ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​កណ្ដាល ចិញ្ចឹម​រុយ​យក​ពង និង​ដង្កូវ​លក់ ដើម្បី​ដោះស្រាយ​ជីវភាព

ដោយ ប្រាជ្ញ ចេវ
2024.10.30
ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​កណ្ដាល ចិញ្ចឹម​រុយ​យក​ពង និង​ដង្កូវ​លក់ ដើម្បី​ដោះស្រាយ​ជីវភាព រូប​សត្វ​រុយ ដែល​លោក សៅ សំណាង នៅ​ស្រុកមុខកំពូល ​ខេត្តកណ្ដាល ចិញ្ចឹម​យក​ពង និង​ដង្កូវ​លក់ ថត​នៅ​ថ្ងៃ​ទី២០ ខែតុលា ឆ្នាំ២០២៤។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​មុខ​កំពូល ខេត្តកណ្ដាល​ចិញ្ចឹម​រុយ​ទាហាន​ខ្មៅ ឬ​ហៅ​ថា រុយ​រាជ​ ដើម្បី​យក​ពង និង​ដង្កូវ​លក់​ដោះស្រាយ​ជីវភាព​គ្រួសារ។ ពួក​គាត់​ថា អាជីព​ចិញ្ចឹម​រុយ​នេះ ងាយ​ស្រួល ចំណាយ​ដើម​ទុន​តិច ហើយ​រក​ចំណូល​បាន​ខ្ពស់។ ទន្ទឹម​នឹង​នោះ រុយ​នេះ ក៏​អាច​ជួយ​ដល់​វិស័យ​កសិកម្ម​ចិញ្ចឹម​សត្វ​លក្ខណៈ​គ្រួសារ និង​កសិដ្ឋាន​ធំៗ ព្រោះ​ថា ដង្កូវ​ អាច​យក​ធ្វើ​ជា​ចំណី​សត្វ​បាន​យ៉ាង​ល្អ។

ខុស​ពី​កសិករ​ដទៃ ដែល​តែងតែ​ចាប់​អាជីព​ធ្វើ​ស្រែក​ចម្ការ និង​ដាំ​ដំណាំ​ផ្សេងៗ កសិករ​មួយ​ចំនួន​ នៅ​ឃុំ​ព្រែក​ដំបង ស្រុក​មុខ​កំពូល បាន​ចាប់​របរ​ជា​អ្នក​ចិញ្ចឹម​រុយ​យក​ពង និង​ដង្កូវ​លក់។ អាជីព​នេះ ពលរដ្ឋ​ អាច​រក​ចំណូល​បាន​រាប់​រយ​ដុល្លារ​ក្នុង ១ខែ និង​ជួយ​ឱ្យ​ការ​ចិញ្ចឹម​សត្វ​របស់​ពួក​គាត់​ ទទួល​បាន​ផល​ល្អ​ប្រសើរ​ជាង​មុន។

កសិករ​ចិញ្ចឹម​រុយ លោក ឌីម ចាន់ឌី រស់​នៅ​ភូមិ​ឡឥដ្ឋ​ ឃុំ​ព្រែក​ដំបង ស្រុក​មុខ​កំពូល ចាប់​អាជីព​ចិញ្ចឹម​រុយ យក​ពង និង​ដង្កូវ លក់​ជាង ៦ឆ្នាំ​ហើយ។ ជំនាញ​នេះ លោក​ចេះ​តាម​រយៈ​មើល​វីដេអូ នៅ​លើ​បណ្ដាញ​សង្គម​យូធូប (YouTube) ដែល​មាន​បង្រៀន​អំពី​បច្ចេកទេស​ចិញ្ចឹម​រុយ​យក​ពង និង​ដង្កូវ ហើយ​វីដេអូ ទាំង​នោះ​ភាគ​ច្រើន មាន​នៅ​ប្រទេស​ជិតខាង ដូចជា ថៃ និង​វៀតណាម​ជា​ដើម។

កសិករ​រូប​នេះ មាន​កសិដ្ឋាន​ចិញ្ចឹម​មាន់​រាប​រយ​ក្បាល ហើយ​ជា​ញឹកញាប់ លោក​បាន​ទិញ​ចំណី​មាន់​ពី​ផ្សារ ប៉ុន្តែ ចាប់​តាំង​ពី​លោក​ចិញ្ចឹម​រុយ​យក​ដង្កូវ ធ្វើ​ជា​ចំណី​មាន់​ជំនួស លោក​អាច​កាត់​បន្ថយ​ការ​ចំណាយ​បាន​ជាង ៧០ ទៅ ៨០ភាគ​រយ។ លោក​បន្ត​ថា ការ​យក​ដង្កូវ ធ្វើ​ជា​ចំណី​មាន់​នេះ ពិត​ជា​ល្អ ព្រោះ​វា​ផ្ដល់​នូវ​សារ​ធាតុ​ចិញ្ចឹម​ជួយ​ឱ្យ​មាន់​ឆាប់​ធំ​ល្អ ហើយ​ការ​ពារ​មាន់​មិន​ឱ្យ​មាន​ជំងឺ។

លោក ឌីម ចាន់ឌី៖ «អ៊ីចឹង​ចំពោះ​បង​ប្អូន​ណា​ ដែល​គាត់​ចិញ្ចឹម​សត្វ ការ​ចិញ្ចឹម​ដង្កូវ គឺ​យើង​កាត់បន្ថយ​ចំណី​ពី ៨០ភាគ​រយ ឬ​ក៏​អាច ១០០ភាគ​រយ យើង​អត់​ប្រើ​ចំណី​ផ្សារ។ អ៊ីចឹង ខ្ញុំ​សម្លឹង​ឃើញ​កសិកម្ម​ស្រុក​គេ​ដើរ​លឿន ហើយ​ស្រុក​យើង ដើរ​អត់​ទាន់​គេ។ ខ្ញុំ​ព្យាយាម​ផ្សព្វផ្សាយ គឺ​ជួយ​លើក​វិស័យ​កសិកម្ម​ស្រុក​យើង​នេះ​ ដើម្បី​កុំ​ឱ្យ​ពួក​គាត់​ពឹង​លើ​ចំណី​ផ្សារ​ពេក យើង​រៀន​ផលិត​ចំណី​ខ្លួន​ឯង​ ផលិត​ជី​ខ្លួន​ឯង​អ៊ីចឹង​ទៅ​ គាត់​អាច​កាត់​បន្ថយ​ចំណាយ​បាន​ គាត់​ចំណេញ​ ក៏​បាន​ច្រើន»

លោក លីម ចាន់ឌី មាន​ប្រសាសន៍​ថា ក្រៅ​ពី​ចំណូល​បាន​ពី​ចិញ្ចឹម​មាន់ លោក​អាច​រកចំណូល​បាន​ពី​ការ​លក់​ពង​រុយ និង​ដង្កូវ ក្នុង​មួយ​ខែ ចន្លោះ​ពី ៥រយ (៥០០)ដុល្លារ ទៅ ៦រយ (៦០០)​ដុល្លារ។ លោក​ថា អាជីព​ចិញ្ចឹម​រុយ​យក​ដង្កូវ​នេះ មាន​សារ​ប្រយោជន៍​ខ្លាំង​ដល់​កសិករ សម្រាប់​យក​ធ្វើ​ជា​ចំណី​សត្វ​ចិញ្ចឹម ដូច​ជា មាន់ ទា ត្រី កង្កែប បង្កង អណ្ដើក និង​កន្ធាយ​ជា​ដើម។

លោក លីម ចាន់ឌី៖ «សម្រាប់​យើង​ចិញ្ចឹម​ឱ្យ​ចំណី​សត្វ យើង​ចំណាយ​ពេល ១៥ ទៅ ២០ថ្ងៃ យើង​អាច​ប្រមូល​ឱ្យ​សត្វ​ស៊ី​បាន​ហើយ តែ​បើ​ទុក​វា​ចាប់​ពី ៣០ថ្ងៃ​ទៅ ដង្កូវ​នោះ​នឹង​ប្រែ​ខ្លួន​ជា​ពណ៌​ខ្មៅ ហើយ​រឹង។ បែប​ហ្នឹង យើង​លែង​ទុក​ឱ្យ​ចំណី​សត្វ​ហើយ ទុក​ធ្វើ​ពូជ​ម្ដង។ ចំពោះ​ចំណាយ អត់​ចំណាយ​ច្រើន​ទេ ប្រសិន​បើ​គាត់​អត់​មាន​ពូជ គ្រាន់​តែ​ចំណាយ​ទិញ​ពូជ ចំណែក​ទាក់ទង​នឹង​ចំណី គាត់​អាច​ប្រមូល ដូច​ជា ស្វាយ ប្រភេទ​ថ្លៃ​ឈើ​ទំ ស្វាយ ឬ​ក៏​ត្រសក់​ជា​ដើម»

របៀប​ចិញ្ចឹម​រុយ​ប្រភេទ​ទាហាន​ខ្មៅ ដែល​ភាសា​អង់គ្លេស​ហៅ​ថា Black Soldier Fly (BSF) ឬ​ហៅ​ថា រុយ​រាជ ដំបូង​ឡើយ​គេ​យក ពង​ពូជ​រុយ​ទាំង​នោះ មក​ដាក់​ក្នុង​ធុង​ជ័រ ឬ​ចានជ័រ ដែល​ទំហំ​ធំ​ល្មម ដាក់​នៅ​កន្លែង​ដែល​មាន​ម្លប់​ល្អ ហើយ​មាន​សំណើម​ សើម​តិច​ៗ។ ចំណែក​កសិករ​ខ្លះ​ទៀត​ យក​ពូជ​ពង​រុយ​ទាំង​នោះ​ ដាក់​ក្នុង​សំបក​កង់​ឡាន​ ឬ​ឥដ្ឋ​ចាស់ៗ។ បន្ទាប់​មក នៅ​ពេល​ដែល​ ដង្កូវ​​​មាន​រាង​ធំ​ល្មម​ គេ​យក​វា​ទៅ​ដាក់​នៅ​ក្នុង​គំនរ​កាក​សំណាល ដែល​ប្រមូល​ទុក​ ក្នុង​រោង ​សម្រាប់​ឱ្យ​ដង្កូវ​ទាំង​នោះ​វា​ស៊ី​រហូត​ដល់​ធំ​បាន​ប្រមូល​ផល​លក់ ឬ​យក​ទៅ​ឱ្យ​សត្វ​ស៊ី។

រីឯ​ រោង​ចិញ្ចឹម​រុយ​មាន​ទំហំ​តូច​ធំ ទៅ​តាម​ការ​កែច្នៃ​របស់​កសិករ ហើយ​អ្នកខ្លះ​ធ្វើ​រោង​ចិញ្ចឹម​រុយ​ ស្រដៀង​គ្នា​នឹង​រោង​ចិញ្ចឹម​មាន់​ដែរ។ រោង​ទាំងនោះ មាន​ហ៊ុមព័ទ្ធ​ដោយ​ម៉ុង និង​ស្បៃ ដែល​អាច​មាន​ពន្លឺ​ថ្ងៃ​ជះ​មក​ចំ​ប្រហែល ១០ ទៅ ២០ភាគ​រយ ហើយ​អាច​បិទ​បាំង យ៉ាង​ជិត​មិន​ឱ្យ​រុយ​ហើរ​ចេញ​ក្រៅ​បាន។ បន្ទាប់​មក​គេ យក​សំបក​ឈើ ឬ​កំណាត់​ឈើ ដែល​មាន​ទំហំ​ប៉ុន​បាតដៃ ឬ​តូច​ជាង​បាតដៃ មាន​ប្រវែង​ប្រហែល​កន្លះ​ម៉ែត្រ​ការ៉េ កាត់​ជា​កំណាត់ៗ ចង​ផ្អោប​គ្នា​ជា​ច្រើន​កំណាត់ ដើម្បី​ឱ្យ​រុយ​ចូល​ទៅ​ពង។ ក្រោយ​មក​ទៀត យក​ពង​រុយ​ទាំង​នោះ ដើម្បី​ភ្ញាស់​ជា​ដង្កូវ។

លោក ឌីម ចាន់ឌី ឱ្យ​ដឹង​ថា ជា​ធម្មតា ពង​រុយ​ចំនួន ១០ខាំ អាច​ភ្ញាស់​ដង្កូវ​បាន ជាង ១០គីឡូ ទៅ ២០គីឡូ ហើយ​រយៈ​ពេល​ការ​ភ្ញាស់​អាច​ចំណាយ ៥ថ្ងៃ ទៅ ៧ថ្ងៃ តាម​ទិដ្ឋភាព​ជាក់ស្ដែង។ លោក​បន្ត​ថា ការ​ចិញ្ចឹម​រុយ មាន​ភាព​ងាយ​ស្រួល ព្រោះ​ថា សត្វ​រុយ​ផឹក​តែ​ទឹក​ប៉ុណ្ណោះ ចំណែក​ដង្កូវ​យក​កាក់​សំណល់​ផ្ទះ​បាយ​ និង​ផ្លែឈើ ដូច​ជា ផ្លែ​ស្វាយ​ចេក និង​ម្នាស់​ ជា​ដើម ដែល​ទំ​រលួយ​ ខូច​ដាក់​ឱ្យ​វា​ស៊ី។ បន្ថែម​ពី​នោះ ចំពោះ​កាក់​សំណល់ ដែល​សល់​ពី​ដង្កូវ​ស៊ី​ហើយ ក៏​អាច​កែច្នៃ ធ្វើ​ជា​ជីកំប៉ុស សម្រាប់​ស្រោចស្រព​ដំណាំ​បាន​ផង​ដេរ។

ពលរដ្ឋ​ម្នាក់​ទៀត រស់​នៅ​ស្រុក​មុខ​កំពូល​ខេត្តកណ្ដាល លោក សៅ សំណាង មាន​កសិដ្ឋាន​ចិញ្ចឹម​រុយ​មួយ ​ឈ្មោះ​ថា​ កសិដ្ឋាន​ ធម្មជាតិ​ចម្រុះ BSF។ កសិដ្ឋាន​នេះ បាន​ផ្ដោត​សំខាន់​លើ​ការ​ផ្ដល់​បច្ចេកទេស​ចិញ្ចឹម​រុយ​យក​ពង និង​ដង្កូវ។ ជា​ញឹកញាប់​លោក​អាច​រក​ចំណូល​បាន​ពី​សត្វ​រុយ​នេះ រាប​រយ​ដុល្លារ​ក្នុង​មួយ​ខែ តាម​រយៈ​ការ​លក់​ដង្កូវ​ពូជ ១គីឡូ​ក្រាម​ជាង ៤ម៉ឺន​រៀល និង​ដង្កូវ​ចំណី​សត្វ ១គីឡូ​ក្រាម ចំនួន ៨ម៉ឺន​រៀល​ទៅ​ឱ្យ​កសិករ​ផ្សេង​នៅ​តាម​កសិដ្ឋាន​ចិញ្ចឹម​សត្វ។

កសិករ​រូប​នេះ លើក​ឡើង​ថា បើ​ទោះ​បី​ជា​ការ​ចិញ្ចឹម​រុយ យក​ពង និង​ដង្កូវ​ អាច​ជួយ​ដល់​វិស័យ​សត្វ​ចិញ្ចឹម​ ដោយ​ងាយ​ស្រួល​ក្ដី​ ក៏​វិស័យ​នេះ​ ពុំ​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​បាន​ទូលំទូលាយ​នោះ​ទេ​។​ លោក​បន្ត​ថា សព្វ​ថ្ងៃ​អ្នក​ចិញ្ចឹម​រុយ យក​ដង្កូវ ទាល់​តែ​ពួក​គាត់​មាន​កសិដ្ឋាន​ចិញ្ចឹម​ មាន់ ទា​ ឬ​ត្រី ដោយ​ខ្លួន​ឯង​ទើប បាន​អាច​ទៅ​រួច តែ​ប្រសិន​បើ​ផ្ដោត​តែ​ទៅ​លើ​ការ​ចិញ្ចឹម​រុយ​យក​ពង និង​ដង្កូវ​លក់ ពុំ​សូវ​មាន​ទី​ផ្សារ​នោះ​ឡើយ។

លោក សៅ សំណាង៖ «ប្រសិន​បើ​កសិករ​យក​ទៅ​ចិញ្ចឹម ហើយ​គាត់​មាន​កសិដ្ឋាន​ខ្លួន​ឯង ចិញ្ចឹម​មាន់​ ចិញ្ចឹម​ទា និង​ចិញ្ចឹម​ត្រី​ ​ខ្លួន​ឯង​ នេះ​គាត់​ចំណេញ​ច្រើន​ ព្រោះ​គាត់​អត់​ចំណាយ​ទៅ​លើ​ការ​ទិញ​ចំណី​ពី​រោងចក្រ ​ដែល​អត់​មាន​គុណ​ភាព​ទេ​។ មួយ​ទៀត នៅ​ពេល​គាត់ ​ចិញ្ចឹម​ទៅ សត្វ​ចិញ្ចឹម​របស់​ពួក​គាត់​ឆាប់​ធំ​ធាត់ ហើយ​អត់​ងាប់»

លោក សៅ ​សំណាង​ ចង់​ឱ្យ​ក្រសួង​កសិកម្ម ​រុក្ខា ប្រមាញ់ និង​នេសាទ​គួរតែ​សិក្សា​បន្ថែម​ ពី​បច្ចេកទេស​​ចិញ្ចឹម​រុយ​ យក​ដង្កូវ​​ ធ្វើ​ជា​ចំណី​សត្វ​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​ជំរុញ​ឱ្យ​ប្រជា​កសិករ​ ទូទាំង​ប្រទេស​រៀន និង​អនុវត្ត​តាម ដើម្បី​បង្កើត​ចំណី​សត្វ​ដោយ​ខ្លួន​ឯង។ លោក​ថា ជា​ច្រើន​ឆ្នាំ​មក​នេះ ពលរដ្ឋ​បាន​ចំណាយ​ថវិកា​ច្រើន លើ​ការ​ទិញ​ចំណី​សត្វ នៅ​តាម​ទីផ្សារ ប៉ុន្តែ ប្រសិន​បើ​ពលរដ្ឋ​យល់​ដឹង​ពី​ការ​ផលិត​ចំណី​សត្វ​ដោយ​ខ្លួន​ឯង ពួក​គាត់​នឹង​កាត់​បន្ថយ​ការ​ចំណាយ​បាន​ច្រើន​ជាង​មុន។

វិទ្យុ​អាស៊ី​សេរី ពុំ​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ កញ្ញា អឹម រចនា ដើម្បី​ឆ្លើយ​តប​ជុំ​វិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៩ ខែតុលា ដោយសារ​ហៅ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នក​ទទួល។

ទាក់​ទិន​រឿង​នេះ ប្រធាន​សមាគម​បណ្ដាញ​អ្នក​ចិញ្ចឹម​សត្វ លោក ជួប វិបុល សង្កេត​ឃើញ​ថា ការ​ចិញ្ចឹម​រុយ​យក​ពង និង​ដង្កូវ​លក់​ដោះស្រាយ​ជីវភាព​របស់​កសិករ​នេះ គឺ​ជា​ការ​ប្រសើរ។ បន្ថែម​ពី​នោះ​ លោក​ថា កសិករ ដែល​មាន​កសិដ្ឋាន​ចិញ្ចឹម​សត្វ គួរតែ​រៀន​ចិញ្ចឹម​សត្វ​រុយ យក​ដង្កូវ​ធ្វើ​ជា​ចំណី​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ លើ​ការ​ទិញ​ចំណី​ពី​ខាង​ក្រៅ​ច្រើន​ពេក។ កាល​ពី​ពេល​កន្លង​ទៅ លោក​ក៏​បាន​សិក្សា​ពី​ការ​ចិញ្ចឹម​រុយ​ យក​ដង្កូវ​នេះ​ ជា​ច្រើន​ដែរ ដោយ​លោក​មើល​ឃើញ​ថា គុណ​សម្បត្តិ​របស់​ដង្កូវ គឺ​មាន​ច្រើន ហើយ​ងាយ​ស្រួល​ចិញ្ចឹម​ សម្រាប់​ពលរដ្ឋ​ខ្មែរ។

លោក ជួប វិបុល៖ «ការ​ចិញ្ចឹម​រុយ​រាជ វា​មាន​ភាព​ងាយ​ស្រួល ជាង​ការ​ដាំ​ដំណាំ​ធ្វើ​ចំណី​សត្វ​ ពី​ព្រោះ​ថា រុយ​នេះ វា​ងាយ​ស្រួល​ពង ងាយ​ស្រួល​កកើត​ ហើយ​ចំណី​របស់​រុយ​នេះ ងាយ​ស្រួល​រក។ អ៊ីចឹង រដ្ឋាភិបាល ជា​ពិសេស មន្ត្រី​ពាក់ព័ន្ធ​គួរ​បង្កើត​ក្រុម​ការងារ​បច្ចេកទេស ដើម្បី​ស្រាវជ្រាវ ខាង​បច្ចេកទេស​បន្ថែម ទៅ​លើ​ការ​ចិញ្ចឹម​រុយ​រាជ​នេះ និង​សិក្សា​ទៅ​លើ​គុណ​សម្បត្តិ​របស់​រុយ​រាជ​នេះ​ថា តើ​វា​មាន​គុណ​សម្បត្តិ​បែប​ណា ហើយ​ផ្សព្វផ្សាយ​ដល់​កសិករ​ដែល​លោក​ចិញ្ចឹម​សត្វ យក​ទៅ​អនុវត្ត ដើម្បី​យក​មក​ប្រើ​ប្រាស់ ដើម្បី​កាត់​បន្ថយ​ថ្លៃ​ដើម»

សត្វ​រុយ ត្រូវ​បាន​អ្នក​ជំនាញ​កសិកម្ម​ជាច្រើន​ នៅ​លើ​ពិភព​លោក​បាន​កត់​សម្គាល់​ឃើញ​ថា មាន​ប្រមាណ ២.៦០០ប្រភេទ ចំណែក​សត្វ​រុយ ដែល​មាន​ប្រយោជន៍​សម្រាប់​បម្រើ​វិស័យ​កសិកម្ម មាន​ប្រមាណ ៣៥០ប្រភេទ​ក្នុង​នោះ ក៏​មាន​ប្រភេទ រុយ​រាជ ឬ​ហៅ​ថា Black Soldier Fly នេះ​ដែរ។ សត្វ​រុយ​ប្រភេទ​នេះ មាន​សារធាតុ​ចិញ្ចឹម​ប្រូតេអ៊ីន​ដល់​ជាង ៤០ភាគ​រយ ខុស​ពី​សត្វ​រុយ​ធម្មតា ដែល​ពលរដ្ឋ​ខ្មែរ យើង​ធ្លាប់​ស្គាល់​ថា ជា​ភ្នាក់ងារ​ចម្លង​មេរោគ។ អ្នក​ជំនាញ​ផ្នែក​ចិញ្ចឹម​រុយ​កសិកម្ម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គួរតែ​មាន​ក្រុម​បច្ចេកទេស​សិក្សា​បន្ថែម​អំពី​គុណ​សម្បត្តិ​របស់​រុយ​ ហើយ​ជំរុញ​ឱ្យ​កសិករ ដែល​មាន​កសិដ្ឋាន​ចិញ្ចឹម​សត្វ គួរ​តែ​ងាក​មក​ចិញ្ចឹម​រុយ​យក​ដង្កូវ ធ្វើ​ជា​ចំណី​សត្វ ជំនួស​ឱ្យ​ការ​ចំណាយ​ច្រើន​ពេក​លើ​ការ​ទិញ​ចំណី​ពី​ខាង​ក្រៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។