ពលរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញដែលទទួលបានប័ណ្ណក្រីក្រ ឬប័ណ្ណសមធម៌ អះអាងថា រដ្ឋាភិបាលបានកាត់ផ្ដាច់កម្មវិធីជំនួយសង្គមនេះ បើទោះជាពួកគាត់ស្ថិតនៅក្នុងស្ថានភាពក្រីក្រ និងមិនមានលទ្ធភាពរកប្រាក់ចំណូលចិញ្ចឹមគ្រួសារក្ដី។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលគួរបន្តផ្ដល់ប្រាក់ជំនួយសង្គមនេះរហូតដល់ពលរដ្ឋមានលទ្ធភាពរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបាន។
ពលរដ្ឋរស់នៅតំបន់បឹងតាមោកស្ថិតក្នុងរាជធានីភ្នំពេញ លោកស្រី ញៀន ឆេន បច្ចុប្បន្នប្រកបរបរកាត់ក្រអៅឈូកលក់នៅជិតបឹងតាមោក ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីខិតខំធ្វើការពីព្រឹកទល់ល្ងាចគឺដើម្បីចិញ្ចឹមចៅតូចៗទាំង១០នាក់។ ស្ត្រីវ័យ៦០ ឆ្នាំរូបនេះបន្តលោកស្រីខិតខំធ្វើការទ្វេដងគឺដោយសារតែរដ្ឋាភិបាលឈប់បើកប្រាក់ចំនួន ៤៦ ម៉ឺនរៀលតាមរយៈប័ណ្ណក្រីក្រមកឱ្យគ្រួសារលោកស្រីក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
លោកស្រី ញៀន ឆេន៖ «សរុបទាំងអស់ ១២នាក់ គេឱ្យ ៤៦ម៉ឺន ដល់ពេលក្រោយមកបើកពីរខែចុះនៅសល់១២ម៉ឺនៗ គេថាលែងបើក ហើយឥឡូវសល់តែ៣៤០០ ហ្នឹង»។
លោកស្រី ញៀន ឆេន រម្លឹកថា មេភូមិបានចុះមកដល់ផ្ទះ និងផ្ដល់ប័ណ្ណក្រីក្រកាលពីឆ្នាំ២០១៩ ដោយសារគ្រួសារលោកស្រីមិនអាចរកប្រាក់ចំណូលចិញ្ចឹមជីវិតបាន។ ចំណែកកូនៗរបស់លោកស្រីពីរនាក់ជាប់ពន្ធនាគារពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ហើយបានបន្សល់ទុកនូវចៅៗ ឱ្យលោកស្រីជាអ្នករ៉ាប់រង។
លោកស្រី ញៀន ឆេន ឱ្យដឹងទៀតថា គ្រួសារលោកស្រីកាន់តែពិបាក និងដើរដល់ផ្លូវទាល់ ព្រោះតែរដ្ឋាភិបាលកាត់ផ្ដាច់ជំនួយ ចំណែកផ្ទៃបឹងតាមោកត្រូវបានចាក់បំពេញដោយក្រុមអ្នកមានលុយមានអំណាច ដែលធ្វើឱ្យលោកស្រីបាត់បង់ចំណូលពីការលក់ក្រអៅឈូកធ្លាក់ចុះមកត្រឹមពី៣ម៉ឺនរៀល ទៅ៥ម៉ឺនក្នុងមួយថ្ងៃ។
លោកស្រី ញៀន ឆេន៖ «ពិបាកណាស់រាល់ថ្ងៃបានប័ណ្ណក្រីក្របានចិញ្ចឹមចៅ៤នាក់នេះ ឥឡូវពិបាក មើលខ្ញុំចុះដកក្រអៅឈូកអ៊ីចឹង ហើយហ្នឹងបានក្រអៅឈូកគ្រាន់ដុះប៉ុណ្ណឹងបានដកចិញ្ចឹមចៅ បើមិនអ៊ីចឹងខ្ញុំមិនដឹងទៅណាវិញទេ ចប់ហើយ»។
នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ឱ្យដឹងថា បច្ចុប្បន្នរដ្ឋាភិបាលបានពិនិត្យមើលទៅលើគ្រួសារដែលមានប័ណ្ណក្រីក្ររៀងរាល់៣ឆ្នាំម្ដង។ រដ្ឋាភិបាលបានកំណត់ចំណាត់ថ្នាក់គ្រួសារក្រីក្រជាបីប្រភេទរួមមាន ក្រកម្រិត១ សំដៅលើគ្រួសារទីទ័លក្រ ក្រកម្រិត២សំដៅលើគ្រួសារក្រីក្រ និងងាយរងហានិភ័យសំដៅលើគ្រួសារលើបន្ទាត់នៃភាពក្រីក្រជាដើម។
ចំណែក លោកស្រី ប៉ិច ម៉ុន វ័យ៦៣ ឆ្នាំក៏ជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនផ្សេងទៀតដែលត្រូវបានកាត់ផ្ដាច់ជំនួយសង្គមពីរដ្ឋាភិបាល។ លោកស្រី ប៉ិច ម៉ុន ដែលរស់នៅផ្ទះស័ង្កសី រនាបឈើ ធ្លុះធ្លាយ ស្ថិតនៅខណ្ឌព្រែកព្នៅ រៀបរាប់ថា លោកស្រីរស់នៅជាមួយចៅ ខណៈដែលកូនៗ លោកស្រីធ្វើការសំណង់រកប្រាក់សឹងមិនអាចចិញ្ចឹមជីវិតពួកគាត់បាន។
លោកស្រី ប៉ិច ម៉ុន ថា កាលពីឆ្នាំ ២០២០ រដ្ឋាភិបាលបានផ្ដល់ប័ណ្ណក្រីក្រស្មើនឹងទឹកប្រាក់ចំនួន២០ម៉ឺនរៀល ប៉ុន្តែក្រោយមកនៅចុងឆ្នាំ ២០២៣ លោកស្រីទទួលបានត្រឹមតែ១០ ម៉ឺនរៀល និងកាត់ផ្ដាច់ទឹកប្រាក់ទាំងស្រុងនៅដើមឆ្នាំនេះ។ លោកស្រី ប៉ិច ម៉ុន ថាការកាត់ផ្ដាច់នេះបានធ្វើឱ្យគ្រួសារជួបការលំបាក រហូតដល់ពេលខ្លះលោកស្រីយកទូរស័ព្ទទៅដាក់បញ្ចាំនៅក្នុងភូមិដើម្បីបានប្រាក់ទិញម្ហូប។
លោកស្រី ប៉ិច ម៉ុន៖ «ដូចថាយើងបានទប់ទល់មួយពេលៗ មួយវគ្គៗ ដល់ផ្ដាច់អ៊ីចឹងពេកវាអត់មានក្ដីសង្ឃឹម បានប័ណ្ណក្រីក្រហ្នឹងហើយសង្ឃឹមបានខ្លះ សល់ពីមួយខែៗ ឧទាហរណ៍បានបង់ទឹកទៅ បានបង់ភ្លើងទៅសល់តិចតួចទិញអង្ករហូប ទិញម្ហូបអីហូប ហើយឱ្យចៅទៅរៀនអ៊ីចឹងណាស់»។
លោកស្រី ប៉ិច ម៉ុន ទទូចដល់រដ្ឋាភិបាលផ្ដល់ប្រាក់ដល់គ្រួសារលោកស្រី និងគ្រួសារផ្សេងទៀតដែលមានប័ណ្ណក្រីក្រ ហើយលោកស្រីថាជំនួយនេះគឺមានសារសំខាន់សម្រាប់អ្នកមានជីវភាពទីទាល់ក្រ។
ចំណែកតំណាងសហគមន៍ក្រីក្រស្ទឹងកំបុតស្ថិតក្នុងខណ្ឌឫស្សីកែវ លោកស្រី រឿង អូន បានឱ្យដឹងថា ក្នុងចំណោមសមាជិកសហគមន៍ទាំង២៤៤ គ្រួសារ គឺមានគ្រួសារពាក់កណ្ដាលដែលទទួលបានប័ណ្ណក្រីក្រ ឬប័ណ្ណសមធម៌។ តំណាងសហគមន៍រូបនេះ បញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលបានកាត់ប្រាក់ពីប្រមាណ៤០ ម៉ឺនរៀល ឬ ២០ ម៉ឺនរៀល មកត្រឹមតែជាង៣ ម៉ឺនរៀលប៉ុណ្ណោះ។
លោកស្រី រឿង អូន ឱ្យដឹងថា គ្រួសារដែលទទួលបានប័ណ្ណក្រីក្រទាំងនោះនៅតែមានស្ថានភាពក្រលំបាក ហើយគ្រួសារមួយចំនួនទៀតកាន់តែមានជីវភាពដុនដាបជាងមុន ដូច្នេះលោកស្រីយល់ថារដ្ឋាភិបាលមិនគួរកាត់ប្រាក់សមធម៌របស់ពួកគាត់នោះទេ។
លោកស្រី រឿង អូន៖ «ផ្ដាច់អស់ហើយអ្នកមានប័ណ្ណសមធម៌ហ្នឹង ម្នាក់ៗលើកមុនគ្រួសារគាត់ច្រើនណាស់អ៊ីចឹង មានចាស់ជរាមានកូនក្មេងតូចៗច្រើនអ៊ីចឹង បាន២០ម៉ឺនអីផ្ដាច់អស់ហើយនៅសល់តែ ៣ម៉ឺន ៤ពាន់ទេ»។
គិតត្រឹមខែតុលា ឆ្នាំ២០២០ កម្ពុជាមានគ្រួសារក្រីក្រសរុបជិត ៧០ម៉ឺនគ្រួសារ ស្មើនឹង ចំនួនមនុស្សជាង ២លាននាក់។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី នៅថ្ងៃទី១៨ ខែឧសភា។
ទោះជាយ៉ាងណា ទន្ទឹមនឹងរដ្ឋាភិបាលកាត់ប្រាក់ជំនួយដល់គ្រួសារក្រីក្រ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី៧ខែឧសភា បានចេញសារាចរស្ដីពីការកាត់និងព្យួរថវិកាទៅឱ្យថ្នាក់ក្រោមជាតិ សម្រាប់ការអភិវឌ្ឍន៍នៅតាមមូលដ្ឋាននៃបណ្ដារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌនិងឃុំ សង្កាត់នៅទូទាំងប្រទេស។ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថារដ្ឋាភិបាលមិនគួរផ្ដាច់ជំនួយដល់ពលរដ្ឋដែលកំពុងស្ថិតនៅក្នុងភាពទីទាល់ក្រនោះទេ ហើយរដ្ឋាភិបាលត្រូវតែបន្តផ្ដល់ជំនួយរហូតដល់ពួកគាត់មានលទ្ធភាពរកចំណូលបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោក យង់ គិមអេង៖ «បើសិនជាយើងមើលថាប្រាក់ចំណូលគាត់លើសពីភាពក្រីក្រអាហ្នឹងគួរឱ្យបញ្ចប់បាន ប៉ុន្តែបើគាត់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ដែលមិនអាចរកប្រាក់ចំណូលជាមធ្យមក្នុងមួយថ្ងៃតាមអ្វីដែលការកំណត់ បន្ទាត់ក្រីក្រដែលកំណត់ដោយរដ្ឋាភិបាល ខ្ញុំថាគួរបន្តជួយគាត់តទៅទៀត»។
កាលពីខែកុម្ភៈ ពលរដ្ឋជាង២ពាន់គ្រួសារនៅតំបន់រុនតាឯក ដែលត្រូវរដ្ឋាភិបាលបណ្ដេញចេញក្រោមហេតុផលការពារតំបន់អង្គរបានធ្វើការតវ៉ា និងព្រមានរុះរើផ្ទះសម្ដែងត្រឡប់ទៅនៅតំបន់អង្គរវិញ ដោយសារតែរដ្ឋាភិបាលបានកាត់ប្រាក់ពីប័ណ្ណក្រីក្រក្នុងចំនួន ២០ ទៅ ៣០ម៉ឺនរៀលក្នុងមួយគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។