ក្នុង​តារាង​របស់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត កសិករ​នៅ​ឃុំ​រាំងកេសី ស្រុក​សង្កែ លោក ឱ សុផល ឱ្យ​ដឹង​ថា ស្រូវស្រងែ​នៅ​តំបន់​របស់​លោក​ធ្លាក់​ថ្លៃ​នៅ​ត្រឹមតែ ៨៥០រៀល​ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ។ លោក​បន្ត​ថា កសិករ​តែងតែ​ជួប​បញ្ហា​បែបនេះ​ដដែល​រៀងរាល់​រដូវ​ប្រមូល​ផល រហូត​កសិករ​ខ្លះ​អង្គុយ​យំ ដោយសារ​ស្រូវ​ពេញ​ជង្រុក តែ​លក់​មិន​ចេញ ព្រោះ​ឈ្មួញ​បង្អាប់​តម្លៃ​ទាប​ហួសហេតុ។

លោក ឱ សុផល «ហ្នឹងហើយ គេ(ឈ្មួញ) ឈរ​លើ​ថ្នល់ យើង​ដឹក​មក គេ​ចាក់​មើល ហើយ​ជួនកាល​គេ​យក ជួនកាល​អត់។ យើង​អ្នកស្រែ​ឯ​នេះ បាន​ត្រឹមតែ​ឈរ​មើល​គេ ហើយ​អង្វរ​លន់តួ​គេ(ឱ្យ​ទិញ)។ ជួនកាល​គេ​មិន​យក​ទៅ ចាក់​ហាល​ទាំង​តោនៗ។ ខ្ញុំ​ចំហុយ​អស់​បួន​ធុង ស្មើ​៥តោន។ ហ្នឹង​ហើយ​ពេញ​ផ្ទះ ដាក់​ហាល​សំដិល ហើយ​ភ្លៀង​មក ដឹង​ស្រាប់​ហើយ​ខែ​នេះ​ខែ​ភ្លៀង។ ពិបាក​និយាយ​មិន​ចេញ»

កសិករ​លើក​ឡើង​ថា ការ​បង្កបង្កើន​ផល​ស្រូវវស្សា​ឆ្នាំនេះ បាន​ជួប​គ្រោះធម្មជាតិ​ជាច្រើន​លើក ដែល​ធ្វើ​ឱ្យ​ការ​ប្រមូល​ផល​ទទួល​បាន​តិចតួច ខណៈ​ប្រទេស​ជិតខាង​កម្ពុជា បាន​ជួប​វិបត្តិ​ដូចគ្នា​នេះ​ដែរ ប៉ុន្តែ​តម្លៃ​កសិផល​របស់​គេ នៅតែ​ល្អ​ជាង​កម្ពុជា។ ពួកគាត់​អះអាង​ថា វិបត្តិ​តម្លៃ​ស្រូវ​ចុះថោក​នេះ បាន​កើតមាន​ឡើង​ស្ទើរ​រាល់​ឆ្នាំ ទោះបី​ទិន្នផល​ស្រូវ​របស់​កសិករ​មាន​គុណភាព​ល្អ​យ៉ាងណាក្ដី។ ពួកគាត់​អះអាង​ថា បញ្ហា​នេះ គឺ​បណ្ដាល​មក​ពី​រោងម៉ាស៊ីន និង​ឈ្មួញ​កណ្ដាល ក្រឡុក​ទីផ្សារ តាមរយៈ​ការ​បង្អាប់​គុណភាព​ស្រូវ​របស់​កសិករ។

អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឃឹម ហ្វីណង់ បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា ដោយ​ជំរុញ​ឱ្យ​កសិករ​ដាំ​ពូជ​ស្រូវ​សែន​ក្រអូប និង​ផ្កា​រំដួល ដែល​ជា​ពូជ​យុទ្ធសាស្ត្រ​របស់​កម្ពុជា មាន​តម្លៃ​ល្អ បើ​ធៀប​នឹង​ស្រូវ អូ.អឹម(OM) ដែល​ជា​ពូជ​នាំចូល​ពី​វៀតណាម ដែល​គេ​មិន​ទទួល​ទិញ ឬ​បង្អាប់​តម្លៃ​ថោក។

ទោះជា​យ៉ាងណា កសិករ​អះអាង​ថា ពូជ​ស្រូវ​ក្នុង​ស្រុក ដែល​លោក ឃឹម ហ្វីណង់ ណែនាំ​ឱ្យ​កសិករ​ដាំ មិន​អាច​ស៊ូ​នឹង​ស្ថានភាព​ដី​នៅ​តំបន់​សម្បូរ​ទឹកជំនន់​នេះ​បាន​ឡើយ ហើយ​ស្រូវ​ពូជ​នេះ​ត្រូវ​ចំណាយ​ពេល​៥ ទៅ ៦ខែ ដើម្បី​ប្រមូល​ផល ខុស​ពី​ពូជ​ស្រូវ អូ.អឹម(OM) ដែល​ចំណាយ​ពេល​ជាង ៣ខែ និង​ងាយ​ថែទាំ។

ទាក់ទិន​រឿង​នេះ ប្រធាន​សហគមន៍​បណ្ដាញ​កសិករ លោក សៀក ចំណាប់ ជំរុញ​ឱ្យ អភិបាលខេត្ត​នីមួយៗ និង​អាជ្ញាធរ​កសិកម្ម គួរ​ពង្រឹង​ការងារ​របស់​ខ្លួន​ឡើង​វិញ ក្នុង​ការ​កំណត់​តម្លៃ​ស្រូវ​ឱ្យ​មាន​ស្ថិរភាព និង​ធ្វើ​យ៉ាងណា​កុំ​ឱ្យ រោងម៉ាស៊ីន និង​ឈ្មួញកណ្ដាល​ទម្លាក់​តម្លៃ​ស្រូវ​តាម​ចិត្ត​បែបនេះ​តទៅទៀត។

លោក សៀក ចំណាប់ « ដើម្បី​អាច​ធានា​បាន​នៅ​ក្នុង​រដូវ​កាល​ខ្លី​នេះ មាន​ន័យ​ថា ជា​រដូវ​កាល​ប្រមូល​ផល ហើយ​ជា​រដូវ​កាល ដែល​ត្រៀម​ជួប​នឹង​បញ្ហា​គ្រោះ​ទឹកជំនន់ អ៊ីចឹង​អ្វី​ដែល​យើង​ត្រូវ​ធ្វើ គឺ​ប្រុងប្រយ័ត្ន​ទាំងអស់​គ្នា ជាពិសេស​អាជ្ញាធរ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន ចំពោះ​ការ​កកស្ទះ​កសិផល​ស្រូវ ហើយ​ត្រូវ​ធ្វើ​ម៉េច​ជំរុញ​ឱ្យ​មាន​ការ​ចរាចរណ៍​កសិផល​ស្រូវ​នៅ​ក្នុង​រដូវ​នេះ​ឱ្យ​បាន​លឿន​បំផុត ព្រោះ​ទាក់ទង​នឹង​បញ្ហា​ប្រធាន​សក្តិ​គ្រោះ​ទឹកជំនន់​អី​ជាដើម​ហ្នឹង គឺ​យើង​មិន​អាច​មើល​ឃើញ​ទេ។ អ៊ីចឹង​ប្រសិនជា​មាន​បញ្ហា​ណាមួយ​កើតឡើង​ភ្លាមៗ យើង​អាច​នឹង​មាន​បញ្ហា​ដោះស្រាយ​មិនទាន់»

របាយការណ៍​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៧ខែ ដើម​ឆ្នាំ២០២៤ ពី​ខែ​មករា ដល់​កក្កដា បង្ហាញ​ថា កម្ពុជា នាំចេញ​ស្រូវ​អង្ករ​ទៅ​ក្រៅ​ប្រទេស​គិតជា​ទឹកប្រាក់​មាន​ជាង ១៤ពាន់លានដុល្លារ ដែល​កើន​ឡើង ១៤ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០២៣។

កសិករ​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ និង​ក្រសួង​កសិកម្ម ឱ្យ​ចុះ​អន្តរាគមន៍​កំណត់​តម្លៃ​ស្រូវ​ឱ្យ​បាន​សមរម្យ​ដើម្បី​ជួយ​ដល់​កសិករ និង​កុំ​បណ្ដោយ​ឱ្យ​ឈ្មួញ​ទម្លាក់​ថ្លៃ​តាម​អំពើ​ចិត្ត ដែល​ធ្វើ​ឱ្យ​កសិករ​ខាតបង់ ជំពាក់​បំណុល​ធនាគារ ឈាន​ដល់​ការ​បោះបង់​ដីស្រែ និង​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។