កសិករ​នៅ​ខេត្ត​ប៉ៃលិន​បារម្ភ​គ្មាន​លទ្ធភាព​សងបំណុល ក្រោយ​ភ្លៀង​ធ្លាក់​ជាប់​គ្នា​បណ្ដាល​ឱ្យ​ខូចខាត​ដំណាំ

0:00 / 0:00

កសិករ​នៅ​ខេត្ត​ប៉ៃលិន​អះអាង​ថា ភ្លៀង​បន្ត​ធ្លាក់​ក្នុង​រយៈពេល​មួយ​ខែ​ចុងក្រោយ​នេះ បណ្ដាល​ឱ្យ​ផលដំណាំ​មួយចំនួន​ខូច​ខាត​ជា​ដំណំ ពួកគាត់​ព្រួយ​បារម្ភ​ថា មិន​មាន​លទ្ធភាព​សងបំណុល​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដល់​ពលរដ្ឋ​ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​ឱ្យ​ទាន់​ពេល​វេលា។

កសិករ​នៅ​ខេត្ត​ប៉ៃលិន​លើកឡើង​ថា ផលដំណាំ​របស់​ពួកគាត់​មួយចំនួន​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់ និង​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា ខណៈ​អាជ្ញាធរ​នៅ​មិន​ទាន់​ជួយ​ដោះស្រាយ​ផល​ប៉ះពាល់​នៃ​ទឹកជំនន់​នេះ​បាន​នៅ​ឡើយ។

កសិករ​ដាំ​បន្លែ​នៅ​ស្រុក​សាលា​ក្រៅ លោក ម៉ម សម្បត្តិ លើកឡើង​ថា ភ្លៀង​ធ្លាក់​ជាប់​គ្នា​ក្នុង​រយៈពេល​ជាង​មួយ​ខែ​មកនេះ​បាន​ធ្វើ​ឱ្យ​ដំណាំ​របស់​លោក និង​ដំណាំ​ពលរដ្ឋ​ផ្សេងទៀត​ខូច​ខាត​ស្ទើរ​ទាំងស្រុង។ លោក ម៉ម សម្បត្តិ ថា ដំណាំ​របស់​លោក​រួមមាន​ត្រសក់ ម្ទេស និង​បន្លែ​ផ្សេងៗ​ទៀត​ត្រូវ​បាន​ទឹក​ជន់​លិច​កម្ពស់​ប្រហែល​មួយ​ម៉ែត្រ ដែល​ធ្វើ​ឱ្យ​លោក​ខាតបង់​ប្រហែល ១​ពាន់​ដុល្លារ។

លោក ម៉ម សម្បត្តិ ឱ្យ​ដឹង​ទៀត​ថា សម្រាប់​លោក​ជា​កសិករ​ទំហំ​នៃ​ការខូចខាត​មាន​ធំ និង​ធ្វើ​ឱ្យ​លោក​ជំពាក់​បំណុល​ធនាគារ​ថែមទៀត ព្រោះ​លោក​បាន​ខ្ចី​លុយ​មក​ដាំ​ដំណាំ​តាំងពី​ដំបូង​មក​។ លោក ម៉ម សម្បត្តិ បន្ថែម​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ នៅ​ពេល​ដែល​ទឹក​លិច​ផលដំណាំ​របស់​លោក និង​ពលរដ្ឋ​ផ្សេងទៀត អាជ្ញាធរ​ខេត្ត​ពុំដែល​ជួយ​អ្វី​ដល់​លោក​នោះ​ទេ​ទើប​ធ្វើ​ឱ្យ​លោក​អស់ជំនឿ​ចិត្ត​លើ​រដ្ឋាភិបាល។

លោក ម៉ម សម្បត្តិ៖ «អីចឹង​បើ​បាន​មក​ក៏​អត់​បាន​ចំណេញ​ទេ មិន​ដឹង​ថា ស្រង់​អា​ខាត​រួច​ហើយក៏​អត់ សូម្បី​ចំណេញ​គ្មាន​ហើយ​ហ្នឹង និយាយ​ឱ្យ​ត្រង់ មានតែ​ខាត សម្រាប់​ខ្ញុំ​ផ្ទាល់ បើ​ពលរដ្ឋ​ទូទៅ​ពិបាក​សន្និដ្ឋាន តែ​គាត់​ស្រដៀងៗ តែ​ខ្ញុំ​ដែរ»។

ចំណែក​កសិករ​ដាំពោត និង​ដំឡូង​នៅ​ស្រុក​សាលា​ក្រៅ លោក សាន វិរៈ លើកឡើង​ថា ដំណាំ​របស់​លោក​ខូចខាត ប៉ុន្តែ​លោក​មិនទាន់​ដឹង​ទំហំ​ជាក់លាក់​នៅឡើយ ហើយ​ប្រសិនបើ​មេឃ​បន្ត​ធ្លាក់​ភ្លៀង​បន្ត​ទៀត​ដំណាំ​របស់​លោក​នឹង​ខូចខាត​ទាំងស្រុង។ លោក សាន វិរៈ ថា កសិករ​នៅ​ខេត្ត​ប៉ៃលិន​ភាគច្រើន​តែង​រង​គ្រោះ​ដោយសារតែ​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​ពេល​ខ្លះ​រាំង និង​ពេល​ខ្លះ​ទៀត​ភ្លៀង​ធ្លាក់​ខ្លាំង ជាក់ស្ដែង​ដំណាំ​ពោត​របស់​លោក​ជាង​៥​ហិកតារ​បាន​ខូចខាត​ទាំងស្រុង​ដោយសារ​ពុំ​មាន​ភ្លៀង​ធ្លាក់ ហើយ​លោក​សម្រេច​ភ្ជួរ​ចោល កាល​ពី​ខែ​សីហា កន្លង​ទៅ។

លោក សាន វិរៈ បន្ត​ថា ការខូចខាត​ផលដំណាំ​ឆ្នាំនេះ បាន​ធ្វើ​ឱ្យ​គ្រួសារ​របស់​លោក​ជំពាក់​បំណុល​ធនាគារ​ប្រមាណ ៣​ពាន់​ដុល្លារ ហើយ​លោក​បារម្ភ​ថា លោក​មិនអាច​សង​ធនាគារ​ប្រសិនបើ​ដំណាំ​របស់​លោក​ខូចខាត​ជាង​នេះ។

លោក សាន វិរៈ៖ «ប៉ះពាល់ៗ ជីវភាព​ដែរ ដោយសារតែ​ឆ្នាំនេះ​ទឹកភ្លៀង​ពេល​ដែល​ដើមឆ្នាំ​ហ្នឹង​អត់​សូវ​ភ្លៀង​ទេ តែ​ចុង​ឆ្នាំនេះ​ពេល​ដែល​យើង​ដាំ​បាន​ផល​ហើយ វា​ស្រាប់តែ​ភ្លៀង​មក​ខ្លាំង​អ៊ីចឹង​ទៅ​ធ្វើ​ឱ្យ​ដំណាំ​យើង​ខូចខាត​ដែរ ដូច​អ្នកខ្លះ​គេ​ដាំ​ពីរ​សារ ដូចជា​ខ្ញុំ​កាលពី​ដំបូង​ខ្ញុំ​ដាំ​ពីរ​សារ​ដែរ​ទម្រាំ​បាន​ផល​វិញ»។

កសិករ​នៅ​ក្រុងប៉ៃលិន លោក ឡោ ធន លើកឡើង​ថា មេឃ​ធ្លាក់​ភ្លៀង​ខ្លាំង​នៅពេល​ភ្ជុំបិណ្ឌ និង​បន្ត​រហូត​មក​មកនេះ​បាន​ធ្វើ​ឱ្យ​ដំណាំ​ពោត និង​ដំឡូង​ចំនួន​៨​ហិកតារ​របស់​លោក​ខូចខាត​ស្ទើរ​ពាក់កណ្ដាល ហើយ​លោក​ថា ការខូចខាត​ផលដំណាំ​នេះ​នឹង​ធ្វើ​ឱ្យ​គ្រួសារ​របស់​លោក​ធ្លាក់​ក្នុង​បំណុល។ លោក ឡោ ធន ថា​លោក​បាន​ខ្ចី​លុយ​ធនាគារ​មក​ធ្វើជា​ដើមទុន​ដាំពោត និង​ដំឡូង ប៉ុន្តែ​ក្នុង​ឆ្នាំនេះ​ដំណាំ​របស់​លោក​មិន​ទទួល​បាន​ផល​ដូច​ការ​រំពឹង​ទុក​នោះ​ទេ ជាក់ស្ដែង​លោក​បាន​ដាំពោត​លើកទីមួយ​ក្នុង​ខែមេសា​ងាប់​ដោយសារ​អាកាសធាតុ​រាំងស្ងួត ហើយ​ដំណាំ​ពោត​លើក​ទី​ពីរ​បច្ចុប្បន្ន​នេះ​ងាប់​ដោយសារតែ​ភ្លៀង​ជន់​លិច។

លោក ឡោ ធន៖ «ឱ្យ​ពូជ​ដំណាំ​មួយ​កញ្ចប់ ពីរ​កញ្ចប់​អី អត់​មាន​ជំនឿ​ទៅលើ​អ៊ីចឹង​អី ប្រសិន​បើ​អង្គការ​សង្គម​ស៊ីវិល​ប្រហែល​មាន​ជំនឿ​ជាង ពីព្រោះ​អី​គាត់​បាន​ចំណាយ​ថវិកា​ពី​ក្រៅប្រទេស​មក តែបើ​ក្នុង​រដ្ឋាភិបាល​គ្មាន​ជំនឿ​ទេ​។ កាល​ភ្លៀង​ធ្លាក់​មក ឥឡូវ​កើន​លុយ​បំណុល​ហើយ ព្រោះ​តាសក់​ហ្នឹង ខ្ញុំ​អត់​សង្ឃឹម​ថា បាន​រួចខ្លួន​វិញ​ទេ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន លោក សាយ សុផាត និង អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​លោក សុទ្ធ គឹមកុលមុន្នី ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី២៦ តុលា។

កាលពី​ថ្ងៃទី​២៩ ខែ​កញ្ញា មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​ប៉ៃលិន បាន​ឱ្យ​ដឹង​ថា ស្ថានភាព​ជំនន់​ទឹកភ្លៀង​តាម​ដងស្ទឹង​ប៉ៃលិន កំពុង​ជន់​ចូល​តំបន់​ទំនាប​មួយចំនួន នៃ​ឃុំ​សាលា​ក្រៅ និង​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ដោយ​បាន​ជន់​លិច​លំនៅឋាន ផ្លូវ និង​ដំណាំ​កសិកម្ម​មួយចំនួន នៅ​តាម​តំបន់​ទំនាប​ខាងលើ។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន មាន​ប្រសាសន៍​ថា​ក្នុង​ឆ្នាំនេះ​មាន​ភ្លៀង​ខ្លាំង​បណ្ដាល​ឱ្យ​ខេត្ត​មួយ​ចំនួន​រង​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ និង​ផលដំណាំ ដែល​ធ្វើ​ឱ្យ​ជីវភាព​សេដ្ឋកិច្ច​គ្រួសារ​លំបាក និង​ធ្លាក់​ក្នុង​បំណុល។ លោក ថេង សាវឿន ជំរុញ​ឱ្យ​អាជ្ញាធរ​រដ្ឋ​គួរ​ខ្នះខ្នែង​ជួយ​ដល់​ពលរដ្ឋ និង​ផលដំណាំ​នាំ​ឱ្យ​ទាន់​ពេល​វេលា។

លោក ថេង សាវឿន៖ «ក្នុង​ក្របខណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល​មាន ប៉ុន្តែ​យើង​មិន​ដឹង​ថា​ការអនុវត្ត​ជាក់ស្ដែង​ហ្នឹង​វា​បាន​កម្រិត​ណា​ទេ ព្រោះ​ទាល់តែ​មានការ​ស្នើសុំ ហើយ​ហ្នឹង​មានការ​រាយការណ៍ ដាក់​សំណើ​ពី​ប្រជាពលរដ្ឋ​ដែល​រង​ផល​ខូចខាត ក៏ដូចជា​រងគ្រោះ​នូវ​ប្រឈម​ការខូចខាត​ដំណាំ​ទើប​រដ្ឋ​បាន​ទទួល»។

របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា ទឹកជំនន់​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ជិត​៧ ម៉ឺន ៥​ពាន់ (៧៤ ៦៥០) ខ្នង និង​ខូចខាត ១៥៩​ខ្នង ប៉ះពាល់​សាលារៀន ៣៨២ សាលា និង វត្ត​អារាម​ចំនួន​១១៣។ ដោយឡែក ទឹក​លិច​ស្រូវ​មាន​ប្រមាណ​ជាង​២១​ម៉ឺន (២១៩.០១៤) ហិកតារ ក្នុង​នោះ​ស្រូវ​ខូចខាត​ទាំងស្រុង​មាន​ជិត​១២​ម៉ឺន (១១៩ ៨១៥)​ហិកតារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។