ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​មាន​ជីវភាព​ខ្វះខាត​ទោះ​បី​ករណី​ជំងឺ​កូវីដ១៩ ថយ​ចុះ​យូរ​ហើយ​ក្ដី

ដោយ ឡេង ម៉ាលី
2022.09.12
Share on WhatsApp
Share on WhatsApp
ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​មាន​ជីវភាព​ខ្វះខាត​ទោះ​បី​ករណី​ជំងឺ​កូវីដ១៩ ថយ​ចុះ​យូរ​ហើយ​ក្ដី (រូបឯកសារ) ភ្ញៀវទេសចរ ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត កាល​ពី​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ២០២០។
រូបភាពពីពលរដ្ឋ

ពលរដ្ឋ​មួយ​ចំនួន​នៅតែ​ជួប​ប្រទះ​នឹង​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ទោះបី​សកម្មភាព​សេដ្ឋកិច្ច​ចាប់​ផ្ដើម​ដំណើរការ ក្រោយ​ការ​ធ្លាក់​ចុះ​នៃ​ករណី​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ក្តី។ សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​គួរ​តែ​អនុម័ត​ច្បាប់​កំណត់​មុខ​របរ​ជន​អន្តោប្រវេសន៍ ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​ជន​បរទេស​ដណ្ដើម​ការងារ និង​មុខ​របរ​របស់​ពលរដ្ឋ​ខ្មែរ។

ពលរដ្ឋ​មួយ​ចំនួន​ត្អូញត្អែរ​ថា នៅ​តែ​ប្រឈម​នឹង​ជីវភាព​ខ្វះខាត​ដដែល ទោះបី​ពួក​គាត់​សកម្ម និង​ខំ​ធ្វើការ ហើយ​ចាយ​វាយ​ប្រាក់​ត្បិតត្បៀត​ក្ដី។ ពួក​គាត់​លើក​ឡើង​ថា កត្តា​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋពិបាក​ស្ដារ​ជីវភាព​ឡើង​វិញ ដោយសារ​រដ្ឋាភិបាល​មាន​ភាព​យឺតយ៉ាវ ដើម្បី​ជួយ​អន្តរាគមន៍​បញ្ហា​ឥណទាន​ពលរដ្ឋ ដែល​ជំពាក់​ធនាគារ មិន​ជួយ​រក ទីផ្សារ​កសិផល និង​បណ្ដោយ​ឱ្យ​ជន​បរទេស ដែល​ចូល​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា មាន​ឱ្យ​កាស​ដណ្ដើម​ការងារ និង​មុខ​របរ​ពលរដ្ឋ​ក្នុង​ស្រុក។

ពលរដ្ឋ​រស់នៅ​ខេត្តសៀមរាប លោក ប៉ក់ ស៊ីសុធរ ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​កាល​ពី​ថ្ងៃ​ទី១២ កញ្ញា ថា ទោះបី​ជា​ស្ថានការណ៍​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ បាន​ធូរស្រាល​បាន​ជាង ១ឆ្នាំ​ទៅ​ហើយ​ក្ដី ក៏​ស្ថានភាព​ជីវភាព​របស់​លោក នៅតែ​ជួប​ការ​លំបាក​ដដែល។ លោក​ថា បន្ទាប់​ពី​វិស័យ​ទេសចរ ផ្អាក​ដំណើរ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ លោក​បាន​បោះបង់​មុខ​របរ​រត់​កង់​បី ហើយ​ងាក​មក​ធ្វើ​កសិកម្ម ដាំ​ក្រូច​ឆ្មារ និង​ចិញ្ចឹម​មាន់ ដើម្បី​រក​ប្រាក់​ចំណូល​ដោះ​ស្រាយ​ជីវភាព និង​សង​ធនាគារ។ លោក​លើក​ឡើង​ថា ទោះបី​លោក​ប្ដូរ​មុខរបរ និង​កាត់​បន្ថយ​ការ​ចំណាយ​ក្ដី ក៏​របរ​កសិកម្ម​នេះ មិន​អាច​ជួយ​សង្គ្រោះ​ជីវភាព​លោក​ឱ្យ​បាន​ប្រសើរ​ឡើយ ព្រោះ​កសិផល លក់​បាន​តម្លៃ​ថោក និង​ពិបាក​រក​ទីផ្សារ បណ្ដាល​មក​ពី​ការ​នាំ​ចូល បន្លែ ផ្លែឈើ ត្រីសាច់ ពី​ក្រៅ​ប្រទេស​លើសលប់៖ «កសិករ​ជួប​ការ​លំបាក​ច្រើន​មែនទែន ដោយសារ​ដំណាំ​ចុះ​ថោក ហើយ​ឥវ៉ាន់​ឡើង​ថ្លៃ។ ឥវ៉ាន់​នាំ​ចូល​ពី​ក្រៅ​ប្រទេស​មាន​តម្លៃ​ថ្លៃ​ជាង​កសិផល​ក្នុង​ស្រុក។ អ៊ីចឹង​កសិករ​សព្វថ្ងៃ​ជួប​ការ​លំបាក​មែនទែន»

ស្រដៀង​គ្នា​នេះ​ដែរ អាជីវករ​នៅ​ខេត្តសៀមរាប លោក ឆៃ តាំងឆែម ឱ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​សម្រេច​បើក​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ កាល​ពី​ចុង​ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយ​ពីករណី​ឆ្លងជំងឺកូវីដ១៩ ធ្លាក់​ចុះ ប៉ុន្តែ​លោក និង​ប្រជាពលរដ្ឋ ដែល​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ក្រៅ​ប្រពន្ធ​មួយ​ចំនួន​ទៀត នៅ​តែ​រក​ចំណូល​បាន​តិចតួច។ លោក​សង្កេត​ឃើញ​ថា សេដ្ឋកិច្ច​ហាក់​មាន​ភាពសកម្ម​ជាង​មុន ប៉ុន្តែ​ទីផ្សារ​ការងារ ពិសេស ការ​បើក​អាជីវកម្ម​លក់ដូរ នៅ​តែ​ចង្អៀត​ណែន និង​គ្មាន​ភាពប្រសើរ​ជាង​មុន​ឡើយ ដោយសារ​វត្តមាន​ជនជាតិ​ចិន និង​វៀតណាម ដែល​រស់នៅ​លើ​ទឹក​ដី​កម្ពុជា បាន​បើក​អាជីវកម្ម​ប្រកួត​ប្រជែង​ជាមួយ​ពលរដ្ឋ​ខ្មែរ៖ «ខាង​វៀតណាម ខាង​ចិន​អី​មក ភាគ​ច្រើន​គាត់​មាន​មុខរបរ គាត់​បើក​ហាង​បើក​ជំនួញ​ធំៗ ដូចជា​ហាង​ជា​ដើម។ អា​ការងារ​ទាំង​អស់​ហ្នឹង ដូច​ខាង​ភ្ញៀវ​ទេសចរ​ខាង​គាត់​មក (លេង) ហ្នឹង គឺ​គាត់​មិន​ចូល​ហាង​ខ្មែរ​យើង​ទេ គាត់​ចូល​តែ​ហាង​គ្នា​គាត់»។

របាយការណ៍​ក្រសួង​សេដ្ឋកិច្ច​បង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ឡើង​ក្នុង​អត្រា ៥,១ភាគ​រយ​នៅ​ឆ្នាំ២០២២ នេះ និង ៦,២ភាគ​រយ​នៅ​ឆ្នាំ២០២៣។

កំណើន​ជន​អន្តោប្រវេសន៍​ច្រើន​លើសលប់ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ខាតបង់​ប្រយោជន៍​សេដ្ឋកិច្ច តាម​រយៈ​ការ​ដណ្ដើម​ឱកាស​ការងារ មុខ​របរ​របស់​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក។ ជន​បរទេស​ទាំង​នោះ​ខ្លះ​ប្រកប​របរ​លក់ដូរ បើក​ហាង​ធំៗ និង​ខ្លះ​ទៀត​បើក​អាជីវកម្ម ក្រុមហ៊ុន រកស៊ី​ផ្នែក​អចលនទ្រព្យ ហើយ​ការ​រកស៊ី​របស់​បរទេស​ទាំង​នោះ កំពុង​ផ្ដួល​រំលំ​អាជីវកម្ម មុខ​របរ​រកស៊ី ដោយ​ដណ្ដើម​អតិថិជន​ពី​ពលរដ្ឋ​ខ្មែរ​ជា​បន្តបន្ទាប់។

ចាប់ពីឆ្នាំ២០១៤ ដល់​កម្ពុជា​បាន​បណ្ដេញ​ជន​បរទេស ដែល​រស់នៅ​ខុស​ច្បាប់​នៅ​កម្ពុជា ជិត ២ម៉ឺន​នាក់ (១៨.២៣០នាក់) ស្មើនឹង ៧៩សញ្ជាតិ ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម។ តែ​ថ្មីៗ នេះ រដ្ឋាភិបាល​វៀតណាម តែងតែ​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​យក​ចិត្ត​ទុកដាក់​ដល់​ជនជាតិ​របស់​ខ្លួន ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ធានា​នូវ​សិទ្ធិ​ស្រប​ច្បាប់​របស់​ពួក​គេ​ថែម​ទៀត។

វិទ្យុ​អាស៊ី​សេរី​បាន​អាច​ទាក់ទង អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក មាស សុខសេនសាន និង​ប្រធាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ដើម្បី​សុំ​សេចក្ដី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី១២ កញ្ញា។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ឱ្យ​ដឹង​ថា អាជ្ញាធរ​គួរតែ​អនុម័ត​ច្បាប់​កំណត់​មុខ​របរ​ជន​អន្តោប្រវេសន៍ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​ជន​បរទេស​ទាំង​នេះ​ដណ្ដើម​ការងារ និង​មុខរបរ​ពលរដ្ឋ​ខ្មែរ។ ទន្ទឹម​គ្នា​នេះ លោក​ថា រដ្ឋាភិបាល​គួរ​ដោះស្រាយ​បញ្ហា​ទីផ្សារ​កសិផល ជូន​ប្រជា​កសិករ ដូច​ជា ចាត់​វិធានការ​ប្រមូល​ទិញ​កសិផល​ដោយ​បន្ទាប​តម្លៃ​ពី​សំណាក់​ឈ្មួញកណ្ដាល៖ «ស្ថានភាព​ពេល​នេះ អាជ្ញាធរ​គួរ​តែ​រៀបចំ​ឡើង​វិញ។ យ៉ាង​ហោច​ណាស់ ក៏​ធ្វើ​ដូច​ប្រទេស​ថៃ​ដែរ។ ប្រទេស​ថៃ គេ​មិន​អនុញ្ញាត​ឱ្យ​ជន​បរទេស​ទាំង​ឡាយ​ណា អាច​ប្រកប​មុខ​របរ​លក់ដូរ​ដូច​ជនជាតិ​ថៃ​នេះ​ទេ ថៃ​ធ្វើ​បាន គឺ​មិន​អាច​ឱ្យ​ជន​បរទេស​ធ្វើ​បាន​ទេ»

សារ​ព័ត៌មាន​អនឡាញ​ជប៉ុន នីគេ អេសៀ (Nikkei Asia) កាល​ពី​ថ្ងៃ​ទី១១ ខែកក្កដា ឱ្យ​ដឹង​ថា កម្ពុជា​បាន​ឡើង​មក​ឈរ​នៅ​លំដាប់​លេខ១ ថា ជា​ប្រទេស ដែល​មាន​សមត្ថភាព​ស្ដារ​ខ្លួន​ងើប​ចេញ​ពី​វិបត្តិ COVID-19 បាន​លឿន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។ ប៉ុន្តែ​យោង​តាម​ទិដ្ឋភាព​ជាក់ស្ដែង កសិករ និង​ពលរដ្ឋ​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​នៅតែ​ប្រឈម នឹង​បញ្ហា​ជីវភាព គ្មាន​ការងារ ឬ​ការងារ​ប្រាក់ខែ​មិន​សមរម្យ ក្នុង​នោះ​ពលរដ្ឋ​មួយ​ចំនួន​បាន​ផ្សងព្រេង​លួច​ឆ្លង ដែល​ខុស​ច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។