កសិករ​មួយ​ចំនួន​នៅ​ខេត្តកណ្ដាល​ងាក​មក​ចិញ្ចឹម​សត្វ​ពពែ​ជំនួស​ឱ្យ​ការ​ធ្វើ​ស្រែ​ចម្ការ

0:00 / 0:00

ប្រជាកសិករ​មួយ​ចំនួន​នៅ​ស្រុកល្វាឯម ខេត្តកណ្ដាល​ងាក​មក​ចាប់​យក​មុខ​របរ​ចិញ្ចឹម​សត្វ​ពពែ​លក់ ដើម្បី​រក​ប្រាក់​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ខណៈ​ការ​ធ្វើ​ស្រែ​ចម្ការ​ពុំ​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​មាន​តម្លៃ​ថោក។ មន្ត្រី​ជំនាញ​កសិកម្ម​យល់​ឃើញ​ថា ក្រសួង​កសិកម្ម​គួរតែ​ចុះ​បង្រៀន​ពី​បច្ចេកទេស​ចិញ្ចឹម​សត្វ និង​រក​ទីផ្សារ​ជូន​ពួក​គាត់ ដើម្បី​ជួយ​លើក​កម្ពស់​ជីវភាព។

ប្រជាកសិករ​នៅ​ខេត្តកណ្ដាល បាន​ផ្លាស់ប្ដូរ​ពី​ការ​ធ្វើ​ស្រែ​ចម្ការ ងាក​មក​ចាប់​អាជីព​ចិញ្ចឹម​សត្វ​ពពែ​ជំនួស​វិញ ពីព្រោះ​ការ​ចិញ្ចឹម​ប្រភេទ​នេះ​មិន​ចំណាយ​ដើម​ទុន​ច្រើន។ ពួក​គាត់​អះអាង​ថា ថ្វីដ្បិត​ការ​ចិញ្ចឹម​សត្វ​ពពែ​លក្ខណៈ​គ្រួសារ មិន​អាច​ទទួល​ប្រាក់​ចំណូល​ខ្ពស់ ក៏ប៉ុន្តែ​មុខ​របរ​នេះ អាច​ជួយ​ឱ្យ​ពលរដ្ឋ​មិន​ចាំបាច់​ចំណាក​ស្រុក​ទៅ​រក​ការងារ​នៅ​ក្រៅ​ប្រទេស។

កសិករ​ចិញ្ចឹម​ពពែ នៅ​ស្រុកល្វាឯម លោកស្រី ផាន់ នៀង ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា លោកស្រី​ចាប់​យក​មុខ​របរ​ចិញ្ចឹម​សត្វ​ពពែ​នេះ​រយៈ​ពេល​ជិត ២០ឆ្នាំ​មក​ហើយ បន្ទាប់​ពី​លោកស្រី​សង្កេត​ឃើញ​ពី​ទីផ្សារ​លក់​សាច់​ពពែ​មាន​តម្លៃ​ថ្លៃ។ ប៉ុន្តែ លោក​ស្រី​ថា បច្ចុប្បន្ន​ទីផ្សារ​លក់​សាច់​ពពែ​មាន​តម្លៃ​ថោក ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​លោកស្រី និង​កសិករ​ផ្សេង​ទៀត​ពិបាក​រក​ទីផ្សារ​លក់​ចេញ។

លោកស្រី ផាន់ នៀង៖«មាន​ទីផ្សារ​អ៊ីចឹង វា​ស្រួល​លក់​ស្រួល​ដូរ​អ៊ីចឹង មិន​ពិបាក​លក់​ដូច​ថា គេ​មក​ទិញ​មួយ ទិញ​ពីរ ទិញ​អ៊ីចឹង​ទៅ យក​ទៅ​ធ្វើ​ម្ហូប​ការ ពិធី​ជប់លៀង​អ៊ីចឹង បើ​ក្រុមហ៊ុន​មាន​ស្រួល​ណាស់ យើង​ត្រូវ​ការ​លក់​អ៊ីចឹង​ទៅ មាន​ក្រុមហ៊ុន​ស្រួល​ជាង​ឯកជន​មក​ទិញ​មួយ​ពីរ»។

Goats_raising_‌_Kandal_1.jpg
កសិករកំពុងឃ្វាលពពែរបស់គាត់ នៅ​ស្រុកល្វាឯម ខេត្តកណ្ដាល កាល​ពី​ថ្ងៃ​ទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

កសិករ​វ័យ ៦០ឆ្នាំ​រូប​នេះ បន្ថែម​ថា ពពែ​មួយ​ក្បាល​អាច​លក់​បាន​ប្រាក់​ចន្លោះ​ពី ៥០ម៉ឺន​រៀល ទៅ​ដល់ ១លាន​រៀល ទៅ​តាម​ទម្ងន់​នៃ​សត្វ​ពពែ ដោយ​សាច់​ពពែ​មួយ​គីឡូក្រាម​មាន​តម្លៃ ១ម៉ឺន ៥ពាន់រៀល ប៉ុន្តែ​ប្រៀបធៀប​កាល​ពី​ឆ្នាំ២០២២ សាច់​ពពែ​មួយ​គីឡូក្រាម​តម្លៃ ៤ម៉ឺន​រៀល។ លោកស្រី ផាន់ នៀង បញ្ជាក់​ថា បញ្ហា​តម្លៃ​សាច់​ពពែ​ចុះ​ថោក គឺ​ដោយសារ​តែ​ការ​នាំ​ចូល​សាច់​បង្កក​មក​ពី​ក្រៅ​ប្រទេស​ច្រើន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទីផ្សារ​កសិករ​ក្នុង​ស្រុក។

លោកស្រី ផាន់ នៀង៖«និយាយ​ទៅ​ឥឡូវ​ច្រើន​តែ​ឮ​គេ​និយាយ​ចេញ​ពី​ប្រទេស​គេ​មក​វិញ ពពែ ជ្រូក គោ​អី ក៏​ចុះ​ថោក ដែរ ​បាន​ជា​សត្វ​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង វា​ចុះ​ថោក​អ៊ីចឹង»។

សត្វពពែដែល​កសិករ​ចិញ្ចឹម ជាទូទៅ​ពួកគាត់​ត្រូវ​ចំណាយ​ពេល​ចិញ្ចឹម ចន្លោះ​ពី ៦ខែ ដល់ ១ឆ្នាំ ទើប​អាច​លក់​ចេញ​បាន។ បើទោះបីជា​កសិករ​មួយ​ចំនួន​ចិញ្ចឹម​សត្វ​ពពែ​យក​សាច់​លក់ ដើម្បី​ដោះស្រាយ​ជីវភាព​យ៉ាង​ណា​ក្ដី ក៏​ការ​ចិញ្ចឹម​សត្វ​ប្រភេទ​នេះ​ត្រូវ​ការ​ចំណាយ​ពេល​វេលា​យូរ ដូច្នេះ​ប្រាក់​ចំណូល​ដែល​ពួក​គាត់​ទទួល​បាន​ពី​ការ​លក់​សាច់​ពពែ ក៏​មិន​បាន​ជា​ប្រចាំ​ដែរ។ បញ្ហា​នេះ​ធ្វើ​ឱ្យ​កសិករ​មួយ​ចំនួន​ប្រឈម​នឹង​ការ​ជំពាក់​លុយ​ធនាគារ និង​បោះបង់​មុខ​របរ​នេះ​ចោល។

កសិករ​ម្នាក់​ទៀត ដែល​កំពុង​ចិញ្ចឹម​ពពែ​ចំនួន ៥០ក្បាល នៅ​ភូមិព្រែកក្មេង លោកស្រី ស៊ុំ នី ថ្លែងថា ក្នុងមួយឆ្នាំលោកស្រីអាចរកប្រាក់ចំណូលពីការលក់សត្វពពែចំនួន១លានរៀល ប៉ុណ្ណោះ ហើយ​ដោយសារ​សត្វ​ពពែ​លក់​បាន​តម្លៃ​ថោក​លោកស្រី​ចង់​បោះបង់​មុខ​របរ​នេះ​ចោល​ម្ដងម្កាល​ដែរ។ លោកស្រី​បន្ត​ថា ចាប់​តាំង​ពី​លោកស្រី​ចិញ្ចឹម​សត្វ​ពពែ​មក គឺ​ពុំ​មាន​មន្ត្រី​កសិកម្ម​ណា​ចុះ​មក​បង្រៀន​ពី​បច្ចេកទេស​ចិញ្ចឹម​សត្វ​ឡើយ។

លោកស្រី ស៊ុំ នី៖ «មាន​ពពែ​លក់​បាន ៤ ៥អ៊ីចឹង​ទៅ បាន​ប្រាក់ ១លាន​អ៊ីចឹង​ទៅ។ ទៅ​មុខ​ទៀត​ទៅ​លក់​បាន ២០ម៉ឺន​រៀល ៣០ម៉ឺន​រៀល​ទៀត​ទៅ វា​គ្មាន​លក់​បាន​រាប់​លាន​រាប់​ម៉ឺន​អី តទៅមួយខែៗលក់បាន១ម៉ឺនរៀល ២ម៉ឺន​រៀល អត់​ទេ មួយ​ឆ្នាំ​អី​លក់​បាន ១លាន​រៀល​អ៊ីចឹង​ទេ គ្មាន​អ្នក​ណា​អង្គុយ​លក់​រាល់​ថ្ងៃ​បើ​ពពែ​វា​ក្រ​ធំ»។

ការខ្វះបច្ចេកទេស​ចិញ្ចឹម​សត្វ​ពពែ និង​ការ​ចិញ្ចឹម​ពុំ​មាន​ក្បួន​ខ្នាត បាន​ធ្វើ​ឱ្យ​កសិករ​មួយ​ចំនួន​ប្រឈម​នឹង​ការ​ខាត​ដើម ដោយសារ​សត្វ​ពពែ​ឈឺ ឬ​ឆ្លង​មេរោគ។ សត្វ​ពពែ​អាច​កើត​ជំងឺ​មួយ​ចំនួន ដូចជា ជំងឺ​អុតក្ដាម ជំងឺខ្វិន និង​ជំងឺ​សារទឹក​ជា​ដើម ដែល​ជំងឺ​ទាំង​នេះ​បណ្ដាល​មក​ពី​ការ​រៀបចំ​ទ្រុង​ចិញ្ចឹម និង​ឱ្យ​ចំណី​ពពែស៊ី​មិន​បាន​ត្រឹមត្រូវ។

សត្វ​ពពែ​ស៊ី​ស្មៅ ស្លឹក​រុក្ខជាតិ និង​កាក​សំណល់​ផ្ទះ​ជា​ចំណី ប៉ុន្តែ​ការ​ចិញ្ចឹម​ឱ្យ​ស៊ីស្មៅ​នេះ គឺ​ធ្វើ​ឱ្យ​ការ​លូតលាស់​របស់​វា​យឺតយ៉ាវ ជាង​សត្វ​ពពែ​ចិញ្ចឹមឱ្យ​ស៊ី​កន្ទក់ និង​ពោត។

សត្វពពែមាន៣ប្រភេទខុសៗគ្នាគឺ ពូជ​ពពែ​ចិញ្ចឹម​យក​សាច់ ពូជ​ពពែ​ចិញ្ចឹម យក​ទឹកដោះ និង​ស្បែក ប៉ុន្តែ​ភាគ​ច្រើន​នៃ​កសិករ​ចិញ្ចឹម​ពពែ​នៅ​កម្ពុជា គឺ​ជ្រើសរើស​យក​ពូជ​សត្វ​ពពែ​ចិញ្ចឹម​យក​សាច់ ដើម្បី​លក់ ពីព្រោះ​ការ​ចិញ្ចឹម​យក​សាច់​លក់ ងាយស្រួល​រក​ទីផ្សារ​ជាង​ការ​ចិញ្ចឹម​យក​ស្បែក និង​ទឹក​ដោះ។

ចំណែកការរៀបចំទ្រុងសត្វពពែវិញ គឺគេសាងសង់ទ្រុងកម្ពស់១ម៉ែត្រផុតពីដី ហើយចំពោះទំហំធំ ឬតូច អាស្រ័យទៅតាមលទ្ធភាពរបស់កសិករ ។ សត្វពពែកចូលចិត្តនៅលើទ្រុងខ្ពស់ផុតពីដី ហើយ​ទ្រុង​ខ្ពស់អាចជួយឱ្យសត្វពពែលូតលាស់បានល្អ ការពារពីមេរោគឆ្លង នៅពេលមានភ្លៀងធ្លាក់ និង​ងាយ​ស្រួល​សំអាត។ ដោយឡែកការបង្កាត់ពូជវិញគឺកសិករត្រូវជ្រើសរើសពូជដែលមាន​សុខភាព​ល្អ ធន់​នឹង​អាកាសធាតុ​ទើបធ្វើឱ្យកូន​ពពែ​កើត​មកមានសុខភាពល្អ ហើយកូនពពែមានអាយុ ៣ខែ​អាច​បំបែក​លក់​ពូជ​បន្ត​បាន។

កសិករ​ឱ្យ​ដឹង​ថា ការ​លក់​សាច់​ពពែ​របស់​ពួក​គាត់​ពុំ​មាន​ឈ្មួញ​កណ្ដាល​ទទួល​ទិញ​យក​ទៅ​លក់​បន្ត​ឡើយ ពោល​គឺ ពួក​គាត់​លក់​ឱ្យ​អតិថិជន​ដែល​ទិញ​យក​ទៅ​ហូប​ក្នុង​ពិធី​បុណ្យទាន និង​នៅ​ពេល​មាន​ម្ចាស់​ភោជនីយដ្ឋាន​កុម្ម៉ង់​ទិញ​តែ​ប៉ុណ្ណោះ។

ទាក់ទិន​បញ្ហា​នេះ​ក្រុមប្រឹក្សាភិបាល របស់​អង្គការ​សាមគ្គីភាព​កសិករ​កម្ពុជា លោក ឌី គន្ធា យល់​ឃើញ​ថា ប្រសិនបើ​ក្រសួង​កសិកម្ម​គ្មាន​យន្តការ​ទប់ស្កាត់​ការ​នាំ​ចូល​សាច់​បង្កក​ទេ​នោះ ប្រជាកសិករ ដែល​ចិញ្ចឹម​សត្វ​ពពែ​ជា​លក្ខណៈ​គ្រួសារ​នឹង​បោះបង់​មុខ​របរ​នេះ​ចោល។ លោក​បន្ត​ថា ដើម្បី​លើក​កម្ពស់​ជីវភាព​កសិករ ក្រសួង​កសិកម្ម​គួរ​តែ​រក​ទីផ្សារ​លក់​សាច់​ពពែ​ជូន​កសិករ និង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​កំណត់​តម្លៃ​ទីផ្សារ​សាច់​ពពែ។

លោក ឌី គន្ធា៖«សម្រាប់​ខ្ញុំ ខ្ញុំ​យល់​ថា ជា​ភាព​ចន្លោះប្រហោង ដែល​ក្រុម​ការងារ​បច្ចេកទេស ក៏ដូចជា ថ្នាក់​ដឹកនាំ​ក្រសួង​ហ្នឹង​មាន​ភាព​ចន្លោះ​ប្រហោង ឬ​ក៏​ខ្វះ​ឆន្ទៈ​ក្នុង​ការ​ផ្ដល់​នូវ​សកម្មភាព​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​គោលការណ៍​បច្ចេកទេស​ចិញ្ចឹម​សត្វ​ពពែ ដែល​អាច​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ ចំណុច​មួយ​ទៀត មាន​ន័យ​ថា រដ្ឋ​គាត់​មិន​បាន​ធ្វើការ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ផលកម្ម​សត្វ​ពពែ»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អភិបាល​ខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ និង​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម កញ្ញា អ៊ឹម រចនា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៦ ខែកុម្ភៈ។

អ្នក​ភូម​ព្រែក​ក្មេង ស្រុកល្វាឯម​ឱ្យ​ដឹង​ថា មានពលរដ្ឋប្រមាណជាង៥០០គ្រួសារ ប្រកប​របរ​កសិកម្ម និង​ចិញ្ចឹម​សត្វ ក្នុងនោះមានគ្រួសារដែលចិញ្ចឹមសត្វពពែប្រមាណ៣០ភាគរយ។ ក្រៅពី​សាច់​ជ្រូក និង​សាច់គោ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ក៏​និយម​ហូប​សាច់​ពពែ​ដែរ ដោយ​សារ​ពួក​គាត់​អាច​យក​សាច់​ពពែ​ទៅ​អាំង ឬ​ធ្វើ​ស៊ុប​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គាត់។

ប្រជាកសិករ​ស្នើ​ឱ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​រក​ទីផ្សារ​លក់​សាច់​ពពែ និង​រិះរក​វិធី​ចិញ្ចឹម​បែប​បច្ចេកទេស​ថ្មី​បង្រៀន​ដល់​ពួក​គាត់ ដើម្បី​អាច​ឱ្យ​ពួក​គាត់​មាន​លទ្ធភាព​រក​ប្រាក់​ចំណូល​ចិញ្ចឹមជីវិត ជា​ពិសេស អាច​មាន​ឱកាស​នាំ​ចេញ​ទៅ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ។ ម្យ៉ាង​វិញ​ទៀត ពួក​គាត់​ថា ការ​ចិញ្ចឹម​សត្វ​ជា​លក្ខណៈ​គ្រួសារ​អាច​ជួយ​ឱ្យ​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​មាន​ការងារ​ធ្វើ​ដោយ​ពុំ​ចាំបាច់​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។