អាជីវករធ្វើសិប្បកម្មកែច្នៃដើមកំប្លោក ផលិតជាកាបូប និងវត្ថុអនុស្សាវរីយ៍ មួយចំនួននៅខេត្តសៀមរាប ត្អូញត្អែរថា គ្មានទីផ្សារ ព្រោះពុំមានការកុម្ម៉ង់ទិញពីភ្ញៀវទេសចរជាតិ និងអន្តរជាតិដូចមុន ដែលធ្វើឱ្យពួកគាត់ស្ទើរតែបោះបង់អាជីពមួយនេះ។
នៅឆ្ងាយពីទីប្រជុំជន៥គីឡូម៉ែត្រ ក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ឆ្ពោះទៅតំបន់ទន្លេសាប ប្រជាពលរដ្ឋមួយចំនួនធ្លាប់មានជីវភាពល្អប្រសើរ ដោយសារតែពួកគាត់អាចកែច្នៃរុក្ខជាតិ ដូចជាកំប្លោក វល្លិរពាក់ និងផ្ដៅជាដើម យកធ្វើជាកាបូប និងវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទសម្រាប់លក់រកប្រាក់ចំណូល។ ប៉ុន្តែបច្ចុប្បន្ន បែរជាពុំសូវមានអ្នកទិញ ដែលធ្វើឱ្យពួកគាត់ជួបការលំបាក។ អាជីវករធ្វើសិប្បកម្មទាំងនោះ ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយរកទីផ្សារជូនពួកគាត់។
កំពុងតែអង្គុយចាក់កាបូបដែលធ្វើពីអំបោះ និងកំប្លោកនៅក្នុងផ្ទះរបស់ខ្លួន លោកស្រី សូ សម្បត្តិ រស់នៅភូមិភ្នំក្រោម ក្រុងសៀមរាប លើកឡើងថា មុខរបរសិប្បកម្មកែច្នៃដើមកំប្លោកធ្វើកាបូប និងវត្ថុអនុស្សាវរីយ៍នាពេលបច្ចុប្បន្ននេះ កំពុងជួបបញ្ហា ពុំមានទីផ្សារលក់ចេញឱ្យបានទៀងទាត់ ចាប់តាំងពីវិបត្តិកូវីដ១៩មក។ លោកស្រីបារម្ភថា បើសិនជាទីផ្សារលក់ នៅតែជាប់គាំងបែបនេះ នឹងរង់ប៉ះពាល់កាន់តែខ្លាំងថែមទៀត។
លោកស្រី សូ សម្បត្តិ៖ «ឆ្នាំនេះបិទខ្លាំង ឆ្នាំនេះលក់អត់ចេញ។ ពីមុនអត់ដែលមានអីវ៉ាន់នៅក្នុងទូរទេលក់អស់ៗ។ ត្បិតតែកូវីដ ពីដំបូងក៏ខ្ញុំនៅវាយចេញបានដែរ ដល់ពេលកូវីដ-១៩ ឆ្នាំក្រោយនេះ គឺដាច់ហ្មង រហូតដល់គេបើកដល់ឆ្នាំនេះទៀតអត់មានកូវីដ-១៩ ហើយ នៅតែពិបាកដែរ មិនដឹងជាយ៉ាងម៉េច»។
សិប្បកម្មកំប្លោក បានរីកដុះដាល បង្កើតជាការងារជូនពលរដ្ឋ ជាបន្តបន្ទាប់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ដោយសារតែជាតំបន់ទន្លេសាបសម្បូរទឹក ងាយដុះកំប្លោក ។ កំប្លោក គឺជារុក្ខជាតិអណ្ដែតរស់នៅ លើកទឹក ហើយ ផ្កាវា គេយកបរិភោគ ជាអន្លក់ ចំណែកដើម និងស្លឹកទុកជាចំណីគោក្របី ឬពេលហាលថ្ងៃឲ្យស្ងួត អាចវេញធ្វើជាខ្សែអង្រឹង កាបូប និងវត្ថុអនុស្សាវរីយ៍ផ្សេងទៀត សម្រាប់លក់បានប្រាក់ចំណូល។
ទោះបែបនេះក្ដី អស់រយៈពេលជិត ៣ឆ្នាំមកនេះ ផលិតផលសិប្បកម្មនេះបានធ្លាក់ចុះការកុម្ម៉ង់ទិញពីភ្ញៀវយ៉ាងខ្លាំង ដែលធ្វើឱ្យអាជីវករ និងសហគមន៍មួយចំនួនបានបិទទ្វារជាបន្តបន្ទាប់។ លោកស្រី សូ សម្បត្តិ ទទូចឱ្យអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយចំពោះបញ្ហាទាំងនេះឱ្យបានឆាប់។
លោកស្រី សូ សម្បត្តិ៖ «សូមឱ្យសម្ដេចជួយឱ្យខ្ញុំ រកទីផ្សារឱ្យខ្ញុំផង ហើយឱ្យនាំចេញទៅស្រុកក្រៅឱ្យបានច្រើនទៅ បានខ្ញុំ បានផលិតផលខ្មែរយើងជោគជ័យ»។
កាលពីមុខកូវីដ-១៩ លោកស្រី សូ សម្បត្តិ បានលក់កាបូប និងវត្ថុអនុស្សាវរីយ៍ នេះទៅដល់ ប្រទេសក្រៅ ដូចជា កូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលីជាដើម ប៉ុន្តែសព្វថ្ងៃលោកស្រី ពុំមានការបញ្ជរទិញពីក្រៅប្រទេសទៀតនោះទេ។ លោកស្រីធ្លាប់តែរកចំណូលបានក្នុង១ខែជាង១ពាន់ដុល្លា តែបច្ចុប្បន្ន បានត្រឹមតែ១រយដុល្លា ទៅ២រយដុល្លាប៉ុណ្ណោះ។ កាបូបដែលធ្វើពីកំប្លោកនេះ មានតម្លៃចាប់ពីតម្លៃ១០ដុល្លារ ឬ ៤ ម៉ឺនរៀលឡើងទៅ។
អាជីវករលក់ផលិតផលសិប្បកម្មម្នាក់ទៀត នៅសង្កាត់សៀមរាប លោកស្រី ជិន រដ្ឋានី លើកឡើងថា លោកស្រីសម្រេចចាប់អាជីពនេះ ព្រោះតែចង់ជួយលើកកម្ពស់ជីវភាពពលរដ្ឋដែល ពុំមានការងារធ្វើ ហើយឱ្យពួកគាត់ងាកមកធ្វើ កាបូប កន្ត្រក និងអង្រឹងពីវត្ថុធាតុដើមដែលមាននៅក្នុងស្រុក ដូចជាកំប្លោក ផ្ដៅ និងវល្លិរពាក់ជាដើម។ លោកស្រីថា កាលពី៥ឆ្នាំមុន របរនេះបានទទួលការគាំទ្រពីសាធារណជនជាច្រើន រួមទាំងជួយដល់បរិស្ថានផងដែរ ប៉ុន្តែបច្ចុប្បន្ន មួយថ្ងៃស្ទើររកអ្នកទិញមួយគ្មាន។

លោកស្រី ជិន រដ្ឋានី៖ «រាល់ថ្ងៃនេះក៏កំពុងបារម្ភដែរ ពេលស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ អ៊ំបារម្ភ ព្រោះថា ការលក់ដូរវាមានទំនាក់ទំនងជាមួយពួកគាត់អ្នកធ្វើ។ យើងដាក់លុយដាក់កាត់ឱ្យគាត់ទៅ ឱ្យគាត់ធ្វើយកមកឱ្យយើង ដល់ពេលយើងលក់អត់ចេញគាត់អ្នកធ្វើការក៏ពិបាក តគ្នាដែរ ហើយភាគច្រើនគាត់សុទ្ធតែពុំសូវមានជីវភាពធូរធារទាំងអស់តែគ្នា»។
ជុំវិញរឿងនេះ ចៅសង្កាត់សៀមរាប ក្រុងសៀមរាប លោក ម៉ៃ សាម៉េត លើកឡើងថា បច្ចុប្បន្នមានប្រជាពលរដ្ឋជាង ៣០គ្រួសារនៅសង្កាត់សៀមរាប ប្រកបរបរសិប្បកម្មកំប្លោក សម្រាប់ធ្វើអង្រឹង កាបូប និងកន្ត្រកលក់។ លោកទទួលស្គាល់ថា មានពលរដ្ឋមួយចំនួនបន្តបោះបង់អាជីពមួយនេះ ព្រោះពុំសូវមានទីផ្សារ។ លោកបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធ ពុំដឹងរកមធ្យោបាយបែបណា ដែលអាចដោះស្រាយបញ្ហាជាប់គាងទីផ្សារជូនពួកគាត់បាននៅឡើយទេ។
លោក ម៉ៃ សាម៉េត៖ «ពលរដ្ឋមានតែការអត់ធ្មត់សិន ព្រោះយើងអត់ទាន់គិតដល់ថា រកទីផ្សារឱ្យនៅឡើយទេ»។
ទាក់ទងរឿងនេះ នាយកអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ លើកឡើងថា បញ្ហាជីវភាពរបស់ពលរដ្ឋតាមមូលដ្ឋាន គឺជាកត្តាអាទិភាពដែលអាជ្ញាធរពាក់ព័ន្ធគួរតែគិតគូរឱ្យបានដិតដល់ ជាពិសេសលើកទឹកចិត្តឱ្យពលរដ្ឋបន្តធ្វើការងារដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយរកទីផ្សារជូនពួកគាត់ឱ្យបានទូលំទូលាយ។ លោកបន្តអាជ្ញាធរពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយឱ្យបញ្ហា ជាប់គាំងបែបនេះយូរនោះឡើយ។
លោក ប៉ឹក សោភ័ណ៖ «ក្រសួង ឬក៏អាជ្ញាធរដែលមានសមត្ថកិច្ចត្រូវតែលើកទឹកចិត្ត និងជំរុញ ផ្ដល់ការគាំទ្រដល់ដំណាក់កាលនេះ ដើម្បីឱ្យគាត់មានជីវភាពល្អប្រសើរ»។
ប្រជាពលរដ្ឋ និងមន្ត្រីស៊ីវិលឡើងថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធអាចជួយរកទីផ្សារឱ្យទូលំទូលាយ ហើយអាចនាំចេញផលិតផលទាំងនេះទៅលក់បានទាំងក្នុង និងក្រៅប្រទេស នោះគឺជារឿងដែលល្អ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ តាមរយៈការផ្ដល់ការងារឱ្យពួកគាត់បានធ្វើ ដើម្បីរកប្រាក់ចំណូលបន្ថែមក្រៅពីការងារស្រែចម្ការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។