ប្រជាកសិករដាំពោតក្រហម មួយចំនួន បារម្ភថា ការអនុម័តច្បាប់រឹតបន្តឹងការនាំចូលរបស់រដ្ឋាភិបាលថៃ នឹងប៉ះពាល់ដល់ទីផ្សារដំណាំរបស់កសិករខ្មែរ។ ការបារម្ភនេះ បន្ទាប់ពីរដ្ឋាភិបាលថៃអនុម័តច្បាប់ហាមការនាំចូលដំណាំពោតពីប្រទេសជិតខាងដែលដុតដំណាំកសិកម្ម។
កសិករដាំពោតក្រហមមួយចំនួន នៅតាមបណ្ដាខេត្តជាប់ព្រំដែនថៃ លើកឡើងថា ការអនុម័តច្បាប់ រឹតបន្តឹងការនាំចូលពោតរបស់អាជ្ញាធរថៃ ហាក់បង្កប់នូវការប្រកួតប្រជែង ក្នុងការនាំចេញ និងនាំចូលផលិតផលកសិកម្ម ដែលមិនស្មើភាពគ្នា។
កសិករដាំពោត នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន កញ្ញា រៀម ណាម៉ុន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២២ ខែមីនា ថា ប្រសិនបើរដ្ឋាភិបាលថៃអនុវត្តច្បាប់នេះ នោះកសិករកម្ពុជានឹងបាត់បង់ទីផ្សារមួយដ៏ធំ ហើយវានឹងគំរាមកំហែងដល់ជីវភាព និងបង្កើនបំណុលរបស់ពួកគាត់។ កញ្ញាបន្តថា បច្ចុប្បន្នកសិករនៅតាមព្រំដែន គឺពឹងផ្អែកលើការនាំកសិផលចេញទៅប្រទេសថៃ ដែលទទួលបានតម្លៃថ្លៃជាងលក់ទៅឱ្យប្រទេសវៀតណាម និងកាត់បន្ថយការចំណាយលើថ្លៃដឹកជញ្ជូន។
កញ្ញា រៀម ណាម៉ុន៖ «ធម្មតាយើងអ្នកដាំ បើមានទីផ្សារប្រកួតប្រជែងអាហ្នឹងវាបានតម្លៃរាងល្អគ្រាន់បើ។ តែបើទីផ្សារខាងថៃគេអត់ទិញ គេទិញតែមួយចំហៀង(វៀតណាម)យើងដឹងតែចប់ហើយ»។
ការព្រួយបារម្ភរបស់កសិករនេះ បន្ទាប់ពីកាសែតបាងកកប៉ុស្តិ៍ (Bangkok Post) បានចុះផ្សាយអំពីការអនុម័តច្បាប់ថ្មី របស់គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី១៩ ខែមីនា ដោយហាមឃាត់ការនាំចូលពោតពីប្រទេសណា ដែលកសិករដុតផ្ទៃដីកសិកម្មក្រោយពេលប្រមូលផលរួច ដោយភាគីថៃអះអាងថា ការដុតដំណាំកសិកម្មនេះ បានធ្វើឱ្យប៉ះពាល់គុណភាពខ្យល់ នាំឱ្យមានការបំពុលកម្រិតខ្ពស់។ កាសែតបាងកកប៉ុស្តិ៍ បានស្រង់សម្ដីអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ឆ័យ វច្ឆរង្គ (Chai Wacharonke) ថា ច្បាប់ថ្មីនេះ គឺមានគោលដៅឈានទៅកាត់បន្ថយការបំពុលខ្យល់នៅក្នុងប្រទេសថៃ ដែលបង្កឡើងដោយការដុតដំណាំកសិកម្ម របស់ប្រទេសក្បែរខាង។ ក៏ប៉ុន្តែ ភាគីថៃ ពុំបានបញ្ជាក់ថា ជាប្រទេសណាមួយនោះឡើយ។
ទោះជាយ៉ាងណា ម្ចាស់សៃឡូ (កន្លែងទិញកសិផល) ទិញពោត នៅក្រុងប៉ៃលិន លោកស្រី យាន អេង ប្រាប់ថា ភាគីថៃឈប់នាំចូលពោតក្រហមពីកម្ពុជា មិនមែនតែឥឡូវនេះទេ ពោលតាំងតែមួយឆ្នាំមុនម្ល៉េះ ដែលធ្វើឱ្យតម្លៃពោតធ្លាក់ថ្លៃ ហើយកសិករភាគច្រើននៅតាមបណ្ដាខេត្តជាប់ព្រំដែនថៃ ងាកមកដាំដំឡូងមីជំនួសវិញ។ លោកស្រីបន្តថា ចំពោះការឈប់នាំចូលពោតពីកម្ពុជា នេះ ភាគីថៃមិនបានប្រាប់ពីមូលហេតុឡើយ ដោយបច្ចុប្បន្នទីផ្សារពោតក្រហមខ្មែរពឹងផ្អែកលើការនាំចេញទៅប្រទេសវៀតណាម និងផ្គត់ផ្គង់ឱ្យក្រុមហ៊ុនផលិតចំណីសត្វក្នុងស្រុកឈ្មោះ ភីស៊ី (PC) ដែលមានតម្រូវការតិចតួចប៉ុណ្ណោះ។
លោកស្រី យាន អេង៖ «មាននរណាដាំពោតទៀត ឆ្នាំនេះនោះ?ដាំដំឡូង ដំឡូងចិនគេមានរោងចក្រ។ កុំតែបានក្រុមហ៊ុនភីស៊ីទិញ កុំអីអត់អំបិលប្រឡាក់។ អត់មានចេញទៅណារួចទេ ថៃអត់ទិញយើងសូម្បីតែមួយគ្រាប់ទេ។ គិតទៅពោតស្នូល បានតែ៤៨បាត ទៅ៥០បាតហ្នឹង(ក្នុង១០គីឡូក្រាម)។ រាល់ថ្ងៃនេះ ៥៣បាត គិតជាលុយខ្មែរ ប្រហែល៦រយជាង»។
កាលពីខែកក្កដា ឆ្នាំ២០២២ ភាគីថៃធ្លាប់ចេញលក្ខខណ្ឌការនាំចូលពោតពីកម្ពុជាម្ដងរួចមកហើយ ដោយតម្រូវឱ្យម្ចាស់អាជីវកម្មទាំងអស់ត្រូវមានលិខិតអនុញ្ញាតនាំចូល ពីនាយកដ្ឋានកសិកម្មថៃជាមុន និងត្រូវតែធានាថា គ្រាប់ពោតគឺស្អាតល្អ និងគ្មានសមាសភាពចង្រៃ គ្មានរោគសញ្ញា និងភ្នាក់ងារចម្លង ការវេចខ្ចប់គ្រាប់ពោតត្រូវតែស្អាត និងជាការវេចខ្ចប់ថ្មី ហើយគ្រាប់ពោតត្រូវកម្ចាត់ សមាសភាពចង្រៃដោយឧស្ម័នម៉េថលី ប្រូម៉ាយ (Methly Bromide) មុននាំចេញ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២២ ខែមីនា។
ទាក់ទិនរឿងនេះ ប្រធានសមាគមមិត្តកសិករ លោក សុង ភារី យល់ឃើញថា ការអនុម័តច្បាប់ ដើម្បីរឹតបន្តឹងការនាំចូលដំណាំពោតពីប្រទេសជិតខាងរបស់ភាគីថៃ ដោយសំអាងលើការបំពុលខ្យល់ ដែលបណ្ដាលមកពីការដុតស្រែចម្ការ ពីប្រទេសជិតខាង ហាក់មិនសមហេតុសមផលឡើយ។ លោកកត់សម្គាល់ឃើញថា ជាញឹកញាប់ភាគីថៃ តែងតែបិទការនាំចូលកសិផលមួយចំនួនពីកម្ពុជា នៅពេលកសិករថៃ ប្រមូលផលបានលើសពីតម្រូវការទីផ្សារ។
លោក សុង ភារី៖ «ដូចជាអត់មានអ្វីប៉ះពាល់ធំដុំផង។ យើងអាចថា គេមានទីផ្សារថ្មី ដែលមានតម្លៃធូរជាងយើង ឬក៏គេអាចផ្គត់ផ្គង់នៅស្រុកគេបានគ្រប់គ្រាន់។ អ៊ីចឹងគេចេះតែបង្កើតលេសឱ្យយើង»។
បច្ចុប្បន្ន ពោតក្រហមមានតម្លៃ ៦៥០រៀលក្នុងមួយគីឡូក្រាម សម្រាប់ពោតមានស្នូល។ ចំណែកពោតដែលប្រលេះគ្រាប់ហើយ មានតម្លៃចន្លោះពី ១ពាន់២រយរៀល ទៅ១ពាន់៣រយរៀល។ ប៉ុន្តែ កសិករនៅខេត្តជាប់ព្រំដែនថៃ អះអាងថា ក្រោយពេលថៃ ឈប់ចុះប្រមូលទិញពោតមក ពួកគាត់ត្រូវដឹកទៅលក់នៅក្រុមហ៊ុន ភីស៊ី និងនៅភ្នំពេញ ដោយចំណាយថ្លៃដឹកពី ៦ម៉ឺនរៀល ទៅ៧ម៉ឺនរៀល ក្នុងមួយតោន បន្ថែមទៀត ដែលធ្វើឱ្យការចំណាយថ្លៃដើមកាន់តែច្រើន ខណៈតម្លៃពោត ហាក់នៅនឹងថ្កល់ ហើយពេលខ្លះធ្លាក់ចុះថោក។
កសិករស្នើឱ្យរដ្ឋាភិបាលកម្ពុជា សម្របសម្រួលជាមួយភាគីថៃ ដើម្បីនាំចេញពោតឡើងវិញ។ ជាមួយគ្នានេះ ពួកគាត់ស្នើឱ្យបង្កើតរោងចក្រកែច្នៃចំណីសត្វនៅក្នុងស្រុកបន្ថែមទៀត ដើម្បីជួយសម្រាលកសិករកុំឱ្យពឹងផ្អែកទៅលើការនាំចេញ ដែលនាំឱ្យជួបបញ្ហាប្រឈម គ្រប់ពេលដែលគេចង់បិទការនាំចូលដូចពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។