កសិករ​មួយចំនួន​នៅ​បាត់ដំបង​ជំរុញ​ឱ្យ​ក្រសួង​កសិកម្ម​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក

ប្រជាកសិករ​មួយចំនួន​នៅ​ខេត្តបាត់ដំបង​ជំ​រុញ​ឱ្យ​ក្រសួង​កសិកម្ម និង​អាជ្ញាធរ​យក​ចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ទំនប់ទឹក​អាង​កំពីងពួយ និង​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ឱ្យ​ពួកគាត់​អាច​ធ្វើ​ស្រែ​ចម្ការ​ផ្គត់ផ្គង់​ជីវភាព​។ មន្ត្រី​សង្គម​ស៊ីវិល​យល់ឃើញ​ថា ក្រសួង​ពាក់ព័ន្ធ​គួរតែ​ចុះ​មក​ត្រួតពិនិត្យ​អំពី​ស្ថានភាព​របស់​កសិករ ដើម្បី​បង្ហាញ​ពី​ការ​ទំនួល​ខុសត្រូវ និង​ការ​អនុវត្ត​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព។

កសិករ​នៅ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង ខកចិត្ត​ដែល​ក្រសួង​កសិកម្ម​គ្មាន​ដំណោះស្រាយ​ចំពោះ​ការ​ខ្វះខាត​ទឹក​ធ្វើស្រែ​ចម្ការ​សម្រាប់​រដូវ​វស្សា និង​បណ្ដែត​បណ្ដោយ​ឱ្យ​ស្រូវ​ដំឡូង​របស់​ប្រជាកសិករ​ជាច្រើន​ហិកតារ​ស្វិត​ងាប់។

កសិករ​នៅ​ឃុំ​តាគ្រាម ស្រុក​បាណន់ លោក អឿន វុទ្ធី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១២ ឧសភា ថា​នៅ​រដូវវស្សា​នេះ ស្រូវ​របស់​លោក​បាន​ស្កក​ងាប់​ជា​បន្តបន្ទាប់​ដោយសារតែ​ទំនប់​អាងទឹក​កំពីងពួយ​មិន​ព្រម​បើក​បង្ហូរទឹក​ឱ្យ​ពលរដ្ឋ​ធ្វើស្រែ​ចម្ការ។ លោក​បន្ត​ថា នៅ​រដូវប្រាំង​គ្មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ស្រោចស្រព​ដំណាំ ប៉ុន្តែ​នៅ​ខែវស្សា​វិញ​ទឹក​លិច​ស្រូវ​ស្ទើរ​រាល់​ឆ្នាំ ធ្វើ​ឱ្យ​លោក​ខាតបង់​ប្រាក់ និង​ជំពាក់​ធនាគារ។

លោក អឿន វុទ្ធី៖ «សូម​ឱ្យ​ក្រសួង​ធនធានទឹក​ក្ដី ក្រសួង​កសិកម្ម​ក្តី សូម​ឱ្យ​ជួយ​ពង្រឹង​ធ្វើ​ម៉េច​ឱ្យ​បាន​ទឹក​ធ្វើ​នៅ​រដូវ​ខែ​ប្រជាជន​ធ្វើ​ស្រូវ​ផ្សងព្រេង​បង្វាស់​មេឃ បើ​អាច​នឹង​ជួយ​បើក​ទឹក​បាន​សម្រាប់​ឃុំ​តាគ្រាម ខ្ញុំ​ជឿជាក់​ថា ខាង​ធារាសាស្ត្រ​អាច​នឹង​បើក​បាន មិនមែន​ទឹក​ហ្នឹង​បើក​មិន​បានទេ ទឹក​ហ្នឹង​បើក​បាន​ត្រឹម​ពី​វគ្គ​អី»។

ប្រជាកសិករ​រស់នៅ​ក្នុង​ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង មាន​ផ្ទៃ​បង្ក​បង្កើនផល​ប្រមាណ​៥​រយ​ហិកតារ និង​រួម​ទាំង​ភូមិ​ដទៃទៀត ជុំវិញ​អាងទឹក​កំពីងពួយ​សរុប​ជាង ៨​ពាន់​ហិកតារ ដំណាំ​ស្រូវ​កំពុង​ប្រឈម​នឹង​ស្វិត​ងាប់​ដី​ប្រេះ​ក្រហែង ដោយសារ​គ្មាន​ទឹក​សម្រាប់​ស្រោចស្រព។

ស្រដៀង​គ្នា​នេះ​ដែរ​កសិករ​ម្នាក់​ទៀត​នៅ​ស្រុក​កំរៀង លោក ជុន ព្រឹក ថ្លែង​ថា លោក​ដាំ​ដុះ​ដំណាំ​សព្វថ្ងៃ​ពឹង​លើទឹក​ភ្លៀង និង​ជីក​អណ្ដូង​ទឹក ដើម្បី​ស្រោចស្រព​ដំណាំ​នោះ​ទេ។ លោក​បន្ត​ថា ឆ្នាំនេះ​លោក​ខាតបង់​ច្រើន​ដោយសារតែ​ដើម​ដំឡូង​មី​ជិត ៤​ហិកតារ​ស្លោក​ងាប់​ដោយសារ​ក្ដៅ​ខ្លាំង និង​គ្មាន​ប្រព័ន្ធ​ធារាសាស្ត្រ​គ្រប់គ្រាន់។ លោក​បន្ថែម​ថា លោក​ស្នើ​ឱ្យ​អាជ្ញាធរ​សាងសង់​ទំនប់ទឹក និង​ប្រឡាយ​ដើម្បី​សម្រួល​ដល់​កសិករ ប៉ុន្តែ​មកទល់​ពេល​នេះ​កសិករ​នៅតែ​គ្មាន​ទឹក​ប្រើប្រាស់​ដដែល។

​លោក ជុន ព្រឹក៖ «ចង់ឱ្យ​រដ្ឋាភិបាល ឬក៏​ក្រសួង​ពាក់ព័ន្ធ​ក្រសួងកសិកម្ម​ហ្នឹង​ចុះទៅ​ជួយ​ប្រជាពលរដ្ឋ​ធ្វើ​ដំណាំ​បែប​ណា​បែប​ណា​ល្អ​សូម​ឱ្យ​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ជួយ​តាម​ភូមិ​ឃុំ​ក៏​ល្អ​ម្យ៉ាងដែរ»។

ប្រតិកម្ម​របស់​ប្រជាកសិករ​បែបនេះ​គឺ​បន្ទាប់ពី​អ្នកនាំពាក្យ​ក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី​១០ ឧសភា ពាក់ព័ន្ធ​នឹង​បញ្ហា​កសិករ​ត្អូញត្អែរ​អំពី​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​សម្រាប់​ធ្វើ​ស្រែចម្ការ​ថា ក្រសួងកសិកម្ម​បាន​គិតគូរ និង​ត្រៀមលក្ខណៈ​រួចជាស្រេច ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ កញ្ញា​បញ្ជាក់​ថា នៅ​រដូវវស្សា​ឆ្នាំនេះ​អាច​មាន​កូន​រដូវប្រាំង​ដែល​បណ្ដាល​ប៉ះពាល់​ដំណាំ​របស់​កសិករ​ដូចជា ការ​ដាំដុះ​ស្រូវ​វស្សា ដំណាំ​ហូប​ផ្លែ គ្មាន​ទឹក​គ្រប់គ្រាន់ ដូច្នេះ​កសិករ​មិន​គួរតែ​ប្រញាប់​ដាំ​នោះ​ទេ និង​អាច​ប៉ះពាល់​ដល់​ការ​ចិញ្ចឹម​សត្វ​យក​សាច់ និង​ចិញ្ចឹម​ត្រី​លក់​ជាដើម​។ បើ​ទោះ​បី​ជា​កសិករ​អះអាង​ថា ពួកគេ​មិន​បាន​ទទួល​ដំណឹង និង​ពុំ​មាន​ក្រសួង​ចុះ​មក​ណែនាំ​នោះ​ទេ។

ជុំវិញ​រឿង​នេះ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា​អាជ្ញាធរ​គួរតែ​ចុះ​មក​ត្រួតពិនិត្យ​នៅ​ទីតាំង​ផ្ទាល់ និង​រក​ដំណោះស្រាយ​ឱ្យ​ប្រជាកសិករ​នៅពេល​ជួប​ទុក្ខ​លំបាក ដើម្បី​បង្ហាញ​ពី​ការ​យកចិត្ត​ទុក​ចំពោះ​ពលរដ្ឋ​។ លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ត្រៀម​វិធានការ​សម្រាប់​ដំណោះស្រាយ​រយៈពេល​វែង ដោយ​ត្រូវ​រៀបចំ​គោលនយោបាយ​ទឹក ឬ​ប្រព័ន្ធ​ធារាសាស្ត្រ​គ្រប់​តំបន់​ដែល​ប្រជាកសិករ​ធ្វើ​កសិកម្ម។

លោក យិន ម៉េងលី៖ «ខ្ញុំ​គិតថា​ពាក់ព័ន្ធ​មន្ទីរ​ជំនាញ​គឺ​មន្ទីរ​ធនធានទឹក និង​អាជ្ញាធរ​ខេត្ត លោក​ត្រូវតែ​ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់ ដើម្បី​សង្គ្រោះ​នូវ​កសិផល​ប្រជាពលរដ្ឋ​យើង​ពីព្រោះ​កាលណា​មិន​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​យើង​ទេ ពេល​ដែល​ប្រជាពលរដ្ឋ​យើង​ខូចខាត​ប្រជា​ពលរដ្ឋ​យើង​ប្រឈម​ខ្លាំង​ណាស់ ទី​១ យើង​ឃើញ​ថា ប្រជាពលរដ្ឋ​យើង​ច្រើនណាស់​ដែល​ជំពាក់​លុយ​ធនាគារ ដើម្បី​យក​មក​ធ្វើស្រែ ដើម្បី​ដល់ពេល​ប្រមូល​ផល​ស្រូវ​ដើម្បី​លក់​បាន​ផល​ចំណេញ​ចិញ្ចឹម​ជីវិត ហើយ​មួយ​ចំនួន​ទៀត​យក​ទៅ​ដោះ​នៅ​ធនាគារ»។

កន្លង​មក​ប្រជាកសិករ​រិះគន់​ក្រសួង​កសិកម្ម​ថា អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ មិន​ត្រឹម​ខែប្រាំង​គ្មាន​ទឹក​ធ្វើស្រែ និង​ខែវស្សា​លិច​ស្រូវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅពេល​កសិករ​ប្រមូល​កសិផល​ដើម្បី​យក​ទៅ​លក់​បែរជា​គ្មាន​ទីផ្សារ ហើយ​ក្រសួង​កសិកម្ម​ក៏​មិន​យកចិត្តទុកដាក់​រក​ទីផ្សារ​ឱ្យ​កសិករ​ឡើយ។

ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​យល់ឃើញ​ថា រដ្ឋាភិបាល​គួរ​ជួយ​សម្រួល និង​ធ្វើ​ផែនការ​ឱ្យ​ច្បាស់លាស់​ជាមុន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ពី​គ្រោះ​រាំងស្ងួត មិនមែន មាន​បញ្ហា​ទើប​ចុះ​ស្រង់​ស្ថិតិ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។