ពលរដ្ឋ​មួយចំនួន​ត្អូញត្អែរ​ពី​ជីវភាព​ក្រីក្រ​ខ្លាំង​ខណៈ​ក្រសួង​សេដ្ឋកិច្ច​ថា កម្ពុជា​មាន​ហានិភ័យ​បំណុល​កម្រិត​ទាប

0:00 / 0:00

ប្រជាពលរដ្ឋ​មួយចំនួន​ប្រឈម​នឹង​ជីវភាព​ក្រីក្រ​ដោយសារ​ជំពាក់​បំណុល​ធនាគារ និង​គ្មាន​ការងារ​ធ្វើ​សមរម្យ ។ ការ​ត្អូញត្អែរ​របស់​ពលរដ្ឋ​នេះ​គឺ​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​លើក​ឡើង កាល​ពី​ថ្ងៃទី​០១ មីនា ស្ដីពី​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​បរទេស​ប្រចាំត្រីមាស​ទី​៤ ឆ្នាំ ២០២២ របាយការណ៍​បង្ហាញថា​បើ​ទោះបី​ជា​សេដ្ឋកិច្ច​កម្ពុជា​ទទួល​រង​ផល​ប៉ះពាល់​ពី ការ​រីក​រាលដាល​នៃ​វិបត្តិ​ជំងឺ​កូវីដ​-១៩ និង​ពី​កត្តា​ខាងក្រៅ​ផ្សេងទៀត​ក្ដី ក៏​ស្ថានភាព​បំណុល​កម្ពុជា​នៅ​តែ​មាន​ចិរភាព និង​ហានិភ័យ​កម្រិត​ទាប។

ប្រជាពលរដ្ឋ​មួយចំនួន​ព្រួយបារម្ភ​ចំពោះ​បញ្ហា​ជីវភាព​កាន់តែ​យ៉ាប់យ៉ឺន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​ខ្លាច​កូនៗ​មិនអាច​បន្ត​ការ​សិក្សា​បាន​ដល់​ជាប់​ថ្នាក់​បាក់ឌុប​។ ពួកគេ​ស្នើ​ឱ្យ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​លើ​ស្ថានភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ដើម្បី​ឱ្យ​ពួកគាត់​អាច​មាន​លទ្ធភាព​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​សមរម្យ។

ពលការិនី​ធ្វើការ​ផ្នែក​អនាម័យ​តាម​ផ្ទះ​នៅ​ទីក្រុង​បាងកក មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង លោកស្រី សាត សឿប ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៤ មីនា ថា មូលហេតុ​ដែល​គ្រួសារ​លោកស្រី​មក​ប្រទេស​ថៃ​នេះ​ដោយសារ​ជីវភាព​ខ្វះខាត ហើយ​ធ្វើស្រែ​ចម្ការ​បាន​ផល​ហើយ​លក់​មិន​បាន​ប្រាក់​ដោះស្រាយ​ជីវភាព ហើយ​លោកស្រី​មិនអាច​ទប់ទល់​នឹង​ថ្លៃ​ចំណាយ​កូន​រៀន និង​បង់​ធនាគារ​បាន ដូច្នេះ​លោកស្រី សម្រេចចិត្ត​មក​ធ្វើការ​នៅ​ប្រទេស​ថៃ​នេះ​សង្ឃឹមថា​អាច​មាន​លុយកាក់​ខ្លះ​ទុក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

លោកស្រី សាត សឿប៖ «ហានិភ័យ​គឺ​ពលរដ្ឋ​ខ្មែរ​បាត់បង់​ការងារ​អ៊ីចឹង​ទោះបី​គាត់​មិន​ចង់​ចំណាកស្រុក​គឺ​គាត់​ត្រូវតែ​ចំណាកស្រុក​ពេលណា​ដែរ​បំណុល​កើនឡើង​ចេះតែ​ច្រើន​ទៅៗ​ជាពិសេស​បំណុល​ដែល​ប្រជាពលរដ្ឋ​ជំពាក់​នៅ​ធនាគារ​អ្នកខ្លះ​លក់​ដី​លក់​ស្រែ​លក់​ចម្ការ​ដើម្បី​តែ​សងបំណុល​ធនាគារ​ទីបំផុត​ពួកគាត់​នឹង​បាត់បង់​ដីធ្លី ពួកគាត់​នឹង​ត្រូវ​បង្ខំចិត្ត​ចំណាកស្រុក​អ្នក​ដែល​គាត់​ចំណាកស្រុក​រួចហើយ​តើ​គាត់​នឹង​ចូល​ស្រុក​បាន​ដោយ​របៀប​ណា​បើសិនជា​ប្រទេស​យើង​អត់​មាន​ការងារ​ធ្វើ»។

ស្រដៀង​គ្នា​នេះ​ដែរ អាជីវករ​លក់ដូរ​នៅ​រាជធានី​ភ្នំពេញ លោកស្រី លាន សោភា ថ្លែង​ថា សព្វថ្ងៃ​នេះ​លោកស្រី​លក់ដូរ​មិន​សូវ​ដាច់​នោះ​ទេ រីឯ​ទំនិញ​ក៏​ឡើងថ្លៃ​ពិបាក​រក​ប្រាក់​ណាស់ ហើយ​លោកស្រី​ត្រូវ​បង់ថ្លៃ​ផ្ទះ​ជួល និង​ថ្លៃ​ទឹក​ភ្លើង​ថែមទៀត។ លោកស្រី​បន្ត​ថា ក្នុង​មួយថ្ងៃ​លោកស្រី​អាច​រក​ចំណូល​បាន​ចន្លោះ​ពី ២​ម៉ឺន​រៀល ដល់​៣​ម៉ឺន​រៀល (២០.០០០-៣០.០០០) ប៉ុន្តែ​ថវិកា​នេះ​មិន​គ្រប់​ទិញ​ម្ហូបអាហារ និង​សង​បំណុល​ធនាគារ​ឡើយ

លោកស្រី លាន សោភា៖ «យើង​រក​អត់​បាន​អ៊ីចឹង​បង់ថ្លៃ​សាលា​កូន​រៀន​ដឹង​បាន​ចប់ ឬ​មិន​ចប់​ផង​ចង់ឱ្យ​កូន​មាន​អនាគត​កុំ​កូន​ដូច​ខ្ញុំ​អ៊ីចឹង​ហា​ដល់ពេល​ឥឡូវ​ព្រួយបារម្ភ​ខ្លាំង​ជាង​គេ​គឺ​កូន​រៀន​ហ្មង​និយាយ​ចំពោះ​ខ្ញុំ​វិញ​ខ្ញុំ​ចង់ឱ្យ​រដ្ឋ​ចុះ​ជួយ​មើល​ខុសត្រូវ​អ្នក​ដែល​ទី​ទាល់​ក្រ​ដូច​ពួក​ខ្ញុំ​អី​ជួល​ផ្ទះ​គេ​អ៊ីចឹង​ហា​គាត់​ជួយ​ជា​ថវិកា​ខ្លះ​អី​មក​សម្រាប់​បង្កើត​មុខរបរ​ថែម​តិច​ទៀត​ព្រោះ​ឥឡូវ​កំពុង​ខ្វះខាត​ខ្លាំង​ព្រោះ​អាច​ឱ្យ​កូន​ឈប់​រៀន»។

ប្រតិកម្ម​នេះ​ធ្វើឡើង​ក្រោយ​ពេល​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច លោក អូន ព័ន្ធមុន្នីរ័ត្ន លើក​ឡើង​ថា កាលពី​ថ្ងៃទី​០១ មីនា ស្ដីពី​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​បរទេស​ប្រចាំត្រីមាស​ទី​៤ ឆ្នាំ ២០២២ របាយការណ៍​បង្ហាញថា​បើទោះ​បីជា​សេដ្ឋកិច្ច​កម្ពុជា​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​រីក​រាលដាល​នៃ​វិបត្តិ​ជំងឺ​កូវីដ​-១៩ និង​ពី​កត្តា​ខាងក្រៅ​ផ្សេងទៀត​ក្ដី ក៏​ស្ថានភាព​បំណុល​កម្ពុជា​នៅតែ​មាន​ចិរភាព និង​ហានិភ័យ​កម្រិត​ទាប ។ របាយការណ៍​ដដែល​នេះ​បញ្ជាក់​ថា ត្រឹម​ដំណាច់ឆ្នាំ​២០២២ កម្ពុជា​មាន​បំណុល​សរុប​ចំនួន​ជិត​១​ម៉ឺន​លាន​ដុល្លារ (៩.៩៩ លាន​ដុល្លារ​) ក្នុង​នោះ ជាង​៩៩​ភាព​រយ (៩៩.៨២%) ឬ​ប្រមាណ ជាង​៩​ពាន់​លាន​ដុល្លារ (៩.៩៧ លាន​ដុល្លារ​) ជា​បំណុល​បរទេស រីឯ ជាង​១៧ លាន​ដុល្លារ (១៧.០០០.០០០) ទៀត​ជា​បំណុល​ក្នុង​ប្រទេស។

ជុំវិញ​រឿង​នេះ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង យល់ឃើញ​បើ​កម្ពុជា​មានលទ្ធភាព​ក្នុង​ការ​សងបំណុល​បរ​ទេស​នោះ​មិន​អី​ទេ ប៉ុន្តែ​បើ​កម្ពុជា​គ្មាន​លទ្ធភាព​សង​វិញ​នោះ​អ្នក​ដែល​រងគ្រោះ​ជាងគេ​គឺ​ពលរដ្ឋ ។ លោក​បន្ត​ថា ដើម្បី​ឱ្យ​កាត់បន្ថយ​ពលរដ្ឋ​ចំណាកស្រុក និង​អាច​ដោះស្រាយ​បំណុល​បាន​រដ្ឋ​គួរតែ​រក​ទីផ្សារ​លក់​កសិផល​ក្នុង​តម្លៃ​សមរម្យ​ជូន​ដល់​ពលរដ្ឋ និង​បង្ក​បរិយាកាស​ឱ្យ​មាន​ការ​នាំ​ចេញទៅ​ក្រៅប្រទេស​ឱ្យ​កាន់តែ​ច្រើន។

លោក យង់ គិមអេង៖ «ធ្វើ​យ៉ាង​កុំ​ឱ្យ​មាន​អំពើពុករលួយ​អី​ជាដើម​ហ្នឹង​បើ​យើង​មិនអាច​បើកចំហ​ទីផ្សារ​ទាំង​នោះ​ឱ្យ​ទូលំទូលាយ​សម្រាប់​យើង​ប្រហែលជា​លទ្ធភាព​របស់​យើង​អាច​នឹង​មាន​ការពិបាក​ការ​ប្រមែប្រមូល​ប្រជាពលរដ្ឋ​ទៅលើ​របស់របរ​ផ្សេងៗ​កាន់តែ​ច្រើន​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​គាត់​ដែរ​ប្រសិនជា​កៀរគរ​ថវិកាជាតិ​នឹង​មាន​កម្រិត​ខុសគ្នា​ខ្លាំង​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា»។

រដ្ឋាភិបាល​តែង​អួតអាង​ពី​មោទនភាព​ថា​ក្នុង​រយៈពេល​ជាង ២​ទសវត្ស​មកនេះ ខ្លួន​បាន​កាត់​បន្ថយ​អត្រា​ភាព​ក្រីក្រ​ពី​ជិត ៤៨​ភាព​រយ ក្នុង​ឆ្នាំ​២០០៧​មក​នៅ​ត្រឹម ជិត​១៤ ភាគរយ (១៣.៥) កាលពី​ឆ្នាំ​២០១៤ ហើយ​មាន​មហិច្ឆតា​ចង់​ក្លាយ​ខ្លួន​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច មក​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។ ទោះជា​យ៉ាងណា​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស ដោយសារ​ក្រីក្រ និង​អត់​ការងារ​ធ្វើ​នៅក្នុង​ស្រុក។ របាយការណ៍​ក្រសួង​ការងារ​បង្ហាញ​ថា ពលករ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ មាន​ប្រមាណ ១​លាន​២​សែន​នាក់ ប៉ុន្តែ របាយការណ៍​របស់​អង្គការ​សង់ត្រាល់ បាន​ឱ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ​ធ្វើ​ការងារ​ស្របច្បាប់ និង​ខុសច្បាប់ មាន​ជិត​២​លាន​នាក់ ធ្វើការ​នៅ​ប្រទេស​ថៃ​។ ពលករ​ចំណាកស្រុក​ខុសច្បាប់​មួយចំនួន​ត្រូវ​អាជ្ញាធរ​បរទេស​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​ស្ទើរ​រាល់ថ្ងៃ កំពុង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​រង​ភាព​អាម៉ាស់​នៅ​លើ​ឆាក​អន្តរជាតិ​។ បន្ថែម​ពី​នេះ​ទៀត របាយការណ៍​អង្គការ​លីកាដូ​ចេញផ្សាយ​កាលពី​ឆ្នាំ​២០២០​បង្ហាញ​ថា ពលរដ្ឋ​កម្ពុ​ជាជាង ៣​លាន ៦​សែន​គ្រួសារ (៣.៦00.000) កំពុង​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​វ័ណ្ឌក​ក្នុង​ម្នាក់ៗ​មិន​តិច​ជាង​៤​ពាន់​ដុល្លារ (៤.២៨០ ) ។ ខណៈ​រដ្ឋ​វិញ​គិត​ត្រឹម​ដំណាច់ឆ្នាំ​២០២២​ជំពាក់​បំណុល​បរទេស​សរុប​ប្រមាណ​ជិត ១​ម៉ឺន​លាន​ដុល្លារ (៩.៩៩​លាន​ដុល្លារ​) ។ ក្នុង​នោះ​បំណុល​ស្ទើរតែ​ជិត​ពាក់កណ្ដាល​ជា​បំណុល​ដែល​រដ្ឋ​ជំពាក់​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។