ពលរដ្ឋមួយចំនួននៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កែច្នៃស្បែកក្រពើ ធ្វើជាកាបូប ស្បែកជើង (ទ្រនាប់ជើង) និងខ្សែក្រវាត់លក់នៅលើបណ្ដាញសង្គម ដើម្បីបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ ពួកគាត់ថា សិប្បកម្មនេះ កំពុងមានការគាំទ្រច្រើនពីសំណាក់ ប្រជាពលរដ្ឋទាំងនៅក្នុងស្រុក និងក្រៅស្រុក ហើយបានជួយឱ្យពលរដ្ឋខ្លះ មានការងារធ្វើ និងមានប្រាក់ចំណូលសមរម្យ។
ប្រជាពលរដ្ឋចាត់ទុកសត្វក្រពើថា ជាប្រភេទសត្វសាហាវ ដែលអាចស៊ីសាច់មនុស្សជាអាហារ ហើយមានស្បែកខ្មៅគគ្រើមគួរឱ្យភ័យខ្លាច ប៉ុន្តែ ប្រជាពលរដ្ឋខ្លះ បានយកសាច់ក្រពើធ្វើជាអាហារ និងកែច្នៃស្បែកក្រពើធ្វើជាសម្ភារៈប្រើប្រាស់ដ៏មានតម្លៃ ដូចជា កែច្នៃធ្វើជា ស្បែកជើង កាបូប និងខ្សែក្រវាត់ជាដើម។ សិប្បកម្មនេះ កំពុងតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋជាបន្តបន្ទាប់ ហើយបានជួយឱ្យពលរដ្ឋខ្លះ មានការងារធ្វើដោយមិនចាំបាច់ ធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសនោះឡើយ។
ម្ចាស់សិប្បកម្មកែច្នៃស្បែកក្រពើ លោក ហង់ សុខឃឿន រស់នៅភូមិអូរកណ្ដោលត្បូង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ប្រាប់វិទ្យុអាស៊ីសេរីថា លោកចាប់អាជីពជាអ្នកកែច្នៃស្បែកក្រពើធ្វើជាកាបូប ស្បែកជើង និងខ្សែក្រវាត់នេះ ជាង ៥ឆ្នាំមកហើយ ក្រោយពីលោកឈប់ធ្វើការជាពលកររោងចក្រកាត់ដេរស្បែកជើងឱ្យគេ នៅឯប្រទេសថៃ។ សព្វថ្ងៃ លោកអាចរកចំណូលពីសិប្បកម្មកែច្នៃស្បែកក្រពើនេះ ចន្លោះពី ២០០ ទៅ ៣០០ដុល្លារក្នុងមួយថ្ងៃ។
លោកមានចំណេះជំនាញ ផ្នែកកែច្នៃស្បែករូបនេះ ដោយសារតែលោកធ្លាប់ធ្វើការឱ្យគេ នៅប្រទេសថៃជាង ១០ឆ្នាំ ហើយក្រោយមក លោកក៏បានបង្កើតសិប្បកម្មផលិតកាបូប ស្បែកជើង និងខ្សែក្រវាត់ដោយខ្លួនឯង។ លោកបានប្រើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) តិកតុក (ticktock) និងយូរធូប (YouTube) ជាកន្លែងផ្សព្វផ្សាយផលិតផល រហូតមានអ្នកទិញជាបន្តបន្ទាប់ ទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេស ពលរដ្ឋនៅអាមេរិក និងអូស្ត្រាលីជាដើម។ ចំណែកថ្ងៃខ្លះ លោកអាចលក់កាបូប និងស្បែកជើង ដល់អតិថិជននៅតាមបណ្ដាខេត្តនានា បានចន្លោះពី ៤០ ទៅ ៥០គូ ហើយតម្លៃ ចាប់ពី ១០ ដល់ ៤០ដុល្លារ តាមទំហំតូច ឬធំ។
លោក ហង់ សុខឃឿន៖«យើងធ្លាប់ធ្វើការចំណាកស្រុកពីគេមក យើងមានតែជំនាញហ្នឹង នៅពេលដែលយើងទៅធ្វើការឱ្យគេ។ មួយទៀត មូលហេតុដែលខ្ញុំបើកមុខរបរហ្នឹង ដោយសារតែទីផ្សារនៅស្រុកខ្មែរយើង ការផលិតមានតិចតូចណាស់ សឹងតែគ្មានផង។ ចំពោះការធ្វើទីផ្សារមានបងប្អូនគាត់គាំទ្រ និងកុម្ម៉ង់ច្រើនទៅតាមអនឡាញ ឬខ្ញុំដាក់ទីតាំងដើរតាមខេត្ត តាមស្តង់កម្មវិធីផ្សេងៗ មានការគាំទ្រច្រើន»។
អាជីពកែច្នៃស្បែកក្រពើ ធ្វើជាវត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់លោក ហង់ សុខឃឿន ធ្វើឡើងតាមការកុម្ម៉ង់របស់អតិថិជន។ សិប្បកម្មកែច្នៃកាបូប ស្បែកជើង និងខ្សែក្រវាត់ធ្វើឡើងដោយដៃផ្ទាល់ ទាំងដេរ កាត់ និងច្រៀក។ លោកថា ក្នុងចំណោមកម្មករ ១៥នាក់ ពួកគេអាចផលិតស្បែកជើង កាបូប និងខ្សែក្រវាត់បាន ៣០ ទៅ ៤០គ្រឿងក្នុងមួយថ្ងៃ ហើយអាចកែច្នៃម៉ូតបានគ្រប់ទម្រង់ ហើយមានភ្ជាប់ជាមួយឈ្មោះអតិជនរចនារូបយ័ន្ត រូបព្រះពុទ្ធ រូបប្រាសាទបុរាណ ទងជាតិខ្មែរ និងរូបផ្សេងៗ ជាដើម។
រីឯស្បែកក្រពើដែលយកមកកែច្នៃនេះ ពួកគាត់ទិញមកពីប្រទេសថៃ និងវៀតណាម ចំណែកស្បែកក្រពើ នៅក្នុងស្រុកទិញតិចតួចប៉ុណ្ណោះ ព្រោះមិនសូវមាន។ បើទោះបីជាបច្ចុប្បន្ន កសិដ្ឋានចិញ្ចឹមក្រពើនៅក្នុងស្រុកខ្មែរមានខ្លះក្ដី នៅកម្ពុជាពុំមានម៉ាស៊ីនសម្ងួត ឬរោងចក្រកែច្នៃស្បែកក្រពើឱ្យស្ងួតល្អ ដូចនៅប្រទេសជិតខាងនោះទេ។ ដូច្នេះ ធ្វើឱ្យម្ចាស់សិប្បកម្មកែច្នៃស្បែក ពិបាករកទិញនៅក្នុងស្រុក។

អតីតពលករធ្វើការនៅប្រទេសថៃ លោក សុខ ឃឿន លើកឡើងថា បើទោះបីជាសិប្បកម្មកែច្នៃស្បែករបស់លោកទទួលបានការគាំទ្រ ពីសំណាក់ពលរដ្ឋជាច្រើនក្ដី លោកនៅតែជួបបញ្ហាជាច្រើន ដូចជា កង្វះទីផ្សារកុម្ម៉ង់ទិញបោះដុំ ដែលតម្រូវឱ្យលោកប្រឹងប្រែងធ្វើវីដេអូ ផ្សព្វផ្សាយលើបណ្ដាញសង្គមស្ទើររាល់ថ្ងៃ សម្រាប់លក់រាយ ទៅតាមបណ្ដាខេត្តនានា ហើយចំណូលរកបាន ពីការលក់រាយទាំងនោះ ក៏ពុំទៀងទាត់នោះដែរ។ លោកសង្ឃឹមថា អាជ្ញាធរនឹងជួយរកទីផ្សារឱ្យបានច្រើន ហើយនាំចេញទៅលក់នៅក្រៅប្រទេស។
លោក សុខ ឃឿន៖ «រឿងវត្ថុធាតុដើម នៅស្រុកខ្មែរយើងមិនសូវសម្បូរទេ ដូចជាស្បែក ដូចជា របស់របរប្រើប្រាស់ផ្សេងៗ ក្នុងការផលិត គឺយើងសុទ្ធតែកុម្ម៉ង់មកពីគេ យើងកុម្ម៉ង់មកពីគេ គឺមានរយៈពេលយូរ ហើយមួយទៀតទីផ្សារ អាចថា ទូលំទូលាយ ក៏ថាបានដែរ។ ប៉ុន្តែ ទាល់តែយើងនឹងខំប្រឹងធ្វើវីដេអូ បង្ហោះអីចឹង»។
ជុំវិញរឿងនេះអ្នកនាំពាក្យសាលាខេត្តព្រៃវែង លោក អន ភារៈ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែធ្នូថា មកទល់ពេលនេះ ប្រជាពលរដ្ឋដែលចាប់អាជីពសិប្បកម្មកែច្នៃស្បែកក្រពើ គឺមានតិចតួចប៉ុណ្ណោះ។ លោកថា ជារឿងល្អ ដែលពលរដ្ឋមានជំនាញកែច្នៃ ហើយរកចំណូលផ្គត់ផ្គង់គ្រួសារ និងផ្ដល់ការងារដល់ពលរដ្ឋមួយចំនួន។ លោកបន្តថា កន្លងទៅអាជ្ញាធរ បានជួយដល់ពលរដ្ឋជាច្រើន មិនថាសិប្បកម្មកែច្នៃស្បែក ឬវិស័យកសិកម្មនោះទេ គឺតែងតែផ្សព្វផ្សាយរកទីផ្សារ និងផ្ដល់ឱកាសឱ្យចូលរួមតាំងពិព័រណ៍ស្នាដៃ នៅតាមកម្មវិធីផ្សេងៗ។
លោក អន ភារៈ៖«បងប្អូនយើង ដែលគាត់ចេះធ្វើអ៊ីចឹង អាចជាធនធានមួយអាចជួយអភិវឌ្ឍន៍នៅក្នុងស្រុកក្នុងខេត្ត នៅក្នុងប្រទេសរបស់យើងឱ្យមានការរីកចម្រើន មិនចាញ់ប្រទេសគេទេ ខ្មែរក៏ធ្វើបាន ហើយអាជ្ញាធរបានជួយរកទីផ្សារឱ្យគាត់ តាមរយៈតាំងពិព័រណ៍ផលិតផលនៅតាមកម្មវិធីធំៗ។
កាលពីកន្លងទៅអាជ្ញាធរខេត្តព្រៃវែង បានដាក់បញ្ចូលសិប្បកម្មកែច្នៃស្បែករបស់លោក ហង់ សុខឃឿន ក្នុងចំណោមផលិតផលខ្មែរ ដ៏ពេញនិយមប្រចាំខេត្ត។ ការដាក់បញ្ចូលនេះ ធ្វើឡើង តាមគោលនយោបាយជាតិស្ដីពី «ការជំរុញចលនាភូមិមួយផលិតផលមួយ» ឆ្នាំ២០១៦-២០២៦ ដើម្បីធានាបានថា ពលរដ្ឋមានការងារធ្វើក្នុងមូលដ្ឋាន និង ជួយរកទីផ្សារ។ ទោះជាបែបនេះក្ដី ម្ចាស់សិប្បកម្មកែច្នៃស្រែកក្រពើអះអាងថា ពួកគេត្រូវពឹងលើការផ្សព្វផ្សាយលើបណ្ដាញសង្គមដោយខ្លួនឯង ចំណែកការជួយរកទីផ្សារពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ហាក់ពុំទាន់ឃើញមាននៅឡើយ។
ទាក់ទិនរឿងនេះ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តព្រៃវែង អ្នកស្រី អៀង គឹមលី ប្រាប់វិទ្យុអាស៊ីសេរីថា ជារឿងល្អ ដែលប្រជាពលរដ្ឋអាចកែច្នៃស្បែកក្រពើធ្វើជាសម្ភារៈប្រើប្រាស់រកចំណូលផ្គត់ផ្គង់គ្រួសារ ព្រោះថា រយៈពេលកន្លងទៅ តែងតែឮគេថា ខ្មែរពុំអាចធ្វើអ្វីបាន តែពេលនេះ ពលរដ្ឋអាចកែច្នៃសម្ភារៈប្រើប្រាស់លក់បាន ដែលស្នាដៃរបស់កូនខ្មែរជួយរកទីផ្សារ ដើម្បីធានាបានថា ពលរដ្ឋមានការងារធ្វើ ហើយមានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបានត្រឹមត្រូវ។
អ្នកស្រី អៀង គឹមលី៖ «អ៊ីចឹងនៅពេលដែលគាត់ធ្វើបានហើយគួរតែមានការPromoteឬក៏លើកកម្ពស់គាត់ ដើម្បីលើកទឹកចិត្តគាត់ ឱ្យធ្វើផលិតផលទាំងអស់នោះបានបន្តទៀត ហើយវានឹងរីកសាយភាយទៅដល់តំបន់ផ្សេងៗ។ មួយរយៈចុងក្រោយនេះ ខ្ញុំមិនទាន់បានឃើញមានការតាំងពិព័រណ៍ផលិតផលណាមួយនៅក្នុងខេត្ត ដើម្បីបង្ហាញថា ស្រុកនេះ មានផលិតផលនេះ ដើម្បីអួតទៅដល់អ្នកផ្សេងៗ ឬស្រុកផ្សេងៗ បានដឹង ដូចថា ឃើញមានស្ងាត់មួយរយៈ កាលពីប៉ុន្មានឆ្នាំមុនយើងធ្លាប់ឃើញដែរ»។
សិប្បកម្មកែច្នៃស្បែកក្រពើ ធ្វើជាសម្ភារៈប្រើប្រាស់នៅខេត្តព្រៃវែង មានរចនាបថទាំងសម័យ និងបុរាណ ហើយមានពណ៌ជាច្រើន ដូចជា ពណ៌ខ្មៅ ពណ៌លឿង និងពណ៌ដីជាដើម។ ទន្ទឹមនឹងនោះ ម្ចាស់សិប្បកម្ម និងអ្នកប្រើប្រាស់មួយចំនួន បានអះអាងថា កាបូប ស្បែកជើង និងខ្សែក្រវាត់ កែច្នៃពីស្បែកនេះ ស្ទើរតែល្អ ហើយធនបានយូរជាងឥវ៉ាន់ដែលផលិតចេញពីរោងចក្រទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។