កសិករ​មួយ​ចំនួន​ថា ដំណាំ​ស្រូវ​របស់​ពួកគាត់​ប្រឈម​នឹង​ការ​ខាត​បង់ ខណៈ​រោងម៉ាស៊ីន​ផ្អាក​​ទិញ​ស្រូវ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

ដោយ យ៉ង ចាន់តារា
2024.10.02
កសិករ​មួយ​ចំនួន​ថា ដំណាំ​ស្រូវ​របស់​ពួកគាត់​ប្រឈម​នឹង​ការ​ខាត​បង់ ខណៈ​រោងម៉ាស៊ីន​ផ្អាក​​ទិញ​ស្រូវ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ទិដ្ឋភាពពលរដ្ឋ​ដឹកស្រូវ​យក​ទៅលក់នៅក្នុង​ភូមិ នាខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី៧ កញ្ញា ២០២៤។
រូប៖ ហ្វេសប៊ុក Channa

កសិករ​មួយ​ចំនួន​ថា ដំណាំ​ស្រូវ​របស់​ពួកគាត់​ប្រឈម​នឹង​ការ​ខាត​បង់ ខណៈ​រោងម៉ាស៊ីន​ផ្អាក​ឈប់​ទិញ​ស្រូវ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។ ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​មន្ត្រី​ក្រសួង​កសិកម្ម អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​ផ្អាក​ការ​ប្រមូល​ផល​ស្រូវ ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។

កសិករ​នៅ​ភូមិ​ដួងមារ ឃុំ​អូរតាគី ស្រុក​ថ្មគោល លោក ភាន កុសល់ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១ ខែ​តុលា ថា នៅ​ថ្ងៃ​នេះ គឺ​ពុំ​មាន​គ្រឿងយន្ត​ច្រូត​ស្រូវ ចូល​ច្រូត​កាត់​នៅ​តំបន់​របស់​លោក​ឡើយ ។ លោក បារម្ភ​ថា ខណៈ​រោងម៉ាស៊ីន​ផ្អាក​ទិញ​ស្រូវ​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ តែ​បែរជា​មាន​ភ្លៀង​ធ្លាក់ ឬ​ទឹក​បឹង​ទន្លេសាប នៅ​តែ​បន្ត​ឡើង​នោះ​ កសិករ​មួយ​ចំនួន នឹង​ប្រឈម​ការ​ខាតបង់​ជា​មិន​ខាន​ឡើយ។

លោក ភាន កុសល៖ «បើ​យើង​និយាយ​ម៉ាស៊ីន​កាល​ពី​ម្សិល​មិញ​មាន​២គ្រឿង ប៉ុន្តែ​ថ្ងៃ​នេះ អត់​មាន​ទេ គេ​ឡើង​មក​អស់​ហើយ។ អ៊ីចឹង​បើ​សិន​ជា​២​ថ្ងៃនេះ ទឹក​ឡើង​លឿន ឬ​ទឹក​បង្ខំ​ឡើង​អីចឹង វា​អាច​នឹង​ប្រឈម​លេច​ដែរ ។ រឿង​ហ្នឹង (ទឹកជន់) ដាច់​បាយ​ហ្នឹង​ឯង ប៉ះ​ចំ​កាល​ណា​យើង​ដណ្ដើម​ម៉ាស៊ីន​គ្នា​ច្រូត​ទៀត ហើយ​អ្នក​ខ្លះ​ទៀត​បង្ខំ​ច្រូត​ទៅ​ដោយ​ទាំង​ខ្ចី​ច្រើន ហើយ​ដោយ​ខ្ចី​ច្រើន​អ៊ីចឹង​ទៅ​ដល់​ពេល​យក​មក​លក់​ឲ្យ​ឈ្មួញ គឺ​ឈ្មួញ​គេ​បង្អាប់​តម្លៃ​យើង​ព្រោះ​នៅ​ខៀវ​ច្រើន ស្រូវ​វា​អត់​ទាន់​ទុំ​ល្អ»

ស្រដៀង​គ្នា​នេះ កសិករ​នៅ​ភូមិ​ព្រែកត្រប់ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង លោក ណាត់ អឿន ថ្លែង​ថា ដំណាំ​ស្រូវ របស់​កសិករ​ក្នុង​តំបន់​បឹង​ទន្លេសាប បាន​ខូចខាត​ច្រើន​កាល​ពី​ដើមរដូវ​វស្សា។ លោក ឲ្យ​ដឹង​ថា កសិករ​ត្រូវ​បង្ខំចិត្ត​ប្រមូល​ផល​បណ្ដើរៗ​បណ្ដេញ​តាម​ស្ថានភាព​ទឹក ទោះ​លក់​បាន​តម្លៃ​ទាប​ក្ដី ។

លោក ណាត់ អឿន៖ «បើ​ទឹក​នៅ​តែ​បន្ត​ឡើង គឺ​ដាច់​ខាត​ត្រូវ​តែ​ប៉ះពាល់​ហើយ ព្រោះ​តំបន់​របស់​ពួក​ខ្ញុំ​នេះ ជា​តំបន់​វាល​ទំនាប ពីព្រោះ​ម្នាក់ៗ ភ័យ​ណាស់​ក្រែងលោ​ទឹក​មក​ទៀត គឺ​លេច​ច្រូត​អត់​កើត​ទេ ព្រោះ​វា​ឆ្ងាយ​ពី​ភូមិ»

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ក្រសួង​កសិកម្ម លោក គង់ គា នៅ​ថ្ងៃទី១ ខែ​តុលា បាន​ស្នើ​ដល់​កសិករ​ក្នុង​ខេត្ត​បាត់ដំបង ឲ្យ​ផ្អាក​ច្រូតកាត់​រយៈពេល ៣ថ្ងៃ​សិន ចាប់​ពី​ថ្ងៃទី​១ដល់​ថ្ងៃទី​៣ ខែ​តុលា ដោយ​សារ​រោងម៉ាស៊ីន​ធំៗ​ក្នុង​ខេត្ត​នេះ កំពុង​ចាល់​ស្រូវ​ក្នុង​ឃ្លាំង ស្របពេល​កម្មករ​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ។

ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ លោក គង់ គា ឲ្យ​ដឹង​តាម​រយៈ​វីដេអូ​រយៈពេល​ជាង​៣នាទី នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា ស្របពេល​រោងម៉ាស៊ីន​ធំៗ​បិទ​ទ្វារ ហើយ​ឈ្មួញ​ទិញ​ស្រូវ​មិន​ប្រមូល​ទិញ នោះ​ឈ្មួញ​កណ្ដាល​មួយ​ចំនួន​នឹង​ឆ្លៀត​ឱកាស​បន្ថោក​តម្លៃ​ស្រូវ។ លោក ឲ្យដឹង​ទៀត​ថា ក្រោយ​បញ្ចប់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ក្រសួង​កសិកម្ម នឹង​ចរចា​ជាមួយ​ភាគី​រោងម៉ាស៊ីន ដើម្បី​កំណត់​តម្លៃ​ស្រូវ​ឲ្យ​បាន​សមរម្យ និង​មាន​កន្លែង​ប្រមូល​ទិញ​ជាក់លាក់។

លោក គង់ គា៖ «បន្ទាប់​ពី​ការងារ​នេះ គឺ​ក្រសួង​កសិកម្ម សហការ​ជាមួយ​រោង​ម៉ាស៊ីន ដើម្បី​កំណត់​ទីតាំង​ប្រមូល​ផ្ដុំ​ដើរ​ទិញ ហើយ​ខាង​រោង​ម៉ាស៊ីន​នឹង​ដាក់​តម្លៃ ដើម្បី​ជៀសវាង​កុំ​ឲ្យ​ឈ្មួញ​កណ្ដាល ឬ​បង​ប្អូន​ស្រែក​ថា ចេះ​តែ​បន្ទាប​តម្លៃ​របស់​ប្រជា​កសិករ​យើង អីចឹង​យើង​យក​តម្លៃ​ពី​រោង​ម៉ាស៊ីន​ឲ្យ​ហើយ នៅ​ពេល​ទៅ​ដល់​នោះ​យើង​លៃលក​តែ​អ្នក​ដឹក និង​អ្នក​ដទៃ​ទៀត»

ចំណែក​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក ឃឹម ហ្វីណង់ កាល​ពី​ថ្ងៃទី៣០ ខែ​កញ្ញា បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​ហ្វេសប៊ុក​ថា តម្លៃ​ស្រូវ​ឆ្នាំ​នេះ ធ្លាក់​ចុះ​ធៀប​នឹង​ឆ្នាំ​២០២៣ ។ លោក​ឲ្យ​ដឹង​ថា ស្រូវ​មាន​គុណភាព​ទាប​មួយចំនួន នៅ​ខេត្ត​បាត់ដំបង និង​បន្ទាយមានជ័យ ដែល​មាន​លាយ​ខ្ចី និង​កម្រិត​សំណើម​ខ្ពស់ បណ្ដាល​ឲ្យ​ស្រូវ​ទាំង​នេះ មាន​តម្លៃ​ទាប​ជាង​ស្ដង់ដារ​ប្រមាណ​២០ភាគរយ។ លោក​អះអាង​ថា បញ្ហា​ទាំង​នេះ អាច​បណ្ដាល​មក​ពី​ការ​ព្រួយបារម្ភ​បញ្ហា​ទឹក​ជំនន់ និង​ការ​សម្រុក​ប្រមូល​ផល​ឲ្យ​បាន​លឿន​មុន​ពេល​បុណ្យ​ភ្ជុំបិណ្ឌ ព្រោះ​រោងម៉ាស៊ីន​ផ្អាក​ឈប់​ទិញ​រហូត​ដល់​ចប់​បុណ្យ​ភ្ជុំបិណ្ឌ។ លោក​ក៏​អំពាវនាវ​ឲ្យ​កសិករ​ផ្អាក​ប្រមូល​ផល​ស្រូវ​រហូត​ដល់​ចប់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ដែរ។

អ្នកគ្រប់គ្រង​ការិយាល័យ​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ (LICADHO) ប្រចាំ​ខេត្ត​បាត់ដំបង និង​បន្ទាយមានជ័យ លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា កសិករ​នៅ​តំបន់​បឹង​ទន្លេសាប តែង​រង​ទឹកជំនន់ ដែល​ហូរ​មក​ពី​ទន្លេ​មេគង្គ ទោះ​ជា​រោងម៉ាស៊ីន​បិទ​ទ្វារ ហើយ​តម្លៃ​ស្រូវ​ចុះ​ថោក​យ៉ាងណា ក៏​ពលរដ្ឋ​មួយចំនួន​នៅ​តំបន់​នេះ ត្រូវ​បង្ខំ​ចិត​ប្រមូល​ផល​ដែរ ជៀសវាង​ទឹកជំនន់​បំផ្លាញ​ដំណាំ​ទាំង​ស្រុង។

លោក អ៊ិន គង់ជិត៖ «ការ​ទិញ​ជា​កត្តា​កំណត់​រវាង​អ្នក​ទិញ និង​អ្នក​លក់។ អីចឹង​វា​ពិបាក​ត្រង់​ដែល​ពួកគាត់​ត្រូវ​តែ​ប្រឈម​ខូច​ខាត​ទាំងស្រុង អ្វី​ដែល​ពួកគាត់​គិត​ហ្នឹង​គឺថា តើ​ពួកគាត់​ត្រូវ​បាត់បង់​ផល​ស្រូវ​ទាំងស្រុង ឬក៏​ត្រូវ​ខាត​ខ្លះ? ហើយ​ពួកគាត់ នៅ​កន្លែង​ខ្លះ​ដែល​ភ្លៀង​ហ្នឹង គាត់​ត្រូវ​ប្រឹងប្រែង​ប្រមូល​ហើយ​ទាំង​ស្រូវ​សើម​អ្វី​ហ្នឹង»

តាម​សេចក្ដី​ប្រកាស​របស់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង អំពី​តម្លៃ​ស្រូវ​នៅ​តាម​តំបន់ បង្ហាញ​ថា កាល​ពី​ថ្ងៃ​ទី១០ ខែ​កញ្ញា ស្រូវ​ស្រងែ​នៅ​ទីវាល មានតម្លៃ ១.២២៧​រៀល ក្នុង​មួយ​គីឡូក្រាម។ លុះ​ដល់​ថ្ងៃ​ទី២៣ ខែកញ្ញា តម្លៃ​ស្រូវ​ស្រងែ ដែល​ឈ្មួញ​កណ្ដាល​ប្រមូល​ទិញ​នៅ​ទីវាល ធ្លាក់​មក​នៅ ១.០២២ ទៅ ១.០៧០រៀល​ក្នុង​មួយ​គីឡូក្រាម ចំពោះ​ស្រូវ​មាន​គុណភាព​ល្អ និង​តម្លៃ ៩៧២ ទៅ ១.០២២រៀល ចំពោះ​ស្រូវ​ដែល​មាន​គុណភាព​មិន​សូវ​ល្អ។ រហូត​ដល់​ថ្ងៃទី​១ ខែ​តុលា មន្ត្រី​ក្រសួង​កសិកម្ម អំពាវនាវ​ឲ្យ​កសិករ​ផ្អាក​ប្រមូល​ផល ៣ថ្ងៃ​សិន ដោយ​សារ​តែ​រោងម៉ាស៊ីន​មួយ​បិទ​ទ្វារ​ផ្អាក​ប្រមូល​ទិញ​ស្រូវ។

ទោះ​យ៉ាង​ណា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ដល់​រដ្ឋាភិបាល ឲ្យ​បញ្ចេញ​កញ្ចប់​ថវិកា​មួយ​ចំនួន សម្រាប់​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​ខណៈ​រោង​ម៉ាស៊ីន​ធំៗ​មួយ​ចំនួន បិទ​ទ្វារ​ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ពលរដ្ឋ​បណ្ដាល​មក​ពី​គ្រោះធម្មជាតិ ជាពិសេស​នៅ​តំបន់​បឹង​ទន្លេសាប។ ចំណែក​កសិករ ស្នើ​ដល់​រដ្ឋាភិបាល ឲ្យ​ជួយ​ស្វែង​រក​ទីផ្សារ​កសិផល និង​កំណត់​តម្លៃ​ស្រូវ​ឲ្យ​បាន​ស្ថិតស្ថេរ ព្រមទាំង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ឈ្មោះ និង​មធ្យោបាយ​ទំនាក់ទំនង​ក្រុមហ៊ុន​ប្រមូល​ទិញ​ស្រូវ ដើម្បី​ឲ្យ​កសិករ​អាច​ទាក់ទង​អ្នក​ប្រមូល​ទិញ​បាន​ដោយ​ផ្ទាល់ និង​ជៀសវាង​ឈ្មួញ​កណ្ដាល​ក្រឡុក​តម្លៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។