ស្ត្រី​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប​ត្បាញ​ក្រមា​រក្សា​កេរដំណែល​ដូនតា​ដោយ​មិន​ធ្វើ​ចំណាកស្រុក

0:00 / 0:00

ស្ត្រី​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប​បន្ត​ការងារ​តម្បាញ​ក្រមា​តាម​ផ្ទះ ដើម្បី​ថែរក្សា​មុខរបរ​ប្រពៃណី និង​រក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព។

ពួកគាត់​បាន​បង្ហាញ​សមត្ថភាព​តម្បាញ​ក្នុង​សហគមន៍ ដើម្បី​រួមចំណែក​រក្សា​តម្លៃ​ប្រពៃណី​កេរ​ដូនតា ខណៈ​ដែល​បច្ចុប្បន្ន​សិល្បៈ​តម្បាញ​នេះ​កំពុង​ប្រឈម​ការបាត់បង់​ស្ទើរ​ទាំងស្រុង។

ក្រោយ​រីក​រាលដាល​ជំងឺ​កូវីដ​១៩ កាល​ពី​ដើម​ឆ្នាំ​២០២០ មុខរបរ​តម្បាញ​ក្រមា​នៅ​តំបន់​ជនបទ​ក្នុង​ខេត្ត​សៀមរាប បាន​ស្ងប់ស្ងាត់​ស្ទើរតែ​ទាំងស្រុង ដោយ​ស្ត្រី​ខ្លះ​បោះបង់​មុខរបរ​នេះ និង​ខ្លះ​ទៀត ធ្វើ​ចំណាកស្រុក ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព និង​ដោះបំណុល​ធនាគារ។

មក​ទល់​ពេល​នេះ​តម្បាញ​ក្នុង​សហគមន៍ ក្នុង​ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប នៅ​សល់​តិចតួច​ប៉ុណ្ណោះ ដោយសារ​ការងារ​នេះ អាច​ផ្ដល់​ប្រាក់ចំណូល​តិចតួច ដល់​អ្នក​ប្រកប​របរ​នេះ​បន្ទាប់​បន្សំ​ពី​ការ​ធ្វើ​ស្រែចម្ការ និង​ចិញ្ចឹម​សត្វ។

ស្ត្រី​ម្នាក់​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​មជ្ឈមណ្ឌល​តម្បាញ ក្នុងស្រុក​បន្ទាយស្រី ហើយ​រៀន​ជំនាញ​ត្បាញ ពី​ឪពុក​ម្តាយ​នៅ​ភូមិ​ស្រិត ឃុំ​កន្ទ្រាំង ស្រុក​ប្រាសាទបាគង គឺ​លោកស្រី ឡុច ប៉ូលី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២ ខែ​កុម្ភៈ ថា ក្នុងស្រុក​ប្រាសាទបាគង​មាន​តែ​សហគមន៍​លោកស្រី​ប៉ុណ្ណោះ ដែល​បន្ត​ត្បាញ​ក្រមា ខណៈ​ដែល​សហគមន៍​ក្នុងភូមិ​ផ្សេងៗ​ទៀត បាន​ផ្អាក​អស់​ហើយ ចាប់​តាំង​ពី​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩។

លោកស្រី​ថា មូលហេតុ​ដែល​លោកស្រី​បន្ត​មុខរបរ​នេះ ដើម្បី​រក្សា​កេរ​ដំណែល​ដូនតា ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់​ព្រោះ​បច្ចុប្បន្ន​របរ​នេះ បាន​បាត់បង់​ជា​បន្តបន្ទាប់​ក្នុង​សហគមន៍។

លោកស្រី ឡុច ប៉ូលី៖ «របរ​មួយ​នេះ​កេរ​ដំណែល​ពី​ដូនតា បន្សល់​ទុក​ឱ្យ​យើង ព្រោះ​វា​ជិត​បាត់បង់​អស់​ហើយ។ ខំរៀន​ដើម្បី​ឱ្យ​ក្មេង​សារ​ក្រោយ បាន​ស្គាល់​ថែរក្សា​កុំឱ្យ​វា​បាត់បង់»។

មក​ទល់​ពេល​នេះ មាន​តែ​ស្ត្រី​ពីរ​នាក់​ប៉ុណ្ណោះ ក្នុង​ឃុំ​កន្ទ្រាំង ស្រុក​ប្រាសាទបាគង នៅ​បន្ត​ត្បាញ​ក្រមា នៅ​រោង​តម្បាញ​ខាងមុខ​ផ្ទះ ជាប់​ផ្លូវលំ។ ក្រមា​ដែល​ពួក​គាត់​តម្បាញ​នោះ ត្រូវ​បាន​គេ​យក​វត្ថុ​ធាតុ​ដើម ពី​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​តម្បាញ​សូត្រ របស់​ធនាគារ មេយប៊ែង (MayBank)​ក្នុង​ស្រុក​បន្ទាយស្រី ហើយ​មជ្ឈមណ្ឌល​នេះ​បាន​ទទួល​ទិញ​ក្រមា​បន្ត នៅ​ពេល​ដែល​ពួកគាត់​ត្បាញ​រួចរាល់។

លោកស្រី ឡុច ប៉ូលី បន្ថែម​ថា ក្នុង​មួយ​ខែ លោកស្រី​រក​ប្រាក់​ចំណូល​បាន​ពី​តម្បាញ ចន្លោះ​ពី​២០​ម៉ឺន​រៀល (២០០.០០០)​ដល់​ជាង ៣០​ម៉ឺន​រៀល​(៣០០.០០០)​។ លោកស្រី​ថា តម្បាញ​របស់​អាច​ធ្វើ​នៅផ្ទះ​បាន​ដែល​អាច​រក​ប្រាក់​ចំណូល​បន្ទាប់បន្សំ និង​បាន​រួម​ចំណែក​អភិរក្ស​វប្បធម៌​នៅ​ក្នុង​សហគមន៍។

លោកស្រី ឡុច ប៉ូលី៖ «នៅ​ប្រាសាទបាគង​ពី​ដើម​មាន តាម​ប្រាសាទ​ពេល​មាន​កូវីដ អត់​មាន​ភ្ញៀវ​ចូល អត់​មាន​ចំណូល​គេ ឈប់​អស់​។ សោកស្តាយ​ដែរ មុខរបរ​មួយ​នេះ វា​មិន​បាន​ចំណូល​ច្រើន តែ​វា​ជួយ​លើកស្ទួយ​សហគមន៍​របស់​បុរាណ​យើង កុំឱ្យ​វា​បាត់បង់»។

លោកស្រី ឡុច ប៉ូលី បន្ត​ថា ថ្វីត្បិតតែ​មុខរបរ​នេះ មិន​អាច​ធ្វើ​ឱ្យ​ជីវភាព​ពួកគាត់​ធូរធារ​ក្តី ក៏ប៉ុន្តែ​លោកស្រី​សប្បាយចិត្ត​នឹង​ធ្វើ​វា ហើយ​មាន​បំណង​ចង់​ពង្រីក​ធំ​ជាង​មុន ដើម្បី​ជំរុញ​ឱ្យ​ស្ត្រី​ក្នុង​សហគមន៍​មាន​ការងារ​ធ្វើ កាត់បន្ថយ​ការ​ធ្វើ​ចំណាកស្រុក។

លោកស្រី​ថា មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​តម្បាញ​សូត្រ របស់​ធនាគារ មេយប៊ែង​ក្នុងស្រុក​បន្ទាយស្រី បានឱ្យ​ថ្លៃឈ្នួល​នៅ​តាម​ទំហំ​ក្រមា​ដោយ​ក្នុង​ក្រមា​មួយ មាន​តម្លៃ​ចន្លោះ​ពី ៤​ពាន់ ៥​រយ​រៀល (៤៥០០)​ដល់​ជាង ១​ម៉ឺន ២​ពាន់​រៀល​(១២.០០០) ទៅ​តាម​ប្រភេទ​ក្រមា។

លោកស្រី​បន្ថែម​ថា មុខរបរ​នេះ អាច​រក​ប្រាក់​ផ្សែផ្សំ​ឱ្យ​គ្រួសារ​លោកស្រី​មានលទ្ធភាព បង់​រំលស់​ម៉ូតូ​មួយ​គ្រឿង ក្នុង​មួយ​ខែ​ជាង ៧០​ដុល្លារ និង​ថ្លៃ​ចំណាយ​លើ​ការ​សិក្សា​របស់​កូនៗ។

ប្រជា​សហគមន៍​ឱ្យ​ដឹង​ថា គុណភាព​ផលិតផល ក្រមា​តម្បាញ​ក្នុង​សហគមន៍ មាន​តម្លៃ​ខ្ពស់​ជាង​ផលិតផល​ក្រមា​ដែល​អាជីវករ​តាំង​នៅ​លើ​ទីផ្សារ​ក្នុង​ក្រុង​សៀមរាប ដោយសារ​ផលិតផល​ក្នុងស្រុក ប្រើប្រាស់​កប្បាស​សុទ្ធ​មានគុណ​ភាពល្អ ហើយ​ក្រមា​មួយ​ចំនួន​ទៀត ត្រូវ​បាន​គេ​នាំ​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។

អាជីវករ​លក់​ក្រមា នៅ​ផ្សារ​ចាស់ ក្រុង​សៀមរាប កញ្ញា រ៉េត ស្រីហាក់ ប្រាប់​ថា ក្រមា​ដែល​កញ្ញា​លក់​លើ​ទីផ្សារ ភាគច្រើន​នាំចូល​ពី​ខេត្ត​បាត់ដំបង មាន​តម្លៃ​ថោក​សមរម្យ ផ្ទុយ​ពី​ក្រមា​ក្នុង​សហគមន៍​ខេត្ត​សៀមរាប​មានតម្លៃ​ថ្លៃ ក៏ប៉ុន្តែ​មានគុណ​ភាព​ខ្ពស់​ដោយសារ​ផលិត​ពី​កប្បាស​សុទ្ធ។ លោកស្រី​ថា ភ្ញៀវ​ភាគច្រើន​ចង់​បាន​តែ​ក្រមា មាន​តម្លៃថោក​សមរម្យ ទើប​កញ្ញា​មិន​ហ៊ាន​ជាវ​ផលិតផល ក្នុង​សហគមន៍​មក​លក់​បន្ត ដោយសារ​មាន​តម្លៃ​ខ្ពស់។

កញ្ញា រ៉េត ស្រីហាក់៖ «នៅ​តាម​ហាង​ធំៗ​គេ​មាន​អំបោះ​លេខ​១ គេ​យក​ក្រមា ត្បាញ​នៅ​សៀមរាប​។ ពួក​ខ្ញុំ​លក់ អត់​មាន​ក្រមា​ពិសេស​ទេ​។ បើ​យើង​យក​អំបោះ​លេខ​០១ តម្លៃ​វា​ថ្លៃ»។

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​តម្បាញ​សូត្រ របស់​ធនាគារ មេយប៊ែង មាន​ទស្សនៈ​វិស័យ​ក្នុង​ការ​ធ្វើ​ឲ្យ​រស់​ឡើងវិញ​នូវ​វិស័យ​តម្បាញ​កាល​ពី​បុរាណ។ មជ្ឈមណ្ឌល​នេះ ឋិត​ក្នុង​ស្រុក​បន្ទាយស្រី​ខេត្ត​សៀមរាប ដែល​បណ្ដុះបណ្ដាល​ស្ត្រី​ជា​ច្រើន​នាក់ រៀន​ជំនាញ​តម្បាញ​ហើយ​ទទួល​សិក្ខាកាម​ចំនួន ២៥​នាក់ ក្នុង​១​វគ្គ ដែល​មាន​រយៈពេល ៥​ខែ។

គ្រូបង្រៀន​តម្បាញ​ក្នុង​មជ្ឈមណ្ឌល​នេះ គឺ​លោកស្រី ជិន ចន្ទ្រា ដែល​បង្រៀន​ស្ត្រី​ជាច្រើន​នាក់ ចាប់​តាំងពី​ឆ្នាំ​២០១៩ ក្នុង​ពេល​ដែល​បង្កើត​មជ្ឈមណ្ឌល​នេះ។ ស្ត្រី​រូប​នេះ​កំពុង​បង្រៀន​សិស្ស​វគ្គ​ថ្មី ២៥​នាក់​ទៀត និង​សិស្ស​ជាច្រើន​នាក់​ទៀត រៀន​ត្បាញ​តាម​ផ្ទះ​ដោយ​មាន​សមាជិក​ក្រុម​គ្រួសារ​រៀន​បន្ត​នៅ​ពេល​ទំនេរ។

លោកស្រី ជិន ចន្ទ្រា បន្ថែម​ថា គោល​បំណង​មជ្ឈមណ្ឌល គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​ស្ត្រី​ក្នុង​សហគមន៍​ដែល​អត់​មានការ​ងារ​ធ្វើ​នៅផ្ទះ គ្មាន​មាន​ជំនាញ​សម្រាប់​ខ្លួនឯង​ដើម្បី​រក​ប្រាក់​ចំណូល។ លោកស្រី​ថា សិស្ស​ដែល​រៀន​ចប់​មួយចំនួន​កំពុង​ត្បាញ​ឱ្យ​មជ្ឈមណ្ឌល ហើយ​ពួកគាត់​ភាគច្រើន​ត្បាញ​នៅ​តាម​ផ្ទះ និង​ខ្លះ​ទៀត​ត្បាញ​នៅ​កន្លែង​ផ្សេងៗ​ទៀត ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់ ហើយ​អាច​ឆ្លៀត​ធ្វើ​ការ​នៅ​ពេល​យប់​បាន។

លោកស្រី​បន្ថែម​ថា កំឡុង​ពេល​សិក្សា​រយៈពេល ៥​ខែ សិស្ស​ម្នាក់ៗ​នឹង​ទទួល​ប្រាក់​ឧបត្ថម្ភ​ក្នុង​មួយ​ខែ ១៨​ម៉ឺន​រៀល​(១៨០.០០០) ហើយ​នៅ​ពេល​សិក្សា​ចប់​នឹង​ទទួល​បាន​ឧបករណ៍​តម្បាញ​មួយ​ផ្សេង​ទៀត។

លោកស្រី ជិន ចន្ទ្រា៖ «យើង​ចង់​ជួយ​ពង្រឹង​ស្ត្រី​ដែល​គាត់​អត់​មានការ​ងារ​ធ្វើ​នៅផ្ទះ សហគមន៍​ម្តុំ ហ្នឹង​ភាគ​ច្រើន អត់​មាន​ការងារ​ធ្វើ​នៅផ្ទះ​។ អត់​មាន​ការងារ​ធ្វើ អត់​មាន​ជំនាញ​សម្រាប់​ខ្លួន គាត់​អត់​មាន​ការងារ​ធ្វើ តែ​គាត់​អាច​មាន​ការងារ​ធ្វើ​តិចតួច ទាំង​រក​ប្រាក់​ចំណូល និង​មើល​កូន»។

ជុំវិញ​រឿង​នេះ​មេឃុំ​កន្ទ្រាំង ស្រុក​ប្រាសាទបាគង លោក ឃាម ឆាង មាន​ប្រសាសន៍​ថា ក្នុង​ឃុំ​របស់​លោក​គ្រប់គ្រង​មាន​តែ​ពលរដ្ឋ​មួយ​គ្រួសារ​ប៉ុណ្ណោះ ដែល​នៅតែ​បន្ត​ត្បាញ​ក្រមា​នេះ នៅ​ផ្ទះ​របស់​ខ្លួន​ឯង ហើយ​តាំង​លក់​ផលិតផល​ក្រមា ក្នុង​សហគមន៍។

លោក​គាំទ្រ​ឱ្យ​ស្ត្រី​ក្នុង​សហគមន៍​រៀន​ជំនាញ​វិជ្ជាជីវៈ​មួយ​នេះ ដើម្បី​រួម​ចំណែក​រក្សា​ទំនៀម​ទម្លាប់​ពី​ដូនតា និង​លើក​កម្ពស់​ជីវភាព​សហគមន៍ ខណៈ​បច្ចុប្បន្ន​ពុំ​សូវ​មាន​អ្នក​ចាប់អារម្មណ៍​ពី​ជំនាញ​មួយ​នេះ​ទេ។

លោក ឃាម ឆាង៖ «បើ​គំនិត​ខ្ញុំ​តែ​ខ្ញុំ​ឯកភាព តែ​ជំរុញ​គាត់​អត់​ទៅ តែ​ពលរដ្ឋ​ភាគច្រើន​ចាស់ៗ​នៅផ្ទះ និង​ដាំ​បន្លែ​របស់​គាត់»។

ក្រុម​ស្ត្រី​តម្បាញ​សំណូមពរ​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​សាធារណជន​គាំទ្រ​ផលិតផល​ក្នុងស្រុក ដើម្បី​ផ្តល់​កម្លាំង​ចិត្ត​ដល់​អ្នក​តម្បាញ ក្នុង​សហគមន៍​មូលដ្ឋាន​ដែល​ជា​ផ្នែក​មួយ កាត់​បន្ថយ​ចំណាក​ស្រុក​និង​ផ្តល់​តម្លៃ​ផលិតផល​ក្នុងស្រុក ផ្តល់​ជំនាញ​វិជ្ជាជីវៈ​ដល់​ស្ត្រី​ក្នុង​សហគមន៍​ដែល​គ្មាន​ការងារ​ធ្វើ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។