ពលរដ្ឋមួយចំនួននៅស្រុកឯកភ្នំ បន្តប្រកបរបរត្បាញកន្ទេលតាមបែបប្រពៃណីលក់ដោះស្រាយជីវភាព
2024.11.14
ប្រជាពលរដ្ឋមួយចំនួនរស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង បន្តប្រកបរបរត្បាញកន្ទេលកក់នៅតាមផ្ទះរបស់ខ្លួន ដើម្បីលក់រកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ បន្ថែមពីលើការធ្វើស្រែចម្ការ និងដើម្បីថែរក្សារបរប្រពៃណីមួយនេះ ទុកជាអត្តសញ្ញាណនៅក្នុងតំបន់របស់ខ្លួន។ យ៉ាងណា របរត្បាញកន្ទេលកំពុងប្រឈមនឹងការបាត់បង់ ក្រោយវត្ថុធាតុដើមកាន់តែខ្សត់ទៅ ខណៈកន្ទេលប្លាស្ទិកកាន់តែវាយលុកទីផ្សារ។
នៅវេលាម៉ោង ៤ទៀបភ្លឺ តាមបណ្ដោយផ្លូវលំបុរាណ ឆ្ពោះទៅប្រាសាទឯកភ្នំ ពន្លឺភ្លើងអំពូលចាប់ផ្ដើមជះមកព្រាលៗចេញពីផ្ទះអ្នកភូមិ អមជាមួយសំឡេងផាំងៗ លាន់ឮចេញពីឧបករណ៍ម្យ៉ាងដែលគេស្គាល់ថាជាកីត្បាញកន្ទេល។ អ្នកភូមិករហាល ក្រោកពីព្រលឹមត្បាញកន្ទេលបែបនេះជារៀងរាល់ថ្ងៃ ព្រោះវាជាមុខរបរផ្គត់ផ្គង់ជីវភាពពលរដ្ឋនៅតំបន់នេះរាប់ជំនាន់មកហើយ។
ពលរដ្ឋនៅភូមិករហាល ឃុំពាមឯក លោក ហូ គឹមយ៉ាន ប្រាប់វិទ្យុអាស៊ីសេរី ថា គ្រួសារលោកប្រកបរបរត្បាញកន្ទេលកក់នេះតាំងពីសម័យសង្គមរាស្ត្រនិយម រហូតដល់ពេលនេះលោកនៅតែបន្ត ដោយឆ្លៀតពេលទំនេរពីការងារស្រែចម្ការ។ លោកបន្តថា ទោះបីការត្បាញកន្ទេល ជារបរបន្ទាប់បន្សំ តែវាបានជួយយឹតយោងជីវភាពប្រចាំថ្ងៃ និងអាចនៅផ្ទះបានមើលថែកូនៗ ដោយមិនចាំបាច់ទៅធ្វើការនៅឆ្ងាយ។
លោក ហូ គឹមយ៉ាន៖ «ការលក់ដូរគឺស្រួលបំផុត គឺមានម៉ូយមកលើកដល់ផ្ទះ វាអត់ពិបាកទេ ក៏ប៉ុន្តែតម្លៃវាមានទៅតាមពេលវេលារបស់វា ត្រូវឡើងគឺឡើង ត្រូវចុះគឺចុះ អត់មានថេរទេ។ ដល់ពេលឡើងគឺឡើងខែប្រាំង ដល់ពេលខែវស្សាដូចពេលនេះ ពិបាករកគឺតម្លៃធ្លាក់ តែខែប្រាំងយើងអាចរកបាន តែតម្លៃក៏កើនឡើងដែរ»។
បច្ចុប្បន្នកន្ទេលកក់ជ្រុង ឬកន្ទេលរយ ក្នុងមួយផ្ទាំងទំហំទទឹង ១ម៉ែត្រ និងបណ្ដោយ ១ម៉ែត្រ ៨តឹក មានតម្លៃពី ៨ពាន់ ទៅ ១ម៉ឺនរៀល ហើយរៀងរាល់ពីរទៅបីថ្ងៃម្ដង នឹងមានឈ្មួញចុះទិញដល់ផ្ទះ ដោយអ្នកត្បាញអាចលក់បានពីជាង ១០ម៉ឺន ទៅ ២០ម៉ឺនរៀលក្នុងមួយលើក ទៅតាមចំនួនកន្ទេលដែលត្បាញបានតិច ឬច្រើន។
តែយ៉ាងណា តម្លៃនេះ ពលរដ្ឋថាមិនសមាមាត្រនឹងកម្លាំងពលកម្ម ដែលពួកគាត់ត្រូវចំណាយឡើយ ចាប់តាំងពីការដើររកដើមកក់ ការដឹកជញ្ជូនយកមកផ្ទះដើម្បីច្រៀកហាល និងត្បាញម្ដងមួយសរសៃៗ ប្រើពេលជាងមួយម៉ោង ទើបបានកន្ទេលមួយផ្ទាំង។ តម្បាញកន្ទេលកក់នេះទៀតសោត គឺតម្រូវឱ្យអ្នកត្បាញប្រញាប់ប្រញាល់ក្រោកពីយប់ធ្វើការ ដើម្បីប្រណាំងជាមួយព្រះអាទិត្យរះពេលថ្ងៃត្រង់ ព្រោះកម្ដៅថ្ងៃនឹងធ្វើឱ្យកក់ស្រួយ ពិបាកត្បាញ និងធ្វើឱ្យកន្ទេលគ្មានគុណភាព ប្រើប្រាស់មិនបានយូរ។
ពលរដ្ឋម្នាក់ទៀតគឺ លោកស្រី ហ៊ឹម នឿម ឱ្យដឹងថា របរត្បាញកន្ទេល អាចចាត់ជាអត្តសញ្ញាណអ្នកភូមិករហាល កាលពីជំនាន់មុន តែបច្ចុប្បន្ននេះ អ្នកត្បាញកាន់តែតិចទៅ ដោយពលរដ្ឋមួយចំនួនងាកទៅប្រកបរបរផ្សេង ខណៈដើមកក់កាន់តែខ្សត់ទៅៗ ដោយសារការបាញ់ថ្នាំគីមីសម្លាប់ស្មៅនៅតាមវាលស្រែ។ លោកស្រីបន្តថា ក្រៅពីកក់ តម្បាញកន្ទេលត្រូវការក្រចៅវេញ យកមកអន្ទងធ្វើជាឆ្អឹង ដែលវត្ថុធាតុដើមទាំងនេះមានតម្លៃថ្លៃ ខណៈអ្នកទិញគឺជាឈ្មួញកណ្ដាលដែលឱ្យតម្លៃទាប ដែលជាហេតុធ្វើឱ្យអ្នកភូមិបោះបង់របរនេះកាន់តែច្រើន។
លោកស្រី ហ៊ឹម នឿម៖ «ពេលយើងលក់កន្ទេលតម្លៃ ៧ឬ ៨ពាន់រៀលទូទាត់យ៉ាងម៉េចរួច ពេលឡើងទៅខ្សែហ្នឹង វាចង់៤ម៉ឺនទៅហើយ។ ហើយទម្រាំកក់ ទម្រាំអ្នកត្បាញ គិតទៅដូចអត់ចំណេញទេ។ អ៊ីចឹងទៅវាពិបាករក ដល់ពេលយើងទាល់ច្រកទៅធ្វើម៉េចយើងចេះតែអង្គុយធ្វើទៅ ព្រោះរបស់វាមានហើយ»។
និយាយបណ្ដើរ ធ្វើការបណ្ដើរស្ត្រីវ័យជាង ៥០ឆ្នាំរូបនេះ ត្បាញកន្ទេលយ៉ាងញាប់ដៃ ជាមួយកូនប្រុស ដោយដាក់សរសៃកក់ក្រៀមម្ដងមួយៗ ភ្ជាប់ជាមួយឈើចាក់ ឬត្រល់ ប៉ុនម្រាមដៃ ប្រវែងប្រហែលមួយម៉ែត្រ ស៊កទៅក្នុងរន្ធខ្សែក្រចៅ ឬធ្មេញឈើ។ របរនេះត្រូវការមនុស្សពីរនាក់ទើបអាចធ្វើបាន ដោយម្នាក់ជាអ្នកដាក់កក់ភ្ជាប់នឹងត្រល់ ហើយរុញចូលធ្មេញឈើ ឯម្នាក់ទៀតជាអ្នកទាញក្ដារអន្ទង បង្ហាប់កក់ឱ្យផ្អឹបហាប់ណែនចូលបន្តបន្ទាប់គ្នា។
ទម្រាំបានសរសៃកក់ក្រៀមយកមកត្បាញ លោកស្រី ហ៊ឹម នឿម ត្រូវដើររកកក់ទុកតាំងពីខែប្រាំង ដោយជួលគោយន្តអ្នកភូមិធ្វើដំណើរទៅតំបន់ទំនាបឆ្ងាយៗ ហើយចុះច្រូត និងដឹកយកមកហាលសម្ងួតប្រមាណ២ ទៅ ៣ថ្ងៃ ដើម្បីទុកត្បាញកន្ទេលនៅរដូវវស្សា។ ការចុះច្រូតកក់នេះ គឺត្រូវមានភាពប្រុងប្រយ័ត្នខ្ពស់ ដោយសារទីណាមានដើមកក់ ទីនោះគឺតែងតែមានសត្វឈ្លើងនៅកកកុញ។
ក្រៅពីការស្វែងរកដើមកក់ អ្នកតម្បាញមួយចំនួនត្រូវរវៃក្រចៅ ទុកអន្ទងធ្វើឆ្អឹងកន្ទេល ខណៈអ្នកខ្លះជ្រើសរើសការទិញស្រាប់ដើម្បីចំណេញពេលវេលា ដោយក្រចៅវេញមួយគីឡូក្រាមមានតម្លៃ ៤ម៉ឺនរៀល អាចត្បាញបានពី ៥ ទៅ ៨ផ្ទាំង តាមទំហំកន្ទេល។
បើទោះបីកន្ទេលកក់ខ្មែរ ពិបាកផលិត និងមានតម្លៃសមរម្យក្ដី តែប្រជាពលរដ្ឋខ្មែរមួយចំនួន ច្រើននិយមប្រើប្រាស់កន្ទេលប្លាស្ទិក ដែលនាំចូលពីបរទេស ព្រោះមានតម្លៃថោក ស្រួលបត់បែន និងងាយទុកដាក់ ខុសពីកន្ទេលកក់ ផលិតចេញពីរុក្ខជាតិ ដែលត្រូវមានការថែទាំមិនឱ្យត្រូវទឹក ឬថ្ងៃក្ដៅ និងមានអាយុកាលប្រើប្រាស់បានប្រហែល ៤ ទៅ ៥ឆ្នាំ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមេឃុំពាមឯក លោក ជីវ ជិនហ៊ ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី១៣ ខែវិច្ឆិកា។
បច្ចុប្បន្ន នៅភូមិករហាល មានអ្នកត្បាញកន្ទេល ប្រហែលជាង ១០ផ្ទះ និងមានអ្នកត្បាញតែកន្ទេលលាត ឬកន្ទេលរយ ដែលប្រើកក់ជ្រុងតែប៉ុណ្ណោះ ដោយគេមិនឃើញមានអ្នកត្បាញកន្ទេលចែងម៉ែង ឬកន្ទេលក្រហម ដែលមានតម្លៃថ្លៃនោះឡើយ។ កន្ទេលចែងម៉ែង គឺត្រូវប្រើកក់មួយប្រភេទទៀត ហៅថាកក់មូល ឬកក់ចែងម៉ែង តែកក់ប្រភេទនេះស្ទើរតែផុតពូជទៅហើយ នៅក្នុងស្រុកឯកភ្នំនេះ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ចាត់ទុកតម្បាញកន្ទេល គឺជារបរប្រពៃណី និងជាអត្តសញ្ញាណជាតិ ដែលអាចផ្ដល់ប្រាក់ចំណូលប្រចាំថ្ងៃដល់ពលរដ្ឋក្នុងសហគមន៍។ លោកបន្តថា រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ចូលរួមថែរក្សារបរនេះ តាមរយៈការពង្រីកទីផ្សារបន្ថែមឱ្យពលរដ្ឋក្នុងតម្លៃសមស្រប និងជំរុញឱ្យមានការដាំដុះដើមកក់ សម្រាប់ធ្វើជាវត្ថុធាតុដើមផងដែរ។
លោក វន់ ពៅ៖ «សំខាន់ចំណុចមួយទៀតប្រសិនជារដ្ឋជួយធនធានដល់ពួកគាត់សម្រាប់ពង្រីកអាជីវកម្មឱ្យស្របទៅនឹងសម័យទំនើប ឬក៏ឌីសាញបែបថ្មី គឺគាត់អាចមានទីផ្សារល្អបន្តថែមទៀត ហើយគាត់អាចពិសេសតំបន់ទេសចរមួយចំនួនគួរតែរៀបចំឱ្យពួកគាត់មានទីតាំងសម្រាប់លក់កន្ទេលទាំងអស់ហ្នឹង ដើម្បីធានានូវមុខរបររបស់គាត់បន្តទៅមុខហើយមានប្រាក់ចំណូលសមរម្យហើយ អាចបន្តទៅមុខទៀត ដើម្បីកុំឱ្យវាដួលរលំនៃមុខរបរ»។
កន្ទេលកក់ គឺជាអត្តសញ្ញាណស្នាដៃហត្ថកម្មរបស់ពលរដ្ឋខ្មែរ ដែលបង្ហាញពីការតស៊ូ ព្យាយាម និងអត់ធ្មត់ ត្បាញម្ដងមួយសរសៃៗ។ ពលរដ្ឋវ័យចំណាស់ដែលប្រកបរបរនេះ ក៏សម្ដែងក្ដីព្រួយបារម្ភថា ក្មេងៗជំនាន់ក្រោយនឹងមិនអាចស៊ូទ្រាំ អត់ធ្មត់ ហើយបោះបង់របរមួយនេះ។ ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក និងផ្ដល់តម្លៃសមរម្យ ដើម្បីចូលរួមថែរក្សាអត្តសញ្ញាណជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។